ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ស្វែង​រក​ការ​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋាភិបាល​អំពី​ច្បាប់​គ្រប់គ្រង​អង្គការ


ក្រសួង​មហាផ្ទៃ​កំពុង​តាក់តែង​សេចក្តី​ព្រាងច្បាប់​នេះ​ ប៉ុន្តែ​អង្គការ​មិនមែន​រដ្ឋាភិបាល​មិន​ទាន់​បាន ដឹង​ពី​អត្ថន័យ​នៅក្នុង​សេចក្តី​ព្រាងច្បាប់​នេះ​នៅ​ឡើយ​​ទេ។
ក្រសួង​មហាផ្ទៃ​កំពុង​តាក់តែង​សេចក្តី​ព្រាងច្បាប់​នេះ​ ប៉ុន្តែ​អង្គការ​មិនមែន​រដ្ឋាភិបាល​មិន​ទាន់​បាន ដឹង​ពី​អត្ថន័យ​នៅក្នុង​សេចក្តី​ព្រាងច្បាប់​នេះ​នៅ​ឡើយ​​ទេ។

ភ្នំពេញ៖ អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ​ចង់​បាន​ការ​ចរចា​ និង​ពិគ្រោះ​យោបល់​ប្រកប​ដោយ​ន័យ​ស្ថាប​នា​ អំពី​ច្បាប់​គ្រប់គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល ​និង​សមាគម​ជាមួយ​រដ្ឋាភិបាល​ទាក់ទង​នឹង​តួនាទី​របស់អង្គការ​នៅ​ក្នុង​ការអភិវឌ្ឍ​សង្គម​កម្ពុជា។ ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ជួយ​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​កាល​ពី​ខែ​កន្លង​ទៅ។ មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា ​រាល់​កង្វល់​និង​ការ​យកចិត្ត​ទុកដាក់​លើ​សេចក្តី​ព្រាង​ច្បាប់​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ​ គឺ​ជា​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​ ប៉ុន្តែ​គួរតែ​អនុវត្ត​ទៅ​តាម​ស្មារតី​នៃ​នីតិរដ្ឋ។

តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​បាន​ស្វែងរក​ការ​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋាភិបាល​អំពី​សេចក្តី​ព្រាង​សម្រាប់​គ្រប់គ្រង​អង្គការ​ និង​សមាគម​មិន​មែន​រដ្ឋាភិបាល​ ដើម្បី​ធ្វើ​ឱ្យ​ច្បាប់​នេះ​កាន់តែ​មាន​អត្ថន័យ​ប្រសើរ។

ក្រសួង​មហាផ្ទៃ​កំពុង​តាក់តែង​សេចក្តី​ព្រាងច្បាប់​នេះ​ ប៉ុន្តែ​អង្គការ​មិនមែន​រដ្ឋាភិបាល​មិន​ទាន់​បាន ដឹង​ពី​អត្ថន័យ​នៅក្នុង​សេចក្តី​ព្រាងច្បាប់​នេះ​នៅឡើយ​ទេ។

អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ចំនួន​៦៦​ កាល​ពី​ថ្ងៃព្រហស្បតិ៍​បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​ទទួល​យក​ដំណើរការ​ប្រកប​ដោយ​ន័យ​ស្ថាបនា​ទៅ​វិញ​ទៅ​មក​ និង​បាន​ព្រម​ព្រៀង​គ្នា​ដែល​ អនុញ្ញាត​ឱ្យ​មាន​ការ​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ប្រកប​ដោយ​អត្ថន័យ​ និង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ដែល​ប្រើប្រាស់​ឱ្យ​មាន​ប្រយោជន៍​ដល់​អង្គការ​សង្គម​ស៊ីវិល។

សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់​ថា​ អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ស្វាគមន៍​ឱកាស​ជំរុញ​ការ​ចរចា​ប្រកប​ដោយ​ន័យ​ស្ថាបនា​ជាមួយ​រដ្ឋាភិបាល​ទាក់ទង​នឹង ​តួនាទី​របស់​អង្គការ​នៅ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​ជា​វិជ្ជមាន។

