សម្ពាធអន្តរជាតិមានបន្ថែមលើសាលាក្តីខ្មែរក្រហមដើម្បីជំរុញការកាត់ទោសរបស់តុលាការនេះធ្វើដំណើរទៅមុខឲ្យបានឆាប់រហ័សដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះកម្ពុជា។
នៅថ្ងៃពុធនេះ រដ្ឋាភិបាលបារាំងបានធ្វើសេចក្តីថ្លែងការណ៍មួយទទូចឲ្យសាលាក្តីខ្មែរក្រហម ប្រកាសសាលដីកានៃសំណុំរឿង០០១ដែលជាសំណុំរឿងរបស់ឌុចឲ្យបានឆាប់ព្រមទាំងជំរុញសាលាក្តីខ្មែរក្រហមឲ្យចាប់ផ្តើមកាត់ក្តីជាបន្ទាន់លើសំណុំរឿង០០២។
កាលពីថ្ងៃអង្គារ ម្សិលមិញនេះ អង្គភាពសហមេធាវីនាំមុខ តំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណី ដែលជាផ្នែកមួយរបស់សាលាក្តីខ្មែរក្រហមក៏បានជំរុញឲ្យសាលាក្តីនេះធ្វើការកាត់ទោសសំណុំរឿង០០២ ឲ្យបានឆាប់ផងដែរ បន្ទាប់ពីមរណភាពរបស់លោកវ៉ាន់ ណាត អតីតអ្នកទោសគុកទួលស្លែង និងជាសាក្សីមួយរូបដ៏សំខាន់នៅក្នុងសំណុំរឿងរបស់ឌុច។
លោក វ៉ាន់ ណាត ដែលបានទទួលមរណៈភាពកាលពីថ្ងៃច័ន្ទ ដោយរោគាពាធ។ អ្នកនាំពាក្យក្រសួងការបរទេសបារាំងនៅថ្ងៃនេះ បានធ្វើសេចក្តីថ្លែងការណ៍ ដោយយោងទៅលើមរណៈភាពរបស់លោកវ៉ាន់ ណាត ផងដែរ ហើយបានសង្កត់ធ្ងន់ថា នៅក្នុងបរិបទបែបនេះ វាគឺជាការចាំបាច់ដែលអង្គជំនុំជម្រះវិសមញ្ញនៅក្នុងតុលាការកម្ពុជាត្រូវប្រកាសឲ្យបានឆាប់ចំពោះសាលដីកាឧទ្ធរណ៍នៃសំណុំរឿង០០១ ដែលទាក់ទងទៅនឹងឌុច ព្រមទាំងចាប់ផ្តើមបើកសវនការសំណុំរឿង០០២ដោយកុំបង្អង់ឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសបារាំងដដែលបានទទូចបន្ថែមថា តម្រូវការចាំបាច់គឺត្រូវរកការពិតសម្រាប់ជនរងគ្រោះចុងក្រោយ ដែលតែងកំពុងនៅរស់រានមានជីវិត ហើយ ក៏ដូចសម្រាប់ពលរដ្ឋកម្ពុជាទាំងអស់ផងដែរ។
លោក ឡាស អលស៊ិន (Lars Olsen) មន្ត្រីទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្តីខ្មែរ មានប្រសាសន៍ដោយយោងទៅតាមការប្រកាសរបស់តុលាការកំពូលថា សាលដីកានៃបណ្តឹងឧទ្ធរណ៍ ក្នុងករណីឌុចនឹងត្រូវផ្សព្វផ្សាយនៅក្នុងចុងឆ្នាំនេះ ក៏ប៉ុន្តែនៅមិនទាន់កំណត់ការកាត់ទោសនៅក្នុងសំណុំរឿង០០២នៅឡើយទេ។
«នៅក្នុងសេចក្តីថ្លែងការណ៍កាលពីសប្តាហ៍មុន អង្គជំនុំជម្រះតុលាការកំពូលបាននិយាយថា ខ្លួននឹងប្រកាសសាលក្រមនៅចុងឆ្នាំនេះ។ អង្គជំនុំជម្រះនឹងកំណត់ កាលបរិច្ឆេទនៃសវនាការពេញអង្គសេចក្តី នៅពេលដែលតុលាការធ្វើសេចក្តីសម្រេច លើបញ្ហាសុខភាពជនជាប់ចោទនៅឆ្នាំនេះ ហើយយើងមិនទាន់ដឹងថា កាលបរិច្ឆេទនេះអាចនឹងធ្វើឡើងនៅពេលណានោះទេ»។
ឌុច ឈ្មោះដើមគឺ កាំង ហ្គេកអ៊ាវ ត្រូវចោទប្រកាន់ពីបទប្រព្រឹត្តអំពើឃោរឃៅដែលបានបង្កឲ្យអ្នកជាប់គុកទួលស្លែងយ៉ាងតិច១២.៣៨០នាក់ ស្លាប់យ៉ាងវេទនាបំផុត។
ដោយឡែក ជនជាប់ចោទទាំងបួននាក់ នៅក្នុងសំណុំរឿង០០២ គឺនួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធ មានភាពចាស់ជរាទ្រុឌទ្រោម ហើយសាលាក្តីខ្មែរក្រហមនឹងត្រូវពិនិត្យលទ្ធភាពអំពីការចូលសវនាការរបស់នួន ជា និងអៀង ធីរិទ្ធ នៅពេលខាងមុខនេះ។
លោក ជុំ ម៉ី អតីតអ្នកគុកទួលស្លែង និងជាសាក្សីម្នាក់ទៀត នៅក្នុងសំណុំរឿង០០១ បានសម្តែងការសប្បាយចិត្ត ចំពោះការជំរុញរបស់បារាំង ដោយលោកប្រកាសថា ការប្រកាសសាលដីកាគឺជាយុត្តិធម៌ចុងក្រោយសម្រាប់រូបលោក។
«ធ្វើអញ្ចឹង បើចេញបានឆាប់ វាឆាប់បានយុត្តិធម៌ហើយ បាទ»។
លោក ជុំ ម៉ី ក៏ជាប្រធានសមាគមជនរងគ្រោះដោយរបបប្រជាធិបតេយ្យ ដែលហៅកាត់ថា សមាគមនក្សេមក្សាន ផងដែរ។ កាលពីខែមុន សមាគមរបស់លោកក៏បានជំរុញផងដែរឲ្យសាលាក្តីខ្មែរក្រហមប្រកាសសាលដីកាឌុចឲ្យបានឆាប់បំផុត ហើយអង្គជំនុំជម្រះតុលាការកំពូល បានប្រកាសជាសាធារណៈថា ការប្រកាសសាលដីកាស្តីពីបណ្តឹងឧទ្ធរណ៍នៃសំណុំរឿងឌុច និងធ្វើឡើងនៅក្នុងអំឡុងដំណាច់ឆ្នាំ២០១១នេះ។
ដោយឡែក លោក សុំ វុទ្ធី អតីតអ្នកទោសម្នាក់ទៀតរបស់ពួកខ្មែរក្រហមនៅក្នុងខេត្តសៀមរាប និងជាដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿង០០២ក៏បានអបអរសាទរនេះដែរ។
«ត្រឹមត្រូវណាស់ ជាងសាមសិបឆ្នាំហើយ ការចាំតុលាការ។ ហើយដល់តែមានតុលាការ ស្រាប់តែនៅតែអូសបន្លាយពេល ហើយមេដឹកនាំខ្មែរក្រហមកាន់តែចាស់ហើយ»។
យ៉ាងណាក៏ដោយ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានហៅការជំរុញរបស់បារាំងចំពោះសាលាក្តីខ្មែរក្រហមថាអាចត្រូវបានបកស្រាយថា ជាការជ្រៀតជ្រែកកិច្ចការតុលាការ ហើយលោកគិតថា ការជំរុញឲ្យតុលាការមានឯករាជ្យភាពគ្រប់គ្រាន់នឹងធ្វើឲ្យដំណើរការកាត់ក្តីទៅមុខកាន់តែលឿន៕