ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្នាដៃ​សំរិទ្ធ​ខ្មែរ​បញ្ចប់​ការ​ដាក់តាំង​បង្ហាញ​នៅ​សហរដ្ឋ​អាមេរិក


រូបចម្លាក់​សំរិទ្ធ​ខ្មែរ​​​ពី​សម័យ​អង្គរ​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​​ស្ថាដៃ​រូប​ចម្លាក់​​ខ្មែរ​ដែល​ត្រូវ​បាន​ដាក់​តាំង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​និង​ទី​ក្រុង​ឡូស​អានជឺឡេស​ អស់​រយៈពេល​​ជាង​មួយ​​ឆ្នាំ។
រូបចម្លាក់​សំរិទ្ធ​ខ្មែរ​​​ពី​សម័យ​អង្គរ​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​​ស្ថាដៃ​រូប​ចម្លាក់​​ខ្មែរ​ដែល​ត្រូវ​បាន​ដាក់​តាំង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​និង​ទី​ក្រុង​ឡូស​អានជឺឡេស​ អស់​រយៈពេល​​ជាង​មួយ​​ឆ្នាំ។

ថ្ងៃ​អាទិត្យ​ទី១៤​ខែ​សីហា​កន្លង​មកនេះ​គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការដាក់​តាំងពិព័រណ៌​«អាទិទេពនៃ​ក្រុង​អង្គរ»។ វា​មាន​រយៈកាល​ជាង​មួយ​ឆ្នាំ​ហើយ​ដែល​ពិព័រណ៌​រូប​ចម្លាក់​សំរិទ្ធ​ពី​សម័យ​អង្គរ​នេះ​ត្រូវ​បាន​ដាក់​បង្ហាញ​ជូន​សាធារណ​ជន​ទស្សនា​នៅ​សហរដ្ឋ​អាមេរិក។

ពិព័រណ៌​នេះ​គឺ​ចាប់​ផ្តើម​ដាក់​បង្ហាញ​ជា​លើក​ដំបូង​តាំង​ពី​ថ្ងៃ​ទី​១៥​ខែ​ឩសភា​ឆ្នាំ​២០១០​ដល់​ថ្ងៃ​ទី​២៣​ខែ​មករា​ឆ្នាំ​២០១១​នៅ​វិចិត្រសាល​ Arthur ​M.​ Sackler, ​រដ្ឋធានី Washington ​DC។​បន្ទាប់​មក​ក្រុមអភិរក្ស​បាន​បញ្ជូន​រូប​ចម្លាក់​សំរិទ្ធ​ទាំងអស់​នេះ​ទៅ​ សារមន្ទីរ​ J. Paul ​Getty ​នៅ​ទីក្រុង​Los​ Angeles​ រដ្ឋCaliforniaជូន​ដល់​សាធារណជន​ទស្សនា​ជាពិសេស​ជនជាតិ​ខ្មែរ​អាមេរិកាំង​ដែល​រស់​នៅ​ទីក្រុង​Long ​Beach ​ជិត​ក្រុង​ Los ​Angeles។ ការដាក់​តាំង​ជា​សាធារណៈ​នៅ​សារមន្ទីរ​Getty ​គឺ​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​២២​ខែ​កុម្ភៈ​ដល់​ថ្ងៃ​ទី ១៤​ខែ​សីហានេះ ហើយ​នៅ​ពេល​បញ្ចប់​រូប​ចម្លាក់​សំរិទ្ធ​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​សារមន្ទីរ​ជាតិ​នៅ​ទីក្រុង​ភ្នំពេញ​វិញ។

លោក​ Jeffery ​Weaver, ​ជា​អភិរក្ស​រូប​ចម្លាក់​និង​សិល្បៈ​លម្អ​របស់​សារមន្ទីរ Getty​បាន​ប្រាប់​ឱ្យ​ដឹង​ពី​គម្រោង​ដំបូង​នៃ​ការរៀប​ចំ​ពិព័រណ៌​នេះ​ថា៖

