ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល​សុំ​រដ្ឋាភិបាល​បង្កើត​យន្តការ​ត្រួតពិនិត្យ​បែបបទ​ពលករ​កម្ពុជា​ចំណាក​ស្រុក


កម្ពុជា​ត្រូវ​មាន​យន្តការ​ត្រួត​ពិនិត្យ​លក្ខខ័ណ្ឌ លិខិតស្នាម ​និង​កិច្ចសន្យា​ រវាង​ក្រុមហ៊ុន​ និង​ពលករ។
កម្ពុជា​ត្រូវ​មាន​យន្តការ​ត្រួត​ពិនិត្យ​លក្ខខ័ណ្ឌ លិខិតស្នាម ​និង​កិច្ចសន្យា​ រវាង​ក្រុមហ៊ុន​ និង​ពលករ។

ភ្នំពេញ៖ នៅ​ថ្ងៃ​អង្គារនេះ​ សមាគម​សិទ្ធិមនុស្ស​អាហុក (ADHOC) ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​បង្កើត​យន្តការ​ពិសេស​មួយ​សម្រាប់​គ្រប់គ្រង​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស ​ដើម្បី​ចៀស​វាង​ការ​រំលោភ​សិទ្ធិ ​និង​សេរីភាព​ផ្សេងៗ​របស់​ពួកគេ។

កម្ពុជា​មាន​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ជាង​៣០ ​ដែល​ទទួល​បាន អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​ក្រសួង​ការងារ។ ប៉ុន្តែ​ទីភ្នាក់ងារ​មួយ​ចំនួន​ត្រូវ​បាន​ទទួល​រង​នូវការចោទប្រកាន់​អំពី​ការ​ជួញ​ដូរ​មនុស្ស​តាមរយៈ​ការជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​នេះ។

លោកស្រី គា សុផល ​មេធាវី​ប្រចាំ​សមាគម​សិទ្ធិមនុស្ស​អាហុក ​បាន​ថ្លែងប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា អង្គការ​សង្គម​ស៊ីវិល​ចង់​ឱ្យ​មាន​ច្បាប់​ពិសេស​មួយ​សម្រាប់​គ្រប់​គ្រង​ពលករ​ខ្មែរ​ចំណាកស្រុក​ ខណៈ​ដែល​ពលការនី​ខ្មែរ​បាន​ទទួល​រង​ការរំលោភ​ផ្សេងៗ​ពី​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​នៅ​ក្នុង​ស្រុក​ និង​ថៅកែ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី។

ក្នុង​រយៈពេល​ប្រាំបី​ខែ​ដើម​ឆ្នាំ២០១០នេះ ​សមាគម​សិទ្ធិមនុស្ស​អាដហុក​បាន​ទទួល​ពាក្យ​បណ្តឹង​២៨ករណី​ អំពី​ការ​រំលោភ​សិទ្ធិ​របស់​ពលករ​ខ្មែរ​ចំណាក​ស្រុក​ពី​ថៅកែ​របស់​ពួកគេ​នៅ​ម៉ាឡេស៊ី ដូចជា​ការចាប់​រំលោភ​សេពសន្ធវះ​ ការធ្វើ​ទារុណកម្ម​លើ​ផ្លូវកាយ​ និង​ផ្លូវចិត្ត ​ការបង្ខំ​ឱ្យ​ធ្វើការ​២៤ម៉ោង​ ក្នុងមួយថ្ងៃ​ ការបង្អត់​ចំណី​អាហារ ​និង​ការ​រំលោភ​សិទ្ធិ​ផ្សេងៗ​ទៀត​ ហើយ​២៣​ករណី​ អំពី​ការ​រំលោភ សិទ្ធិ​ពលករ​ពី​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​នៅក្នុង​ប្រទេស​កម្ពុជា​ ដូចជា​ការបង្ខំ​ឱ្យ​ចុះ​កិច្ចសន្យា​ខ្ចី​ប្រាក់​ របស់​ទីភ្នាក់ងារកិច្ចសន្យា​ការងារ ​និង​ផ្តាច់ការ​ទំនាក់ទំនង​ជាមួយ​សមាជិក​គ្រួសារ​មុន​ពេល​ចេញទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​។

