ការក្រឡេកមើលថ្មីមួយទៅលើអ្វីដែលគេហៅថា បច្ចេកវិទ្យាបៃតង ឬក៏បច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន បង្ហាញថា បច្ចេកវិទ្យានេះកំពុងតែផ្តល់ប្រយោជន៍ដល់អ្នកធ្វើការអាមេរិកាំង។នៅទូទាំងសហរដ្ឋអាមេរិក ក្រុមហ៊ុនពាណិជ្ជកម្មនិងអង្គការនានាកំពុងតែចាប់ផ្តើមធ្វើការផ្លាស់ប្តូរ ដោយឈានទៅចាប់យកប្រភពថាមពលស្អាត។
កន្លែងបែបនោះមានជាឧទាហរណ៍ដូចជា គ្លីនិកម៉េយ៉ូ (Mayo)ដែលល្បីល្បាញលើពិភពលោកនៅភាគខាងជើងរដ្ឋមីនីសូតា (Minnesota)។
ឥឡូវនេះ សហជីពពាណិជ្ជកម្មនិងអង្គការនានាមានលទ្ធភាពប្រើប្រាស់បច្ចេកទេសបៃតងហើយ។វេជ្ជបណ្ឌិត ចន ប្លែក(John Black) ស្ថិតនៅក្នុងគណៈកម្មការបច្ចេកទេសបៃតងរបស់គ្លីនិកម៉េយ៉ូ និយាយថាចំណោទនេះគឺសាមញ្ញ។
«យើងត្រូវគិតពីភាពលៃលកអាចប្រើប្រាស់បាន ហើយយើងគួរមានឱកាសសន្សំថវិកាបានតាមរយៈការប្រើប្រាស់បច្ចេកទេសបៃតងនេះនៅក្នុងគ្លីនិកម៉េយ៉ូ»។
របាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃពុធ ដោយស្ថាប័នBrookings ដែលមានទីតាំងនៅរដ្ឋធានីវ៉ាស៊ីនតោន និយាយថា តម្រូវការប្រើប្រាស់ថាមពលបៃតងគឺជាជម្រើសមួយដែលមានប្រយោជន៍ផងដែរ។ របាយការណ៍នេះបន្ថែមថា សេដ្ឋកិច្ចបៃតងនេះកំពុងតែផ្តល់ការងារដល់ពលរដ្ឋអាមេរិកាំងចំនួន២,៧ លាននាក់ ដោយពួកគេអាចទទួលបានប្រាក់កំរៃខ្ពស់ហើយពុំចាំបាច់មានការអប់រំខ្ពស់។
ម៉ាក មូរ៉ូ (Mark Muro) គឺជានាយកកម្មវិធីគោលនយោបាយវិទ្យាស្ថានBrookings។ លោកបានមានប្រសាសន៍ថា៖
«ជាសរុបបច្ចេកទេសបៃតងនេះកំពុងតែរីកលូតលាស់លឿនជាមធ្យម ប៉ុន្តែមួយចំណែកខ្លះទៀតកំពុងតែរីកដុះដាលយ៉ាងលឿនគួរឲ្យកត់សម្គាល់»។
មូរ៉ូ បន្ថែមថាសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងស្ថានភាពមួយដែលអាចទទួលយកបានផលប្រយោជន៍ទាំងស្រុងពីបច្ចេកទេសនេះ។
«ការលូតលាស់ដែលយើងបានឃើញនៅក្នុងផ្នែកនៃបច្ចេកវិទ្យាស្អាតនិងដែលអាចកកើតវិញបាននេះមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ជាខ្លាំង និងត្រូវបានគេឃើញថានឹងរីកធំធាត់យ៉ាងលឿនក្នុងសាកលលោក ហើយដែលសហរដ្ឋអាមេរិកចាំបាច់ចាប់ផ្តើមពង្រឹងឧស្សាហកម្មនេះ»។
ប៉ុន្តែ លោក ខេន ហ្គ្រីន (Ken Green) អ្នកវិទ្យាសាស្រ្តផ្នែកបរិស្ថាននិងជាអ្នកសិក្សានៅវិទ្យាស្ថានសហគ្រាសអាមេរិក និយាយថាការរីកលូតលាស់នៃការងារទាក់ទងនឹងថាមពលស្អាត អាចនឹងមិនគ្រប់គ្រាន់សម្រាប់ធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចដែលកំពុងតែពិបាកនេះបានទេ។
លោក ហ្គ្រីន និយាយថាបើទោះជាមានការគាំទ្រនិងមូលនិធិច្រើនជាងមុនពីរដ្ឋាភិបាលក៏ដោយ ការវិនិយោគលើថាមពលស្អាតដូចជាកសិដ្ឋានដើរដោយខ្យល់ នឹងនៅតែជួបឧបសគ្គ។
«ការងារភាគច្រើនដែលពាក់ព័ន្ធនឹងបច្ចេកទេសបៃតងត្រូវបានបង្កើតនៅក្នុងប្រទេសចិនឬក៏ទ្វីបអាស៊ីដោយសារតែនៅទីបំផុតគឺតម្លៃពលកម្មមានតម្លៃថោក។ ហើយពួកគេត្រូវប្រឈមមុខនឹងច្បាប់បរិស្ថានដែលមិនតឹងរឹង»។
បើទោះជាយ៉ាងណា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានសន្យាថានឹងជំរុញឲ្យមានមូលនិធិសម្រាប់បច្ចេកវិទ្យាបៃតងកាន់តែច្រើនឡើង ហើយនិយាយថាសហរដ្ឋអាមេរិកត្រូវនាំមុខគេក្នុងវិស័យបច្ចេកវិទ្យាថាមពលស្អាត ដើម្បីបង្កើតនូវអ្វីដែលលោកហៅថា «អាមេរិកក្នុងសតវត្សរ៍ថ្មីមួយទៀត»៕
ប្រែសម្រួលដោយលោក បូរី ស៊ីលីវណ្ណ