ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ជុន ច័ន្ទបុត្រ​ អាច​ប្រឈម​នឹង​ការ​មាន​ទោស​ចំពោះ​ករណី​ចូល​ក្នុង​ពន្ធនាគារ​ជាមួយ​បក្ស​ប្រឆាំង


រូបឯកសារ៖ លោក ជុន ច័ន្ទបុត្រ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​និង​ទទួល​ពានរង្វាន់ David Burke Awards នៅ​ទី​ស្នាក់ការ​កណ្តាល​របស់ ​VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ​ឆ្នាំ​២០១៦។ (សាយ មុន្នី/VOA)
រូបឯកសារ៖ លោក ជុន ច័ន្ទបុត្រ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​និង​ទទួល​ពានរង្វាន់ David Burke Awards នៅ​ទី​ស្នាក់ការ​កណ្តាល​របស់ ​VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ​ឆ្នាំ​២០១៦។ (សាយ មុន្នី/VOA)

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក ហួត វុទ្ធី ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ ​ជា​លោក​ ជុន ច័ន្ទបុត្រ ​អនុ​ប្រធាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសា​ខ្មែរ បាន​ចូល​ទៅ​ក្នុង​ពន្ធនាគារ​ព្រៃស ជាមួយ​ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ ខណៈ​ក្រុម​តំណាងរាស្រ្ត​ទាំង​នោះ​ចូល​សួរ​សុខទុក្ខ​សកម្មជន​ទាំង​១៦​នាក់​របស់​បក្ស​ដែល​កំពុង​ជាប់​ឃុំ។

ក្រសួង​មហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប្រកាស​ថា លោក ជុន ច័ន្ទបុត្រ ដែល​ជា​អនុ​ប្រធាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរ អាច​ប្រឈម​មុន​នឹង​ផ្លូវ​ច្បាប់​ ក្នុង​ករណី​ដែល​លោក​បន្លំ​ខ្លួន​ចូល​ទៅ​ក្នុង​ពន្ធនាគារ។ លោក ជុន ច័ន្ទបុត្រ ច្រាន​ចោល​ការ​ចោទ​ថា ​លោក​បាន​បន្លំ​ខ្លួន​ចូល​ ស្រប​ពេល​ដែល​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​លើក​ឡើង​ថា អ្នក​សារព័ត៌មាន​អាច​បន្លំ​ខ្លួន​ចូល​យក​ព័ត៌មាន​ក្នុង​ពន្ធនាគារ​បាន ប្រសិន​បើ​ការ​បន្លំ​ខ្លួន​នោះ​ធ្វើ​ឡើង​ជា​ប្រយោជន៍​ដល់​សង្គម។

វិទ្យុ​អាស៊ី​សេរី ជា​វិទ្យុ​របស់​អាមេរិក​ដែល​តែង​ផ្សព្វផ្សាយ​ពី​ភាព​អវិជ្ជមាន​នៃ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដូច​ជា​អំពើ​ពុករលួយ ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ និង​បញ្ហា​សង្គម​ផ្សេងៗ​ទៀត។ ជា​រឿយៗ វិទ្យុ​នេះ​តែង​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ថា ជា​វិទ្យុ​បម្រើ​ឲ្យ​បរទេស និង​គណបក្ស​ប្រឆាំង ក្នុង​គោល​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក ហួត វុទ្ធី ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ ​ជា​លោក​ ជុន ច័ន្ទបុត្រ ​អនុ​ប្រធាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសា​ខ្មែរ បាន​ចូល​ទៅ​ក្នុង​ពន្ធនាគារ​ព្រៃស ជាមួយ​ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ ខណៈ​ក្រុម​តំណាងរាស្រ្ត​ទាំង​នោះ​ចូល​សួរ​សុខទុក្ខ​សកម្មជន​ទាំង​១៦​នាក់​របស់​បក្ស​ដែល​កំពុង​ជាប់​ឃុំ។ ការ​ចូល​ក្នុង​ពន្ធនាគារ​របស់​លោក ជុន ច័ន្ទបុត្រ ត្រូវ​បាន​រដ្ឋាភិបាល​លើក​ឡើង​ថា ជា​ទង្វើ​ខុស​នឹង​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​កម្ពុជា ច្បាប់​ស្តី​ពី​ពន្ធនាគារ និង​ក្រម​ព្រហ្មទណ្ឌ។