សមាគម​សិទ្ធិមនុស្សអាដហុក បាន​ថ្លែង​បញ្ជាក់​ថា កម្ពុជា​ត្រូវ​មាន​យន្តការ​ត្រួត​ពិនិត្យ​លក្ខខ័ណ្ឌ លិខិតស្នាម ​និង​កិច្ចសន្យា​ រវាង​ក្រុមហ៊ុន​ និង​ពលករ។ សមាគម​សិទ្ធិមនុស្ស​អាដហុក ​បាន​បន្ថែម​ថា ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​ក្រៅ​ប្រទេស​ទាំង​អស់​ត្រូវ​បើក​ឱកាស​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ និង​អង្គការ​សង្គម​ស៊ីវិល​ចូល​ពិនិត្យ​នៅ​ក្នុង​កន្លែង ​ដែល​ពលករ​ស្នាក់នៅ​ មុន​ពេល​ពួកគេ​ចេញ​ទៅ​ក្រៅ​ប្រទេស។

លោក​សុខ ច័ន្ទភក្តី ​អគ្គ​លេខាធិការ​នៃ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា ​ដែល​មាន​ទីភ្នាក់ងារ​ជាសមាជិក​ចំនួន១៦ បាន​ចាត់ទុកការ​ផ្តួចផ្តើម​គំនិត​បង្កើត​យន្តការ​ពិសេស​សម្រាប់​គ្រប់គ្រង​ទី​ភ្នាក់ងារ​ជ្រើស​រើស​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​នេះ​ថា​ ជា​ឧបករណ៍​ច្បាប់​ដ៏សំខាន់ ​ដើម្បី​ការពារ​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពលករ ​និង​ទីភ្នាក់ងារ។ លោក​ថ្លែង​ថា៖

«ចាប់ពី​ថ្ងៃទី១​ ខែតុលា ​ពលករ ​ដែល​មាន​បំណង​មក​ដាក់​ពាក្យ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ ត្រូវ​មានសោហ៊ុយ​សម្រាប់​ការ​ធ្វើ​ដំណើរ​ ការពិនិត្យ​សុខភាព​ និង​ឯកសារ​ច្បាប់​នានា​។ ទាល់​តែ​មាន​លក្ខណៈ សម្បត្តិ​គ្រប់​យ៉ាង​ទើប​ក្រុមហ៊ុន​ទទួល​យកបាន»។

អនុក្រឹត្យ​លេខ​៥៧ ​ស្តីពី​ការបញ្ចូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ដែល​រដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​ទទួល​ខុសត្រូវ​ ចំពោះ​ការធានា​ដល់​សិទ្ធិ​សេរីភាព​ និង​សុវត្ថិភាព​របស់​ពលករ​ដែល​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​។

សារាចរ​របស់​ក្រសួង​ការងារ​ បានចេញបម្រាមឲ្យទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ឈប់​ផ្តល់​ប្រាក់​កម្ចី​ដល់​ឪ​ពុកម្តាយ ​និង​គ្រួសារ​របស់​ពលករ ​និង​បង្កើត​ការគ្រប់គ្រង​បណ្តាញ​ភ្នាក់ងារផ្សព្វផ្សាយ​ដំណឹង​ជ្រើសរើស​ពលករ​។

លោក​សុខ ច័ន្ទភក្តី ​បាន​ថ្លែងថា ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​នឹង​គោរព​តាម​ការណែនាំ​របស់​ក្រសួងការងារ។ លោក​បន្តថា៖

«ភ្នាក់ងារ​ជ្រើសរើស​ពលករ​មួយ​ចំនួន​ បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ពលករ។ នៅ​ពេល​ដែល​ពលករ​សុំ​ឈប់ ភ្នាក់ងារ​គាប​សង្កត់​យក​ប្រាក់​មកវិញ។ បើ​យើង​ផ្អែក​ទៅលើ​ផ្លូវច្បាប់ ការផ្តល់​ប្រាក់​កម្ចី​បែប​នេះ​ហាក់ដូចជា ​ចូល​ការ​ជួញដូរ​មនុស្សមែន»។

លោក​ញ៉ែម គឹមហួយ ​ប្រធាន​ការិយាល័យ​រក​ការងារ​នៃ​ក្រសួង​ការងារ​បាន​ថ្លែង​ថា ក្រសួង​បាន​ណែនាំ​ទី​ភ្នាក់ងារ​ជ្រើស​រើស​ពលករ​ទាំងអស់​ឱ្យ​បង្កើត​វិធាន​ផ្ទៃក្នុង​ និង​ការ​ផ្សព្វផ្សាយ​ដំណឹង​ជ្រើសរើស​ពលករ​រួម​មួយ​ ដើម្បី​ចៀសវាង​ការ​រំលោភ​សិទ្ធិ​របស់​ពលករ។

XS
SM
MD
LG