ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បរិស្ថាន​វិទូ​បារម្ភអំពី​និស្សារណកម្ម​ប្រេង​ និង​ឧស្ម័ននៅ​តំបន់​អាក់ទិក


កន្លែង​ខួង​យក​ប្រេង​នៅ​​តំបន់​ប្រេង​ វ៉ាល​ ហ្កាំប៊ឺតសេវ៉ា​ (Val Gamburtseva )​ នៅ​ចុង​ឧត្តរ​នៃប្រទេសរុស្សី​​។
កន្លែង​ខួង​យក​ប្រេង​នៅ​​តំបន់​ប្រេង​ វ៉ាល​ ហ្កាំប៊ឺតសេវ៉ា​ (Val Gamburtseva )​ នៅ​ចុង​ឧត្តរ​នៃប្រទេសរុស្សី​​។

ម៉ូស្គូ៖ បន្ទាប់​ពី​ការ​ហៀរ​ប្រេងកាល​ពី​រដូវ​ក្តៅ​មុន​ នៅ​ក្នុង​ឈូងសមុទ្រ​ម៉ិច​សិក ​បរិស្ថាន​វិទូ​បាន​បង្កើន​ការព្រួយ​បារម្ភយ៉ាង​ខ្លាំងចំពោះ​ផែន​ការ​និស្សារណកម្ម​នៃប្រេង​ និង​ឧស្ម័ន​ដ៏​ធំ​សម្បើម​របស់​រុស្សី​ នៅ​ក្នុង​តំបន់ អាក់ទិក។

ខណៈដែល​តំបន់​អង់តាកតិច មើល​ទៅ​កាន់​តែ​ដូច​សួន​វិទ្យា​សាស្រ្ត​ និង​ទេសចរណ៍​ តំបន់​អាក់ទិក ​មើល​ទៅ​កាន់​តែ​ដូច​សួនឧស្សាហ​កម្ម។ រុស្សី​បាន​ទាញ​យក​ស្ទើរ​តែ​មួយ​ភាគ​បួន​នៃ​ប្រេង​នាំ​ចេញ​របស់​ខ្លួន​ពី​តំបន់អាក់ទិក។ បច្ចុប្បន្ន​នេះ​ លោក​ប្រធានា​ធិប​តី​ ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) បាន​កំណត់​គោល​ដៅ​មួយ​ ដោយ​ប្រែ​ក្លាយ​តំបន់អាក់ទិក ទៅ​ជា​មូល​ដ្ឋាន​ធន​ធាន​ជា​យុទ្ធ​សាស្រ្ត​កំពូលមួយរបស់​រុស្សីត្រឹមឆ្នាំ​2020។

ដើម្បី​សម្រេច​គោល​ដៅ​នេះ ​រុស្សី​កំពុង​អនុ​វត្ត​គម្រោង​ថាម​ពល​តំបន់អាក់ទិក ដែល​មាន​តម្លៃហា​សិប​ពាន់​លាន​ដុល្លារ​អា​មេ​រិក​។​ គម្រោង​នោះ​រួម​មាន​ ការតម្លើងទី​តាំងខួង​យក​ប្រេង ​និង​ឧស្ម័ន ការ​ធ្វើ​ផ្លូវ​ដឹក​ជញ្ជូន​ប្រេង និង​ការ​ស្ថាបនា​រោង​ចក្រ​ពង្រាវ​ឧស្ម័ន​ធម្ម​ជាតិ។ ប៉ុន្តែ បន្ទាប់​ពី​ការ​ហៀរ​ប្រេង​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ កាលពី​រដូវ​ក្តៅ​មុននៅ​ក្នុង​ឈូង​សមុទ្រ​ទឹក​ក្តៅ​របស់​ម៉ិក​សិក ក្រុម​អ្នកបរិស្ថាន​បាន​ស្នើរុស្សីឲ្យ​ចំណាយ​ពេលដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិ​ភាព​ និង​ការ​គ្រប់​គ្រង​ការ​បំពុល​បរិ​ស្ថាន​ក្នុង​ដែន​ទឹក​នាចុងឧត្តររបស់​ខ្លួន​។

