បន្ទាប់ពីការប្រកាសព័ត៌មានដោយក្រសួងសុខាភិបាលអំពីករណីឆ្លងមេរោគកូរ៉ូណា នៅខេត្តព្រះសីហនុ គេឃើញថា ប្រជាពលដ្ឋកម្ពុជាទូទៅបានបង្កើនការប្រុងប្រយ័ត្នការពារខ្លួន ដោយការពាក់ម៉ាស់នៅពេលចេញទៅទីសាធារណៈ។ យោងតាមក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យក្នុងការឆ្លងមេរោគកូរ៉ូណា ប្រជាពលរដ្ឋខ្មែរត្រូវលាងសម្អាតដៃឲ្យបានញឹកញាប់ ខ្ទប់មាត់និងច្រមុះពេលកណ្តាស ឬក្អក ជៀសវាងប៉ះពាល់ជាមួយនឹងអ្នកមានជំងឺគ្រុនក្តៅ និងចម្អិនម្ហូបឲ្យបានឆ្អិនល្អជាដើម។ ជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាវីរុស (coronavirus) ប្រភេទថ្មីដែលផ្ទុះឡើងនៅផ្សារលក់សត្វព្រៃមួយកន្លែងក្នុងទីក្រុងវូហាន ប្រទេសចិន ត្រូវបានរកឃើញលើអ្នកជំងឺម្នាក់ ជាជនជាតិចិន ធ្វើដំណើរដោយត្រង់ពីទីក្រុងវូហាន (Wuhan) នៃប្រទេសចិន មកកម្ពុជាតាមជើងហោះហើរ ពីទីក្រុងវូហាន មកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ មកទល់ពេលនេះ ចំនួនមនុស្សស្លាប់ដោយសារមេរោគកូរ៉ូណានេះបានកើនដល់ ១០៧នាក់ និងមនុស្សយ៉ាងហោចណាស់ ៤.៥០០នាក់ នៅក្នុងប្រទេសចិន និងប្រទេសជាច្រើនផ្សេងទៀត កំពុងឆ្លងមេរោគថ្មីនេះ៕
កម្រងរូបភាព៖ ពលរដ្ឋកម្ពុជាចាប់ផ្តើមបង្ការខ្លួនពីការឆ្លងមេរោគកូរ៉ូណា

១
សិស្សានុសិស្សឈរតម្រង់ជួរលាងសម្អាតដៃ ដើម្បីបង្ការការឆ្លងមេរោគកូរ៉ូណាវីរុស មុនពេលចូលថ្នាក់រៀននៅវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

២
មន្ត្រីកម្ពុជាប្រចាំនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត កំពុងចែកម៉ាសដល់ភ្ញៀវទេសចរ ដែលជាផ្នែកមួយនៃយុទ្ធនាការចែកម៉ាសចំនួន ១លាន ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូរ៉ណាប្រភេទថ្មីនៅប៉ោយប៉ែត កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

៣
ពលរដ្ឋកម្ពុជានៅទីក្រុងភ្នំពេញ កំពុងធ្វើដំណើរតាមដងផ្លូវដោយមានពាក់ម៉ាស់ការពារ ដើម្បីបង្ការការឆ្លងមេរោគកូរ៉ូណាថ្មី ដែលករណីឆ្លងលើកទីមួយបានកើតឡើងនៅខេត្តព្រះសីហនុ លើជនជាតិចិនម្នាក់ ដែលបានធ្វើដំណើរពីទីក្រុងវូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុនៃប្រទេសកម្ពុជា។

៤
មន្ត្រីកម្ពុជាកំពុងចែកម៉ាស់ជូនដល់ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងយុទ្ធនាការចែកម៉ាសចំនួន ១លាន ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

៥
ព្រះសង្ឃនិមន្តដោយមានពាក់ម៉ាស់ការពារការឆ្លងមេរោគកូរ៉ូណាដែលផ្ទុះឡើងនៅទីក្រុងវូហាន ប្រទេសចិន។ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីសុខភិបាលបានប្រកាសថា នៅកម្ពុជាមានករណីឆ្លងមេរោគថ្មីនេះដែលបង្កជាជំងឺរលាកសួត នៅខេត្តព្រះសីហនុ។