ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការរៃ​អង្គាស​ថវិកាជួយ​លោក​បណ្ឌិត​មាស នី ​ដំណើរការ​យឺតៗ


រូបឯកសារ៖ លោក បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។ (លីម សុធី/VOA)
រូបឯកសារ៖ លោក បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។ (លីម សុធី/VOA)

គិត​ត្រឹម​ថ្ងៃពុធ​ទី​២៦​ខែ​មិថុនា​ ដែល​ជា​ថ្ងៃទី​៥នៃ​យុទ្ធនាការ​​ គេហទំព័រ​នេះ​ប្រមូល​ថវិកា​បាន​​ចំនួន​​១.៦២៧ដុល្លារ​​​ ក្នុង​គោលដៅ​រៃអង្គាស​ថ​វិការ​ចំនួន​៥០០០ដុល្លារ។ ប៉ុន្តែ​ការរៃ​អង្គាស​ក្នុង​ប្រទេស​ដំណើរការ​ទៅ​បាន​ល្អប្រសើរ។

យុទ្ធនាការ​រៃអង្គាស​ថវិកា​ដើម្បី​ជួយ​ដល់​អ្នក​វិភាគ​នយោបាយ​និង​សង្គម​ដ៏ល្បីឈ្មោះ​គឺ​លោក​ មាស នី ដែល​បាន​រងគ្រោះ​ដោយសារ​អគ្គិភ័យ​បាត់បង់​ផ្ទះសម្បែង​បាន​ដំណើរការ​ទៅ​មុខ​យឺតៗក្នុងខណៈ​ពេល​ដែល​កាលបរិច្ឆេទ​ចុងក្រោយ​ឈានជិតមកដល់។

ក្រុមអ្នកជំនាញ​ពីបញ្ហា​សង្គម​នៅ​កម្ពុជា​ដែល​មាន​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​ឯករាជ្យលោក អ៊ូ វីរៈ ប្រធាន​វេទិការ​អនាគត លោក​ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា និង​លោក​ប៉ា ច័ន្ទរឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជាអនុវត្តន៍​និង​សីលធម៌​កម្ពុជា​បាន​រួមគ្នា​ដឹកនាំ​យុទ្ធនាការ​ប្រមូល​ថវិកានេះ​ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​លោក មាស នី ក្រោយ​ពី​ផ្ទះ​របស់​លោកត្រូវ​បាន​ឆេះខ្ទេចអស់​ដោយ​សារ​អគ្គិភ័យ​មួយ​បានកើត​ឡើង​នៅ​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់​ដំបង។

លោក​ប៉ា ច័ន្ទរឿន បាន​បញ្ជាក់​ប្រាប់ VOA ពី​យុទ្ធនាការ​នោះថា៖

«បាទ ជាការពិត​ដោយសារតែ​ពួកយើង​ជា​សហការី​ អ្នកធ្លាប់ស្គាល់​និង​ធ្វើ​ការ​ជាមួយ​នឹង​បណ្ឌិត​មាស នី​កន្លងមក​ហើយ​នៅ​ពេល​ដែល​លោក​និងក្រុម​គ្រួសារ​ជួប​រឿង​អកុសល​ដោយ​ផ្ទះ​ត្រូវ​បានភ្លើងឆេះ​អស់​អីចឹង​មានតែ​ខិតខំ​អំពាវនាវ​រក​វិធី​ឱ្យ​មានការ​បរិច្ចាគ​ក៏​ដូច​ជា​ជួយ​ម្នាក់​បន្តិចៗ​ទៅ​ដើម្បី​ដោះទាល់​នៅពេល​ដែល​ខ្លួនគាត់​និង​គ្រួសារ​របស់​គាត់​ជួប​រឿង​អកុសល​បែបនេះ‍»។​

លោកប៉ា ច័ន្ទរឿន បាន​បញ្ជាក់​ថា​ការធ្វើ​យុទ្ធនាការ​ដើម្បី​ជួយ​ដល់​លោក​មាស នី ធ្វើ​ឡើង​ដោយ​ផ្ទាល់​នៅក្នុង​ប្រទេស​កម្ពុជានិង​ការ​រៃអង្គាស​តាម​អនឡាញ​សម្រាប់​អ្នកនៅ​ក្រៅ​ប្រទេស​តាម​រយៈគេហទំព័រ​រៃ​អង្គាស​ដ៏ធំ​គឺ​GOFUNDME ​ដែល​មាន​ទំព័រ​សម្រាប់​លោក​មាស នី គឺ៖ https://www.gofundme.com/helpmeasnee ។

