ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Ban Ki-moon៖ ​សំណុំ​រឿង​ខ្មែរ​ក្រហម​០០៣​​និង​០០៤​​​ត្រូវ​ការ​មតិ​សហគមន៍​អន្ដរជាតិ


លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Ban Ki-moon អញ្ជើញ​ទស្សនា សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​នៅ​ក្រុង​ភ្នំពេញ។
លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Ban Ki-moon អញ្ជើញ​ទស្សនា សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​នៅ​ក្រុង​ភ្នំពេញ។

លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ ​Ban Ki-moon ​បាន​អះអាង​ថា​ ​អង្គការ​សហ​ប្រជា​ជាតិ​នឹង​ពិភាក្សា​ជាមួយ​សហគមន៍​អន្ដរជាតិ​អំពី​បញ្ហា​សំណុំ​រឿង​ស៊ើបអង្កេត​០០៣​និង​០០៤​ដ៏​ចម្រូង​ចម្រាស។ ​សេចក្ដី​ថ្លែង​ការណ៍​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ព្រមាន​ជាថ្មី​ម្ដង​ទៀត​ពី​រដ្ឋាភិបាល​ខ្មែរ​មិន​ឲ្យ​មាន​ការ​តាម​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ទាំង​ពីរ​នេះ។

លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ Ban Ki-moon​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​សាលាក្ដី​ខ្មែរ​ក្រហម​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​ ​តើ​ត្រូវ​ស៊ើប​អង្កេត​ ​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៣​ និង​សំណុំ​រឿង​០០៤​ ​យក​មក​កាត់ទោស​ ឬ​យ៉ាង​ណា។ ​សេចក្ដី​ថ្លែង​ការណ៍​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​ហ៊ុន សែន​បាន​ព្រមាន​ចំ​មុខ​ ក្នុង​ជំនួប​ជាមួយ​រូបលោក​ ​ដោយ​មិន​ចង់​ឲ្យ​សាលាក្ដី​ខ្មែរក្រហម​បន្ដ​ធ្វើ​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​ទាំង​ពីរ​នេះ​ត​ទៅ​ទៀត។​ លោក​ហ៊ុន​ សែន​ព្រមាន​ថា​ ​ការ​កាត់ទោស​សំណុំ​រឿង​ថ្មី​នេះ​នឹង​នាំ​ឲ្យ​សាលាក្ដី​ខ្មែរក្រហម​ជួប​នូវ​បរាជ័យ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព៌ត៌មាន​រយៈ​ពេល​ខ្លី​ ​បន្ទាប់​ពី​លោក​បាន​ទស្សនា​សារមន្ទីរ​ជាតិ​ទួលស្លែង​ក្នុង​ទីក្រុង​ភ្នំពេញ​ ដែល​នៅ​ទីនោះ​អ្នក​ទោស​យ៉ាង​តិច​ចំនួន​១២៣៨០​នាក់ត្រូវ​បាន​ធ្វើ​ទារុណ​កម្ម​ និង​សម្លាប់​ចោល​នោះ​ ​លោក ​Ban Ki-moon​ មាន​ប្រសាសន៍​ថា​ ​មាន​តែ​តុលាការ​ទេ​ដែល​មាន​សិទ្ធិ​សម្រេច​លើ​សំណុំ​រឿង​០០៣ ​និង​០០៤​នេះ។​ ហើយ​អង្គការ​សហ​ប្រជាជាតិ ​នឹង​ជជែក​ជាមួយ​សហគមន៍ន៍​អន្ដរជាតិ​បន្ដ​ទៀត។

“នេះ​គឺ​ជា​តុលាការ​អន្ដរជាតិ​ ​ដូច្នេះ​ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​តុលាការ។ ​អង្គការ​សហ​ប្រជាជាតិ​នឹង​ពិភាក្សា​ជាមួយ​សមាជិក​សហគមន៍​អន្ដរជាតិ​ពី​បញ្ហា​នេះ​ ​ជាពិសេស​ជជែក​ជាមួយ​ប្រទេស​ផ្ដល់​ជំនួយ"។

លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​បាន​បន្ថែម​ថា​ លោក​បាន​ពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ និង​ជជែក​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ដ្រី​ ​សុខ​ អាន​អំពី​សំណុំ​រឿង​០០៣ ​និងសំណុំ​រឿង​០០៤​នេះ​ដែរ​ ​កាល​ពី​ថ្ងៃ​ពុធ​ ​និង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​ហើយ​លោក​ឃើញ​ថា​រដ្ឋា​ភិបាល​កម្ពុជា​មាន​ការប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឲ្យ​ដំណើរ​ការ​សាលាក្ដី​ខ្មែរក្រហម​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ទី​បញ្ចប់។

ក្រុម​មន្រ្ដី​អង្គការ​សង្គម​ស៊ីវិល​ ​ដែល​ធ្វើ​ការ​ស្និទ្ធ​ជាមួយ​សាលាក្ដី​ខ្មែរក្រហម​ ​ចាត់​ទុក​ថា​សំណុំ​រឿង​០០៣​ និង​សំណុំ​រឿង​០០៤​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​សម្រាប់​ការ​បំពេញ​បន្ថែម​នូវ​ការ​គាស់​រំលើង​អាថ៌​កំបាំង​នៃ​អតីត​កាល​នៃ​អំពើ​ឃោរឃៅ​ក្នុង​សម័យ​ខ្មែរក្រហម។

លោក​ម៉ាកសែល​ ឡឺម៉ុង​ សហ​ចៅក្រម​ស៊ើប​អង្កេត​ ​បាន​ប្រាប់ ​VOA ​សំឡេង​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​កក្កដា​ថា​ ​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​០០៣​ និង​០០៤​នៅ​តែ​បន្ដ។

ទោះ​ជា​យ៉ាងណា​ ​ខាង​ភាគី​កម្ពុជា​នៅ​ក្នុង​សាលាក្ដី​នេះ​មិន​គាំទ្រ​ការ​ស៊ើប​អង្កេត​នេះ​ទេ។

លោក​ Ban Ki-moon​ បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​យប់​ថ្ងៃ​អង្គារ​ដើម្បី​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ។ ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​ចំនួន​បួន​ ​ក្នុង​តំបន់​អាស៊ី​ គឺ​ប្រទេស​ថៃ​ ​ប្រទេស​កម្ពុជា​ ​វៀតណាម ​និង​ជា​ចុងក្រោយ​គឺ​ប្រទេស​ចិន។

នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​លោក​ Ban Ki-moon ​បាន​ចូល​គាល់​ព្រះ​មហាក្សត្រ​ ​ជួប​សន្ទនា​ជាមួយ​លោក​នាយក​រដ្ឋមន្រ្ដី​ហ៊ុន សែន​ ​ទស្សនា​សាលាក្ដី​ខ្មែរក្រហម​ និង​ទស្សនា​សារមន្ទីរ​ជាតិ​ទួលស្លែង​ដែល​ជា​អតីត​គុក​ដ៏​ទារុណកម្ម ​និង​សម្លាប់​រង្គាល​របស់​ពួកខ្មែរ​ក្រហម។

លោក​អគ្គ​លេខាធិការ​បាន​មាន​ប្រសាសន៍​ថា​ ​ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​ស្វែងរក​ ​ហើយ​សមនឹង​ទទួល​បាន​យុត្តិធម៌។​ ​សេចក្ដី​ក្លាហាន​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​គឺ​ជា​សារដ៏ធំ ​និង​មាន​ឥទ្ធិពល​ប្រាប់​ពិភពលោកថា​ ​មិន​អាចមាន​និទណ្ឌភាព​បាន​ទេ​ ​ហើយ​ថា​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​មិន​ត្រូវ​រួច​ពី​ការផ្ដន្ទា​ទោស​ទេ។

របប​កម្ពុជា​ប្រជាធិប​តេយ្យ​បាន​បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ស្លាប់​បាត់បង់​ជីវិត​ជិត​ពីរ​លាន​នាក់​ ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ​ដល់​ឆ្នាំ ​១៩៧៩។ ​រហូត​មក​ទល់​ពេលនេះ​ ​ជន​សង្ស័យ​ចំនួន​ប្រាំ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ​ក្នុង​នោះ​អតីត​មេ​ដឹកនាំ​កំពូលៗ​ខ្មែរ​ក្រហម​ ​មាន​នួន ​ជា ​ ​អៀង​ សារី​ ​ខៀវ ​សំផន​ និង​អៀង ​ធារិទ្ធ​ នឹង​ត្រូវ​កាត់ទោស​នៅ​ឆ្នាំ​២០១១៕

XS
SM
MD
LG