ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​បរិស្ថាន​ភ្ជាប់​យោធា​វៀតណាម​ទៅ​នឹង​ការ​រត់​ពន្ធ​ឈើ​នៅ​ប្រទេស​លាវ


ស្រ្តី​វៀតណាម​នៅ​រោងចក្រ​អាឈើ​ក្នុង​ទីក្រុង​ហាណូយ​ ថ្ងៃ​ទី​២៦ ​ខែ​មករា​ ឆ្នាំ​២០១១។
ស្រ្តី​វៀតណាម​នៅ​រោងចក្រ​អាឈើ​ក្នុង​ទីក្រុង​ហាណូយ​ ថ្ងៃ​ទី​២៦ ​ខែ​មករា​ ឆ្នាំ​២០១១។

ក្រុម​សកម្មជនឈ្មោះ​ទី​ភ្នាក់ងារ​ស៊ើប​អង្កេតបរិស្ថាន​(Environmental Investigation Agency)​ហៅ​កាត់​ថា​EIA ​និយាយ​ថា​ យោធា​របស់​វៀតណាម​មាន​ជំពាក់​ទាក់​ទិន​នៅ​ក្នុង​ការ​លួច​រត់​ពន្ធ​ឈើ​ពី​ប្រទេស​លាវ​ ទោះ​បី​ជា​មាន​ច្បាប់​ហាម​មិន​ឲ្យ​មាន​ការ​នាំ​ចេញ​បែប​នេះ​ក៏​ដោយ។

របាយ​ការណ៍​របស់​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថានដែល​មាន​មូល​ដ្ឋាន​ក្នុង​ទីក្រុងឡុង និយាយ​ថា​ ខ្សែ​វីដេអូ​សម្ងាត់​មួយ​ដែល​ពួក​សកម្មជន​បាន​លួច​ថត​ក្នុង​ពេល​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ​ បាន​បង្ហាញ​អំពី​មធ្យោបាយ​ដែល​ឈើ​ហ៊ុប​ត្រូវ​គេ​ដឹក​ពី​ប្រទេស​លាវ​ទៅ​ដល់​រោង​ចក្រ​ធ្វើ​តុទូ​នៅ​ប្រទេស​វៀតណាម។

«គំនរ​ឈើ​ហ៊ុប​ដ៏​ធំ​នេះ​កំពុង​រង់ចាំ​ការ​ដឹក​នាំទៅ​កាន់​វៀតណាម​ដែលជា​ប្រទេស​ជិត​ខាង​ដោយបើក​ឡាន​ឆ្លង​កាត់​ព្រំដែន​ចម្ងាយ​មួយ​ម៉ោង​ពី​ទី​នេះ។​ ឈើ​ហ៊ុប​ទាំង​នេះ​ជា​កម្ម​សិទ្ធិ​របស់ក្រុម​ហ៊ុន​យោធា​វៀតណាម​មួយ​ ហើយ​នឹង​ត្រូវ​ដឹក​ឆ្លង​ព្រំដែន​ ដោយ​រំលោភ​លើ​បម្រាម​នាំ​ចេញ​របស់​ប្រទេស​លាវ»។

របាយ​ការណ៍​ ដែល​បាន​ចេញ​ផ្សាយ​ក្នុង​សប្តាហ៍​នេះ​ និយាយ​ថា​ ឧស្សាហកម្ម​ឈើរបស់​វៀតណាម​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង​ ដោយ​មាន​តម្លៃ​នាំចេញ​ស្មើ​នឹង​ទឹក​ប្រាក់​ចំនួន​៤​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ បាន​ជំរុញ​ឲ្យ​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​លាវ ដែល​នៅ​មាន​ព្រៃត្រូពិកមិន​ទាន់​កាប់​ឆ្ការ​ចុង​ក្រោយ​បង្អស់ខ្លះ នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ។

របាយ​ការណ៍​របស់​ EIA​ ចោទ​ថា​ យោធា​វៀតណាម​បាន​សូក​ប៉ាន់​មន្រ្តី​លាវ​ រួច​ហើយលួច​រត់​ពន្ធ​ឈើ​ទាំង​នោះ​ទៅឲ្យ​រោង​ចក្រ​នៅ​ប្រទេស​វៀតណាម។

ទី​ភ្នាក់ងារ​ EIA ​បាន​សំគាល់​ឈ្មោះ​ ‘ក្រុមហ៊ុននៃ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​’ (Company of Economic Cooperation)​ របស់​វៀតណាម​ ថា​ជា​អ្នក​ចូល​រួម​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ពាណិជ្ជ​កម្ម​ខុស​ច្បាប់​នេះ​ ហើយ​ថា​ ក្រុមហ៊ុន​នេះ​មាន​ការ​ត្រួត​ពិនិត្យ​ពី​កង​យោធា​មួយ​ដែល​ស្ថិត​នៅ​ទី​ក្រុង​ វិញ​ (Vinh)​ នៃ​ប្រទេស​វៀតណាម។

លោក​ជូល្យាន​ នូម៉ិន ​(Julian Newman)​ ​អ្នក​ស្រាវ​ជ្រាវ​របស់​ EIA​ និយាយ​ថា ​អំពើ​ពុក​រលួយ​បាន​បណ្តាល​ឲ្យ​ពាណិជ្ជ​កម្ម​កាប់ឈើ​ខុស​ច្បាប់​នៅ​មាន​ធ្វើ​បន្ត​ទៅ​ទៀត​ ដោយ​បានផ្តល់ផល​ដ៏​តិច​តួច​បំផុត​សម្រាប់​សហគមន៍​ក្នុង​តំបន់។