គិត​ត្រឹម​ថ្ងៃពុធ​ទី​២៦​ខែ​មិថុនា​ ដែល​ជា​ថ្ងៃទី​៥នៃ​យុទ្ធនាការ គេហទំព័រ​នេះ​ប្រមូល​ថវិកា​បានចំនួន១.៦២៧ដុល្លារ​ ក្នុង​គោលដៅ​រៃអង្គាស​ថ​វិការ​ចំនួន​៥០០០ដុល្លារ។ ប៉ុន្តែ​ការរៃ​អង្គាស​ក្នុង​ប្រទេស​ដំណើរការ​ទៅ​បាន​ល្អប្រសើរ។ សរុប​ការរៃអង្គាស​ទាំងក្នុង​ស្រុក​និង​តាមអនឡាញ​គឺ បាន​ជាង​១០.០០០ដុល្លារ ​គិត​ត្រឹម​ថ្ងៃពុធ។ នេះ បើ​តាម​ការបញ្ជាក់​របស់​លោក ប៉ា ច័ន្ទរឿន។

លោក​ប៉ា ច័ន្ទរឿន​បាន​បន្ថែម​ថា៖​

«យើង​មាន​ពេល​វេលា​កំណត់​គឺ យើង​ធ្វើ​ត្រឹមតែថ្ងៃ​១ខែ​កក្កដា​ទេ​គឺ​ដោយសារតែ​ក្រុម​យើង​នេះ​ជា​ក្រុម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ហើយ​យើង​គិត​ថា​យើង​ទុក​រយៈ​ពេល​ជាង​១០ថ្ងៃ​ក្នុងការរៃ​អង្គាស​ថវិកា​ជូនគាត់​ហើយ​បាន​ប៉ុន្មាន​គឺ យក​ប៉ុណ្ណឹង​។ អីចឹង​នៅថ្ងៃទី​១​យើង​នឹង​មាន​រៀបចំ​ពិធី​ប្រគល់ថវិកា​ជូន​ទៅ បណ្ឌិត​មាសនី​ ដែលមាន​របាយការណ៍​ចំណូល ការបរិច្ចាគ​ពីធនាគារ​ក៏​ដូច​ជា​ពី​វេបសាយ​ផងដែរ‍»។​

អាជ្ញាធរ​ប៉ូលិសខេត្ត​បាត់​ដំបង​បាន​បញ្ជាក់​ថា​អគ្គិភ័យ​កាលពី​សប្តាហ៍​មុន​នេះ​បាន​បណ្តាល​ឱ្យ​ខូចខាត​លំនៅដ្ឋាន​និង​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​ចំនួន​៤គ្រួសារ​ ក្នុងនោះ​មាន​លំនៅដ្ឋាន​របស់​លោក​មាស នី អ្នកវិភាគ​នយោបាយ​និង​សង្គម​ផង។

លោក​មាស​ នី​តែងតែផ្តល់​បទសម្ភាស​ដល់​អ្នកសារព័ត៌មាន​ដោយ​មិន​រើស​មុខ​លើ​បញ្ហា​ដ៏​រស៊ើប​មួយ​ចំនួន​ខាងផ្នែក​សង្គម នយោបាយ​ក្នុងប្រទេស​និងក្រៅ​ប្រទេស កិច្ចការ​យោធា ការវិនិយោគ​និង​ជំនួយ​អភិវឌ្ឍន៍​ជាដើម។​

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​សង្ស័យ​ថា​ឧប្បត្តិហេតុ​នេះ អាចជាការលេង​ល្បិច​ណា​មួយ​ដើម្បី​បំបាក់ស្មារតី​លោក​មាស នី ដោយ​សារ​តែបទវិភាគ​របស់​លោក​ដែល​មិន​បាន​ធ្វើ​ឱ្យ​អ្នក​មាន​អំណាច​សប្បាយ​ចិត្ត។ ​

