ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា បាតុភូតធ្លាក់ភ្លៀងលាយជាមួយដុំទឹកកក ក្នុងទីក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃអាទិត្យ កើតឡើងដោយសារសីតុណ្ហភាពក្នុងបរិយាកាសធ្លាក់ចុះយ៉ាងគំហុក។
កាលពីថ្ងៃអាទិត្យ ទី២៣ ខែមេសា នេះ រូបភាព និងវីដេអូ ពីដុំទឹកកកតូចៗទំហំប៉ុនកូនដៃ ធ្លាក់មកលាយឡំជាមួយទឹកភ្លៀងជាច្រើន ត្រូវបានបង្ហោះតាមបណ្ដាញអ៊ីនធឺណិត។
បន្ទាប់ពីមានបាតុភូតភ្លៀងធ្លាក់លាយឡំនឹងដុំទឹកកកនោះ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃចន្ទ បានចេញសេចក្ដីប្រកាសមួយ ដើម្បីពន្យល់ពីបាតុភូតនេះថា កើតឡើងដោយសារកម្រិតសីតុណ្ហភាពអតិបរមាក្នុងបរិយាកាស បានថយចុះយ៉ាងគំហុក។
ក្រសួងបានពន្យល់បន្តតាមរយៈលិខិតនោះក្នុងន័យដើមថា៖ «នៅពេលភ្លៀង ខ្យល់បក់បោកបញ្ច្រាសទិសមានល្បឿនលឿនខ្លាំង ធ្វើឲ្យធូលី និងសារធាតុមួយចំនួនប៉ើងឡើង ដោយបាននាំយកនូវម៉ាសខ្យល់ត្រជាក់ មកកាន់បរិយាកាសលើផ្ទៃដី ជាហេតុជំរុញឲ្យមានអុកស៊ីតកម្មរហ័ស ទៅលើអុកស៊ីតករក្នុងបរិយាកាស បង្កឲ្យចំហាយទឹក និងសមាសធាតុចម្រុះក្នុងខ្យល់កកជាដុំទឹកកក និងធ្លាក់មកកាន់ផែនដីភ្លាមៗ»។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ប្រាប់ VOA នាល្ងាចថ្ងៃអង្គារនេះថា បាតុភូតធ្លាក់ដុំទឹកកកលាយជាមួយភ្លៀងនេះ បណ្ដាលឲ្យសីតុណ្ហភាពក្នុងខេត្តរតនគិរីនាពេលនោះធ្លាក់ចុះរហូតដល់២,៥ ទៅ៣,៥ អង្សា។
លោកបន្ថែមថា ដោយសារការធ្លាក់ចុះសីតុណ្ហភាពខ្លាំងនេះមានរយៈពេលតែជាង១០នាទី ទើបមិនបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សសត្វនោះទេ។ ទោះជាយ៉ាងណា លោកបានអំពាវនាវកុំឲ្យប្រជាពលរដ្ឋបរិភោគដុំទឹកកកដែលមានជាតិអាស៊ីដនោះ ជៀសវាងធ្វើឲ្យប៉ះពាល់ដល់សុខភាព។
លោកបញ្ជាក់ថា៖ «កុំទាន់អាលយកទឹកភ្លៀងដែលយើងត្រង់ហ្នឹង កុំទាន់អាលប្រើប្រាស់ទឹកហ្នឹង។ ពេលដែលភ្លៀងធ្លាក់ភ្លាមៗ មានជាតិអាស៊ីដខ្ពស់។ បើយើងញ៉ាំទៅ វាប៉ះពាល់ដល់ក្រពះដល់អីអញ្ចឹង។ បញ្ហាទី២គឺដុំទឹកកកហ្នឹងឯង គួរកុំបរិភោគ។ ដោយសារដុំទឹកកកតែឯងនេះកកើតឡើងពីសមាសធាតុចម្រុះ អញ្ចឹងវាអាចមានមេរោគដែលខ្យល់បក់កួចយកទៅ»។
លោក ចាន់ យុត្ថា បន្ថែមថា ការធ្លាក់ដុំទឹកកកមកជាមួយភ្លៀង ដែលតែងកើតមានក្នុងដើមរដូវវស្សា ឬហៅថាភ្លៀងកក់ខែនេះ មិនមែនជាបាតុភូតថ្មីដែលគួរឲ្យបារម្ភខ្លាំងនោះទេ។ ប៉ុន្តែលោកថា បាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ គឺជាបាតុភូតដែលប្រជាពលរដ្ឋទូទាំងប្រទេសត្រូវប្រុងប្រយ័ត្ន និងការពារខ្លួនឲ្យបានគ្រប់ពេល។
ភ្លៀងកក់ខែ និងខ្យល់កន្ត្រាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ ខូចខាតផ្ទះសម្បែង អគារសិក្សា និងរលំបង្គោលភ្លើងមួយចំនួន។
កាលពីថ្ងៃទី១៩ ខែមេសានេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា នៅតាមរាជធានីខេត្តមួយចំនួន ពិសេសខេត្តបាត់ដំបង ប៉ៃលិន ព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប អាចប្រឈមនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលកើតមានឡើងនៅពេលមេឃភ្លៀង ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមេសា៕