ប្រទេសកំពុងអភិវឌ្ឍនានាដែលមានសក្តានុពលរ៉ែដ៏ច្រើនសន្ធឹកសន្ធាប់នោះ ជារឿយៗបានទទួលរងគ្រោះពីអំពើពុករលួយ និងការគ្រប់គ្រងមិនល្អ។ ជាលទ្ធផល ពួកគេបានបរាជ័យក្នុងការទាញយកប្រយោជន៍ពីធនធានធម្មជាតិរបស់ពួកគេ ហើយនៅតែស្ថិតក្នុងភាពក្រីក្រ។ នាពេលនេះ គោលការណ៍ណែនាំថ្មីៗបានត្រូវលើកឡើងដើម្បីជួយប្រទេសទាំងនោះឱ្យទាញយកប្រយោជន៍ពីធនធានរ៉ែរបស់ពួកគេ។
វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) និងក្រុមប្រឹក្សាបូស្តុន (Boston Consulting Group) បានចង្អុលបង្ហាញវិធានការប្រាំមួយដើម្បីជួយឱ្យប្រទេសក្រីក្រទាំងនោះទទួលបានប្រយោជន៍ពីរ៉ែរបស់ពួកគេ។ អនុសាសន៍ទាំងនោះ គឺបានមកពីដំបូន្មានរបស់អ្នកជំនាញចំនួន៤០០នាក់ មកពីបណ្តាអង្គការក្រៅរដ្ឋាភិបាល រដ្ឌាភិបាល និងក្រុមហ៊ុននិស្សារណកម្មរ៉ែនានា។ លោក អាឡិច វ៉ុង (Alex Wong) គឺជាប្រធានជាន់ខ្ពស់នៃវេទិកាសេដ្ឋកិច្ចពិភពលោកនេះ។
«ជាប្រវត្តិសាស្ត្រ មានករណីជាច្រើនដែលប្រទេសដែលមានរ៉ែច្រើនមិនបានទាញយករ៉ែទាំងនោះមកប្រើប្រាស់ឱ្យបានត្រឹមត្រូវទេ។ ពួកគេមិនបានប្រើប្រាស់រ៉ែទាំងនោះប្រកបដោយការខុសត្រូវសង្គម និងសេដ្ឋកិច្ចនោះឡើយ»។
លោក វ៉ុង មានប្រសាសន៍ថា «វិធានការទាំងប្រាំមួយ» ឬ «ការកសាងរបាំង» អាចជួយទប់ស្កាត់កុំឱ្យករណីដដែលកើតឡើងទៀត។
«នាពេលបច្ចុប្បន្ននេះ យើងកំពុងពើបប្រទះនឹងវដ្តនៃតម្លៃទំនិញ និងការលេចឡើងរបស់បណ្តាប្រទេសមួយចំនួនទៅលើឆាកអន្តរជាតិ ជាអាទិ៍ ប្រទេសម៉ុងហ្គោលី (Mongolia) ហ្គីណេ (Guinea) និងប៉េរូ (Peru)។ ប្រទេសទាំងនោះ នាពេលនេះ មានឱកាសក្នុងការអភិវឌ្ឍធនធានរ៉ែរបស់ពួកគេជាលើកដំបូង ហើយប្រើប្រាស់វាជាមធ្យោបាយដ៏ចម្បងមួយសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសពួកគេ។ ដូច្នេះ វាពិតជាពេលវេលាដ៏ល្អមួយ ដែលយើងមិនចង់ប្រព្រឹត្តកំហុសដូចដែលយើងធ្លាប់មានកាលពីអតីតកាល»។
ប្រទេសក្រីក្រតែសម្បូររ៉ែទាំងនោះ ប្រឈមមុខនឹងឧបសគ្គមួយចំនួនក្នុងការអភិវឌ្ឍឧស្សាហកម្មនិស្សារណកម្មរបស់ពួកគេ។ ឧបសគ្គនោះរួមមាន ការខ្វះបច្ចេកទេស ជំនាញ និងធនធានផ្ទាល់ខ្លួន ដើម្បីអភិវឌ្ឍឧស្សាហកម្មនេះ។ បញ្ហាមួយទៀត អាចជាការខកខានមិនបានឱ្យសហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិលចូលរួមក្នុងដំណើរការនេះ។ ជារឿយៗដំណើរការចរចារពុំមានតម្លាភាពទេ។