លោក​ ដេវីដ ហ្គ័រដុន (David Gordon) នាយក​ប្រតិ​បត្តិ​នៃ​ក្រុម​បរិស្ថានអា​មេ​រិកផ្តោត​លើ​កិច្ច​ការ​បរិស្ថាន​ក្នុង​តំបន់ប៉ា​ស៊ី​ហ្វិក​ មាន​ប្រសាសន៍នៅ​ក្នុង​សន្និ​សិទ​ស្តី​ពី​តំបន់​អាក​តិច​ក្នុង​ទី​ក្រុង​ម៉ូ​ស្គូ​ កាល​ពី​ពេល​ថ្មីៗ​នេះថា៖

«យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ យើង​មាន​វិធាន​ការ​សុវត្ថិ​ភាព​រួច​ជា​ស្រេច មុន​នឹងអនុ​ញ្ញាតឲ្យផែន​ការ​ខួងយក​ប្រេង​នៅ​តំបន់អាក់ទិក​ដំណើរ​ការទៅ​»។

លោក​មាន​ប្រសាសន៍​ថា ក្នុង​ករណីមានហេតុ​ការ​ណ៍ការ​ហៀរ​ប្រេង​ក្នុង​តំបន់អាក់ទិក​ អាកាស​ធាតុត្រជាក់ខ្លាំង​ និង​ភាព​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ​នឹង​ធ្វើ​ឲ្យប្រតិ​បត្តិ​ការ​នៃ​ការ​លាង​សម្អាត​ មាន​ការ​លំបាកជាង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កាល​ពី​រដូវ​ក្តៅ​មុន​ ​ក្នុង​ឈូង​សមុទ្រ​ម៉ិក​សិក។​ លោក​បន្ត​ទៀត​ថា៖

«ចំនួន​នៃ​ការ​ហៀរ​ប្រេង​នៅ​ក្នុង​ឈូង​សមុទ្រម៉ីក​សិក​ និង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ហៀរ​ប្រេង​នេះ គឺ​ត្រឹម​តែអាច​ទប់​ទល់​នឹង​ស្ថាន​ការតែ​ប៉ុណ្ណោះ។ ​មាន​មនុស្ស​ចំនួន​២៥.០០០​ និង​កប៉ាល់​ដឹក​ប្រេង​ចំនួន​៣.៨០០​គ្រឿង​ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ហៀរ​ប្រេង​នេះ។ ពួក​គេ​ប្រើ​ប្រាស់​បំពង់​ប្រវែង​១០​លាន​ហ្វ៊ីត គឺ​ត្រូវ​នឹង​៣០៤៨​គីឡូម៉ែត្រ ហើយតំបន់​អាក់ទិកគ្មាន​របស់​ទាំង​អស់​នេះ​ទេ»។

លោក​នាយក​រដ្ឋ​មន្រ្តី​ វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ដែលទៅ​ទស្សនា​តំបន់​ប៉ូល​របស់​រុស្សី​ជា​ញឹក​ញាប់​ បាន​សន្យានៅ​ឯ​សន្និសិទស្តី​ពី​តំបន់អាក់ទិក ​ថា «មិន​មាន​គម្រោង​ឧស្សា​ហ​កម្ម​ណា​មួយ នៅ​ក្នុងតំបន់​អាក់ទិក​របស់​រុស្សី​ នឹង​ត្រូវ​បាន​អនុវត្ត ដោយគ្មានការ​ពិចារ​ណាឲ្យ​បាន​ហ្មត់​ចត់​បំផុត​ទៅ​លើ​តម្រូវ​ការផ្នែកបរិស្ថាន​នោះ​ទេ»។

ដោយ​មើល​ឃើញ​ថា តំបន់​អាក់ទិកនឹង​ក្លាយ​ទៅ​ជា​ប្រភព​ថាម​ពល​ និង​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​សំខាន់​មួយ លោក​បាន​ព្រ​មាន​ថា​«ឥរិយា​បទ​មិន​ទទួល​ខុស​ត្រូវ​ណា​មួយ​ចំពោះ​តំបន់​អាក់ទិក​នឹង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សាកល ជា​ជាង​បង្កើត​ផល​ប្រយោជន៍​ឲ្យ​ពិភពលោក​នាពេល​អនាគត​ដ៏ខ្លី​ខាង​មុខ»។

