ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គេហទំព័រ​រដ្ឋាភិបាល​អាមេរិក​មួយ​ចំនួន​ត្រូវ​គេ​លួច​ចូល​ដោយ​សរសេរ​សារ​មាន​ទំនោរ​រក​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម


អ្នក​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​បាន​សរសេរ​សារ​នេះ​នៅ​លើ​គេហទំព័រ​របស់​លោក John Kasich អភិបាល​រដ្ឋ Ohio កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។

គេហទំព័រ​របស់​រដ្ឋាភិបាល​ថ្នាក់​ស្រុក និង​រដ្ឋាភិបាល​ថ្នាក់​រដ្ឋ​សហរដ្ឋ​អាមេរិក​ជា​ច្រើន ត្រូវ​បាន​គេ​លប​លួច​ចូល​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដើម្បី​បង្ហាញ​សារ​គាំទ្រ​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម។

សារ​នោះ​សរសេរ​ថា៖ «លោក Trump និង​ប្រជាពលរដ្ឋ​អាមេរិកាំង​ទាំង​អស់! អ្នក​ឯង​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ឈាម​គ្រប់​ដំណក់​ដែល​ហូរ​នៅ​ក្នុង​ប្រទេស​កាន់​សាសនា​ឥស្លាម‍»។ សារ​នោះ​បញ្ចប់​ដោយ​សរសេរ​ថា៖ «ខ្ញុំ​ស្រលាញ់​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម‍»។

គេហទំព័រ​របស់​រដ្ឋាភិបាល​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​បំផុត​គឺ​នៅ​ក្នុង​រដ្ឋ Ohio ដែល​វិបសាយ​របស់​លោក​អភិបាល​រដ្ឋ John Kasich និង​ភរិយា Karen Kasich ក៏​ដូចជា​វិបសាយ​របស់​ការិយាល័យ​អគ្គ​អធិការកិច្ច​រដ្ឋ Ohio គេហទំព័រ​របស់​មន្ទីរ​ធានា​រ៉ាប់រង​សុខភាព​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​រដ្ឋ Ohio និង​គេហទំព័រ​ផ្សេងៗ​ទៀត​ជា​ច្រើន ត្រូវ​បាន​គេ​លប​លួច​ចូល។

ការិយាល័យ​របស់​លោក​អភិបាល John Kasich បាន​បញ្ជាក់​ថា៖ «បន្ទាប់ពី​យើង​ទទួល​បាន​ព័ត៌មាន​អំពី​រឿង​នេះ យើង​បាន​ចាប់ផ្ដើម​ដោះស្រាយ​បញ្ហា​នេះ​ដោយ​មិន​បង្អែបង្អង់​យូរ និង​បន្ត​ត្រួត​ពិនិត្យ​មើល​រហូត​ទាល់តែ​យើង​អាច​ដោះស្រាយ​បាន​ទាំង​ស្រុង‍»។

គេហទំព័រ​របស់​ស្រុក Howard រដ្ឋ Maryland និង​ស្រុក Brookhaven រដ្ឋ New York ក៏​រង​ការ​ប៉ះពាល់​ផង​ដែរ។

គេហទំព័រ​រង​ការ​ប៉ះពាល់​មួយ​ចំនួន​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ឲ្យ​ដំណើរ​ការ​ដូច​ដើម​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប៉ុន្តែ គេហទំព័រ​ផ្សេង​ទៀត​នៅ​តែ​មិន​ទាន់​បាន​ស្ដារ​ឡើង​វិញ​នៅ​ឡើយ​ទេ គិត​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។

ក្រុម​មួយ​ដែល​មាន​ឈ្មោះ Team System DZ អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​លប​លួច​ចូល​ក្នុង​គេហទំព័រ​ទាំង​នេះ៕

XS
SM
MD
LG