ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូលនិធិ​លោក​ប៊ិលហ្គេត្ស​ផ្តល់​ហិរញ្ញ​វត្ថុ​ដល់​សា្ថនីយ៍​វិទ្យុ​សហគមន៍​នៅ​អាហ្វ្រិក


រូបថតលោកស្រី​ មេលិនដា​ និង ប៊ិលហ្គេត្ស
រូបថតលោកស្រី​ មេលិនដា​ និង ប៊ិលហ្គេត្ស

មូលនិធិ​ ប៊ិល​ និង​ មេលិនដា​ ហ្គេត្ស​ (Bill​ and​ Melinda​ Gates)​ កំពុង​ផ្តល់​ហិរញ្ញវត្ថុ​ដល់​បណ្តាញ​វិទ្យុ​សហគមន៍​មួយ​នៅ​ទ្វីប​អាហ្វ្រិក​ ដែល​មាន​គោលដៅ​បំបែក​ឧបសគ្គ​ខាង​ភាសា​រវាង​សហគមន៍​ជនបទ​ ខណៈ​ដែល​មូលនិធិ​នេះ​កំពុង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​របស់​ពួក​គេ​ជាមួយ​អ្នក​ធ្វើ​សេចក្តី​សម្រេចចិត្ត។

គម្រោង​នាំ​មុខ​នៃ​កម្មវិធី​វិទ្យុ​ជា​មូលដ្ឋាន​សម្រាប់​អាហ្វ្រិក​ទាំង​មូល​ (Pan​ African​ Radio​ Platform)​ ភ្ជាប់​អ្នក​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​ហ្គាណា​(Ghana)​ សេណេហ្គាល់​(Senegal)​ អ៊ុយហ្គេនដា​(Uganda) និងហ្សាមប្យ៉ា​(Zambia)​ ដើម្បី​ផ្តល់​ឲ្យ​សហគមន៍​មូលដ្ឋាន​មាន​សម្លេង​ខ្លាំង​ក្លា​ជាង​មុន​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស។

មូល​និធិ​លោក​ហ្គេត្ស​ កំពុង​ផ្តល់​ហិរញ្ញវត្ថុ​ដល់​កម្មវិធី​នេះ​តាម​រយៈ​វិទ្យា​ស្ថាន​អាហ្វ្រិក​ខាង​លិច​ឈ្មោះ​ PANOS ។​ នៅ​ពេល​ចាប់​ផ្តើម​ដំណើការ​កាល​ពី​ថ្ងៃ​សុក្រ​ លោកស្រី​ ដាយ៉ាណា​ សេងហ៊​ (Diana​ Senghor)​ អគ្គ​នាយិកា​របស់​វិទ្យាស្ថាន​នេះ​ បាន​ថ្លែង​ថា​ គម្រោង​នេះ​មាន​គោលដៅ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​រវាង​អ្នក​ធ្វើ​សេចក្តី​សម្រេចចិត្ត​និង​អ្នក​បោះ​ឆ្នោត​នៅ​មណ្ឌល​របស់​ពួក​គេ។

«ខ្ញុំ​គិត​ថា​ វិទ្យុ​សហគមន៍​គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ឲ្យ​ពលរដ្ឋ​ធម្មតា​មានសិទ្ធិ​បញ្ចេញ​សម្លេង​ ជា​ពិសេស​នៅ​ក្នុង​រដ្ឋាភិបាល​មូលដ្ឋាន​ ដែល​គ្មាន​ស្ថានីយ៍​វិទ្យុ»។

គម្រោង​នេះ​ភ្ជាប់​វិទ្យុ​សហគមន៍​នៅ​ក្នុង​កម្រិត​មូលដ្ឋាន​និង​ជាតិ​ ដើម្បី​ផលិត​និង​ប្តូរ​កម្ម​វិធី​ស្តី​ពី​បញ្ហា​នៃ​ការ​អភិវឌ្ឍន៍។​ លោកស្រី​សេងហ្គរ​ មាន​ប្រសាសន៍​ថា​ ស្ថានីយ៍​វិទ្យុ​ទាំង​នោះ​មាន​សមត្ថភាព​ពិសេស​ដើម្បី​ផ្តល់​អំណាច​ដល់​សហគមន៍​មូលដ្ឋាន។

«ឧទាហរណ៍​ ស្ថានីយ៍​វិទ្យុ​សហគមន៍​ អាច​បរិហារ​រិះគន់​អំពើ​ពុក​រលួយ។​ ពួក​គេ​អាច​រាប់​បញ្ចូល​នូវ​ក្រុម​មនុស្ស​ដែល​ជា​ទូទៅ​ធ្លាប់​ត្រូវ​បាន​ផាត់​ចេញ​ ឧទាហរណ៍​ មាន​ដូច​ជា​ស្ត្រី​ ឬ​ក្រុម​យុវវ័យ​ដែល​ពួក​គេ​មាន​នៅ​ទី​នេះ។​ ដូច្នេះ​ តួនាទី​របស់​វិទ្យុ​សហគមន៍​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ»។

