ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការពារ​ប្រទេស​អាមេរិក​​ចាត់​ថា​​​​កិច្ច​ចរចា​ជា​មួយ​ចិន​បាន​លទ្ធផល​ល្អ


លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក Robert Gates និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ក្នុង​ពេល​ទស្សនា​មហាកំពែង​ចិន​នៅ​ត្រង់តំបន់ Mutianyu កាល​ពី​ថ្ងៃ​ទី​១២​ខែ​មករា​ឆ្នាំ​២០១១។
លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក Robert Gates និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ក្នុង​ពេល​ទស្សនា​មហាកំពែង​ចិន​នៅ​ត្រង់តំបន់ Mutianyu កាល​ពី​ថ្ងៃ​ទី​១២​ខែ​មករា​ឆ្នាំ​២០១១។

លោក​ រ៉បឺត​ ហ្គេតស៍​ (Robert​ Gates)​ រដ្ឋមន្រ្តី​ការពារ​ប្រទេស​សរអា​បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​តូក្យូ​ (Tokyo)​ ហើយ​ នៅ​ក្រោយ​កិច្ច​ប្រជុំ​បី​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន​ ដែល​លោក​មាន​ប្រសាសន៍​ថា បាន​ទទួល​លទ្ធផល​ល្អ។

លោក​រដ្ឋមន្រ្តី​ការពារ​ប្រទេស​សរអា​ បាន​អះអាង​ថា កិច្ច​ចរចា​របស់​លោក​ ដែល​មាន​គោល​ដៅ​ផ្សះ​ផ្សា​ទំនាក់​ទំនង​យោធា​រវាង​សរអា និង​ចិន​បាន​ទទួល​ជោគ​ជ័យ។​ លោក​បន្ត​ថា៖

«ខ្ញុំ​គិត​ថា​ការ​ពិភាក្សា​ទាំង​អស់​បាន​ទទួល​លទ្ធផល​ច្រើន​ និង​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំង​ពីរ​ដំឡើង​ទំនាក់​ទំនង​យោធា​ដល់​កម្រិត​មួយ​ទៀត»។

លោក​ ហ្គេតស៍​ បាន​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​នៅ​មហា​កំផែង​កាល​ពី​ថ្ងៃ​ពុធ​ ជា​កន្លែង​ឈប់​ចុង​ក្រោយ​របស់​លោក​មុន​ចាក​ចេញ​ទៅ​ក្រុង​តូក្យូ។ នៅ​ព្រឹក​ថ្ងៃ​ដដែល​ លោក​ ហ្គេតស៍​ បាន​ធ្វើ​ទស្សនកិច្ច​ ដែល​កម្រ​មាន​មួយ​ទៅ​កាន់​មន្ទីរ​ចាត់​ការ​ចម្បាំង​នុយក្លេអ៊ែរ​របស់​ចិន​ ដែល​រក្សា​ការ​ត្រួត​ត្រា​លើ​កង​កម្លាំង​កាំជ្រួច​ផ្លោង​យុទ្ធសាស្រ្ត​ធម្មតា​ និង​នុយក្លេអ៊ែរ។​ ទាំង​សរអា​ ទាំង​ចិន ​មាន​កាំជ្រួច​ផ្លោង​ដែល​អាច​បាញ់​ដល់​ឆ្នេរ​សមុទ្រ​របស់​ប្រទេស​និមួយៗ​ ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​និយាយ​ថា ខ្លួន​មិន​មាន​គោល​បំណង​ប្រើ​អាវុធ​ទាំង​នោះ​តាម​របៀប​នេះ​ក៏​ដោយ។

លោក​ ហ្គេតស៍​ ថ្លែង​ថា​ កិច្ច​ចរចា​របស់​លោក​ ដែល​ទាក់​ទង​នឹង​យុទ្ធសាស្រ្ត​នុយក្លេអ៊ែរ និង​មធ្យោបាយ​ជា​ទូទៅ​របស់​ចិន​ចំពោះ​ជម្លោះ​ ផ្តោត​លើ​បញ្ហា​ទូលំទូលាយ​និង «បើក​ចំហរ»។​ លោក​បាន​ជួប​ជា​មួយ​មេដឹកនាំ​យោធា​កំពូល​ ព្រម​ទាំង​រដ្ឋមន្រ្តី​ការ​បរទេស​ និង​លោក​ប្រធានាធិបតី​ ហូ​ ជិន​តៅ​ នៃ​ប្រទេស​ចិន​ផង​ដែរ។ លោកថ្លែង​ថា៖

