ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ដាក់​ផែនការ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​មូលដ្ឋាន​ភូមិ​ ឃុំ​ សង្កាត់


មន្ត្រី​មួលដ្ឋាន​នៅ​ខេត្ត​ព្រៃវែង​រៀបចំ​ការិយាល័យ​បោះឆ្នោត។
មន្ត្រី​មួលដ្ឋាន​នៅ​ខេត្ត​ព្រៃវែង​រៀបចំ​ការិយាល័យ​បោះឆ្នោត។
កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យន្ត​ការ​ដំឡើងប្រាក់​បៀវត្ស​មួយ​ទ្វេជាពីរ​ដល់​មន្ត្រី​រាជការ​ថ្នាក់​មូលដ្ឋាន។​ យន្ត​ការ​នេះ​នឹង​ចាប់​ផ្តើម​អនុវត្ត​នៅ​ដើម​ឆ្នាំ​២០១៤​ខាង​មុខ។ ​អ្នក​វិភាគ​ឯករាជ្យ​យល់​ថា​ ការ​ដំឡើងប្រាក់​បៀវត្ស​ដោយ​កម្រោល​បែប​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថវិកា​ជាតិ។

វា​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​មន្រ្តី​រដ្ឋបាល​ថ្នាក់​មូលដ្ឋាន​ មាន​ក្រុម​ប្រឹក្សា​និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់ ​និង​ភូមិ។​

រដ្ឋា​ភិបាលបាន​សម្រេច​ដំឡើង​ប្រាក់​ខែ​ដល់​ពួកគេ​ទ្វេ​មួយ​ជា​ពីរ​ចាប់​ពី​ខែ​មករា​ឆ្នាំ​២០១៤​តទៅ​ ក្រោយ​ពី​ពួក​គេ​ទទួល​បាន​ប្រាក់​ខែ​យ៉ាង​ទុរគត​បី​ទសវត្ស​មក​ហើយ។​

យោង​តាម​អនុ​ក្រឹត្យ​កាលថ្ងៃ​ទី​១១ ​ខែ​កក្កដា​ឆ្នាំ​២០១៣ចុះ​ហត្ថ​លេខា​ដោយ​ លោក​នាយក​មន្ត្រី​ហ៊ុន​ សែន​ បាន​ឲ្យ​ដឹង​ថា​ ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ ​ឬ​ហៅ​ថាមេឃុំ​ ចៅ​សង្កាត់​នឹង​ទទួល​បាន​៣០​ម៉ឺន​រៀល​ ឬ​ស្មើ​នឹង​ប្រមាណ​ជា​៧៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ​រីឯ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ជា​ជំទប់​ទី១ ​ជំទប់​ទី២​ ចៅ​សង្កាត់​រង​ទី១​ និង​ចៅ​សង្កាត់​រង​ទី២​នឹង​ទទួល​បាន​២៤​ម៉ឺន​រៀល​ ឬ​ប្រហាក់​ប្រហែល​នឹង​៦០​ដុល្លារ។​ ចំណែក​ឯ​មេ​ភូមិ​ទទួល​បាន​១២​ម៉ឺនរៀល​ ឬ​៣០​ដុល្លារ​ អនុ​ប្រធាន​ភូមិ​បាន​១០​ម៉ឺនរៀល​ ឬ​ប្រមាណ​ជា​២៥​ដុល្លារ​ និង​សមាជិក​ភូមិ​បាន​៨​ម៉ឺន​រៀល​គឺ​២០​ដុល្លារ​អាមេរិក។​

លោកផៃ ស៊ី​ផាន​ អ្នក​នាំ​ពាក្យ​រាជរដ្ឋា​ភិបាល​កម្ពុជា​ គិត​ថា ​ការ​បង្កើនប្រាក់​ប្រចាំ​ខែ​បែប​នេះ​នឹង​ជួយ​លើក​កម្ពស់​ស្មារតីដល់​មន្ត្រី​រាជការមូលដ្ឋាន​ឲ្យ​បំពេញ​ការ​ងារ​ខ្លួន​កាន់​តែល្អ​ជាង​មុន។​

លោក​និយាយ៖ ​«ជា​ការ​ប្រសើរ​ក្នុង​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ឈាន​ទៅ​រក​ប្រសិទ្ធិ​ភាព​ការងារ ​ហើយ​និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បន្ថែម​ទៀត​ ដែល​ស្ថិត​ក្នុង​គម្រោង​របស់​រាជ​រដ្ឋាភិបាល»។​