ប៉ុន្តែ​ស្នងការប៉ូលិស​ខេត្ត​បាត់​ដំបង​បាន​អះអាង​ថា​អគ្គិភ័យ​នោះ​កើត​ឡើង​ដោយសារតែ​ឆ្លង​ចរន្ត​អគ្គិសនី ព្រោះ​តែ​ការធ្វេសប្រហែល​របស់​អ្នកជិតខាង​ដែល​មិន​នៅផ្ទះ​ក្នុងពេល​កើត​ហេតុ។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ស្នងការខេត្ត​ចុះ​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន។

សេចក្តីថ្លែងការណ៍​នោះ​បាន​បន្ថែម​ទៀតថា៖

«ស្នងការនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបង​សូមច្រាន​ចោល​នូវ​រាល់ព័ត៌មាន​ទាំងឡាយ​ណា​ដែល​លើក​ឡើង​ផ្ទុយពី​ការពិត​ ជាហេតុ​នាំ​បង្ក​ឱ្យ​មាន​ការភ័ន្ត​ច្រឡំ​ក្នុង​មជ្ឈដ្ឋាន​មហាជន ពិសេស​ក្នុង​មជ្ឈ​ដ្ឋាន​អ្នក​និយម​ប្រើ​ប្រាស់​ព័ត៌មាន​បណ្តាញ​សង្គម‍»។​

លោក​ប៉ា ច័ន្ទរឿន​បាន​បញ្ជាក់​ថា​បើ​ផ្អែក​លើ​ការរកឃើញ​របស់​ប៉ូលិស​ដូចនេះ​គឺ​មិន​មាន​ការសង្ស័យ​អ្វី​ទេ​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ពីការលំបាក​ខ្លះ​សម្រាប់​អ្នក​ដែល​ចូលរួម​វែកញែក​វិភាគ​ពី​សង្គម​កម្ពុជា៖

«ទិដ្ឋភាព​ទូទៅ​នៅក្នុងសង្គម​យើង​សម្រាប់​អ្នកដែល​ធ្វើការងារ​សង្គម​រួមទាំង​ក្រុម​អ្នកវិភាគ​ហ្នឹង​ផង​គឺប្រឈម​មុខ​នឹង​បញ្ហា​មួយ​ចំនួន​ដែរ​បាទ​ដោយសារតែ​ពេល​ដែល​យើង​ផ្តល់​បទសម្ភាស​ យើង​ធ្វើ​ការវិភាគ​ទៅ ចំណុច​ខ្លះ​យើង​លើក​ពី​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន​ហើយ​នៅក្នុង​ករណី​ខ្លះ​ពាក្យ​ពិត​វា​រែងស្លែង ស្តាប់ទៅ​វាមិនសូវពិរោះពិសារ ប៉ុន្តែ​អ្វី​ដែល​យើង​លើក​នឹង​វា​ដើម្បីបង្ហាញ​ពី​ចំណុច​អវិជ្ជមាន​និងផ្តល់ដំណោះស្រាយ​ដើម្បី​ឱ្យ​មានការកែតម្រូវ​ឬ​ក៏​ធ្វើ​ឱ្យ​ស្ថានភាព​សង្គម​វាប្រសើរទៅ​មួយ​កម្រិត​ទៀត‍»។

លោក មាស នី​គឺជា​អតីត​សហការី​និង​មិត្តភក្តិ​ជិតស្និទ្ធ​នឹង​លោក​កែម ឡី អតីត​អ្នកវិភាគ​នយោបាយ​និង​សង្គម​ដ៏ល្បីឈ្មោះ​ដែល​បាន​រិះគន់​មិន​សំចៃ​មាត់​ដល់​ការដឹកនាំ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។ លោក​កែម ឡី​ត្រូវបាន​ឃាតករ​បាញ់សម្លាប់​ទាំងកណ្តាល​ថ្ងៃ​នៅ​រាជធានី ភ្នំពេញ​កាលពី​ថ្ងៃទី​១០​ខែ​កក្កដា​ឆ្នាំ​២០១៦។

រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយពី​អគ្គិភ័យ​កើត​ឡើង​លោក​មាស នី​ បាន​សរសេរ​តាម​បណ្តាញ​សង្គម​ថា​លោក​មានការក្រៀមក្រំ​យ៉ាងខ្លាំង​ដែល​លំនៅដ្ឋាន​ដែល​លោក​បាន​ខិតខំ​សន្សំថវិកា​យ៉ាងយូរ​បាន​ឆេះ​ខ្ទេច៕

XS
SM
MD
LG