ដោយ MIKE O'SULLIVAN ពី LOS ANGELES ប្រែសម្រួលដោយ លី សុឃាង
លោកចារ៉េដ ដាយម៉ុនដ៍ ដែលជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា កាំភ្លើង មេរោគ និងដែកថែប និងការដួលរលំ បាន ចោទជាសំណួរមួយ ខណៈដែលលោកកំពុងធ្វើការក្នុងនាមជាអ្នកស្រាវជ្រាវវ័យក្មេងម្នាក់នៅប្រទេសញូហ្គីណេ (New Guinea)។ លោកបានសួរថា តើហេតុអ្វីបានជាប្រជាពលរដ្ឋរបស់ប្រទេសនេះ បានប្រើប្រាស់ឧបករណ៍ធ្វើពីថ្ម ខណៈដែលមនុស្សនៅទូទាំងពិភពលោកបានប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបៗ។ លោកមានប្រសាសន៍ថា៖
«អំឡុងពេលធ្វើការជាមួយប្រជាពលរដ្ឋញូហ្គីណេ ខ្ញុំបានរកឃើញភ្លាមៗថា ពួកគេគឺជាមនុស្សដ៏ឆ្លាតវៃ។ ពួកគេចង់ដឹងចង់ឮ ពួកគេសួរ ពួកគេយល់រឿងរ៉ាវផ្សេងៗ ពួកគេយល់ដឹងយ៉ាងឆាប់រហ័ស ។ ការពិតដែលថា ពួកគេបានប្រើប្រាស់ឧបករណ៍ធ្វើពីថ្ម មិនមានអ្វីទាក់ទងទាល់តែសោះជាមួយភាពជាពលរដ្ឋញូហ្គីណេនោះទេ ។ វាពាក់ព័ន្ធជាមួយនឹងបរិស្ថាន ដែលពួកគេកំពុងរស់នៅទៅវិញទេ »។
លោកដាយម៉ុនដ៍ បានប្រើខ្លឹមសារក្នុងសៀវភៅរបស់លោក ដែលឈ្នះរង្វាន់ភូលីតហ្សឺ (Pulitzer) ក្នុងឆ្នាំ១៩៩៧ មានចំណងជើងថា កាំភ្លើង មេរោគ និងដែកថែប ហើយសៀវភៅក្រោយរបស់លោក មានចំណងជើងថា ការដួលរលំ។ លោក មានប្រសាសន៍ថា ការអភិវឌ្ឍរបស់មនុស្ស គឺជារឿងស្មុគ្រស្មាញ ដែលពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរពីការបរបាញ់សត្វនិងការប្រមូលផ្តុំ ទៅជាការរស់ក្នុងលំនៅស្ថាន ដោយធ្វើកសិដ្ឋានជាមួយនឹងការបន្សាំរុក្ខជាតិនិងសត្វពាហនៈ និងការបង្កើតរដ្ឋាភិបាលកណ្តាលជាច្រើន។ ឧទាហរណ៍ ការផ្លាស់ប្តូរ ដែលបានកើតឡើងនៅកន្លែងខ្លះមុនកន្លែងផ្សេងៗទៀត បានផ្តល់លទ្ធភាពដល់ វណ្ណៈសិប្បករជំនាញៗ ធ្វើទំនើបកម្មខាងការអភិវឌ្ឍឧបករណ៍ និងអាវុធផលិតពីលោហធាតុ។
លោកដាយម៉ុនដ៍ បានសហការណ៍ជាមួយ លោកចេមស៍ រ៉ូប៊ីនសុន (James Robinson) សាស្រ្តាចារ្យខាងរដ្ឋាភិបាលនៃសាកលវិទ្យាល័យហាវឺដ (Harvard University) ក្នុងការកែសម្រួលសៀវភៅថ្មីមួយ ដែលបានពង្រីកអំណះអំណាង តាមរយៈការប្រៀបធៀបសង្គមនានា ដើម្បីពិនិត្យមើល ថាតើមានលក្ខខ័ណ្ឌផ្លាស់ប្តូរអ្វីខ្លះនាំទៅរកលទ្ធផលខុសៗគ្នាបែបនេះ។
ជំពូកមួយបានពិនិត្យមើលផលប៉ះពាល់នៃទាសភាពទៅលើទ្វីបអាហ្វ្រិក។ លោកដាយម៉ុនដ៍កត់សម្គាល់ឃើញថា ប្រទេសក្នុងទ្វីបអាហ្វ្រិកមួយចំនួន ដូចជា បេនីន(Benin) ស៊ីណេហ្គាល់ (Senegal) អាយវ្រីខូស (Ivory Coast) និងហ្គាណា ( Ghana) ជាប្រភពនៃទាសករ។ ប្រទេសផ្សេងៗទៀត ដែលរួមមានអាហ្វ្រិកខាងត្បូង (South Africa) ប៊ូតស្វាន់ណា (Botswana) រ៉្វាន់ដា (Rwanda) និងប៊ូរុនឌី (Burundi) មិនមែនជាប្រភពនៃទាសករទេ។ ប្រទេសអាហ្វ្រិកទាំងអស់សុទ្ធតែប្រឈមមុខទៅនឹងបញ្ហានៃការអភិវឌ្ឍ ប៉ុន្តែអត្ថបទនេះបានចោទជាសំណួរថា តើប្រទេសមួយណាដែលអាចទទួលជោគជ័យក្នុងរយៈពេលវែង។ លោកបន្តទៀតថា៖