សេចក្តី​ថ្លែងការណ៍​បាន​បន្ត​ថា​ អង្គការ​មិនមែន​រដ្ឋាភិបាល​ជួយ​ជំរុញ​ច្បាប់​ដែល​ជួយ​កាត់​បន្ថយ​ សកម្មភាព​អសីលធម៌​ សកម្មភាពខុសច្បាប់​ និង​សកម្មភាព​មិន​ទទួល​ខុសត្រូវ ​ហើយ​អង្គការ​សង្គម​ស៊ីវិល​ស្វាគមន៍​ឱកាស​ពិភាក្សា​ធាតុ​សំខាន់ៗ​ជា​ច្រើននៃ​ច្បាប់​នេះ​ និង​មាតិកា​ដែល​មាន​សារៈ​សំខាន់​នៃ​ច្បាប់។

សេចក្តី​ថ្លែងការណ៍​បាន​សរសេរ​ថា​ យើង​ស្វាគមន៍​ឱកាស​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ពិគ្រោះ​យោបល់​ប្រកប​ដោយ​ន័យ​ស្ថាបនា​ទាក់​ទង​នឹង​ច្បាប់​ ដើម្បី​ធានា​ថា​សេចក្តី​អត្ថាធិប្បាយ​ និង​កង្វល់​នានា​ពីអ​ង្គការ​សង្គម​ស៊ីវិល​ត្រូវ​បាន​យកចិត្ត​ទុក​ដាក់​ដោយ​រដ្ឋាភិបាល​នៅ​ពេល​ពិចារណា​ ប្រសិទ្ធិភាព​នៃ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល​ថ្មី។

លោក ​ឈិត សំអាត ​នាយក​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ​បាន​ថ្លែង​ថា​នេះ​ជា​យន្តការ​ដ៏​ល្អ ​ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ ​និង​កង្វល់​រវាង​រដ្ឋាភិបាល ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ឱ្យ​ច្បាប់​នេះ​កាន់​តែ​មាន​អត្ថន័យ។

«រាជរដ្ឋាភិ​បាល​ផ្តល់​ឱកាស​គ្រប់គ្រាន់​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ ដើម្បី​ផ្តល់​មតិ​យោបល់​ដល់​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការគ្រប់​គ្រង​អង្គការ​ឱ្យ​បាន​ទូលំទូលាយ។ អង្គការ​សង្គម​ស៊ីវិល​មាន​ឱកាស​ ក្នុង​ការ​ផ្តល់​មតិ​យោបល់​ ដើម្បី​ធានា​ថា​ច្បាប់​នេះ​គឺ​ល្អ​ដែល​អាច​អនុវត្ត​ទៅ​បាន»។

សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់​ថា​ អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវការ​ពេល​យ៉ាង​តិច​មួយ​ខែ​សម្រាប់​ដំណើរការ​ពិគ្រោះ​យោបល់​ដោយ​មាន​អត្ថន័យ​ដែល​ទទួល​យក​ការ​ព្រមព្រៀង​របស់​អង្គការ​សង្គម​ស៊ីវិល​ទូទាំង​ប្រទេស​យ៉ាង​ពេញលេញ​ និង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​សង្គម​តាម​រយៈ​ការ​ផ្សព្វផ្សាយ​និង​ការ​ប្រមូល​ផ្តុំ​ព័ត៌មាន​ពាក់ព័ន្ធ។

សេចក្តី​ថ្លែងការណ៍​បាន​បន្តថា​ នេះ​នឹង​អាច​ជួយ​ឱ្យ​យើង​ផ្តល់​ការ​ឆ្លើយតប​ដ៏​ទូលំទូលាយ​ និង​ជាប់​លាប់​ចំពោះ​ច្បាប់។ នេះ​ក៏​នឹង​អាច​ជួយ​យើង​មើល​ឃើញ​ពី​ភាព​ស្មុគស្មាញ​យ៉ាង​ពេញ​លេញ​នៃ​ច្បាប់​និង​ប្រសិទ្ធិភាព​របស់​ច្បាប់​លើ​ផ្នែក​នានា​ក្នុង​សង្គម។

