លោកRobert Gatesរដ្ឋមន្រ្តីក្រសួងការពារប្រទេស សហរដ្ឋ អាមេរិកមានប្រសាសន៍ថា លោកមានផែនការប្រើប្រាស់ទស្សនៈកិច្ច អន្តរជាតិ ចុងក្រោយបង្អស់របស់លោកនៅពេលដែលលោកនៅកាន់តំណែងដើម្បីធ្វើឲ្យ សម្ព័ន្ធមិត្ត អាមេរិកាំងនៅអាស៊ីដឹងថារដ្ឋាភិបាលក្រុង Washington នៅតែតាំង ចិត្តដល់តំបន់នោះ។ លោក Gates បានថ្លែងទៅកាន់ពួកអ្នកយកព័ត៌មាននៅកោះហាវ៉ៃកាលពីយប់ថ្ងៃអង្គារមួយថ្ងៃមុនពេលដែលលោកចាកចេញទៅកាន់សន្និសិទ សន្តិសុខដ៏សំខាន់មួយជាមួយប្រទេសនានាក្នុងប្រទេសសឹង្ហបូរី។
លោក Gates មានប្រសាសន៍ថាលោកចង់ឲ្យរដ្ឋាភិបាលនានាក្នុងទ្វីបអាស៊ីដឹងថាទោះបីលោកចាកចេញពីតំណែងនៅថ្ងៃទី៣០ ខែមិថុនាហើយយោធាសហរដ្ឋអាមេរិក ត្រូវគេរំពឹងនឹងកាត់បន្ថយថវិការាប់ពាន់លានចេញពីថវិការបស់ខ្លួនក៏ដោយ ការតាំងចិត្តរបស់រដ្ឋាភិបាលទីក្រុង Washingtonដល់តំបន់នោះ នឹងមិនងាករេទេ។
«ទោះបីយើងមើលឃើញការកាត់បន្ថយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ក៏ដោយមិនមានបន្ធូរបន្ថយការតាំងចិត្តរបស់សហរដ្ឋអាមេរិកដល់វត្តមានរបស់យើងក្នុងទ្វីបអាស៊ីទេ។ យើងជាប្រទេសជាតិមួយក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ យើងនៅតែតាំងចិត្តធ្វើការទាក់ទិនដដែល។»
លោក Gates បានធ្វើសេចក្តីអត្ថាធិប្បាយរបស់លោកកាលពីយប់ថ្ងៃអង្គារនៅវិមានរំលឹកវិញ្ញាណខ័ណ្ឌនាវាសង្គ្រាម Missouri នៅកំពង់ផែ Pearl Harbor ។ការឈប់សំចតរយៈពេលខ្លី នៅកោះហាវ៉ៃកើតមានឡើងរយៈពេលមួយថ្ងៃមុនពេលលោករដ្ឋមន្រ្តីធ្វើដំណើរទៅកាន់ប្រទេសសឹង្ហបូរីដើម្បីចូលរួមសន្និសិទសន្តិសុខជាមួយដៃគូនានាក្នុងតំបន់អាស៊ី។
មន្រ្តីក្រសួងការពារប្រទេសជាន់ខ្ពស់ម្នាក់ ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកយកព័ត៌មានថាលោក Gates បានដឹងពីការព្រួយកង្វល់របស់តំបន់នោះអំពីការកាត់បន្ថយការចំណាយនាពេលខាងមុខក្នុងវិស័យយោធារបស់សហរដ្ឋអាមេរិកហើយលោក Gates មានផែនការឆ្លើយតបដល់ ពួកគេនៅឯការសន្ទនាក្នុងប្រទេសសឹង្ហបូរីនៅចុងសប្តាហ៍នេះ។ របៀបវារៈសម្រាប់សន្និសិទក៏ត្រូវគេរំពឹងនឹងរួមបញ្ចូលការពិភាក្សាស្តីពីការបង្កើនខាងវិស័យយោធារបស់ចិនហើយនឹងស្ថានភាពក្នុងប្រទេសអាហ្គានីស្ថាន។
ប្រែសម្រួលដោយជឹង ប៉ូជីន