«អ្វី​ដែល​ខ្ញុំ​បាន​សង្កេត​ឃើញ​គឺ​ថា​ ក្រុម​មេ​ដឹក​នាំ​ស៊ីវិល​ចិន​ក៏​ដូច​ជា​មេ​ដឹក​នាំ​យោធា​ ហាក់​ដូច​ជា​ប្តេជ្ញា​ចង់​នាំ​ទំនាក់​ទំនង​នេះ​ឲ្យ​លឿន​ទៅ​មុខ​ទៀត​ ហើយ​ស្ថាប​នា​ពី​ការ​ជឿន​លឿន​នេះ។​ តើ​មាន​អ្នក​ខ្លះ​ដែល​មាន​បញ្ហា​ជា​មួយ​គំនិត​នេះ​ទេ?​ ប្រហែល​មាន។​ ក៏​ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មិន​បាន​ជួប​ មនុស្ស​ទាំង​នេះ​ទេ​ នៅ​ក្នុង​ដំណើរទស្សនកិច្ច​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​មាន​ការ​លើក​ទឹក​ចិត្តចំពោះ​ការ​ឈាន​ជើង​ទៅ​មុខ​ទៀត»។

នៅ​ថ្ងៃ​ពុធ​ ប្រទេស​ចិន​បាន​អះអាង​ជា​ថ្មី​ទៀត​ដល់​សរអា​ថា​ ការ​សាក​ល្បងបើក​បរយន្តហោះ​ប្រយុទ្ធ​ថ្មី​ធុន​ស្ទែលធ៍​ (Stealth) របស់​ខ្លួនជា​លើក​ទី​មួយ​កាល​ពី​មួយ​ថ្ងៃ​មុន​ មិន​គួរ​ចាត់​ទុក​ជា​ការ​គំរាម​មួយ​ទេ។

លោក​ គ្វី​ ទៀន​កៃ​ (Cui​ Tiankai)​ អនុ​រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​ប្រទេស​ដទៃ​ទៀត​ក៏​មិន​គួរ​មាន​ការ​ព្រួយ​បារម្ភ​អំពី​យន្ត​ហោះ​ប្រយុទ្ធ​ទំនើប​នេះ​ដែរ។

លោក​ គ្វី​ ថ្លែង​ថា​ ការ​អភិវឌ្ឍ​យន្ត​ហោះ​នេះ​ មិន​មាន​គោលដៅ​តម្រង់​ទៅ​រក​ប្រទេស​ណា​មួយ​ទេ។​ លោក​បន្ថែម​ថា​ ពេល​វេលា​ធ្វើ​ការ​សាក​ល្បង​ហោះ​ហើរ​កាល​ពី​ថ្ងៃ​អង្គារ​ ក៏​មិន​មាន​ការ​ទាក់​ទង​ជា​មួយ​ទស្សនកិច្ច​របស់​លោក​ ហ្គេតស៍​ ដែរ។

លោក​ ហ្គេតស៍​ ជា​រដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស​សរអា​ទី​មួយដែល​បាន​អញ្ជើញ​ទៅ​ទស្សនា​ប្រទេស​ចិន ​ក្នុង​ពេល​ប្រាំ​ឆ្នាំ​កន្លង​ទៅ​នេះ។​ កាល​ពី​ឆ្នាំ​មុន​ ប្រទេស​ចិន​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ចរចា​យោធា​ ហើយ​បាន​ដក​សេចក្តី​អញ្ជើញ​កាល​ពី​ពេល​មុន​ចំពោះ​លោក​ ហ្គេស៍​ ឲ្យ​ទៅ​ទស្សនា​ប្រទេស​ចិន​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​លក់​អាវុធ​របស់​សរអា​ទៅ​ឲ្យ​កោះ​តែវ៉ាន់​ គឺ​ជា​កោះ​ដែល​គ្រប់​គ្រង​ដាច់​ដោយ​ឡែក​មួយ​ តែ​ក្រុង​ប៉េកាំង​ចាត់​ទុក​ថា ជា​ផ្នែក​មួយ​នៃ​ដែន​ដី​របស់​ចិន។ ក្រោយ​កិច្ច​ប្រជុំ​នៅ​ក្រុង​តូក្យូ​ លោក​ ហ្គេតស៍​ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​សុក្រ​ មុន​នឹង​អញ្ជើញ​ត្រឡប់​មក​សរអា​វិញ៕

ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន

XS
SM
MD
LG