លោក​ស្រី​ពង្ស ឈីវកេក ​នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​ Licadho ​បាន​ថ្លែង​ថា​ប្រទេស​កម្ពុជា ​មាន​ច្បាប់​គ្រប់គ្រាន់​ ដើម្បី​គ្រប់គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ហើយ​បើ​សមាជិក​អង្គការ​សង្គម​ស៊ីវិល​ណា​ប្រព្រឹត្ត​ល្មើស​នឹងច្បាប់​ ប្រទេស​កម្ពុជា​មាន​ច្បាប់​គ្រប់គ្រាន់​ ដើម្បី​ផ្តន្ទា​ទោស​ជន​នោះ​ ដូច​មាន​ចែង​ក្នុង​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ និង​ច្បាប់ប្រឆាំង​អំពើ​ពុករលួយ​ជាដើម។

«អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ និង​ក្រៅស្រុក​នេះ​មិន​សូវ​ចង់​បាន​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ទេ។ បើ​រដ្ឋាភិបាល​នៅ​តែ​ចង់​ធ្វើ​ច្បាប់​នេះ ​ដើម្បី​គ្រប់គ្រង​អង្គការ​មិនមែន​ រដ្ឋាភិបាល​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ យើង​ចង់​ឱ្យ​រដ្ឋាភិបាល​ចំណាយ​ពេល​បន្តិច​ ដើម្បី​ជជែក​ជាមួយ​អង្គការ​នៅ​ក្នុង​ស្រុក​ និង​ក្រៅស្រុក»។

ក្រុម​មន្ត្រី​ក្រសួង​មហាផ្ទៃ​មិន​អាច​ធ្វើ​ទំនាក់ទំនង​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​ទេ។ ប៉ុនែ្ត​ក្រសួង​មហាផ្ទៃ​ធ្លាប់​ជូន​ដំណឹង​ទៅ​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​ជួយ​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាងច្បាប់​ កាល​ពី​ខែ​កន្លង​ទៅ។

លោក​ផៃ ស៊ីផាន​ រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ប្រចាំ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី ​បាន​បញ្ជាក់​ថា ​រាល់កង្វល់​ និង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សេចក្តី​ព្រាង​ច្បាប់​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ​ គឺជា​ការ​វាយ​ តម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល ​ប៉ុន្តែ​គួរ​តែ​អនុវត្ត​ទៅ​តាម​អ្វី​ដែល​ជា​ស្មារតី​នៃ​នីតិរដ្ឋ។

«ច្បាប់​នេះ ​ជា​ការផ្តល់​សេវាកម្ម​ល្អ​ប្រសើរ​ដល់​អង្គការ​សង្គម​ស៊ីវិល​ ដែល​រក្សា​ភាព​ជា​ដៃគូ​ក្នុង​ការ​ កសាង​សង្គម។ អង្គការ​សង្គម​ស៊ីវិល​ គួរ​តែ​ផ្តល់​រាល់​ឯកសារ​អនុសាសន៍​ ឬ ​បំណង​របស់​ខ្លួន​ដល់ ក្រសួង​មហាផ្ទៃ​ មុន​នឹង​សេចក្តី​ព្រាង​ច្បាប់​មក​ដល់​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី។ ​អង្គការ​សង្គម​ស៊ីវិល​គួរ​ តែ​ទទួល​បាន​ច្បាប់​មួយ​សម្រាប់​ការ​គ្រប់គ្រង​កិច្ច​ការពារ​សកម្មភាព​និង​ សេរីភាព​របស់​អង្គការ​សង្គម ស៊ីវិល​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​នីតិរដ្ឋ»។

សហគមន៍​អង្គការ​មិនមែន​រដ្ឋាភិបាល​ ផ្តល់​អនុសាសន៍​ថា​ប្រទេស​ផ្តល់​ជំនួយ​ភ្នាក់ងារ ​និង​ការិយាល័យ​ការ​ទូត​គាំទ្រ​ដំណើរការ​នេះ ​ដែល​ទទួល​ស្គាល់​សេចក្តី​ត្រូវ​ការ​សម្រាប់​ការ​វិភាគ​លើ​ផល​ប៉ះ​ពាល់​មិន​ទាន់​ឃើញ​ស្តែង​នៃ​ច្បាប់​ស្តីពី ​ការ​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​ទាំង​មូល៕

XS
SM
MD
LG