ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​សកម្មជន​សិទ្ធិ​មនុស្ស


លោក​ ព្រែត អាដាមស៍​ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ ប្រចាំ​អាស៊ី​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ អសមត្ថភាព​និង​ នយោបាយ​ភាវូបនីយកម្ម​នៃ​តុលាការ​កម្ពុជា​ គឺ​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង​ករណី​នេះ​ដែល​សកម្មជន​សិទ្ធិ​មនុស្ស​ត្រូវ
លោក​ ព្រែត អាដាមស៍​ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ ប្រចាំ​អាស៊ី​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ អសមត្ថភាព​និង​ នយោបាយ​ភាវូបនីយកម្ម​នៃ​តុលាការ​កម្ពុជា​ គឺ​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង​ករណី​នេះ​ដែល​សកម្មជន​សិទ្ធិ​មនុស្ស​ត្រូវ

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) នៅ​ថ្ងៃសុក្រ​នេះ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លោក​ លាង​ សុខជឿន​ ពី​បទ​ផ្សព្វផ្សាយ​ខិត្ត​ប័ណ្ណ​ប្រឆាំង​នឹង​រដ្ឋាភិបាល។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​ទោស​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ​ប្រឆាំង​នឹង​លោក​ លាង ​សុខជឿន​ សកម្មជន​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​ចំពោះ​ការ​បញ្ចោញ​មតិ​នយោបាយ​ដោយ​សន្តិវិធី។

លោក​ ព្រែត អាដាមស៍​ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ ប្រចាំ​អាស៊ី​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ អសមត្ថភាព​និង​ នយោបាយ​ភាវូបនីយកម្ម​នៃ​តុលាការ​កម្ពុជា​ គឺ​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង​ករណី​នេះ​ដែល​សកម្មជន​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ដាក់​ពន្ធនាគារ​យ៉ាង​ងាយ​ចំពោះ​ការ​រិះគន់​រដ្ឋាភិបាល។ លោក​អាដាមស៍​បាន​បន្ថែម​ទៀត​ថា​ លោក​ លាង​ សុខជឿន​មិន​គួរ​ត្រូវ​បាន​ចោទ​ប្រកាន់​តាំង​ពី​ដំបូង​ ប៉ុន្តែ​បទចោទ​ប្រកាន់​បាន​ផ្លាស់​ប្តូរ​នៅ​សាលា​ឧទ្ធរណ៍​ដោយ​គ្មាន​ផ្តល់​ឱកាស​តវ៉ា​ ហើយ​ការ​ចោទ​ប្រកាន់​បង្កើត​ស្តង់ដា​ថ្មី​មួយ​តាម​អំពើ​ចិត្ត។ រដ្ឋាភិបាល​គួរ​តែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ និង​ដោះលែង​លោក​ លាង ​សុខជឿន​ជា​បន្ទាន់​។

លោក​ ផៃ​ ស៊ីផាន​ រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ប្រចាំ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​ថ្លែង​ថា​រដ្ឋាភិបាល​គ្មាន​សិទ្ធិ​អំណាច​ណា​អាចជ្រៀត​ជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​តុលាការ​បាន​ទេ។

លោក​ ផៃ ​ស៊ីផាន​ បាន​បន្ថែម​ថា​ ចៅក្រម​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​សម្រេចក្តី​តាម​ស្មារតី​នៃ​ច្បាប់​ បើ​ជន​ណា​ បុគ្គល​ណា​ អង្គការ​ណា​យល់​ឃើញ​ថា​ការ​សម្រេច​ក្តី​នេះ​មិន​បាន​ជា​ផលប្រយោជន៍​របស់​អ្នក​ជាប់​ទោស​នោះ​ទេ​ គេ​អាច​ប្តឹង​ប្រឆាំង​នឹង​សេចក្តី​សម្រេច​នោះ​តាម​របៀប​ថ្លៃ​ថ្នូរ។​ លោក​ថ្លែង​ថា៖

«បើ​ការ​បកស្រាយ​ច្បាប់​មិន​សមស្រប​ យើង​ត្រូវ​នាំគ្នា​ប្រឆាំង​នឹង​ច្បាប់។ បើ​ចៅក្រម​មិន​មាន​គតិយុត្តទេ​ យើង​ត្រូវ​ប្តឹង​ទៅ​ចៅក្រម​នោះ។​ នេះ​ជា​លក្ខណៈ​ និង​សកម្មភាព​នៃ​នីតិរដ្ឋ​ និង​សេចក្តី​ថ្លៃថ្នូរ​ដែល​ប្រទេស​ជាតិ​ទាំងអស់​ក្នុង​លោក​ធ្វើ។​ វា​មិន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដាក់​សម្ពាធ​លើ​តុលាការ​កម្ពុជា​ ឬ​ រដ្ឋាភិបាល​កម្ពុជា​ទេ»។