ក្នុង​ប្រទេស​កម្ពុជាមាន​ឃុំ​ចំនួន​១៦៣៣ ​និង​ភូមិ១៤១៩២។​ ក្នុង​នោះ​ចំនួន​មន្ត្រី​រដ្ឋបាល​មូលដ្ឋាន​ដែលទទួល​បាន​ការ​ដំឡើងនេះ​មាន​ប្រហែល​ជា​ជាង​៥​ម៉ឺន​នាក់។​ មន្ត្រី​ថ្នាក់​មូលដ្ឋាន​ភាគ​ច្រើន​ ដែល​វីអូ​អេ​សំឡេង​សហ​រដ្ឋ​អាមេរិក​បានសម្ភាសន៍យល់​ថា​ ប្រាក់​បៀវត្ស​ថ្មី​នេះ​នៅ​មាន​ចំ​នួន​តិច​តួច​នៅ​ឡើយ ​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ពួក​គេ​បង្ហាញ​ជំហរ​ពេញ​ចិត្ត​នឹង​ការ​ដែល​រដ្ឋា​ភិបាលចាប់​ផ្តើម​គិត​គូរ​ដល់​ពួក​គេ។​

លោកអ៊ូម​ ហ៊ុន ជា​មេភូមិ​នៅ​សង្កាត់​ដង្កោរ​ រាជធានី​ភ្នំពេញ។ ​ លោក​ពុំទាន់​ទទួល​បាន​ដំណឹង​ទាក់​ទង​នឹង​ការ​ដំឡើង​ប្រាក់​បៀរ​វត្ស​នេះ​នៅឡើយ​ទេ។​ យ៉ាង​ណា​មិញ​ លោកបង្ហាញ​ការ​សារទរ​ចំ​ពោះ​យន្តការ​នេះ។​

លោក​និយាយថា៖​ «ចេះ​តែ​ត្រេក​អរ​ហើយ។​ វា​មាន​កំណើន​ហួស​ពី​ធម្មតា​អញ្ចឹង។ ​វា​មិន​អាច​គ្រប់​គ្រាន់​ទេ​ គ្រាន់​តែ​អាច​ជួយបន្ទាប់​បន្សំ»។​

អ្នក​ស្រីឌុច​ ម៉ាលីន​ ជា​មេឃុំ​នៅ​ឃុំ​យាង​ ស្រុក​ពួក​ ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ជា​ប្រភព​ចំណូល​ចម្បងសម្រាប់​មន្ត្រី​នៅតាម​ទី​ជន​បទ​ដូច​ជា​អ្នក​ស្រី។

អ្នកស្រី​និយាយ​ថា៖​ «ធម្មតា​ទេ ​ជា​មេឃុំ​នៅ​តាម​ជន​បទ​អញ្ចឹង យើងវា​អត់​មាន​ចំណូល​អី​ក្រៅ​ពី​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល។​ អញ្ចឹងពេល​គាត់​ដំឡើងលុយ​ យើង​ក៏​សប្បាយ​ចិត្ត​ដែរ​ ទោះ​បី​ជា​វា​មិន​ណាស់​ណា ​ក៏​ប្រសើរ​ជាង​មុន​មួយ​កម្រិត​ដែរ»។​

ជា​ចៅ​សង្កាត់​ទឹក​ល្អក់ទី១ ​ក្រុង​ភ្នំពេញ​ លោកពេជ​ សុខឿន​លើក​ឡើង​ថាចំនួន​តិច​តួច​នេះ​ ក៏​ដោយ​សារ​ថវិការដ្ឋ​មាន​កំណត់។​

លោក​និយាយថា៖​ «ជា​ដំណាក់​កាល​ វា​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​រាជ​រដ្ឋាបាល​អាច​ធ្វើ​បាន។ ​ហើយ​ខ្ញុំ​ក៏​ពេញ​ចិត្ត។ ​វា​នៅ​តិច​តួច ​ខ្ញុំ​ទទួល​ស្គាល់ ​ក៏​ប៉ុន្តែ​យើង​ក៏​ត្រូវ​ផ្អែក​លើ​លទ្ធភាព​រដ្ឋាភិបាល​ដែរ»។​ ​

នេះ​ជា​លើក​ទី​២​ហើយនៅ​ក្នុង​ពេល​កំពុង​ជួប​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​ ​រដ្ឋា​ភិបាល​ចាំ​ផ្ទះ​សម្រេច​ដំឡើង​ប្រាក់​បៀរ​វត្ស​ដល់មន្ត្រី​រាជការបន្ថែម​ពីលើ​គម្រោង​ដែល​ខ្លួន​បាន​សម្រេច​ដំឡើង​ត្រឹម​តែ​២០​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​លើ​ប្រាក់​ខែ​បុគ្គលិក​រដ្ឋ​សព្វ​ថ្ងៃ។​

កាល​ពី​ថ្ងៃ​ទី​៦​ខែ​សីហា​ រដ្ឋា​ភិបាល​បាន​សម្រេច​ចិត្ត​ដំឡើង​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាប​បំផុត​ឲ្យ​បាន​៣២០​០០០​រៀល​ពោល​គឺ​ប្រហាក់​ប្រហែល​នឹង​៨០​ដុល្លារ​អាមេរិក។​

