Hello VOA៖ ថៃពន្យារពេល២ឆ្នាំដល់ពលករខ្មែរ ប៉ុន្តែប្រាក់ផ្ញើមកគ្រួសារធ្លាក់ចុះ
កាលពីដើមខែវិច្ឆិកានេះ អាជ្ញាធរថៃបានយល់ព្រមពន្យារពេលចំនួន២ឆ្នាំទៀតដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅទីនោះ ដើម្បីបញ្ជៀសការចល័តក្នុងទ្រង់ទ្រាយធំក្នុងពេលដែលមានជំងឺរាតត្បាតបង្កឡើងដោយវីរុសកូរ៉ូណា។ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេកាលពីនៅថ្ងៃទី ២៦ ខែវិច្ឆិកាថា រដ្ឋាភិបាលកម្ពុជាគួរតែយកឱកាសនេះដោះស្រាយផលប្រយោជន៍រួម ជាជាងរកដំណោះស្រាយតែមួយដំណាក់ៗ។ ក្នុងនោះ ត្រូវលើកកម្ពស់សិទ្ធិពលករចំណាកស្រុក និងក្រុមគ្រួសារឲ្យស្មើនឹងកម្មករក្នុងស្រុករបស់គេ ក៏ដូចជាសិទ្ធិរៀបចំបង្កើតសហជីពដើម្បីការពារផលប្រយោជន៍ពលករទាំងនោះ។ ក្នុងពេលជាមួយគ្នានេះដែរ ធនាគារពិភពលោកបានរកឃើញថា ផលប៉ះពាល់ពីជំងឺកូវីដ១៩ មកលើសេដ្ឋកិច្ចនឹងធ្វើឲ្យប្រាក់ដែលពលករទាំងនោះផ្ញើមកគ្រួសារបានធ្លាក់មកនៅត្រឹម១,៤ពាន់លានដុល្លារក្នុងឆ្នាំ២០២០នេះ។ ក្នុងឆ្នាំ២០១៩ ប្រាក់ដែលពលករផ្ញើមកក្រុមគ្រួសារមានជាង២,៨ពាន់លានដុល្លារ។ នេះ បើតាមទិន្នន័យរបស់ក្រសួងការងារ។ អ្នកស្រី មូរ សុខហួរ យល់ថា ស្ថានភាពសម្រាប់ឆ្នាំខាងមុខកាន់តែលំបាកធ្ងន់ធ្ងរដល់ក្រុមគ្រួសារពលរដ្ឋកម្ពុជាដោយសារតែពួកគេបាត់បង់ចំណូល និងកំពុងតែជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ តទៅនេះ ជាបទសម្ភាសរវាងអ្នកស្រី មូរ សុខហួរ និងលោក ម៉ែន គឹមសេងនៃវីអូអេ៕