«ដូច្នេះ ប្រជាពលរដ្ឋពិតជាមិនបានជ្រាបពីអ្វីដែលជាលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះទេ។ អញ្ចឹង ពួកគេមិនទទួលបានលទ្ធផលដូចដែលបានរំពឹងទុកឡើយ និងការខ្វះការប្រាស្រ័យទាក់ទង ដែលពិតជាបង្កឱ្យមានភាពតានតឹង និងការយល់ច្រឡំជាច្រើន»។
លោក វ៉ុង មានប្រសាសន៍ថា អនុសាសន៍ទាំងនោះ ជួយបង្កើតឱ្យមានបរិយាកាសនៃការទុកចិត្តគ្នាមួយ ដែលអាចនាំឱ្យភាគីពាក់ព័ន្ធទាំងឡាយទទួលបានផលប្រយោជន៍ពីសម្បត្តិរ៉ែនេះ។
«ជាបឋម លើកកម្ពស់ការកសាងសមត្ថភាពនិងការចែករំលែកចំណេះដឹង ដែលក្នុងនោះរួមមានការធ្វើឱ្យប្រាកដថា គ្រប់គ្នាដឹងពីរបៀបធ្វើ របៀបអភិវឌ្ឍធនធានរ៉ែទាំងនោះប្រកបដោយការទទួលខុសត្រូវ និងធ្វើឱ្យប្រាកដថា ប្រជាពលរដ្ឋយល់ពីទំនាក់ទំនងរវាងការចំណាយ និងផលចំណេញ។ ប្រភេទនៃវិធានការទីពីរ គឺជុំវិញដំណើរកិច្ចសហប្រតិបត្តិការទាំងឡាយទាំងក្នុងកម្រិតជាតិ និងមូលដ្ឋាន។ ដូច្នេះហើយ អ្នកមានយន្តការ និងដំណើរការនានាសម្រាប់ឱ្យប្រជាពលរដ្ឋចូលរួមក្នុងកិច្ចពិភាក្សា និងមានអារម្មណ៍ថា ពួកគេជាផ្នែកមួយនៃកិច្ចចរចា និងលទ្ធផលដែលទទួលបានផងដែរ»។
ប្រភេទនៃអនុសាសន៍ចុងក្រោយទាក់ទងនឹងតម្លាភាព និងដំណោះស្រាយជម្លោះ។ លោក វ៉ុង ព្រមានថា ការវិនិយោគនេះមិនទទួលបានផលភ្លាមៗទេ សម្រាប់បណ្តាប្រទេសដែលសម្បូររ៉ែ។
«ជាពិសេស ក្នុងការអភិវឌ្ឍធនធានរ៉ែនេះ វាពិតជាមានឧបសគ្គ ពីព្រោះថារដ្ឋាភិបាលជារឿយៗ មិនទទួលបានចំណូលដែលចេញពីដំណើរការធ្វើនិស្សារណកម្មរ៉ែរបស់ពួកគេរហូតដល់១០ទៅ១៥ឆ្នាំក្រោយមកក្នុងករណីខ្លះ។ ទន្ទឹមនឹងនោះប្រេងគឺប្រហែលជាអាចទទួលបានលឿនជាងនេះបន្តិចព្រោះថា អ្នកទទួលបានវត្ថុនៅក្រោមដី អ្នកគ្រាន់តែដឹកជញ្ជូនវាចេញ រដ្ឋាភិបាលនឹងឃើញមានចំណូលហើយ»។
លោក វ៉ុង និយាយថា មានការឆ្លើយតបជាបឋមដ៏ប្រសើរមួយ ទៅនឹងក្របខ័ណ្ឌសម្រាប់ជំរុញការអភិវឌ្ឍធនធានរ៉ែប្រកបដោយការទទួលខុសត្រូវ (Frmaework for Advancing Responsible Mineral Development)។ វាបង្ហាញពីគម្រោងជោគជ័យចំនួន២២ក្នុងប្រទេសម៉ុងហ្គោលី លីបេរីយ៉ា ហ្គាណា និង ឈីលី។ គាត់មានប្រសាសន៍ថា គំនិតផ្តួចផ្តើមទីពីរក្នុងការលើកកម្ពស់ការធ្វើនិស្សារណកម្មរ៉ែប្រកបដោយការទទួលខុសត្រូវគឺនិស្សារណកម្មដែលគាំទ្រដោយធនាគារពិភពលោកសម្រាប់គំនិតផ្តួចផ្តើមអភិវឌ្ឍ ឬហៅកាត់ថា អ៊ី៤ឌី (E4D)៕
បែ្រសម្រួលដោយ ឃួន ធារ៉ា