ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការិយាល័យព័ត៌មាន​​រដ្ឋាភិបាល​ លែង​​ត្រូវ​ការ​​ទៀត​ហើយ​​នៅ​តៃវ៉ាន់


កាសែត​តៃវ៉ាន់
កាសែត​តៃវ៉ាន់

តៃវ៉ាន់​បាន​ដក​ចេញ​ច្បាប់​អាជ្ញាសឹកកាលពីជាង​២០ឆ្នាំ​មុន​ ​ដើម្បី​បង្កើត​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ។ ប៉ុន្តែ​សញ្ញា​មួយរបស់​អតីតកាលផ្តាច់ការ ទើប​តែសាបរលាប​ទៅក្នុង​ប្រវត្តិសាស្រ្ត​ កាលពីសប្តាហ៍​នេះ​តែ​ប៉ុណ្ណោះ។ ​

ការិយាល័យព័ត៌មានរដ្ឋាភិបាល​ (Government Information Office) ដែល​ត្រូវ​បាន​បង្កើត​ឡើងនៅក្នុង​ប្រទេស​ចិន ​មុនពេល​គណបក្សជាតិនិយម (Nationalist Party) ​បានភៀស​ខ្លួន​ទៅ​តៃវ៉ាន់​ បាន​បំបែក (disbanded) ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២០​ឧសភា ​ខណៈ​ដែលលោកប្រធានាធិបតី ម៉ា យីង​ជឺ (​Ma Ying-jeou) ​ចាប់​ផ្តើម​អណត្តិ​ទី​ពីរ​របស់លោក​។ ក្រុមមន្រ្តី​និយាយ​ថា​ ពួក​គេ​បំបាត់ចោលនាយកដ្ឋាន​នេះ​ ដើម្បី​បង្កើន​ប្រសិទ្ធភាពរដ្ឋាភិបាលនិង​ធ្វើ​តាម​ប្រទេស​ជិត​ខាង​ដែល​ពុំធ្លាប់មាន​ទី​ភ្នាក់ងារ​បែបនោះ។​

ឈរ​នៅ​នឹង​មុខ​រូបថត​មេដឹកនាំ​ស្ថាបនិកនៃ​ប្រជាមានិតចិន លោក​បណ្ឌិត ស៊ុន យ៉ាត់សេន ប្រធានាធិបតី​តៃវ៉ាន់ Ma Ying-jeou ថ្លែង​សន្ទរកថាទៅកាន់​មន្រ្តីរដ្ឋាភិបាលនិង​ភ្ញៀវកិត្តយស​អន្តរជាតិក្នុង​ពិធី​ចូលកាន់​ដំណែងនៅ​ឯអាគារ​ប្រធានាធិបតី​ក្នុង​រដ្ឋធានី​តៃប៉ិ តៃវ៉ាន់ នៅ
ឈរ​នៅ​នឹង​មុខ​រូបថត​មេដឹកនាំ​ស្ថាបនិកនៃ​ប្រជាមានិតចិន លោក​បណ្ឌិត ស៊ុន យ៉ាត់សេន ប្រធានាធិបតី​តៃវ៉ាន់ Ma Ying-jeou ថ្លែង​សន្ទរកថាទៅកាន់​មន្រ្តីរដ្ឋាភិបាលនិង​ភ្ញៀវកិត្តយស​អន្តរជាតិក្នុង​ពិធី​ចូលកាន់​ដំណែងនៅ​ឯអាគារ​ប្រធានាធិបតី​ក្នុង​រដ្ឋធានី​តៃប៉ិ តៃវ៉ាន់ នៅ

ក្រុម​អ្នក​វិភាគ​នយោបាយ​នៅ​តៃវ៉ាន់ថ្លែងថា ​តួនាទីជាគន្លឹះរបស់នាយកដ្ឋាននេះ​កាលពីអតីតកាល​ ​ហួសសម័យជាយូរយាណាស់មក​ហើយ​។ តួនាទីទាំងនោះ ​រាប់​បញ្ចូល​ទាំង​ការ​ត្រួតពិនិត្យព័ត៌មានក្នុង​ស្រុក​ ដោយ​ប្រាប់​ក្រុមអ្នកសារព័ត៌មានអំពីអ្វី​ដែល​ត្រូវសសេរ​ ព្រម​ទាំង​ការជ្រើសរើស​ការផ្សាយ​ភាពយន្ត​គាំទ្រ​សង្គម​តៃវ៉ាន់ សម្រាប់​ទស្សនិកជន​តៃវ៉ាន់។ ទី​ភ្នាក់ងារដូចគ្នានេះ​ដែរ ធ្លាប់​បាន​ធ្វើ​អោយ​រំជើបរជួល​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​ ដោយ​អំពាវ​នាវ​ទៅកាន់​ពិភពលោកឲ្យ​ធ្វើការ​គាំទ្រ​ ដោយ​សារតែ​ការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័សរបស់ប្រទេសចិន​ បាន​ធ្វើ​ឲ្យ​តៃវ៉ាន់​ស្ថិត​ក្នុង​ភាព​ឯកោ​ខាងការទូត​។

លោក​ ដានីញែល​ ហ័ង (Daniel Huang) អតីតអ្នក​តាក់​តែង​ច្បាប់និងធ្លាប់​ជា​មន្រ្តី​មួយ​រូប​នៅ​ក្នុងការិយាល័យ​ព័ត៌មាន​រដ្ឋាភិបាល​ បាន​និយាយ​ថា ​លទ្ធិ​ប្រជាធិបតេយ្យ​បាន​កាត់​បន្ថយ​សារៈសំខាន់​របស់​ទី​ភ្នាក់ងារ​នេះ​។

លោក​ថ្លែង​ទៀតថា ចាប់តាំង​ពី​តៃវ៉ាន់ ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោតតាម​បែ​បលទ្ធិប្រជាធិបតេយ្យ​មក​ ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ស្រុក អាច​ចូលទៅ​ជួប​ប្រធានាធិបតី​ដោយ​ផ្ទាល់​តែម្តង​ ដោយ​មិនចាំ​បាច់​ឆ្លងកាត់ការិយាល័យ​ព័ត៌មាន​រដ្ឋាភិបាល​ ដើម្បី​ស្នើ​សុំរដ្ឋាភិបាល​ឲ្យ​ពន្យល់​អំពី​គោលនយោបាយ​ក្នុងស្រុកឡើយ។ ​លោក​ហ័ង​ បានឲ្យ​ដឹង​ទៀតថា ​ដោយសារ​តែ​ច្បាប់​អាជ្ញាសឹក​ត្រូវ​បាន​ដក​ចេញ​ហើយ​លទ្ធិប្រជាធិបតេយ្យ​បាន​ចាប់​ផ្តើម​អនុវត្ត តួនាទី​របស់​ការិយាល័យព័ត៌មាន​ក្នុង​ស្រុក ​កាន់​តែថមថយបនិ្តច​ម្តងៗ។

គណបក្ស​ជាតិ​និយម​បាន​គ្រប់​គ្រង​តៃវ៉ាន់​ ដោយ​ប្រើ​កណ្តាប់​ដៃ​ផ្តាច់​ការ ចាប់​តាំងពីការបង្កើតរដ្ឋាភិបាលរបស់​ពួកគេ កាល​ពី​ឆ្នាំ​១៩៤៩​មកម្ល៉េះ​ ដោយ​មាន​ចេតនា​ចង់ទាមទារ​ទឹកដី​ចិន​ដី​គោកមកវិញ បន្ទាប់​ពីទឹកដីនេះបាត់​បង់​ទៅ​ក្នុង​ក្រុមកុម្មុយនីស្ត​របស់​លោក ម៉ៅ សេទុង (Mao Zedong)។

​ក្នុងអំឡុងឆ្នាំ​ដំបូង​នៃ​ការគ្រប់គ្រង​របស់​គណបក្សជាតិនិយម​នៅ​តៃវ៉ាន់​ ការិយាល័យ​ព័ត៌មានរដ្ឋាភិបាល​ បាន​ហាមឃាត់​យ៉ាងដាច់​អហំការ ចំពោះសារព័ត៌មាន ឬព្រឹត្តិបត្រ​ទាំង​ឡាយ​ណា​ ដែលចោទសួរ​អំពីការគ្រប់គ្រង​របស់គណបក្សជាតិនិយមនេះ។ កិច្ចប្រឹងប្រែងរបស់ខ្លួន​ គឺជា​ផ្នែក​មួយនៃការ​បង្ក្រាប​យ៉ាងធំធេង ហើយពេល​ខ្លះ​អាច​បណ្តាល​ឲ្យ​ស្លាប់​ ​ដែល​ត្រូវ​បានស្គាល់ថា​ជា «អំពើ​ភេរវកម្មពណ៌​ស» ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា White Terror។ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០ ការិយាល័ដូចគ្នានេះ​ដែរ បាន​បញ្ឈប់​ការ​បោះពុម្ព​ផ្សាយ​ដែល​បង្កើត​ឡើង​ដោយ​ចលនា​មួយ​ដែល​ក្រោយ​មក បានក្លាយ​ទៅ​ជា​គណបក្សប្រឆាំង​ដ៏​ធំ​របស់​កោះ​តៃវ៉ាន់ ​បន្ទាប់​ពី​លទ្ធិប្រជាធិបតេយ្យ​បាន​ចាក់​ឬសនៅលើ​ដែន​កោះ​នេះ។​

នៅក្នុង​ឆ្នាំ​១៩៨៧ បន្ទាប់ពី​កំនើន​សេដ្ឋកិច្ច​យ៉ាងឆាប់​រហ័សអស់​រយៈពេល​ជាង​មួយ​ទសវត្សរ៏រួចមក​ ​នៅ​ទីបំផុត តៃវ៉ាន់ បានដក​ចេញច្បាប់​អាជ្ញាសឹកដើម្បី​បន្ធូរសម្ពាធពីសំណាក់​ប្រជាពលរដ្ឋ​ ក៏ដូច​ជា​សម្ព័ន្ធ​មិត្ត​មិន​ផ្លូវការយ៉ាងរឹងមាំ​របស់ខ្លួន គឺ សហរដ្ឋអាមេរិក។​ កាលពីប៉ុន្មាន​ឆ្នាំ​មុននេះ​ ស្ថាប័នជាច្រើន​ដែល​ធ្លាប់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​អនុវត្ត​ការ​គ្រប់​គ្រង​បែប​ផ្តាច់ការ ​ត្រូវ​បាន​រំលាយ​ចោល​ឬ​រៀប​ចំឡើងវិញដើម្បី​ឲ្យ​សម​ស្រប​ទៅតាម​លទ្ធិប្រជាធិបតេយ្យ។​

លោករដ្ឋមន្រ្តីទទួល​បន្ទុកការិយាល័យ​ព័ត៌មានរដ្ឋាភិបាល​ដែល​ផុត​អណត្តិ លោក​ហ្វីលីព​ យ៉ាង (Philip Yang) ​មាន​ប្រសាសន៍ថា បន្ទាប់មក​ ទីភ្នាក់ងារ​របស់លោកបាន​ផ្លាស់​ប្តូរ​ជា​អ្នក​បម្រើក្នុងវិស័យ​ព័ត៌មាន​សេរី​ និងប្រើប្រាស់​ការ​បោះពុម្ពផ្សាយក្នុង​ស្រុក​ដើម្បី​ផ្សព្វផ្សាយ​ពី​តៃវ៉ាន់​នៅឯ​ក្រៅ​ប្រទេស។

លោក​ប្រធានាធិបតី​ ម៉ា យីង​ជឺ​ បាន​ថ្លែងក្នុងពិធី​លាគ្នា​របស់ការិយាល័យ​ព័ត៌មាន​រដ្ឋាភិបាល​ថា​ ជោគវាសនារបស់​នាយកដ្ឋាន​នេះ​ កំពុង​ចោទជាបញ្ហា​ចាប់​តាំង​ពីថ្ងៃ​ដែល​ច្បាប់​អជ្ញា​រសឹក​ត្រូវបានរំលាយ​ចោល។​

លោក ​ម៉ា ​មាន​ប្រសាសន៍ថា ​ពិភពលោកទាំងមូល​ គិត​ថា​ តៃវ៉ាន់​កំពុង​តែ​ផ្លាស់​ប្តូរ ​ប៉ុន្តែ​នៅ​ពេលច្បាប់​អាជ្ញាសឹក ​ត្រូវបានដក​ចេញ ​មនុស្សជាច្រើនមិន​ដឹងអំ​ពី​ថាតើ​ពួកគេត្រូវ​ដោះស្រាយ​ជាមួយ​នឹងភាពជា​អ្នក​ដឹក​នាំបែប​ថ្មី​យ៉ាងដូចម្តេច​នោះ​ទេ។ ​ហើយ ការិយាល័យព័ត៌មាន​រដ្ឋាភិបាល ​បាន​ប្រឈម​បញ្ហា​ធំៗមួយ​ចំនួន ដើម្បីស្វែង​យល់​តួ​នាទី​របស់ការិយាល័យ​ នាពេលអនាគត។​

កាលពី​ថ្ងៃ​ទី​៥​ខែ​ឧសភា​ បុគ្គលិក​ការិយាល័យ​ព័ត៌មានចំនួនប្រហែល​ ​៧០០​នាក់ ​និង​ការតព្វកិច្ច​របស់ពួកគេ ​ត្រូវ​រួមបញ្ចូលទៅក្នុង​នាយកដ្ឋាន​ដទៃទៀតរបស់​រដ្ឋាភិបាល ពោលគឺ ​ក្រសួង​ការបរទេស​និង​ក្រុមប្រឹក្សា​កិច្ចការ​វប្បធម៌ជាដើម៕

ប្រែសម្រួល​ដោយ គឹង ភិរុណ

XS
SM
MD
LG