មន្ត្រី​រាជការ​ទាំង​នោះ​រួម​មានមន្ត្រី​ក្រប​ខណ្ឌ​ គ​ និង​ឃ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​មាន​ឋានន្តរ​សក្តិ​ទី​២​ និង​ទី​៣​ និង​ក្រប​ខណ្ឌ​គ។​ ហើយ​ពួក​គេ​នឹង​ទទួល​បាន​ការ​ដំឡើងប្រាក់ខែ​នេះ​ចាប់ពី​ថ្ងៃ​ទី​១​ខែ​កញ្ញា។

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​បាន​ដាក់​ផែនការ​ដូច​នេះ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​ថា ​នឹង​ដំឡើងប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​ឲ្យ​បាន​តិច​បំផុត​មួយ​លាន​រៀល​ ឬ​ស្មើ​នឹង​២៥០​ដុល្លារ​ក្នុង​មួយ​ខែ ​ប្រសិន​បើ​ខ្លួន​ឈ្នះ​ឆ្នោត។​

លោកកៅ​ វឿន ​ជា​ប្រធាន​សមាគម​មន្ត្រី​រាជការ​កម្ពុជា​ដែល​មាន​សមាជិក​ប្រមាណ​ជា​ជាង​១៥០០​នាក់​មក​ពី​បណ្តា​ក្រសួង​ មន្ទីរ​នានា​ក្នុង​ប្រទេស​កម្ពុជា។​ លោក​កៅ វឿន​យល់​ឃើញ​ថា​ ការ​ដំឡើងប្រាក់​បៀវត្ស​គួរ​តែ​ធ្វើ​ឡើង​ព្រម​គ្នា​នឹង​ការ​ពង្រឹង​សមត្ថភាព​ និង​រៀប​ចំ​ឲ្យ​មាន​តួនាទី​ជាក់លាក់​ក្នុង​មុខ​តំណែង។​

លោក​និយាយថា៖​ «ខ្ញុំ​សូម​អប​អរសាទរ​នឹង​ការ​ដំឡើងប្រាក់​ខែ​ហ្នឹង ​ក៏​ប៉ុន្តែ​ទាក់​ទង​នឹង​សមត្ថភាព​នៃ​ការ​ធ្វើ​ការ​របស់​ពួក​គាត់​នឹង គួរ​តែ​ពង្រឹង​ឡើង​វិញ។ ខ្ញុំ​មាន​សំណូម​ពរ​យ៉ាង​ទទូច​ទៅ​ដល់​រដ្ឋាភិបាល​ឲ្យ​គិត​គូរ​ឲ្យ​មែន​ទែន​ទាក់​ទង​នឹង​ការងារ​ក្នុង​ក្រសួង​មន្ទីរ​មួយៗ​ តាម​ឃុំ​ សង្កាត់ ភូមិ​គឺ​ត្រូវ​ឲ្យ​មាន​ភារកិច្ច​ តួនាទី​ច្បាស់​លាស់​ ហើយ​ផ្តល់​ប្រាក់​ខែ​ឲ្យ​ពួក​គាត់​រស់​បាន»។​

លោកកៅ​ វឿន​ទទូច​ឲ្យ​មន្ត្រី​នៅ​តាម​ថ្នាក់​មូលដ្ឋាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​បម្រើ​សេវា​សាធារណៈ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ទៅ​តាម​តួនាទី​របស់​ខ្លួន​ដោយ​កុំ​រើសអើង​និន្នាការ​នយោបាយ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​កែម ឡៃ​ ជា​អ្នក​វិភាគ​សង្គម​ឯករាជ្យ​ បាន​លើក​ឡើង​ថា​ ការ​ដំឡើងប្រាក់ខែ​ដល់​មន្រ្តី​រដ្ឋបាល​ថ្នាក់​ក្រោម​នេះ​ជា​ចំណុច​ប្រសើរ​ ប៉ុន្តែ​វា​គ្មាន​ប្រសិទ្ធិ​ភាព​នោះទេ​ក្នុង​ពេល​នេះ។​

លោក​និយាយថា៖​ «ក៏​ប៉ុន្តែ​ការ​ដំឡើងប្រាក់ខែ​របៀប​នេះ​ មិន​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ទេ​ មិន​មែន​នឹក​ឃើញ​ដំឡើង ហើយ​ចង់​បាន​ប្រជា​ប្រិយភាពដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​បាតុកម្ម​ កូដកម្ម​ ឬ​ក៏​ការ​ប្រឡង​ប្រណាំង​ខាង​ផ្នែក​នយោបាយ​នោះ​ទេ។ ​ការ​ដំឡើងប្រាក់​ខែ​ទៅ​ដល់​មន្ត្រី​រាជការ​សាធារណៈ​ មិន​ផ្អែក​ទៅ​លើ​បរិយាកាស​នយោបាយ​នោះ​ទេ»។​

លោក​កែម ឡៃ​បាន​គូស​បញ្ជាក់​ថា ​ការ​ដំឡើងប្រាក់​ខែ​បៀវត្ស​ទាំង​កម្រោល​បែប​នេះ​ វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ និង​ខ្ជះខ្ជាយដល់​ថវិកាជាតិ៕
XS
SM
MD
LG