«អ្វី​ដែល​យើង​មើល​ឃើញគឺ​បរាជ័យ​ទាំង​ស្រុង​នៃ​ប្រព័ន្ធ​ច្បាប់​នៅ​ក្នុង​ប្រ​ទេស​លាវ។​ នេះ​ជា​ទី​កន្លែង​ដែល​ពាណិជ្ជករ​មាន​ឥទ្ធិពលទាំង​នេះ ​អាច​រំលោភ​ច្បាប់​បាន​ដោយ​ចំហ។​ ហើយ​គេ​ពិបាក​នឹងរកឲ្យ​ឃើញ​ថា​ ឧស្សាហកម្មនេះផ្តល់​ផល​ប្រយោជន៍​ពិតៗ សម្រាប់​ប្រជារាស្រ្ត​លាវ។​ រោងចក្រផ្ទាល់របស់​លាវ​មិន​អាចរក​ឈើ​បាន​ទេ​ ហើយជីវិត​រស់​នៅ​របស់​ប្រជាជន​ក្នុង​តំបន់ត្រូវ​រង​ការ​បន្ទុច​បង្អាក់»។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ប្រាប់​ វីអូអេ​ អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​ទីស្តីការ​រដ្ឋ​មន្រ្តី​ការ​បរទេស​វៀតណាម​បាន​បដិសេធ​ការ​ជំពាក់​ទាក់​ទិន​របស់​យោធា​វៀតណាម​នៅ​ក្នុង​ការ​រត់ពន្ធ​ឈើ​ចេញ​ពី​ប្រទេស​លាវ។​ អ្នក​នាំ​ពាក្យ​នេះ​និយាយថា​ ប្រទេស​វៀតណាម​ហាម​ដាច់​ខាត​ដល់​ការ​រត់​ពន្ធ​និង​ការ​កាប់​ឈើ​ខុស​ច្បាប់។

មន្រ្តី​វៀតណាម​បាននិយាយប្រាប់​អង្គការ​ព័ត៌មាន​ដទៃ​ទៀត​ថា​ ‘ក្រុម​ហ៊ុន​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច’​ មាន​អាជ្ញាប័ណ្ណ​មួយ​ពី​រដ្ឋាភិបាល​លាវ​ ដើម្បី​នាំឈើ​ហ៊ុប​ចេញ។

ក្នុង​ឆ្នាំ​១៩៩៧​ វៀតណាម​បាន​ដាក់​បម្រាមលើ​ការ​កាប់​ឈើ​ក្នុង​ស្រុក​ភាគ​ច្រើន​ ហើយ​ឥឡូវ​នេះ​នាំ​ចូល​៨០​ភាគរយ​នៃ​គ្រឿង​ផ្គត់ផ្គង់​ឈើ​របស់​ខ្លួន។

របាយ​ការណ៍​របស់​ EIA​ និយាយ​ថា​ ទំនិញ​ឈើ​នាំ​ចូល​បាន​ឡើង​ពី​១២៣​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០០​០​ទៅ​ដល់​ជាង​១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០០៨។​ របាយ​ការណ៍​បាន​បន្ថែម​ថា​ ការ​នាំ​ឈើ​ខុស​ច្បាប់​មក​ពី​ប្រទេស​លាវ​មាន​ចំនួន​១៦​ភាគរយ​នៃ​ចំនួន​សរុបខាង​លើ​នេះ។

មន្រ្តី​លាវ​បាន​និយាយ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ថា​ រដ្ឋាភិបាល​បាន​បង្កើន​កិច្ច​ប្រឹង​ប្រែង​ដើម្បី​បញ្ឈប់​ពាណិជ្ជ​កម្ម​ឈើ​ខុស​ច្បាប់។​ កាល​ពី​ខែ​មិថុនាមុន​នេះ​ លោក​នាយក​រដ្ឋ​មន្រ្តី​ថោងស៊ីង​ ថាម៉ាវង់ ​(Thongsin Thammavong) ​បាន​ចេញ​បទ​បញ្ជា​ឲ្យ​ពង្រឹង​វិធានការ​ប្រឆាំង​នឹង​ការ​កាប់​ឈើ​ និង​ការ​រត់ពន្ធ​ឈើ​ខុស​ច្បាប់។

ក៏​ប៉ុន្តែ​ទី​ភ្នាក់ងារ​ ​EIA​ និយាយ​ថា​ ទោះបី​ជា​មាន​ច្បាប់​ក៏​ដោយ ក៏​ស្ថាន​ការណ៍​នៅ​តែ​«មាន​ភាព​វឹកវរ​ ហើយ​ជៀស​មិន​ផុត​ពី​អំពើ​ពុក​រលួយ​ទេ»។

ព្រៃ​ឈើ​ដែល​គ្រប​ដណ្តប់​លើ​ប្រទេស​លាវ​បាន​ចុះ​ថយយ៉ាង​ច្រើន​ក្នុង​ពេល​ប៉ុន្មាន​ទសវត្សរ៍ថ្មីៗ​នេះ គឺ​ធ្លាក់​ចុះ​ពី​ជាង​៦០​ភាគរយ​ក្នុង​ទសវត្សរ៍​១៩៦០​មក​នៅប្រហែល​ ៤០​ភាគរយ​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ៕

ប្រែសម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG