ក្រុមអង្គការសង្គមស៊ីវិល ដែលបានតាមដានដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម នៅថ្ងៃសុក្រនេះ បានស្វាគមន៍ចំពោះការបង្ហាញបច្ចុប្បន្នភាពដ៏តិចតួចរបស់រដ្ឋាភិបាលទាក់ទងទៅនឹងដំណើរឆ្ពោះទៅរកការតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិលោក Laurant Kasper-Ansermet។
សេចក្តីថ្លែងស្វាគមន៍ ដែលធ្វើឡើងដំណាលគ្នានឹងប្រភពជាច្រើន បានអះអាងថា ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមបានបើកកិច្ចប្រជុំមួយនៅថ្ងៃល្ងាចថ្ងៃសុក្រទាក់ទងទៅនឹងការតែងតាំងសហចៅក្រមស៊ើបអង្កេតបម្រុងសញ្ជាតិស្វ៊ីសនេះ។ ក៏ប៉ុន្តែពុំមានប្រភពផ្លូវការណាមួយផ្តល់ព័ត៌មានលម្អិតអំពីរឿងនេះឡើយ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជាបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការតែងតាំងលោក Laurant Kasper-Ansermet កំពុងតែឋិតនៅក្នុងសមត្ថកិច្ចនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ហើយឧត្តមក្រុមប្រឹក្សាអង្គចៅក្រមនឹងពិចារណាទៅតាមផ្លូវច្បាប់មុននឹងធ្វើសេចក្តីសម្រេចចិត្តរបស់ខ្លួន។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា អង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការទាក់ទងគ្នាដោយផ្ទាល់មាត់ និងដោយលាយលក្ខណ៍អក្សរអំពីសំណុំរឿងនេះនៅក្នុងចន្លោះខែតុលា និងខែធ្នូ ឆ្នាំ២០១១។
លោកឡុង បញ្ញាវុធ មន្ត្រីគម្រោងនៃអង្គការគម្រោងយុត្តិធម៌សង្គមសេរីនៅកម្ពុជាដែលជាផ្នែកមួយរបស់អង្គការ OSJI របស់សហរដ្ឋអាមេរិក បានថ្លែងអបអរសាទរការបង្ហាញព័ត៌មានបែបនេះ។ ក៏ប៉ុន្តែលោកបានព្រលយទុកជាមុនថា ការទាត់ចោលមិនតែងតាំងសហចៅក្រមរូបនេះនឹងបង្ហាញកាន់តែច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលចំពោះសំណុំរឿង០០៣ និងសំណុំរឿង០០៤។
«អរគុណដែលរដ្ឋាភិបាល ជាពិសេសខាងអង្គភាពប្រតិកម្មរហ័ស បានបង្ហាញនូវភាពទំនាក់ទំនងគ្នា ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នេះមានភាពយឺតយ៉ាវមែនទែនក្នុងការតែងតាំង ហើយការយឺតយ៉ាវនៅក្នុងការតែងតាំង ឬមួយក៏ការជំទាស់ក្នុងការតែងតាំងនេះ កាន់តែបង្ហាញឲ្យឃើញច្បាស់ទៀតអំពីជំហរនៅក្នុងការកិច្ចសហការ»។
លោក Laurant Kasper-Ansermet ត្រូវបញ្ជូនឈ្មោះដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន់ គីមូន (Ban Ki-moon) ដើម្បីជំនួសសហចៅក្រមស៊ើបអង្កេតអន្តរជាតិសញ្ជាតិអាល្លឺម៉ង់លោក ស៊ីកហ្វ្រ៊ីដ ប៊្លុង្គ (Siegfried Blunk) ដែលបានលាឈប់ពីការងារបន្ទាប់ពីមានភាពចម្រូងចម្រាសជាមួយភាគីកម្ពុជានៅក្នុងសំណុំរឿងបន្ថែម០០៣ និង០០៤។ សំណុំរឿងទាំងពីរនេះត្រូវរដ្ឋាភិបាលប្រទេសកម្ពុជាជំទាស់។
នៅក្នុងសប្តាហ៍នេះ អ្នកនាំពាក្យអគ្គលេខាអង្គការសហប្រជាជាតិបានសម្តែងកង្វល់ចំពោះការយឺតយ៉ាវនៅក្នុងការតែងតាំងសហចៅក្រមស៊ើបអង្កេតថ្មី។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ឲ្យមានការតែងតាំងលោក Laurant Kasper-Ansermet ជាបន្ទាន់។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលនេះ បាននិយាយនៅថ្ងៃសុក្រនេះថា ការអូសបន្លាយពេលវេលាណាមួយនៅក្នុងការតែងតាំងអាចជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។
«លោក Blunk គាត់បានលាលែងពីតំណែង ហើយក្នុងការលាលែងហ្នឹងក៏បានចោទប្រកាន់ថា មានការរារាំងមិនឲ្យលោកបំពេញតួនាទីរបស់លោកក្នុងការស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤។ ហើយអញ្ចឹងការបន្តការយឺតយ៉ាវនេះបង្ហាញថា ករណី០០៣ និង០០៤ហ្នឹង ប្រហែលជាយុទ្ធសាស្ត្របញ្ចប់ករណីហ្នឹងតែម្តង»។
ទោះជាយ៉ាងណា ទីស្តីការគណៈរដ្ឋមន្ត្រីនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញ បានទាត់ចោលនូវការវាយតម្លៃស្តីពីចេតនារបស់រដ្ឋាភិបាលនៅក្នុងការអូសបន្លាយការតែងតាំងសហចៅក្រមស៊ើបអង្កេតថ្មីនេះ។
លោកឯក ថា អ្នកនាំពាក្យនៃអង្គភាពប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមពីជំហររបស់រាជដ្ឋាភិបាល។
«រាជរដ្ឋាភិបាលគ្មានបំណងណាមួយក្នុងការរាំងខ្ទប់ ឬពន្យារពេលដំណើរការនេះទេ»។
សំណុំរឿង០០៣ និងសំណុំរឿង០០៤ ដែលឋិតនៅក្នុងស្នូលបញ្ហានៃការលាលែង និងការជំនួសសហចៅក្រមស៊ើបអង្កេតមានជនជាប់សង្ស័យចំនួនប្រាំនាក់៕