«ពីដំបូង​ខាងវិចិត្រសាល ​Freer​ and​ Sackler​ និង​សារមន្ទីរ​ជាតិ​នៅ​ប្រទេស​កម្ពុជា​បាន​រៀប​ចំ​ជា​គម្រោង​អភិរក្ស​ចម្លាក់​លោហធាតុ​ហើយ​ពួក​គេ​បាន​ស្នើសុំ​ជំនួយ​ជា​ថវិកា​ពី​មូល​និធិ ​Getty ។​ ពួកគេ​ទទួល​បាន​តាម​ការស្នើសុំ។ ​បន្ទាប់​មក​គេ​បាន​ជ្រើស​យកអភិរក្ស​ដើម្បី​ទៅ​បង្រៀន​អភិរក្ស​៥​នាក់​ទៀត​នៅ​ប្រទេស​កម្ពុជា​ពី​របៀប​ថែរក្សា​និង​អភិរក្ស​វត្ថុ​សំរិទ្ធ​ទាំង​អស់​នេះ​ហើយ​គម្រោង​នេះ​មាន​ដំណើរការ​ទៅ​មុខ​ល្អ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។ ​បន្ទាប់​មក​គេ​ក៏​គិត​ថា​រៀបចំ​ជា​ពិព័រណ៌​នេះ​ឡើង​ដើម្បី​បង្ហាញ​នូវ​សមិទ្ធិផល​រូប​ចម្លាក់​សំរិទ្ធ​ទាំងនេះ​ដែល​គេ​បាន​ព្យាយាម​ថែរក្សា»។

រូបចម្លាក់​សំរិទ្ធ​ខ្មែរ​ពី​សម័យ​អង្គរ​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ចំណោមស្ថាដៃ​រូប​ចម្លាក់ខ្មែរ​ដែល​ត្រូវ​បាន​ដាក់​តាំង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​និង​ទី​ក្រុង​ឡូស​អានជឺឡេស​ អស់​រយៈពេលជាង​មួយឆ្នាំ។
រូបចម្លាក់​សំរិទ្ធ​ខ្មែរ​ពី​សម័យ​អង្គរ​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ចំណោមស្ថាដៃ​រូប​ចម្លាក់ខ្មែរ​ដែល​ត្រូវ​បាន​ដាក់​តាំង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​និង​ទី​ក្រុង​ឡូស​អានជឺឡេស​ អស់​រយៈពេលជាង​មួយឆ្នាំ។

នៅ​ឯ​ទី​ក្រុង ​Los​ Angeles​ សារមន្ទីរ​ Getty ​បាន​រៀប​ចំ​កម្មវិធី​ជា​ច្រើន​ទាក់​ទង​នឹង​សិល្បៈ​វប្បធម៌​ខ្មែរ​ដែល​មាន​ដូច​ជា​ការដើរ​ទស្សនា​រូប​ចម្លាក់​សំរិទ្ធ​ជាមួយ​មគ្គុទេសក៏​ ការប្រជុំ​និយាយ​ពី​បៀប​អភិរក្ស​រូប​សំរិទ្ធ​ ថ្នាក់​បង្រៀន​ពី​សិល្បៈ​វប្បធម៌​សាស​នា​ខ្មែរ​ម្ហូប​អារហារ​ខ្មែរ​ និង​កម្មវិធី​«គ្រួសារ»​ដែល​បង្ហាញ​នូវ​ចម្រៀង​សម័យ​ទសវត្សរ៍​១៩៦០ និង​១៩៧០ ​និង​ របាំ​បុរាណ​និង​ប្រពៃណី​ខ្មែរ។

