ការសិក្សាថ្មីមួយរកឃើញថាបុរសដែលផឹកកាហ្វេច្រើន មានឱកាសតិចក្នុងការកើតជំងឺមហារីកក្រពេញដែលអាចបណ្តាលឲ្យស្លាប់បាន។ ជាការសិក្សាចុងក្រោយបង្អស់ដែលបង្ហាញពីលទ្ធផលដ៏មានគុណប្រយោជន៍ នៃភេសជ្ជៈដែលចូលចិត្ត ជាងគេមួយរបស់ពិភពលោក។
ការសិក្សាមានរួមបុរសប្រមាណ៥ម៉ឺននាក់ ដែលបានរាយការណ៍អំពី ការផឹកកាហ្វេរបស់ពួកគេនៅសំនួរដែលសួរពួកគេរៀងរាល់បួនឆ្នាំ។ អស់រយៈជាងពីរទសវត្សកន្លងមក ក្រុមអ្នកផឹកកាហ្វេល្មមៗ ទំនងដូចជានឹងកើតជំងឺមហារីកក្រពេញតិចជាង។ ប៉ុន្តែលោកស្រី Kathryn Wilson អ្នកនិពន្ធនាំមុខនៃសាលា Harvard ខាងផ្នែកសុខភាពសាធារណៈ មានប្រសាសន៍ថា ភាពខុសគ្នាពិតប្រាកដបានបង្ហាញឡើង នៅពេលក្រុមអ្នកស្រាវជ្រាវបានពិនិត្យជំងឺមហារីកក្រពេញដ៏ខ្លាំងបំផុតមួយចំនួន។ លោកស្រី Wilsonមានប្រសាសន៍ថា៖
«បុរសដែលផឹកកាហ្វេក្នុងមួយថ្ងៃ៦ពែងឬច្រើនជាងនេះ មានគ្រោះថ្នាក់ក្នុងការកើតជំងឺមហារីកក្រពេញដែលអាចបណ្តាលឲ្យស្លាប់ ទាបជាងបុរសមិនផឹកកាហ្វេ ដល់ទៅ៦០ភាគរយ។ ហើយយើងបានឃើញការកាត់បន្ថយនៅក្នុងគ្រោះថ្នាក់នេះមានទាំងនៅក្នុងកាហ្វេធម្មតា និងទាំងនៅក្នុងកាហ្វេដែលគ្មានជាតិកាហ្វេអ៊ីន។»
កាហ្វេជាភេសជ្ជៈផ្សំគ្នាដោយជាតិគីមី ពោរពេញទៅដោយអង្គធាតុការពារនិងសមាសធាតុផ្សេងៗទៀតដែលអាចទប់ស្កាត់ការកើតមហារីកក្រពេញ។ជំងឺមហារីកក្រពេញ ជាជំងឺមហារីកដ៏ខ្លាំងបំផុតទី២ ក្នុងចំណោមបុរស នៅពាសពេញពិភពលោក ដែលសម្លាប់មនុស្សប្រមាណ២៥ម៉ឺននាក់ក្នុងមួយឆ្នាំ។
លោកស្រី Wilson និយាយថា វាមិនច្បាស់ថាតើមានធាតុផ្សំអ្វីខ្លះនៅក្នុងកាហ្វេដែលអាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកក្រពេញបាន - នេះគឺជាមុខព្រួញមួយសម្រាប់ការស្រាវជ្រាវទៅអនាគត។
នៅពេលនេះ លោកស្រី Wilson និយាយថា វាឆាប់ពេកណាស់ដែលនិយាយថាបុរសគួរផឹកកាហ្វេឲ្យច្រើនដើម្បីកាត់បន្ថយគ្រោះថ្នាក់របស់ខ្លួននៃការកើតជំងឺមហារីកក្រពេញដ៏សាហាវនោះ។ ប៉ុន្តែលោកស្រីមានប្រសាសន៍ថា មានភស្តុតាងខាងវិទ្យាសាស្ត្រកាន់តែច្រើនឡើងហើយ ដែលថាកាហ្វេអាចឲ្យប្រយោជន៍ដល់សុខភាពពិតប្រាកដជាច្រើនបែប។
«វាមិនឲ្យទុក្ខទោសនៅក្នុងប្រការដូចជា ជំងឺបេះដូង ឬជំងឺដាច់សរសៃឈាមក្នុងខួរក្បាលទេ ហើយដូចជាថាកាហ្វេអាចការពារជំងឺមហារីកថ្លើមបានផង ហើយវាក៏អាចភ្ជាប់ទៅនឹងការធ្វើឲ្យជំងឺទឹកនោមផ្អែមប្រភេទ២មានគ្រោះថ្នាក់ទាបបានផងដែរ។ ដូច្នេះខ្ញុំគិតថាភស្តុតាងកំពុងមានច្រើនឡើងហើយ ថាកាហ្វេយ៉ាងហោចណាស់មិនឲ្យទុក្ខទោស និងអាចមានប្រយោជន៍សម្រាប់សុខភាព។ ដូច្នេះ លោកអ្នកដឹងទេ ខ្ញុំគិតថានោះជាប្រភពធូរស្រាលមួយដល់ពួកអ្នកផឹកកាហ្វេជាច្រើននាក់»។
លោកស្រី Kathryn Wilson និងក្រុមសហសេវិក នៅសាលាសុខភាពសាធារណៈ the Harvard School of Public Health បានចេញផ្សាយលទ្ធផលនៃការសិក្សារបស់ពួកគេតាមអ៊ិនធឺណែត ស្តីអំពីទំនាក់ទំនងរវាងការផឹកកាហ្វេនិងទ្រង់ទ្រាយដែលអាចធ្វើឲ្យស្លាប់បាននៃជំងឺមហារីកក្រពេញ នៅក្នុងទស្សនាវដ្តីសុខភាពដែលមានឈ្មោះថា “Journal of the National Cancer Institute”។
ប្រែសម្រួលដោយ នុច សារីតា