ពី​របី​ថ្ងៃ​ក្រោយ​មក លោក​បាន​ចុះ​ហត្ថ​លេ​ខា​ទៅ​លើ​អជ្ញា​ប័ណ្ណ​ថ្មី​ចំនួន​៥ អនុញាត​ឲ្យខួង​យក​ប្រេង​ និង​ឧស្ម័ន​នៅ​តំបន់អាក់ទិក។ នៅ​ឯ​សន្និសិទ​នេះ លោក​ វ្ល៉ាឌីមៀរ មូលីយ៉ាក (Vladimir Mulyak) នាយក​ក្រុម​ហ៊ុនប្រេង​ឯក​ជន​មួយ​របស់​រុស្សី ដែល​មាន​ឈ្មោះ​ថា លូកអ័រល៍ (Lukoil) និយាយ​ថា ការ​ហៀរ​ប្រេង​របស់​ក្រុម​ហ៊ុន​ប្រេង​អង់​គ្លេសប៊ីភី (BP) គឺ​ជា​ការ​ព្រមាន​យ៉ាង​ច្បាស់​មួយ ចំពោះក្រុម​ហ៊ុន​ថាម​ពល​ទាំង​ឡាយដែល​ធ្វើ​ការ​នៅ​តំបន់​អាក់ទិក។

លោក​បាន​និយាយ​ថា ក្រុម​អ្នក​ខួង​ប្រេង​ក្នុងតំបន់​អាក់ទិក នឹងត្រូវ​យក​ចិត្ត​ទុក​ដាក់បន្ថែម​ទៀត ទៅ​លើ​ការ​គ្រប់​គ្រង​ការ​បំពុល​បរិស្ថាន និងបង្កើនប្រព័ន្ធ​សុវត្ថិភាពទ្វេរ​ដង។ ប្រការ​នេះ​នឹង​ធ្វើ​ឲ្យគម្រោង​កាន់​តែ​ថ្លៃ ប៉ុន្តែ​ លោក​ មូលីយ៉ាក​ បាន​ព្យាករណ៍​ថា គម្រោង​ខួង​ប្រេង​នៅ​ក្នុង​តំបន់អាក់ទិក​របស់​ក្រុម​ហ៊ុន​ លូកអ័រល៍ នៅ​តែ​អាច​រក​ប្រាក់​ចំណេញ​បាន។

នៅ​ថ្ងៃ​ទី​២​ ខែ​ធ្នូ ក្រុម​ហ៊ុន លូកអ័រល៍ នឹង​ត្រូវ​ធ្វើ​ការ​ដេញ​ថ្លៃ ដើម្បី​ទទួល​បាន​សិទ្ធិធ្វើ​និស្សារណកម្មពីរកន្លែង​ក្នុង​តំបន់​អាក់ទិក​របស់​រុស្សី​ ដែល​ត្រូវបានជឿ​ថា នឹង​មាន​ផ្ទុកប្រេងប្រមាណ​ពីរ​ពាន់​លាន​បារ៉ែល។ កាល​ពី​ឆ្នាំ​ទៅ ក្រុម​ហ៊ុន​លូកអ័រល៍ បាន​សាង​សង់​ស្ថានីយ៍អាក់ទិក​មួយ​ ដែល​មាន​សមត្ថភាព​បូម​យក​ប្រេង​ចំនួន​កន្លះ​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ បញ្ចូល​ទៅ​ក្នុង​នាវាស្តុក​ប្រេង ដែលសាង​សង់​ឡើងមាន​សំបក​យ៉ាងក្រាស់ ហើយដែល​អាច​ធន​នឹង​ទឹក​កក​បាន។

