កងយោធពលខេមរភូមិន្ទបានផ្តើមធ្វើសមយុទ្ធយោធា ដោយបាញ់គ្រាប់ពិតកាំភ្លើងប្រតិកម្ម BM-21 និងអាវុធធុនធ្ងន់ផ្សេងទៀត រយៈពេល១០ថ្ងៃ នៅឯខេត្តកំពត ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។ លំហាត់យោធានេះ ត្រូវកងយោធពលខេមរភូមិន្ទដាក់ឈ្មោះថា «លំហាត់ហនុមានមាសឆ្នាំ២០១៨»។ នេះបើយោងតាមសេចក្តីប្រកាសរបស់គណៈកម្មការដឹកនាំធ្វើលំហាត់បាញ់គ្រាប់ពិត ហនុមានមាសឆ្នាំ២០១៨ នៃក្រសួងការពារជាតិដែលបានចេញផ្សាយបន្តដោយអង្គភាពព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាល។
លំហាត់គ្រាប់ពិតនេះនឹងបញ្ចប់នៅថ្ងៃទី៣០ ខែឧសភាខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការដឹកនាំធ្វើលំហាត់បាញ់គ្រាប់ពិត ហនុមានមាសឆ្នាំ២០១៨ ក៏បានស្នើដល់ឥស្សរជនជាន់ខ្ពស់នានា និងប្រជាពលរដ្ឋ ក៏ដូចជាក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ កុំឱ្យមានការភ្ញាក់ផ្អើលចំពោះសំឡេងស្នូរផ្ទុះ និងការចល័តយោធទ្ធោបករណ៍យោធា តាមកម្មវិធី និងទីកន្លែងខាងលើ និងហាមឃាត់ប្រជាពលរដ្ឋ ការហោះហើរចូលតំបន់បាញ់គ្រាប់ពិត តាមពេលវេលាខាងលើ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានសរសេរបញ្ជាក់ក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «លំហាត់នេះ គឺបានធ្វើឡើង ជារៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំនេះ គឺក្រុមការងារបានធ្វើធំជាងមុន ដោយមានអាវុធប្រភេទ BM21 ចំនួន២០គ្រឿង និងអាវុធអូស សណ្តោង២២គ្រឿង គឺមានប្រភេទ១៥២មីលីម៉ែត្រ ១២០មីលីម៉ែត្រ និង១២២D30Aជាដើម»៕