ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅ​ប្រុស​វីរបុរស​អាមេរិកាំង​សម័យ​សង្គ្រាម​លោក​លើក​ទី ២ ចាប់​អាជីព​ជា​តន្ត្រីករ​ហ្សាស


រូបឯកសារ៖ លោក Paul Sikivie តន្រ្តីករ Jazz ប្រគុំតន្ត្រី​នៅ​ឯ​ស្ថាន​ទូត​ហ្វាងឡង់​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩។
រូបឯកសារ៖ លោក Paul Sikivie តន្រ្តីករ Jazz ប្រគុំតន្ត្រី​នៅ​ឯ​ស្ថាន​ទូត​ហ្វាងឡង់​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩។

ប្រសិនបើ DNA ជា​ជោគ​វាសនា នេះ​ជា​ការ​បត់បែន​មួយ​ដែល​មិន​ត្រូវ​បាន​រំពឹងទុក​នៅ​ពេល​ដែល​លោក Paul Sikivieចៅ​របស់​លោក​ឧត្តម​សេនីយ Claire Lee Chennault ដែល​ជា​មេបញ្ជាការ​ដ៏​ល្បី​ឈ្មោះម្នាក់​របស់​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​នៅក្នុង​ទ្វីប​អាស៊ី​កាល​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ ធំ​ដឹង​ក្ដី​ឡើង។

លោក Paul Sikivie ដែល​ជា​តន្ត្រីករ jazz នៅ​ទីក្រុង New York បាន​និយាយ​ថា លោក​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ពោរពេញ​ដោយ «ការ​ស្ញើច​សរសើរ» ទាក់ទិន​នឹង​ភាព​ល្បី​ឈ្មោះ​របស់​ជីតា​លោក។ លោក Sikivie និយាយ​ថា៖ «ជីតា​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ពិភពលោក តែ​ខ្ញុំ​មិន​ដូច្នេះ​ទេ»។

លោក​ឧត្តមសេនីយ៍ Claire Lee Chennault (១៨៩០-១៩៥៨) មេបញ្ជាការ​ដ៏​ល្បី​ឈ្មោះម្នាក់​របស់​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​នៅក្នុង​ទ្វីប​អាស៊ី​កាល​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ។
លោក​ឧត្តមសេនីយ៍ Claire Lee Chennault (១៨៩០-១៩៥៨) មេបញ្ជាការ​ដ៏​ល្បី​ឈ្មោះម្នាក់​របស់​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​នៅក្នុង​ទ្វីប​អាស៊ី​កាល​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ។

លោក Sikivie ជា​ចៅ​ម្នាក់​ក្នុង​ចំណោម​ចៅ​ពីរ​នាក់​របស់​លោកឧត្តមសេនីយ Chennault និង​អ្នកស្រី Anna ដែល​ជា​ភរិយា​ទី​ពីរ​របស់លោក។ ម្តាយ​របស់​លោក Sikivie គឺ​ជា​អ្នក​ជំនាញ​ខាង​អក្សរសិល្ប៍​ចិន​នៅ​មជ្ឈិម​សម័យ ហើយ​ឳពុក​របស់​លោក​គឺ​ជា​អ្នក​រូប​វិទ្យា​កូន​កាត់​អាមេរិកាំង​និង​ប៊ែលហ្សិក។

លោក Sikivie ដែលនៅ​ពេល​នេះ​មាន​អាយុ ៣៧ ឆ្នាំ បាន​និយាយ​រំលឹក​អំពី​ការ​ប្រាថ្នា​របស់​លោក​កាលពី​ក្មេង​ថា៖ «ខ្ញុំ​ចង់​ធ្វើជា​អ្នក​ពន្ធុវិទ្យា ​បន្ទាប់ពី​មាន​ការ​ចេញ​ផ្សាយ​ខ្សែ​ភាពយន្ត «Jurassic Park»។ ខ្ញុំ​មិន​ដែល​គិត​ថា ភាសា​និង​អក្សរសិល្ប៍​ចិន​ជា​អ្វី​មួយ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ទេ»។

នៅ​ពេល​មាន​អាយុ ១៤ ឆ្នាំ លោក Sikivie ដឹង​ថា​លោក​ចង់​ធ្វើ​ជា​តន្ត្រីករ។ ៤ ឆ្នាំ​ក្រោយ​មក លោក​ដឹង​ថា​លោក​ចូលចិត្ត​តន្ត្រី jazz។ លោក​និយាយ​អំពីការ​ជាប់​ចិត្ត​នឹង​តន្ត្រី​ jazz ថា៖ «តន្ត្រី St. Thomas ដែល​និពន្ធ​ដោយ​លោក Sonny Rollings បាន​ផ្សាយ​តាម​វិទ្យុ NPR ហើយ​ខ្ញុំ​មិន​នឹក​ស្មាន​ថា ខ្ញុំ​បាន​ឮ​តន្ត្រី​នេះ​ទេ»។