កាលពី​២១​ឆ្នាំ​មុន ការហៀរ​ប្រេងដ៏​ច្រើន​សន្ធឹក​សន្ធាប់របស់​ក្រុម​ហ៊ុន​អិកសុន វ៉ាលដេហ្ស (Exxon Valdez) នៅ​ក្នុងរដ្ឋ​ អាឡាស្កា (Alaska) បាន​ធ្វើ​ឲ្យបរិស្ថានវិទូអាមេ​រិកាំង​ជំនាន់​មុនប្រឆាំងនឹង​ការ​ផលិត​ថាម​ពល​នៅតំបន់​ អាក់ទិក។ លោក​ ប៊ីល្ល អេចបោម (Bill Eichbaum) អនុ​ប្រធាន​អង្គ​ការ​អភិ​រក្ស​ធម្ម​ជាតិ​ពិភព​លោក​ទទួល​បន្ទុក​គោល​នយោ​បាយ​សមុទ្រ​ និង​តំបន់​អាក់ទិក ហៅកាត់ជា​ភាសា​អង់​គ្លេស​ថា WWF បាន​ថ្លែង​នៅ​ឯ​សន្និ​សិទ​ក្នុង​ទី​ក្រុង​ម៉ូ​ស្គូថា៖

«បរិស្ថាន​ក្នុង​តំបន់​អាក់ទិកនឹង​ទទួល​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ បើ​ប្រៀបធៀប​ទៅ​នឹង​ឈូង​សមុទ្រម៉ិក​សិក។​ កាល​ពី​មួយ​ឆ្នាំ​កន្លះ​មុន​ យើង​បាន​រំឭក​ខួប​ទី​២០​នៃ​ការ​ហៀរ​ប្រេង​របស់​ក្រុម​ហ៊ុន អេកសុន វ៉ាលដេហ្ស ហើយ​ខ្ញុំ​នៅ​មាន​ថ្មមួយ​ចំនួន​នៅ​លើ​តុ​របស់​ខ្ញុំ ដែល​គេ​គាស់​យក​មក​ពី​កន្លែង​ប្រារព្ធ​ពិធី ដែល​នៅ​គ្រប់​ដណ្តប់​ដោយ​ប្រេង​នៅ​ឡើយ»។

ភាគ​ច្រើន​នៃទីតាំងផ្ទុកប្រេង​ និង​ឧស្ម័នត្រូវ​បានជឿ​ថា​ ស្ថិត​នៅ​តំបន់​រាក់​នៃ​បាត​សមុទ្រ។​ ប៉ុន្តែ​ លោក​ អេចបោម នៃ​អង្គ​ការ​ WWF មិន​មាន​ការ​ភ្ញាក់​ផ្អើលទេ។ លោក​ថ្លែង​ថា៖

«លក្ខ​ខណ្ឌ​ទាំង​នោះ​នឹង​ធ្វើ​ឲ្យតំបន់​អាក់ទិកកាន់​តែ​មាន​គ្រោះ​ថ្នាក់​។​ ទោះ​បី​ជា​វា​មិន​មែន​ជា​ទឹក​ជ្រៅ​ក្តី វា​គឺ​ជា​ទឹក​ប្រកប​ដោយ​គ្រោះ​ថ្នាក់»។

ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​ស្ទាបស្ទង់​មតិ​ផ្នែក​ភូគព្ភ​សាស្រ្ត​របស់អា​មេ​រិក​ បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា មួយ​ភាគ​បួន​នៃទីតាំង​ផ្ទុកប្រេង​ និង​ឧស្ម័ន​នៅផែន​ដី​ ដែល​មិនទាន់រុករក​ គឺ​ស្ថិត​នៅ​តំបន់អាក់ទិក។ សម្រាប់​អ្នក​ចូលរួម​ភាគ​ច្រើន​នៅ​ឯ​សន្និ​សិទនេះ និស្សារណកម្ម​នៃទីតាំង​ផ្ទុក​ប្រេង ​និង​ឧស្ម័ន​ទាំង​នេះ មិន​មែន​ជា​សំណួរ​អំពី​«ប្រសិន​បើ​ធ្វើ​និស្សារណកម្ម​នោះ​ទេ» ប៉ុន្តែ​ជា​សំណួរ​អំពី​ថា​ តើ​«ត្រូវធ្វើ​និស្សារណកម្ម​ដោយ​របៀប​ណា»​ និង​«នៅ​ពេល​ណា»។

ប្រែ​សម្រួល​ដោយ​ ឌី ខាំបូលី

XS
SM
MD
LG