«វាស្តែងឲ្យឃើញថា ជាទូទៅ ផ្នែកនៃទ្វីបអាហ្វ្រិក ដែលជាមជ្ឈមណ្ឌលនាំទាសករចេញ សព្វថ្ងៃនេះ ក្រីក្រជាងផ្នែកដែលមិនមែនជាមជ្ឈមណ្ឌលនាំទាសករចេញ។ លោកណាថាន់ នុន (Nathan Nunn) អ្នកនិពន្ធនៃជំពូកនោះក្នុងសៀវភៅរបស់យើង បានពិនិត្យមើលការពន្យល់ផ្សេងៗទៀតចំពោះលទ្ធផលនោះ ហើយគាត់មានលទ្ធភាពច្រានចោលការអះអាងទាំងអស់ ហើយទាញការសន្និដ្ឋានថា ទាសករមិនគ្រាន់តែជារឿងអសីលធម៌ និងថោកទាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ធ្វើឲ្យមានភាពក្រីក្រ រហូតដល់សព្វថ្ងៃនេះ ដល់ប្រទេសអាហ្វ្រិកទាំងឡាយ ដែលជាប្រភពនៃទាសករទៀតផង»។
លោកដាយម៉ុនដ៍និយាយថា មនុស្សអាចប្រឈមនឹងការលំបាកៗ ដោយសារតែទីតាំងភូមិសាស្រ្ត។ លោកកត់សម្គាល់ឃើញថា ប្រទេសទាំងឡាយនៅតំបន់ត្រូពិក ដូចជាមានភាពក្រីក្រជាងប្រទេសទាំងឡាយ ដែលស្ថិតនៅក្នុងតំបន់មានសីតុណ្ហភាពល្អ បង្គួរ ដោយសារតែការធ្វើកសិដ្ឋានមានការលំបាកនៅក្នុងតំបន់ត្រូពិក ហើយជម្ងឺផ្សេងៗរីករាលដាលនៅកន្លែងទាំងអស់នោះ។ ប៉ុន្តែ លោកនិយាយថា ប្រទេសត្រូពិកមួយចំនួន រួមមានប្រទេសម៉ាឡេស៊ី សឹង្ហបូរី និងម៉ូរីទូស (Mauritius) បានវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ ហើយបានសម្របសេដ្ឋកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ ជាមួយពិភពលោកទំនើប។
លោកបានឲ្យដឹងទៀតថា ប្រទេសទាំងឡាយ ដែលសម្បូរដោយទ្រព្យធនតែមួយប្រភេទ ដូចជាប្រេង ខ្លឹមឈើត្រូពិក ឬពេជ្រនោះ មានអតុល្យភាពនៃសេដ្ឋកិច្ច និងងាយរងផលប៉ះពាល់ដោយអំពើពុករលួយ។ ប្រទេសទាំងនោះ ក៏អាចប្រឈមមុខទៅនឹងសម្ពាធពីក្រុមបំបែករដ្ឋ នៅក្នុងផ្នែកណាមួយរបស់ប្រទេស ដែលសម្បូរទៅដោយធនធានដែរ។ ប៉ុន្តែ លោក និយាយថា ប្រទេសខ្លះ ដែលរួមមាន ប្រទេស ប៊ូតស្វាន់ណា កំពុងប្រឈមនឹងបញ្ហានោះ។ លោកបន្តទៀតថា៖
«ប្រទេសប៊ូតស្វាន់ណា ត្រូវបានគ្រប់គ្រងយ៉ាងល្អ។ ប្រទេសនេះមានពេជ្រ ដែលជាបណ្តាសារសម្រាប់ប្រទេសផ្សេងៗទៀត ប៉ុន្តែប្រទេសប៊ូតស្វាន់ណា បានរិះរករបៀបរកលុយពីពេជ្រទាំងនោះ ជាជាងបង្កើតភាពហែកហួរដោយសារសង្រ្គាមស៊ីវិល»។
លោកបានកត់សម្គាល់ថា ប្រទេសប៊ូតស្វាន់ណា បានបង្កើតមូលនិធិទ្រព្យសម្បតិ្តអធិបតេយ្យមួយ ដើម្បីលើកកម្ពស់ការអភិវឌ្ឍ ហើយលោកក៏មានប្រសាសន៍ដែរថា មូលនិធិនេះ បានក្លាយទៅជាគំរូមួយសម្រាប់ប្រទេសអាហ្រ្វិកផ្សេងៗទៀត។
ស្នាដៃរបស់អ្នកនិពន្ធនេះ ត្រូវបានដកស្រង់យ៉ាងច្រើន ប៉ុន្តែ លោកបានទទួលការរិះគន់ផងដែរ។ អ្នកខ្លះនិយាយថា លោកធ្វើសេចក្តីសន្និដ្ឋានទូលំទូលាយពេក ដោយផ្អែកលើភស្តុតាងតាមជម្រើសតែប៉ុណ្ណោះ ហើយធ្វើការផ្តោតការយកចិត្តទុកដាក់ខ្លាំងពេកទៅលើភូមិសាស្រ្តនិងបរិយាកាស ហើយផ្តោតការយកចិត្តទុកដាក់តិចតួចពេកទៅលើឧបទ្ទេហតុប្រវត្តិសាស្រ្ត។
អ្នកស្រាវជ្រាវរូបនេះ បានអញ្ជើញអ្នកផ្សេងៗឲ្យមកពិនិត្យមើលភស្តុតាង ហើយធ្វើការកែតម្រូវនៅត្រង់កន្លែងណាដែលចាំបាច់។ ហើយលោកបានទទួចថា ប្រវត្តិសាស្រ្ត គឺដូចវិទ្យាសាស្រ្តធម្មជាតិ ដែលផ្តល់មេរៀនអំពី ថាតើជម្រើសរបស់យើងនាំទៅរកលទ្ធផលល្អប្រសើរជាងមុន ឬធ្ងន់ធ្ងរជាងមុន៕