តើ​នេះ​អាច​ទំនង​ទៅ​រួច​ឬទេ​សម្រាប់​ចៅ​របស់​លោក Claire Lee Chennault ដែល​លេច​មុខ​លើ​ក្រប​ទស្សនាវដ្តី Life និង​ទស្សនាវដ្ដី Time នៅ​ពេល​លោក​ជា​អគ្គមេបញ្ជាការ​នៃកង​យន្ត​ហោះ​ចម្បាំង Flying Tigers និង​បន្ទាប់​មក​លោក​ជាមេបញ្ជាការ​កំពូល​នៃ​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​ទី ១៤ ដែល​បាន​ធ្វើ​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​កងទ័ព​ជប៉ុន​នៅ​ក្នុង​ប្រទេស​ចិន​និង​ប្រទេស​ភូមា​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​នោះ?

ឪពុក​ម្តាយ​របស់​លោក Sikivie ទទួល​ស្គាល់​ថា ​ពួកគេ​មាន​ការ​ពិបាក​អស់​ជា​ច្រើន​ឆ្នាំ​ដើម្បី​ទទួល​ស្គាល់​នូវ​ការ​តាំង​ចិត្ត​របស់​លោក​ក្នុង​ការ​ធ្វើ​ជា​តន្ត្រីករ​អាជីព។ ករណី​នេះ​បាន​ផ្លាស់​ប្តូរ នៅ​ពេល​ដែល​លោក Sikivieនិយាយ​ប្រាប់​ឪពុក​ម្តាយ​របស់​លោក​ថា សាលា Juilliard ដែល​ជា​សាលា​តូរ្យតន្ត្រី​នៅ​ក្នុង​ទីក្រុង New York ដែល​មាន​ឈ្មោះ​ល្បី​នៅ​ក្នុង​ពិភពលោក បាន​ទទួល​លោក​ឱ្យ​ចូល​រៀន។

អ្នកស្រី Cynthia Chennault ដែល​ជា​ម្តាយ​របស់​លោក​បាន​រំឭក​ថា៖ «កូន​ប្រុស​ខ្ញុំ​បាន​ផ្ញើ​អ៊ីម៉ែល​មក​ប្រាប់​ថា ការ​សុំ​ចូល​រៀនក្នុង​សាលា​ភ្លេង Juilliard គឺ​ពិបាក​ជាង​ការ​សុំ​ចូល​រៀន​ក្នុង​សាកលវិទ្យាល័យ​ Harvard ទៅ​ទៀត។ នៅ​ពេល​បន្ទាប់​មក ពួក​យើង​បាន​តាម​មើល​ការ​សិក្សា​របស់ Sikivie»។

លោក Paul Sikivie (ក្រោយ) ប្រគុំតន្ត្រី នៅ​ឯ​មជ្ឈមណ្ឌល​តូរ្យតន្ដ្រី Lincoln Center ថ្ងៃ​ទី៣ ខែកុម្ភៈ ឆ្នាំ​២០២០។ (Frank. Stewart/Jazz at Lincoln Center)
លោក Paul Sikivie (ក្រោយ) ប្រគុំតន្ត្រី នៅ​ឯ​មជ្ឈមណ្ឌល​តូរ្យតន្ដ្រី Lincoln Center ថ្ងៃ​ទី៣ ខែកុម្ភៈ ឆ្នាំ​២០២០។ (Frank. Stewart/Jazz at Lincoln Center)

លោក​ឧត្តមសេនីយ Chennault ដែល​ទោះណា​ជា​លោក​ល្បី​ឈ្មោះ​ខាង​ហ៊ាន​ជជែក​បង្ហាញ​ហេតុផល​ជា​មួយ​ពួក​នាយ​ទាហាន​ដែល​មាន​ឋានៈ​ធំ​ជាង​លោក​ក៏​ដោយ អាច​នឹង​យល់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ចៅប្រុស​លោក​ក្នុង​ការ​តស៊ូ​ក្នុងជីវិត​ដោយ​ខ្លួន​ឯង។

លោក Sikivie បាន​បញ្ជាក់​ថា៖ «បទពិសោធន៍​របស់​ខ្ញុំ​ជា​មួយ​នឹង​តន្ត្រី jazz មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​ក្លាយ​ទៅ​ជា​មនុស្ស​ពេញ​វ័យ​របស់​ខ្ញុំ ដោយ​មាន​ការ​ទទួល​ខុសត្រូវ​សម្រាប់​ជម្រើស និង​ទង្វើ​របស់​ខ្ញុំ។ ដើម្បី​កែ​លំអ​អាជីព​របស់​ខ្ញុំ ខ្ញុំ​ត្រូវតែ​មាន​វិន័យ និង​មាន​ភាព​ទៀងទាត់​ជា​និច្ច»។