សិក្ខា​សាលា​ចុង​ក្រោយ​បង្អស់​គឺ​មាន​ឈ្មោះ​ថា​«ភាព​រុង​រឿង​នៃ​អង្គរ» ដែល​ជា​ការរៀបចំ​របស់ សារមន្ទីរ Norton​ Simon​ រួម​ជាមួយ ​សារមន្ទីរ ​J.​ Paul Getty។ សិក្ខា​សាលា​នេះ​គឺ​ចែក​ចេញ​ជា​ពីរ​ផ្នែក។ ថ្ងៃ​ទី​មួយ​គឺ​ធ្វើ​ឡើង​នៅ​សារមន្ទីរ​Norton​ Simon​និង​ទី​ពីរ​គឺ​នៅ​សារមន្ទីរ​Getty​ នេះ​ផ្ទាល់។ លោកស្រី​បណ្ឌិត ​Melody ​Rod-ari ​ជា​អភិរក្ស​រង​សិល្បៈ​អាស៊ី​នៃ​សារមន្ទីរ​Norton​ Simon​បាន​ឱ្យ​ដឹង​ពី​ភាពខុសគ្នា​នៃ​ថ្នាក់​បង្រៀន​ទាំង​ពីរ​ថ្ងៃ​នេះ​ថា៖

«កាលពី​នៅ​សារមន្ទីរ​ Norton ​Simon​ ​យើង​ដើរ​កាត់តាម​កន្លែង​តាំងបង្ហាញ​រូប​ហើយ​និយាយ​ពី​ប្រវត្តិ​នៃ​សិល្បៈ​របស់​ព្រហ្មណ្ឌ​សាសនា​និង​ព្រះពុទ្ធ​សាសនា​នៅ​បណ្តា​ប្រទេស​អាស៊ី​ខាងត្បូង​និងអាស៊ី​អាគ្នេយ៍ ប៉ុន្តែ​ថ្ងៃ​នេះ​(នៅ​សារមន្ទីរGetty) យើង​និយាយ​ផ្តោត​តែ​ពី​លក្ខណៈ​សំខាន់ៗ​របស់​ទីកន្លែង​មួយ​ប៉ុណ្ណោះ​គឺ​អង្គរវត្ត»។

លោក​ស្រី​ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​អ្វីដែល​លោក​ស្រី​ចង់​ឱ្យ​អ្នក​ចូលរួម​សិក្ខា​សាលា​យល់​ដឹង​ថា៖

«ខ្ញុំ​ចង់​ឱ្យ​អ្នក​ទាំង​អស់​គ្នា​យល់​ពី​សារៈ​សំខាន់​របស់​ប្រាសាទ​អង្គរវត្ត​ចំពោះ ប្រវត្តិ​សិល្បៈ​និង​វប្បធម៌​ខ្មែរ​ពីព្រោះ​វា​ជា​កន្លែង​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​រហូត​តាំង​ពី​ពេល​ដែល​ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​នៅ​សតវត្សរ៍​ទី​១២​មក​ទល់​ពេល​បច្ចុប្បន្ន»។

សិក្ខាសាលា​ចុង​ក្រោយនេះ មាន​អ្នកចូល​រួម​ប្រហែល​២៥​នាក់។ លោកស្រី​ Patricia ​Good​ ជា​អ្នកចូល​ទស្សនា​មក​ពី​ទី​ក្រុង ​Los​ Angeles​ បាន​ឱ្យ​ដឹង​ពី​ចំណាប់​អារម្មណ៍​របស់​លោក​ស្រី​ថា៖

«ខ្ញុំ​បាន​ទៅចូល​រួមទាំង​ពីរ​ថ្ងៃ​ហើយ​គិត​ថា​ការបង្រៀន​ទាំងពីរ​នេះ​មាន​លក្ខណៈ​ប្លែក​គ្នាហើយ​ផ្តល់​នូវព័ត៌មាន​ដែល​ខ្ញុំ​មិន​ដែល​ដឹង​ពី​មុន​មក។ គ្រួសារ​ខ្ញុំ​និង​ខ្ញុំ​បាន​រៀប​ចំ​គម្រោង​ទៅ​លេង​ប្រាសាទ​អង្គរវត្ត​ដូច្នេះ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ចូល​រៀនថ្នាក់​នេះ»។

អភិរក្ស​រូប​ចម្លាក់​និង​សិល្បៈ​លម្អ​របស់​សារមន្ទីរ​ Getty​ លោក Jeffery Weaver ក៏​សង្ឃឹម​ថា​នឹង​មាន​ការតាំង​ពិព័រណ៌​របៀប​នេះ​ទៀត​នៅ​ថ្ងៃ​អនាគត៕

XS
SM
MD
LG