លោក សន កែវ អ្នកនាំពាក្យ​នាយកដ្ឋាន​ពន្ធនាគារ ប្រាប់ VOA នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ បាន​ចូល​ក្នុង​ពន្ធនាគារ​ដោយ​មិន​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ពិត​ប្រាកដ។ លោក​បន្ត​ថា ប្រសិន​បើ​លោក ជុន ច័ន្ទបុត្រ​ ចង់​ចូល​សួរ​ជន​ដែល​កំពុង​ជាប់​ឃុំ លោក ជុន ច័ន្ទ​បុត្រ អាច​ស្នើ​ទៅ​ពន្ធនាគារ​តាម​នីតិវិធី។

អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា៖

«ចំពោះ​លោក ជុន ច័ន្ទបុត្រ ទៅ​ម្សិលមិញ​នេះ​ គឺ​គាត់​អត់​មាន​បង្ហាញ​អត្ត​សញ្ញាណ​គាត់​ក្នុង​ការ​សួរ​សុខទុក្ខ​អី​ទេ​ គឺ​គាត់​ទៅ​របៀប​បន្លំ។​ អញ្ចឹង​មាន​ន័យ​ថា​ គាត់​បំពាន​លើ​នីតិវិធី​ពន្ធនាគារ​ ហើយ​ក៏​ដូច​ជា​បំពាន​លើ​ក្រម​សីលធម៌​វិជ្ជាជីវៈ​អ្នក​កាសែត ព្រោះ​អ្នកកាសែត​អត់​មាន​អី​ត្រូវ​លាក់​មុខ​ទេ គឺ​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​របស់​ខ្លួន។ អញ្ចឹង​ត្រូវ​ស្នើ​សុំ​ជា​ចំហ​មក ដើម្បី​អាជ្ញាធរ​ពន្ធនាគារ​យើង​ពិចារណា​ថា​ តើ​ជន​ជាប់​ឃុំ​ហ្នឹង​ស្ថិត​ក្នុង​មុខ​សញ្ញា​ត្រូវ​ជួប​បាន​អត់? ឬ​ជួប​មិន​បាន យ៉ាង​ម៉េចៗ​ យើង​ត្រូវ​ឆ្លើយ​តប​តាម​ហ្នឹង»។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ថា សមត្ថកិច្ច​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដែល​អាច​ចោទ​ប្រកាន់​លោក លោក ហួត វុទ្ធី ហៅ​ ជុន ច័ន្ទ​បុត្រ ដោយ​យោង​លើ​ក្រម​ព្រហ្មទណ្ឌ ពាក់​ព័ន្ធ​នឹង​ការ​បន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធនាគារ។​ ទោះ​ជា​យ៉ាង​ណា​ លោក​សុំ​មិន​អធិប្បាយ​ច្រើន ដោយ​គ្រាន់​តែ​បញ្ជាក់​ថា រង់​ចាំ​ចំណាត់ការ​របស់​តុលាការ។

លោក ​ខៀវ សុភ័គ មាន​ប្រសាសន៍​ប្រាប់​ VOA ថា៖

«ភស្តុតាង​ជាក់ស្តែង​មាន​ហើយ ទាំង​រូបថត​ទាំង​អី ទាំង​ឈ្មោះ​គាត់​ក៏​ក្លែងក្លាយ ហើយ​ជា​ជំនួយការ​របស់​អ្នក​តំណាងរាស្រ្ត​ទៀត ចាត់​ទុក​ថា​នេះ​ជា​ការ​បន្លំ​របស់​ពលរដ្ឋ​ចំពោះ​សមត្ថកិច្ច។​ នៅ​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​ក៏​អាច​ដាក់​បន្ទុក​បាន​ដែរ»។

ក្នុង​ក្រដាស​មួយ​សន្លឹក​ដែល​បាន​បង្ហោះ​ដោយ​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល គេ​ឃើញ​មាន​ឈ្មោះ និង​តួនាទី​របស់​អ្នក​ដែល​ចូល​សួរ​សុខទុក្ខ​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន​៥​នាក់។ ក្នុង​លិខិត​នោះ​ ក៏​ឃើញ​មាន​ឈ្មោះ​របស់​លោក ហួត វុទ្ធី​ ហៅ​ ជុន ច័ន្ទបុត្រ ដែល​មាន​បញ្ជាក់​តួនាទី​ថា​ជា «ជំនួយ​ការ‍»។