លើស​ពី​ការ​សិក្សា​ខាង​ផ្នែក​តូរ្យតន្ត្រី​នៅ​ក្នុង​សាលា​តន្ត្រី​ដ៏​ល្បី​ឈ្មោះ​នេះ លោក Sikivie ផ្តល់​តម្លៃ​ដល់​ពេល​វេលា​របស់​លោក​នៅ​ពេល​លោក​ឡើង​ឆាក​ជាមួយ​នឹង​គ្រូ​បង្វឹក​ផ្នែក​តន្ត្រី jazz។

លោក​បាន​និយាយ​ថា៖ «ចំណេះ​ដឹង​ដែល​បាន​ផ្ទេរ​បន្ត​ដោយផ្ទាល់​មិន​អាច​ទទួល​បាន​ក្រៅពី​វិធី​នេះទេ ហើយ​នេះ​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ធ្វើ​ឱ្យ​តន្ត្រី​នេះ​មាន​លក្ខណៈ​ពិសេស»។

ជីតា​របស់​លោក​ក៏​ប្រហែល​ជា​អាច​យល់​អំពី​គំនិត​នៃ​ពាក្យ​ថា «មិត្ត​រួម​ជីវិត» ដែល​ជា​ចំណុច​សំខាន់​មួយ​ក្នុង​ដំណើរជីវិត​របស់​លោក Sikivie ក្នុង​ការ​ក្លាយ​ទៅ​ជា​តន្ត្រីករ​ម្នាក់​ដូច្នេះ​ដែរ។

លោក Lawrence Leathers ដែល​ជាអ្នក​វាយ​ស្គរ​នៅ​ក្នុង​វង់​តន្ត្រី jazz នៅក្នុង​ទីក្រុង New York គឺ​ជា​មិត្ត​រួម​ជីវិត​ម្នាក់ក្នុង​វិស័យ​ភ្លេង​នេះ​ដែរ។

លោក Paul Sikivie (ស្ដាំ) ថត​រូប​ជុំ​គ្រួសារ​ជាមួយ​នឹង​ឪពុកម្ដាយ​របស់​លោក គឺ​លោក Pierre Sikivie និង​អ្នកស្រី Cynthia Chennault បងប្អូនប្រុស Michael និង​លោកយាយ Anna Chennault។ (រូបថត​ផ្ដល់​ឲ្យ)
លោក Paul Sikivie (ស្ដាំ) ថត​រូប​ជុំ​គ្រួសារ​ជាមួយ​នឹង​ឪពុកម្ដាយ​របស់​លោក គឺ​លោក Pierre Sikivie និង​អ្នកស្រី Cynthia Chennault បងប្អូនប្រុស Michael និង​លោកយាយ Anna Chennault។ (រូបថត​ផ្ដល់​ឲ្យ)

លោក Sikivie បាន​និយាយ​អំពី​លោក Leathers ដែល​បាន​ស្លាប់​កាល​ពី​ឆ្នាំ​មុន ថា៖ «សម្រាប់ខ្ញុំ គាត់​ប្រៀប​ដូចជា​បង​ប្អូន​ខ្ញុំ​ម្នាក់​ដែរ។ ខ្ញុំ​បាន​រៀន​សូត្រ​ច្រើន​អំពី​កម្រិត​បច្ចុប្បន្ន ហើយ​តែងតែ​ប្រឹងប្រែង​ទៅ​រក​កម្រិត​បន្ទាប់​ទៀត នៅ​ពេល​ដែល​ខ្ញុំ​នៅ​ក្បែរ​គាត់ និង​លេង​តន្ត្រី​ជាមួយ​គាត់»។

លោក Sikivie លោក Leathers និង​លោក Aaron Diehl ដែល​ជា​អ្នក​លេង​ព្យាណូ ជា​រឿយៗ​តែងតែ​លេង​ជា​ក្រុម​តែ​មួយ នៅ​តាម​តំបន់​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​នៅ​ជុំវិញ​ពិភពលោក​ដូចជា​ប្រទេស​ចិន ទីក្រុង​ហុងកុង និង​កោះ​តៃវ៉ាន់​ជា​ដើម ដែល​ជា​តំបន់​ដែល​លោក​ឧត្តមសេនីយ៍ Chennault ធ្លាប់​បាន​ទៅ​ដល់​ដែរ។

ដោយ​សំឡឹង​មើល​ទៅ​ថ្ងៃ​អនាគត អ្នក​ជំនាញ​ខាង​តន្ត្រី jazz រូប​នេះ និយាយ​ថា៖ «ខ្ញុំ​កំពុង​បន្ត​រៀន​ពី​វិធី​រៀបចំ​គំនិត អារម្មណ៍ និង​តម្លៃ​ដើម្បី​បញ្ចូល​ជាមួយ​នឹង​តន្ត្រី។ ជា​ការ​ពិត​ណាស់ ការ​សម្រេច​នូវ​រឿង​នេះ​បាន​គឺ​គ្មាន​ដែន​កំណត់​នោះ​ទេ»៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG