ដោយ Marianne Brown
ឧស្សាហកម្មកាកាវរបស់វៀតណាម នៅមានលក្ខណៈថ្មីថ្មោងនៅឡើយ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងនៅក្នុងរយៈពេលមួយសតវត្សចុងក្រោយនេះ ពីសំណាក់មហាអំណាចបរទេសដើម្បីប្រែក្លាយឧស្សាហកម្មគ្រាប់ធុញ្ញជាតិនេះ ដើម្បីរកប្រាក់ចំណូលក៏ដោយ។ ទោះយ៉ាងណានេះក្តី បុរសជនជាតិបារាំងពីរនាក់កំពុងប្រើប្រាស់ប្រវត្តិសាស្ត្រអាណានិគមរបស់ប្រទេសរបស់ពួកគេ ដើម្បីព្យាយាមធ្វើឲ្យស្ករស៊ុកូឡាវៀតណាមក្លាយទៅជាការនិយមចូលចិត្តចុងក្រោយបំផុត។ Marianne Brown រាយការណ៍ពីទីក្រុងហូជីមីញ (Ho Chi Minh)។
ចម្ការកាកាវមិនត្រូវបានអភិវឌ្ឍឲ្យបានត្រឹមត្រូវទេនៅវៀតណាម។ កាលពីឆ្នាំទៅ ប្រទេសនេះផលិតបានប្រហែល៥ពាន់តោន។ នៅប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសផលិតកាកាវធំបំផុតលំដាប់ទីបីរបស់ពិភពលោក តួលេខនោះមានចំនួន៥សែនតោន។
គ្រាប់កាកាវភាគច្រើនបំផុតដែលប្រមូលផលបាននៅវៀតណាម ត្រូវបានបញ្ជូនទៅបរទេស ដើម្បីកែច្នៃទៅជាផ្សៅកាកាវ។ គ្រាប់កាកាវនេះមិនត្រូវបានគេស្គាល់ដោយសារគុណភាពទេ។ តែទោះជាយ៉ាងណា ការងាររបស់បុរសជាតិបារាំងទាំងពីររូបនេះ កំពុងជួយលើកកម្ពស់គុណភាព (ធ្វើឲ្យគុណភាពប្រសើរឡើង)។ លោក វីសិន មូរូ (Vincent Mourou) និងលោក សាមូអែល ម៉ារូតា (Samuel Maruta) គឺជាម្ចាស់ហាង ម៉ារូ (Marou) ដែលជាស្លាកសញ្ញាមួយ ដែលលក់ស្ករស៊ុកូឡាដើមកំណើតតែមួយគត់ដែលធ្វើដោយដៃមកពីវៀតណាម។ នោះជាអ្វីដែលអ្នកទាំងពីរនិយាយថា គឺជាប្រភេទលេខមួយនៅលើពិភពលោក។
ហាង ម៉ារូ បានចាប់ផ្តើមនៅឆ្នាំ២០១១ ហើយកែច្នៃគ្រាប់កាកាវរវាងពី១០ទៅ២០តោន ក្នុងមួយឆ្នាំ។ គ្រាប់កាកាវទាំងនេះត្រូវបានប្រមែប្រមូលមកពីខេត្តជុំវិញ ហើយកែច្នៃនៅក្នុងរោងចក្រស៊ុកូឡាខ្នាតតូច នៅជាយក្រុងហូជីមិញ។
«យើងធ្វើការជាមួយកសិករនៅក្នុងខេត្តចំនួន៥ ហើយយើងត្រូវចុះទៅជួបកសិករម្នាក់ម្តងៗក្នុងមួយឆ្នាំ។ នៅតាមបណ្តាខេត្តខ្លះទៀត យើងធ្វើការជាមួយកសិករជាច្រើន ហើយនៅក្នុងខេត្តខ្លះទៀត យើងធ្វើការតែជាមួយកសិករម្នាក់ ដូច្នេះ វាអាស្រ័យទៅលើរឿងនេះ»។
ស្លាកសញ្ញានោះបានទទួលការចាប់អារម្មណ៍យ៉ាងច្រើននៅក្នុងប្រទេសបារាំង ដែលការចាប់អារម្មណ៍ភាគច្រើនមានទំនាក់ទំនងជាមួយនឹងសម័យអាណានិគម។
បារាំងបានណែនាំដំណាំកាកាវទៅឱ្យវៀតណាម នៅចុងសតវត្សរ៍ទី១៩ ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់អាណានិគម។ ដើមកាកាវត្រូវបានដាំអស់រយៈពេលប្រហែល២០ឆ្នាំ ប៉ុន្តែផែនការប្រមូលផលមិនបានជោគជ័យទេ។ លោក ប៉ារុតា និយាយថា លោកបានរកឃើញភស្តុតាងនេះនៅក្នុងបណ្ណាសារដ្ឋានជាតិនៅប្រទេសបារាំង។
«បណ្ណាសារនេះគឺជាក្រិតច្បាប់មួយពីឆ្នាំ១៩០៧ ដែលនិយាយអំពីការជួយទំនុកបម្រុងកសិករដាំកាកាវ ដោយបញ្ជាក់ថា ដំណាំនេះគ្មានប្រយោជន៍ទាល់តែសោះ សូមបោះបង់ចោលការជួយទំនុកបម្រុងនេះ»។
ការណែនាំឲ្យដាំដំណាំនេះក្រោយមកទៀតបានធ្វើឡើងនៅទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលដែលប្រទេសរុស្ស៊ីបានផ្តល់ជំនួយដល់វៀតណាមដើម្បីដាំដំណាំកាកាវ ហើយលក់គ្រាប់កាកាវទាំងនេះ។ តែទោះជាយ៉ាងណា ការផ្តល់ឱ្យនេះបានបញ្ចប់ដោយសារការដួលរលំរបស់សភាពសូវៀតនៅឆ្នាំ១៩៨៩ ហើយដើមកាកាវស្ទើរតែទាំងអស់ត្រូវបានកាប់ចោល។ ដើមកាកាវភាគច្រើននាពេលបច្ចុប្បន្ននេះត្រូវបានដាំប្រហែលជាមួយទសវត្សរ៍មុន ដែលជាផ្នែកមួយនៃគម្រោងផ្តល់មូលនិធិដោយក្រុមម្ចាស់ជំនួយ ដើម្បីបំពេញបន្ថែមប្រាក់ចំណូលរបស់កសិករ ឬប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ។
លោក ដូ តានហាវ (Do Tan Hoa) អ្នកគ្រប់គ្រងផ្នែកធនធាន របស់ហាងម៉ារូ ថ្លែងថា ក្រុមអ្នកដាំកាកាវជាច្រើនមិនអាចរកប្រាក់ចំណូលបានច្រើនទេ។ លោក មានប្រសាសន៍ថា ដំណាំកាកាវត្រូវបានដាំនៅក្នុងកសិដ្ឋានលាយចម្រុះគ្នា ដើម្បីរកប្រាក់ចំណូលបន្ថែម ប៉ុន្តែការដាំកាហ្វេ អាចរកប្រាក់ចំណូលបានច្រើនជាង។
លោកនិយាយថា ដោយសារលោក ម៉ារុតា និងមូរូ រើសគ្រាប់កាកាវនោះដោយផ្ទាល់ដៃ ពួកគេបង់ប្រាក់ឲ្យកសិករក្នុងតម្លៃខ្ពស់ជាង ដែលជាទូទៅ មានតម្លៃប្រហែល២ដុល្លារកន្លះក្នុងមួយគីឡូក្រាម ចំណែកក្រុមហ៊ុនធំៗវិញ ផ្តល់តម្លៃថោកជាង ចំនួន២០ទៅ៤០ភាគរយ។
តែទោះជាយ៉ាងណា លោកបន្ថែមទៀតថា ម៉ារូ នៅតែជាមុខជំនួញខ្នាតតូច ហើយមិនអាចប្រមូលទិញពីកសិករម្នាក់ៗជាទៀងទាត់បានឡើយ។
ការវេចក្នុងកញ្ចប់ភ្លឺរលោង និងរសជាតិប្លែកនៃដំស៊ុកូឡាកំពុងស្តែងឲ្យឃើញពីការទាក់ទាញយ៉ាងខ្លាំងពីក្រុមអ្នកលក់រាយនៅអឺរ៉ុប សហរដ្ឋអាមេរិក(U.S) អូស្ត្រាលី (Australia) និងសឹង្ហបូរី (Singapore)។
ទោះបីជាទំនាក់ទំនងជាមួយបារាំងមានការចាប់អារម្មណ៍សម្រាប់ប្រជាពលរដ្ឋអឺរ៉ុបក្តី លោក ធីបូល ស៊ូចុន (Thibault Souchon) អ្នកគ្រប់គ្រងខាងម្ហូបអាហារនិងភេសជ្ជៈ នៅសណ្ឋាគារមេត្រូប៉ូល (Metropole) នៅទីក្រុងហាណូយ និយាយថា មិនមែនមនុស្សរាល់គ្នាសុទ្ធតែពេញចិត្តជាមួយនឹងផ្នែកនៃប្រវត្តិសាស្ត្រនេះទេ។
«ផ្អែកតាមទស្សនៈវិស័យទីផ្សារ ប្រហែលជាមានស្ថានីយទូរទស្សន៍បារាំងជាច្រើន។ ខ្ញុំគិតថា វាមានការចាប់អារម្មណ៍សម្រាប់សាធារណៈជន ក្នុងការត្រឡប់ទៅមើលឬសគល់របស់វា។ អ្នកអាចបង្កើតសាច់រឿងយ៉ាងល្អតាមរយៈប្រវត្តិសាស្ត្រនោះ ប៉ុន្តែតាមទស្សនៈរបស់ខ្ញុំវិញ បារាំងគឺជាបារាំង។ វាមិនសំខាន់ទេ»។
លោកនិយាយថា នៅអឺរ៉ុប អតិថិជនជាច្រើនចាត់ទុកផលិតផលអាហារដ៏ប្រណិតមកពីបណ្តាប្រទេស ដូចជាវៀតណាម ថាមានភាពកម្រនិងប្រកបដោយការទាក់ទាញ។ ប៉ុន្តែ នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ ដែលនៅក្បែរនោះវិញ វៀតណាមត្រូវបានចាត់ទុកថាជាប្រភពនៃទំនិញដែលមានតម្លៃថោក និងគុណភាពអន់។
សម្រាប់វៀតណាមវិញ អ្នកគ្រប់គ្រងផ្នែកធនធាន លោក ដូ តានហាវ និយាយថា ប្រជាពលរដ្ឋរបស់លោកមិនសូវចូលចិត្តខ្លាំងទេចំពោះស្ករស៊ុកូឡាពណ៌ខ្មៅនិងល្វីង ដែលហាងម៉ារូបានផលិត។ ពួកគេចូលចិត្តស្ករស៊ុកូឡាទឹកដោះគោ ដែលមានរសជាតិផ្អែមជាង។
លោក ស៊ូចុន និយាយថា ហាងម៉ារូ គឺសម្រាប់តែរស់ជាតិដែលត្រូវបានចម្រាញ់ចេញមកតែប៉ុណ្ណោះ ហើយអ្នកត្រូវការការអប់រំបន្តិច មុននឹងអ្នកអាចស្ងើចសរសើររស់ជាតិនេះបាន។ ទោះជាយ៉ាងនេះក្តី ជាមួយនឹងការលក់ស៊ុកូឡាក្នុងតម្លៃ៥ដុល្លារ មិនមានប្រជាពលរដ្ឋវៀតណាមច្រើនទេ ដែលអាចមានលទ្ធភាពទិញផលិតផលប្រណិតនេះទេ៕
ប្រែសម្រួលដោយ លី សុខឃាង