ទោះ​ជា​យ៉ាង​ណា លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទ​បុត្រ អនុ​ប្រធាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរ ប្រាប់ VOA ថា ការ​ចូល​ក្នុង​ពន្ធនាគារ​ជាមួយ​ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​កាល​ពី​ម្សិល​មិញ ធ្វើ​ឡើង​ដើម្បី​ចង់​ដឹង​ពី​ស្ថានភាព​របស់​អ្នក​កំពុង​ជាប់​ពន្ធនាគារ ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន។ លោក​អះអាង​ថា លោក​បាន​ចូល​ទៅ​ក្នុង​ពន្ធនាគារ​ដោយ​មាន​មន្រ្តី​អនុរក្ស​ពន្ធនាគារ​ជាច្រើន​ស្គាល់​លោក​ថា ​ជា​អ្នក​ធ្វើ​ការ​នៅ​វិទ្យុ​អាស៊ី​សេរី។ លោក​បន្ថែម​ថា លោក​បាន​ធ្វើ​តាម​បញ្ជា​របស់​មន្រ្តី​ពន្ធនាគារ ដោយ​បាន​កត់​ឈ្មោះ ​ភេទ ម៉ោង​ចូល និង​បាន​ចុះ​ហត្ថលេខា តែ​លោក​ថា លោក​មិន​បាន​សរសេរ​តួនាទី​ថា​ជា​ជំនួយការ​នោះ​ទេ។

លោក ជុន ច័ន្ទ​បុត្រ ​បញ្ជាក់​ប្រាប់ VOA ថា៖​

«ព័ត៌មាន​មួយ​ចំនួន​ថា ​ខ្ញុំ​បន្លំ​ខ្លួន ហើយ​ឃើញ​មាន​បន្លំ​រហូត​ដល់​សរសេរ​ថា​ជា​អ្នក​ជំនួយការ​អី​ទៀត​ណោះ។ ការពិត​ខ្ញុំ​មិន​ដែល​សរសេរ​ថា​អ្នក​ជំនួយការ​អី​ទេ។ ពាក្យ​អ្នក​ជំនួយការ​ហ្នឹង​បើ​សិន​ជា​មើល​ទៅ​ មិន​មែន​ជា​ការ​សរសេរ​អក្សរ​ដៃ​របស់​ខ្ញុំ​ទេ។ មិន​ដឹង​អ្នក​ណា​គេ​សរសេរ​ពាក្យ​ ជំនួយ​ការ​ហ្នឹង​ ដូច​ដាក់​២-៣ដង ហើយ​ដូចៗ​គ្នា​ទាំង​អស់ ដូច្នេះ​ប្រហែល​ជា​អ្នក​ណា​ម្នាក់ អ្នក​សរសេរ»។

លោក ជុន ច័ន្ទ​បុត្រ បន្ថែម​ថា ប្រសិន​បើ​មាន​ការ​កោះ​ហៅ​ណា​មួយ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​សួរ​នាំ​ពាក់ព័ន្ធ​នឹង​ការ​ចូល​ក្នុង​ពន្ធនាគារ​ នោះ​លោក​នឹង​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ បើ​ទោះ​បី​ជា​លោក​មាន​ការ​បារម្ភ​ពី​ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ក្តី។

អ្នក​យក​ព័ត៌មានវិទ្យុ​អាស៊ី​សេរី​រូប​នេះ​ថ្លែង​ថា៖ «ខ្ញុំ​នឹង​សហការ​គ្រប់​សព្វ​បែប​យ៉ាង​ទាំង​អស់ គេ​សួរ​អី​យើង​នឹង​ឆ្លើយ​តាម​ការ​ពិត។​ ហើយ​ម្យ៉ាង​ទៀត​បើ​សិន​ជា​មាន​ការ​ប្តឹង​ផ្តល់​អី អាហ្នឹង​ក៏​ទៅ​តាម​ស្ថាប័ន​ដែល​តម្រូវ​ឲ្យ​មាន​មេធាវី តម្រូវ​ឲ្យ​មាន​អី យើង​ក៏​នឹង​គោរព​ទៅ​តាម​ដំបូន្មាន​របស់​ស្ថាប័ន ដំបូន្មាន​របស់​មេធាវី។​ ប៉ុន្តែ​ខ្ញុំ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ឆ្លើយ​បំភ្លឺ​ការពិត​គ្រប់​បែប​យ៉ាង​ទាំង​អស់»។

