ក្រុមសកម្មជននៅអូស្រ្តាលីសង្ឃឹមថា ការកាត់ទោសមន្រ្តីប៉ូលិសមួយរូបពីបទមនុស្សឃាត នៅសហរដ្ឋអាមេរិកចំពោះការស្លាប់របស់លោក George Floyd នឹងជំរុញឲ្យមានការចាត់វិធានការជាបន្ទាន់ដើម្បីកាត់បន្ថយចំនួនការស្លាប់របស់ជនជាតិដើម នៅក្រោមការឃុំខ្លួនរបស់ប៉ូលិស។
ជនជាតិដើមអូស្រ្តាលីយ៉ាងហោចណាស់ ៤៥០ នាក់ បានស្លាប់ក្រោមការឃុំខ្លួន ចាប់តាំងពីគណៈកម្មាការរាជការដ៏មានឥទ្ធិពលមួយបានស៊ើបអង្កេតលើបញ្ហានេះ កាលពីឆ្នាំ ១៩៩១។
«យើងមិនអាចដកដង្ហើមបានទេ។ យើងមិនអាចដកដង្ហើមបានទេ។យើងមិនអាចដកដង្ហើមបានទេ»។
ឃាតកម្មមួយនៅសហរដ្ឋអាមេរិកដែលមានចម្ងាយ ១៤.០០០ គីឡូម៉ែត្រពីអូស្ត្រាលី បានបង្កជាបាតុកម្មនានាកាលពីឆ្នាំមុននៅអូស្រ្តាលី។ ការស្លាប់របស់លោក George Flyod បានសង្កត់ធ្ងន់ពីការប្រព្រឹត្តមិនគប្បីនៅក្នុងប្រព័ន្ធយុត្តធម៌លើជនជាតិដើម។
ជនជាតិដើមអូស្រ្តាលីត្រូវបានប្រឈមនឹងអត្រាចាប់ខ្លួនចំនួន ១៣ ដង ខ្ពស់ជាងពលរដ្ឋមិនមែនជាជនជាតិដើម។ អំឡុងពេលស្ថិតក្រោមការឃុំខ្លួន ពួកគេក៏មានការប្រឈមនឹងការស្លាប់ច្រើនជាងអ្នកទោសដទៃទៀតផងដែរ។
អ្នកស្រី Ronnie Gorrie អតីតមន្រ្តីប៉ូលិសមួយរូប មានសុទិដ្ឋិនិយមថា ការផ្លាស់ប្តូរកំពុងតែធ្វើឡើង។
អ្នកស្រី Gorrie បានថ្លែងថា៖ «ការស្លាប់របស់បុរសជនជាតិស្បែកខ្មៅលោក George Floyd គឺជារឿងមួយដែលជំរុញឲ្យអូស្រ្តាលីក្រោកឈរឡើងស្តាប់និងយកចិត្តទុកដាក់។ ហើយអ្វីដែលពួកគេមិនបានដឹងនោះគឺថាការស្លាប់ ដូចនោះបានកើតឡើងនៅក្នុងប្រទេសយើង អស់រយៈពេលរាប់សតវត្សរ៍មកហើយ»។
កាលពីឆ្នាំ ១៩៩១ គណៈកម្មាការរាជការមួយដែលទទួលបន្ទុកផ្នែកស៊ើបអង្កេតលើការស្លាប់របស់ជនជាតិដើម បានចេញអនុសាសន៍ចំនួន ៣០០ ចំណុច លើគោលនយោបាយទូលំទូលាយនានា រួមមានការលើកកម្ពស់ស្ថានភាពប្រាស្រ័យទាក់ទងគ្នារវាងសហគមន៍ជនជាតិដើមជាមួយនឹងប៉ូលិស និងតុលាការ។
ការវាយតម្លៃនៅឆ្នាំ ២០១៨ សម្រាប់ខុទ្ទកាល័យនាយករដ្ឋមន្រ្តីនៅក្រុងកង់បេរ៉ា បានរកឃើញថា ជាង ៩០ ភាគរយនៃអនុសាសន៍របស់គណៈកម្មការខាងលើ ត្រូវបានអនុវត្តពេញលេញ ឬដោយផ្នែក។យ៉ាងណាក្តី ចាប់តាំងពីពេលនោះមក អ្នកទោសជាជនជាតិដើមចំនួន ៤៥០ នាក់ បានស្លាប់ក្រោមការឃុំខ្លួនរបស់ប៉ូលិស។
លោក Tony McAvoy ទីប្រឹក្សាជាន់ខ្ពស់ដំបូងគេទទួលបន្ទុកលើជនជាតិដើមអូស្រ្តាលី និយាយថាសហគមន៍ជនជាតិដើមមិនជឿទុកចិត្តលើប្រព័ន្ធផ្លូវច្បាប់តែម្តង។
លោកបានថ្លែងថា៖ «យើងត្រូវតែចោទសួរថា មានអ្វីកំពុងកើតឡើង ដែលត្រូវបានប៉ូលិសបិទបាំងឬទេ? ពួកគេមិនមានជំនឿថា ប្រព័ន្ធផ្លូវច្បាប់ផ្តល់ជាសុចរិតភាព នៅពេលប្រាស័យទាក់ទងប្រព័ន្ធយុត្តិធម៌ទេជាពិសេសចំពោះការស្លាប់ក្រោមការឃុំខ្លួន»។
នៅឆ្នាំនេះមន្រ្តីប៉ូលិសអូស្រ្តាលីពីរនាក់នឹងត្រូវឡើងសវនាការពីបទឃាតកម្ម ពាក់ព័ន្ធនឹងការស្លាប់របស់អ្នកទោសជាជនជាតិដើម។ ពួកគេទាំងពីរបានបដិសេធបទចោទប្រកាន់នេះ។
ជនជាតិដើមអូស្ត្រាលីស្ថិតនៅក្នុងចំណោមមនុស្សជាប់ពន្ធនាគារច្រើនជាងគេបំផុតនៅលើពិភពលោក។ ពួកគេមានចំនួនប្រមាណ ៣ភាគរយ នៃប្រជាជនសរុប ហើយត្រូវរងគ្រោះពីអត្រាវិសមភាពកម្រិតខ្ពស់នៃភាពក្រីក្រសុខភាពមិនល្អនិងនិកម្មភាព។
រដ្ឋាភិបាលសហព័ន្ធរដ្ឋនិងតំបន់ក្នុងប្រទេសអូស្រ្តាលីបានចូលរួមជាមួយនឹងកម្មវិធីជាតិ «លុបបំបាត់គម្លាត» ដែលមានគោលដៅលើកកម្ពស់ការអប់រំ ការផ្តល់ការងារ និងសុខុមាលភាពរបស់សហគមន៍ជនជាតិដើម។ គោលដៅចម្បងនៃផែនការនេះ គឺកាត់បន្ថយចំនួនកុមារជនជាតិដើម ដែលជាប់ក្រោមការឃុំខ្លួនឲ្យបាន ៣០ ភាគរយនៅឆ្នាំ ២០៣១៕
ប្រែសម្រួលដោយលោកណឹម សុភ័ក្រ្តបញ្ញា