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​សរសេរ​ថា​ លោក​ ប៉ុល​ សំអឿន​ ចៅក្រម​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​ បាន​ប្តូរ​បទចោទ​ពី​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទៅ​ជា​ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​តាម​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​ដែល​មិន​មាន​នៅ​ពេល​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក ​លាង​ សុខជឿន​នៅ​ក្នុង​ខែ​មករា​ ឆ្នាំ​២០១០​ត្រូវ​បាន​ធ្វើ​ឡើង។

ប៉ូលីស​បាន​ចាប់​ខ្លួន​លោក​ លាង​ សុខជឿន​នៅ​ថ្ងៃ​ទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១០​ ពី​បទ​ពាកព័ន្ធ​នឹង​ការ​ផលិត​ និង​ការ​ចែក​ផ្សាយ​ខិត្តប័ណ្ណ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ខេត្ត​តាកែវ​ក្នុង​ខែ​មករា​ ឆ្នាំ​២០១០​ ហើយ​តុលាការ​ខេត្ត​តាកែវ​បាន​កាត់ទោស​គាត់​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ពីរ​លាន​រៀល​នៅ​ក្នុង​ខែ​សីហា​ ឆ្នាំ​២០១០។

សេចក្តី​ថ្លែងការណ៍​នេះ​ បាន​បញ្ជាក់​ថា ការ​ជំនុំ​ជម្រះ​ទោស​របស់​លោក លាង​ សុខជឿន​ត្រូវ​បាន​កត់​សម្គាល់​ថា មាន​កំហុស​នីតិវិធី​ជា​ច្រើន​ ព្រមទាំង​រំលោភ​លើ​មាត្រា​ស្តី​ពី​ការ​កាត់ទោស​ដោយ​យុត្តិធម៌​ដែល​មាន​ចែង​ក្នុង​ច្បាប់​កម្ពុជា​និង​អន្តរជាតិ។​ ការ​កាត់​ទោស​នេះ​ មិន​មាន​សេចក្តី​ថ្លែងការណ៍​របស់​សាក្សី​ ឬ​ភស្តុតាង​គួរ​ឱ្យ​ជឿ​បាន​នៅ​ក្នុង​តុលាការ​ទេ។​ ចៅក្រម​ជំនុំជម្រះ​មិន​បង្គាប់​ឱ្យ​មាន​ចម្លើយ​សាក្សី​ការពារ​លោក​ លាង​ សុខជឿន​ទេ។

សេចក្តី​ថ្លែងការណ៍​នេះ បាន​បន្ថែម​ថា អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​សម្តែង​ការ​ខ្វល់ខ្វាយ​អំពី​លក្ខខណ្ឌ​នានា​ដែល​ត្រូវ​បាន​ដាក់​ទៅ​លើ​បុគ្គលិក​សិទ្ធិ​មនុស្ស​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា។ ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​កំពុង​រៀបចំ​ច្បាប់​មួយ​ដែល​ដាក់​កម្រិត​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ច្បាប់​នេះ​ផ្តល់​អំណាច​ឱ្យ​បដិសេធ​ការ​ចុះ​បញ្ជី និង​បិទ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​ប្រវត្តិ​មិន​ច្បាស់លាស់​ និង​ធ្វើ​តាម​អំពើ​ចិត្ត។​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សារៈសំខាន់​ទាំង​ការ​ផ្សព្វផ្សាយ​សេវា​ជា​មូលដ្ឋាន​ និង​ជួយ​ការពារ​សិទ្ធិ​ជាមូលដ្ឋាន​នៅ​កម្ពុជា។

លោក​ ផៃ​ ស៊ីផាន​ បាន​បញ្ជាក់​ថា សេចក្តីថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នេះមាន​លក្ខណៈ​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។ លោក​បាន​ប្រាប់​វីអូអេ​យ៉ាង​ដូច្នេះ​ថា៖

«សេចក្តី​ថ្លែងការណ៍​នេះ​មាន​លក្ខណៈ​ក្នុង​ទិសដៅ​នៃ​ស្មារតី​នយោបាយ។ មិនមែន​ជា​ទិសដៅ​ជួយ​រក​យុត្តិធម៌​ដល់​ជន​ជាប់ចោទ​ ឬ​ជន​ទណ្ឌិត​នោះ​ទេ។ អង្គការ​ឃ្លាំមើល​សិទ្ធមនុស្ស​នេះ​គួរតែ​ផ្លាស់ប្តូរ​ឥរិយាបថ​ចំពោះ​ប្រទេស​ជាតិ​កម្ពុជា។​ សេចក្តីថ្លែងការណ៍​នេះ​ជា​អំពើ​ជ្រៀតជ្រែក​មួយ ហើយ​ដែល​យើង​មើល​ថា ​មិន​គួរ​កើត​មាន។​ សេចក្តី​ថ្លែងការណ៍​នេះ​គ្រាន់​តែ​ជា​ការ​វាយ​ប្រហារ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​នយ័​នយោបាយ​តែប៉ុណ្ណោះ»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​បដិសេធ​ដាច់​ខាត​ចំពោះ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ដែល​តម្កល់​ទោស​ជាប់​ពន្ធនាគារ​ដល់​លោក​ លាង​ សុខជឿន៕

XS
SM
MD
LG