ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង​ស្វែងរក​ការគាំទ្រ​សម្រាប់​បេក្ខភាព​ជា​ប្រធាន​ IMF​ នៅ​ក្នុង​ប្រទេស​ប្រេហ្ស៊ីល


រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង​ លោកស្រី​ គ្រីសស្ទីន ឡាហ្កាដ​(Christine​ Lagarde)ថ្លែងទៅកាន់សន្និសីទ​សារព័ត៌មាន​នៅ​​ទី​ក្រុង​​ប៉ារីស​ នៅថ្ងៃ​ទី២៥ ខែឧសភា ឆ្នាំ​២០១១។
រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង​ លោកស្រី​ គ្រីសស្ទីន ឡាហ្កាដ​(Christine​ Lagarde)ថ្លែងទៅកាន់សន្និសីទ​សារព័ត៌មាន​នៅ​​ទី​ក្រុង​​ប៉ារីស​ នៅថ្ងៃ​ទី២៥ ខែឧសភា ឆ្នាំ​២០១១។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង​ លោកស្រី​ គ្រីសស្ទីន ឡាហ្កាដ(Christine​ Lagarde)​ បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ប្រេហ្ស៊ីល​កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​នេះ​ ដើម្បី​ស្នើ​សុំ​ឲ្យមាន​ការគាំទ្រ​ពីបណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​ចាប់ផ្តើម​លូតលាស់​សម្រាប់​ការវាយតម្លៃ​ ដើម្បី​ឲ្យ​លោកស្រី​បាន​ធ្វើជា​អ្នកដឹកនាំ​មូលនិធិ​រូបីយវត្ថុ​អន្តរជាតិ​នៅ​ពេល​ក្រោយ​នេះ។

ជាមួយ​នឹងការ​គាំទ្រ​យ៉ាង​រឹងមាំ​ពីអឺរ៉ុប​ចំពោះ​បេក្ខភាព​ជា​ប្រធាន​មូលនិធិ​រូបីយវត្ថុ​អន្តរជាតិ​ លោកស្រី​ Christine​ Lagarde​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង​ចាប់ផ្តើម​ស្វែងរក​ការគាំទ្រ​ពីសំណាក់​បណ្តា​ប្រទេសដែលមាន​សេដ្ឋកិច្ច​កំពុង​ចាប់ផ្តើម​លូតលាស់​ គឺ​ក្រុមប្រទេស​ដែលត្រូវ​កំពុង​អំពាវនាវ​ឲ្យ​ធ្វើជា​ប្រធាន​ IMF​ លើក​ក្រោយ​ជាអ្នក​មកពី​ប្រទេស​របស់​ពួកគេ។

ប្រទេស​ ប្រេហ្ស៊ីល​ ជាកន្លែង​ចុះចត​ទីមួយ​របស់​លោកស្រី​ Lagarde។​ ប៉ុន្តែ​នៅក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ជាមួយ​វិទ្យុ​Europe 1​ របស់​ប្រទេស​បារាំង​ លោកស្រី​បានគូស​បញ្ជាក់​អំពី​គម្រោងការ​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេសចិន​ ឥណ្ឌា​និងក្នុង​ប្រទេស​មួយចំនួន​នៅក្នុង​ទ្វីប​អាហ្វ្រិក។

លោកស្រី​ Lagarde​បានមាន​ប្រសាសន៍ថា​ លោកស្រី​ធ្វើ​ទស្សនកិច្ច​ប្រទេស​ទាំង​នេះ​ពីព្រោះ​ពួកគេ​បានបង្ហាញ​ពីភាព​អន្ទះសា​ចំពោះ​ការណ៍​ដែល​គេ​មិនបាន​ទទួលស្គាល់​ផល​ប្រយោជន៍​របស់​ខ្លួន​នៅក្នុង​បណ្តា​អង្គការ​ពហុជាតិ​និង​អំពី​កត្តា​ដែល​មុខតំណែង​ប្រធាន​IMF​ ធ្លាប់បាន​ជាប្រពៃណី​ប្រគល់​ទៅ​ឲ្យ​តែ​ជនជាតិ​អឺរ៉ុប។

ប៉ុន្តែ​មកទល់​ពេលនេះ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុង​ចាប់ផ្តើម​លូតលាស់​ដែល​បាន​ប្រកាស​ជា​បេក្ខជន​តែ​មួយគត់​នោះ​ គឺ​ លោក​ អាហ្កោស្ទីន ខាស្ទេន (Agustin​ Carstens)​ ទេសាភិបាល​នៃ​ធនាគារ​កណ្តាល​របស់​ប្រទេស​ម៉ិចស៊ីក​ ដែល​ធ្វើ​ទស្សនកិច្ច​ប្រទេស​ ប្រេហ្ស៊ីល​នៅ​ថ្ងៃ​ពុធ។

ក្រុម​ប្រទេស​អឺរ៉ុប​ឲ្យ​ហេតុផល​ថា​ ប្រធាន​IMF​សញ្ជាតិ​អឺរ៉ុប​មាន​សារៈសំខាន់​ចាំបាច់​ នៅពេលនេះ​ ដោយ​ប្រទេស​១៧​នៅ​តំបន់​អឺរ៉ុប​កំពុង​ពុះពារ​ ដោះស្រាយ​ បញ្ហា​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​ ព័រទុយហ្គាល់ ក្រិក អេស្ប៉ាញ និង​អៀរឡង់។

ប្រសិន​បើ​ត្រូវ​ជ្រើសរើស​ លោកស្រី​ Lagarde​ នឹង​ជំនួស​លោក​ដូមីនិក ស្រ្តូស ខាន់ (Dominique​ Strauss​ Kahn)​ ដែលជា​បុរស​ជាតិបារាំង​ម្នាក់ទៀត​ ដែល​បាន​លាលែង​ពីតំណែង​កាលពី​ដើមខែ​នេះ​ ដោយសារ​ការចោទប្រកាន់​ពីបទ​ចាប់រំលោភ​ផ្លូវភេទ។​ លោកស្រី​ Lagarde​ ប្រឈម​នឹងការ​រិះគន់​ នៅក្នុង​ប្រទេស​បារាំង​ ទៅលើ​ការ​ដោះស្រាយ​រឿង​ក្តីមួយ​កាលពី​ឆ្នាំ​២០០៨​ ដែល​បាន​យោគយល់​ដល់​ពាណិជ្ជករ​បារាំង​ម្នាក់។​ លោកស្រី​និយាយ​ថា​ លោកស្រី​មិនបាន​ធ្វើអ្វី​ខុសទេ។

មូលនិធិ​IMF​ រំពឹងថា​នឹងប្រកាស​អ្នក​ដាក់​ពាក្យ​ជាបេក្ខជន​សម្រាប់​មុខតំណែង​ខ្ពស់​របស់ខ្លួន​នៅថ្ងៃ​ទី១៧​ខែមិថុនា​ ហើយនឹង​ជ្រើសរើស​ប្រធាន​លើកក្រោយ​របស់ខ្លួន​នៅថ្ងៃ​ទី៣០​ខែមិថុនា។

ប្រែសម្រួល​ដោយ​ នុច សារីតា

XS
SM
MD
LG