លោក​ អេប៊្រីម៉ា​ ស៊ីលឡា​ (Ebrima​ Sillah)​ ជា​អ្នក​សម្រប​សម្រួល​កម្មវិធី​វិទ្យុ​ជា​មូលដ្ឋាន​សម្រាប់​អាហ្វ្រិក​ទាំង​មូល។​ លោក​និយាយ​ថា​ ស្ថានីយ៍​វិទ្យុ​នេះ​បាន​ពង្រីក​ផល​ប៉ះ​ពាល់​នៃ​កម្មវិធី​ផ្សាយ​ជា​ភាសា​មូលដ្ឋាន​ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​កម្មវិធី​នោះ​នៅ​តាម​បណ្តា​ស្ថានីយ៍​ធំៗ។

«កម្មវិធី​វិទ្យុ​ទាំង​នេះ​ពិត​ជា​នឹង​ត្រូវ​វិទ្យុ​ដ៏​មាន​ឥទ្ធិពល​ធំៗ​ យក​ទៅ​កែ​សម្រួល​ រួច​បន្ទាប់​មក​ បក​ប្រែ​ពី​ភាសា​តាម​មូលដ្ឋាន​ទៅ​ជាភាសា​ជាតិ។​ នេះ​មានន័យ​ថា​ ឱកាស​ត្រូវ​បាន​ផ្តល់​ជូន​ដល់​អ្នក​ធ្វើសេចក្តី​សម្រេច​ចិត្ត​ ដើម្បី​ដឹង​ឭ​ពី​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន»។

លោក​ ស៊ីលឡា​ និយាយ​ថា​ កម្មវិធី​វិទ្យុ​ក៏​សំដៅ​ទម្លាយ​ភាព​បែក​ខ្ញែក​គ្នា​យ៉ាង​ធំ​ធេង​ខាង​ភាសា​តាម​របៀប​អាណានិគម​នៅ​ទ្វីប​អាហ្វ្រិក​ដែរ។

«ឧទាហរណ៍​ ដូច​ជា​កម្មវិធី​វិទ្យុ​សំខាន់ៗ​ដែល​ត្រូវ​បាន​ផលិត​នៅ​ប្រទេស​សេណេហ្គាល់​ហើយ​ត្រូវ​បាន​បក​ប្រែ​ទៅ​ជា​ភាសា​បារាំង​ អាច​ប្រែ​សម្រួល​និង​ផ្ញើ​អម​ទៅ​ជាមួយ​អត្ថបទ​ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​លើ​គេហ​ទំព័រ​សម្រាប់​ស្ថានីយ៍​វិទ្យុ​ នៅ​អាហ្វ្រិក​ខាង​កើត​និង​ខាង​ត្បូង​ ដើម្បី​ឲ្យ​គេ​ប្រែ​សម្រួល​កម្មវិធី​នោះ​ទៅ​ជា​ភាសា​ជាតិ​របស់​ពួក​គេ​ ឧទាហរណ៍​ដូច​ជា​ភាសា​អង់គេ្លស​ ដើម្បី​ឲ្យ​យើង​អាច​បំបែក​ឧបសគ្គ​ភាសា​បាន​ ដែល​ជា​បញ្ហា​ដ៏​ធំ​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​រវាង​ស្ថានីយ៍​វិទ្យុ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក»។

លោក​ ស៊ីលឡា​ ថ្លែង​ថា​ ស្ថានីយ៍​វិទ្យុ​អាហ្វ្រិក​ដទៃ​ទៀត​ ដែល​មិន​ជាប់​ទាក់ទិន​ផ្ទាល់​នៅ​ក្នុង​គម្រោង​នោះ​ នឹង​អាច​ទទួល​បាន​កម្មវិធី​មួយ​ចំនួន​ ដែល​ត្រូវ​បាន​ផលិត​ និង​ដាក់​បញ្ចូល​ទៅ​លើ​វេទិកា​អ៊ីនធឺណែត​ សម្រាប់​ការ​ទាញ​យក​មក​ប្រើ​ និង​បក​ប្រែ។

ដោយ​មាន​គោល​ដៅ​វែង​ឆ្ងាយ​ក្នុង​ការ​គ្រប​ដណ្តប់​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ទាំង​មូល​ កម្មវិធី​នាំមុខ​រយៈពេល​បី​ឆ្នាំ​ មាន​គោលដៅ​ពង្រីក​ការ​ផលិត​ និង​ការ​ប្តូរ​កម្មវិធី​វិទ្យុ​សម្រាប់​ផល​ប្រយោជន៍​សាធារណៈ​ នៅ​ពេល​ដែល​គម្រោង​នេះ​បង្កើត​មធ្យោបាយ​ផ្សេងៗ​សម្រាប់​ឲ្យ​ស្ថានីយ៍​វិទ្យុ​ធំៗ​អាច​គាំទ្រ​ដល់​កម្មវិធី​តូចៗ​ដោយ​ផ្ទាល់ៗ​បាន៕

ប្រែ​សម្រួល​ដោយ​ លី សុខឃាង

XS
SM
MD
LG