លោក​ មឿន ​ឈានណារិទ្ធ ​ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន មាន​ប្រ​សាសន៍​ថា ក្រម​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន បាន​ណែនាំ​ឲ្យ​អ្នក​សារព័ត៌មាន​ប្រើប្រាស់​មធ្យោបាយ​ដោយ​ស្មោះត្រង់​ដើម្បី​ទទួល​បាន​ព័ត៌មាន។ ប៉ុន្តែ​លោក​ថា​ ក្នុង​ករណី​ដែល​អ្នកសារព័ត៌មាន​មិន​អាច​ប្រមូល​ព័ត៌មាន​ដោយ​ប្រើប្រាស់​អត្តសញ្ញាណ​ពិត​បាន នោះ​អ្នក​សារ​ព័ត៌មាន​អាច​បន្លំ​ខ្លួន​ចូល​យក​ព័ត៌មាន​បាន​គ្រប់​ទី​កន្លែង​ ប្រសិន​បើ​ការ​បន្លំខ្លួន​នោះ​ធ្វើ​ឡើងក្នុង​គោលបំណង​ផ្សាយ​នូវ​ព័ត៌មាន​ពិត​ដែល​បម្រើ​ផល​ប្រយោជន៍​សង្គម។

លោក​ មឿន ​ឈានណារិទ្ធ បញ្ជាក់​ប្រាប់​ VOA ​ថា៖

«ការ​បន្លំ​ខ្លួន​នោះ​យើង​ត្រូវ​ថ្លឹងថ្លែង ថា​តើ​កំហុស​វិជ្ជាជីវៈ​ហ្នឹង​វា​ធំ​ជាង​ផល​ប្រយោជន៍​សាធារណៈ ឬក៏​ផល​ប្រយោជន៍​សាធារណៈ​ធំ​ជាង? អញ្ចឹងក្នុង​ករណី​នៃ​ការ​យក​ព័ត៌មាន​ក្នុង​មន្ទីរ​ឃុំឃាំង​នេះ​ ខ្ញុំ​គិត​ថា​ ទោះ​ជា​បន្លំ​ខ្លួន​ក្តី គឺ​ថា​ក្រម​សីលធម៌​វិជ្ជាជីវៈ​អាច​អនុគ្រោះ​ដល់​អ្នក​សារ​ព័ត៌មាន​បាន។ ព្រោះអីអ្នកសារព័ត៌មាន​គាត់​យក​ព័ត៌មាន​មក​ផ្សាយ​ជា​សាធារណៈ​នោះ​ គឺ​មាន​តម្លៃ​ធំ​ជាង​កំហុស​វិជ្ជាជីវៈ»។

លោក មឿន ឈានណារិទ្ធ បន្ថែម​ថា ការ​បន្លំ​ខ្លួន​របស់​អ្នក​សារព័ត៌មាន​ដើម្បី​ប្រមូល​ព័ត៌មាន​យក​ទៅ​ផ្សព្វផ្សាយ​ គឺជា​ការ​ផ្តល់​ផលប្រយោជន៍​ដល់​រដ្ឋាភិបាល ដូច្នេះ​លោក​ថា ប្រសិនបើ​រដ្ឋាភិបាលអនុវត្ត​ផ្លូវ​ច្បាប់​លើ​អ្នក​សារព័ត៌មាន​ដែល​បន្លំ​ខ្លួន​ដើម្បី​ប្រមូល​ព័ត៌មាន​ពិត​មក​ផ្សព្វផ្សាយ មាន​ន័យ​ថា រដ្ឋាភិបាល​កំពុង​ដាក់​សម្ពាធ​ដល់​អ្នក​សារព័ត៌មាន និង​អាច​រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន។

ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ចូល​ក្នុង​ពន្ធនាគារ​ជាមួយ​ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ​កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ប្រាប់​ទៅ​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រសួង​មហាផ្ទៃ​នឹង​មិន​អនុញ្ញាត​ឲ្យ​តំណាងរាស្រ្ត​របស់​គណបក្ស​ប្រឆាំង ចូល​សួរ​សុខ​ទុក្ខ​សកម្មជន ឬ​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ជាប់ឃុំ​ទៀត​ទេ ដោយ​លោក​លើក​ឡើង​ថា​ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ ជា​អ្នក​នាំ​លោក ជុន ច័ន្ទបុត្រ ឲ្យ​បន្លំ​ខ្លួន​ចូល​ទៅ​ក្នុង​ពន្ធនាគារ៕

XS
SM
MD
LG