ការស្លាប់របស់លោក ហ្គៀលឡេស ហ្សាគហ្គឺ (Gilles Jacquier) អ្នករាយការណ៍ព័ត៌មានប៉ុស្តិ៍ទូរទស្សន៍បារាំង នៅប្រទេសស៊ីរី (Syria) បានបង្កើនចំនួនអ្នកកាសែតច្រើនថែមទៀត ដែលត្រូវបានសម្លាប់ ឃុំឃាំងនិងវាយប្រហារ នៅពេលដែល អ្នកទាំងនោះ ព្យាយាមរាយការណ៍ស្តីពីការងើបបះបោរ នៅក្នុងបដិវត្តអារ៉ាប់ (Arab Spring) ដែលមានរយៈពេលមួយឆ្នាំ។
ប្រទេសបារាំង (France) បានទាមទារឲ្យមានការស៊ើបអង្កេតយ៉ាងពេញលេញមួយ ទៅលើការស្លាប់អ្នករាយការណ៍ព័ត៌មានរបស់ទូរទស្សន៍បារាំងប៉ុស្តិ៍លេខ២ គឺលោក ហ្គៀលឡេស ហ្សាគហ្គឺ ដែលបានក្លាយជាអ្នកកាសែតរបស់ប្រទេសលោកខាងលិចដំបូងបំផុត ដែលត្រូវបានសម្លាប់នៅស៊ីរី ចាប់តាំងការងើបបះបោរប្រឆាំងរដ្ឋាភិបាល បានចាប់ផ្តើមកាលពីដប់ខែមុន។ មិនដូចអ្នកកាសែតជាច្រើនទៀតទេ ដែលបានជ្រៀតចូលក្នុងប្រទេសស៊ីរី ដោយគ្មានទិដ្ឋាការ លោក ហ្សាគហ្គឺ វ័យ៤៤ឆ្នាំ បានធ្វើដំណើរទៅទីក្រុងហោមសន៍ (Homs) របស់ស៊ីរី ដោយមានការអនុញ្ញាតពីរដ្ឋាភិបាល។ លោក ត្រូវបានសម្លាប់ ដោយការបាញ់គា្រប់រ៉ុកកែត ខណៈដែល លោក រាយការណ៍អំពីការប្រមូលផ្តុំគ្នាគាំទ្ររដ្ឋាភិបាល។
ភាពស្ងើចសរសើរ ត្រូវបានផ្តល់ជូន លោក ហ្សាគហ្គឺ ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានជើងចាស់ផ្នែកសង្រ្គាម ដែលបានរាយការណ៍អំពីជម្លោះនៅក្នុងប្រទេសអ៊ីរ៉ាក់ (Iraq) អាហ្វហ្គានីស្ថាន (Afghanistan) កុងហ្គោ (Congo) និងតំបន់បាល់កង់ (Balkans) ព្រមទាំងកន្លែងដទៃទៀត។ នៅក្នុងបទសម្ភាសសម្រាប់ផ្សព្វផ្សាយ លោក ធីអ៊ឺរី ធូអ៊ីលយឺ (Thierry Thuillier) នាយកផ្នែកព័ត៌មាននៃទូរទស្សន៍បារាំង បានចាត់ទុក លោក ហ្សាគហ្គឺ ថាជាអ្នករាយការណ៍ព័ត៌មានសង្គ្រាមមានលក្ខណៈអាជីពពិតប្រាកដ ដែលចូលចិត្តរាប់អានមិត្តភក្តិ ក្នុងចំណោមសហការីរបស់លោក។
មរណភាពរបស់ លោក ហ្សាគហ្គឺ បានបង្កើនចំនួនអ្នកកាសែត ដែលត្រូវបានសម្លាប់ វាយប្រហារនិងឃុំឃាំង នៅពេលដែលពួកគេ រាយការណ៍អំពីការងើបបះបោរក្នុងបដិវត្តអារ៉ាប់។ ក្រុមអ្នកឃ្លាំមើលមានមូលដ្ឋាននៅទីក្រុងប៉ារីស អង្គការអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន បានប៉ាន់ស្មានថា នៅក្នុងឆ្នាំ២០១១ អ្នកកាសែតចំនួន២០រូប ត្រូវបានសម្លាប់ ហើយអ្នកកាសែតចំនួន៥៥៣នាក់ ត្រូវបានវាយប្រហារនិងគំរាមកំហែងនៅតំបន់មជ្ឈិមបូព៌ា ដែលជាតួលេខខ្ពស់បំផុត បើប្រៀបធៀបទៅតំបន់ដទៃទៀត។ លោក សោស៊ីក ដូឡេត (SoazigDollet) ទទួលបន្ទុកការិយាល័យប្រចាំនៅតំបន់មជ្ឈិមបូព៌ានិងអាហ្រិ្វកខាងជើងរបស់ អង្គការ អ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន។
«យ៉ាងហោចណាស់ ចាប់តាំងពីឆ្នាំមុនមក អ្វីដែលជាចំណុចរួមក្នុងចំណោមការងើបបះបោរនៃបដិវត្តអារ៉ាប់ គឺថារបបគ្រប់គ្រងទាំងអស់ បានព្យាយាមគ្រប់គ្រងលំហូរនៃពត៌មាន។ របបទាំងនោះ បានព្យាយាមរៀបចំឲ្យមានការហាមប្រាម ទាក់ទងទៅនឹងការធ្វើបាតុកម្ម ការតវ៉ា និងការគាបសង្កត់ទៅលើក្រុមអ្នកតវ៉ា តាមរយៈការវាយប្រហារទៅលើបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុក និងរារាំងក្រុមអ្នកកាសែតបរទេស មិនឲ្យចូលក្នុងប្រទេសជាដើម។»
លោក ដូឡេត មានប្រសាសន៍ថា លោក ហ្សាគហ្គឺ ជាអ្នកកាសែតទីបួន ដែលត្រូវបានសម្លាប់នៅប្រទេសស៊ីរី ចាប់តាំងពីការងើបបះបោរ បានចាប់ផ្តើមនៅទីនោះ។ ដូចទៅនឹងរដ្ឋាភិបាលបារំាងដែរ អង្គការ អ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន កំពុងអំពាវនាវដល់របបស៊ីរី ឲ្យស៊ើបអង្កេតដ៏ពេញលេញមួយស្តីពីថាតើ លោក បានស្លាប់ដោយរបៀបណា។
«យើងមិនបានស្នើអ្នកកាសែតបរទេស មិនឲ្យធ្វើដំណើរទៅកាន់ស៊ីរីនោះទេ។ ពិភពលោក ត្រូវការព័ត៌មានស្តីពីថាតើមានហេតុការណ៍ខ្លះអ្វីកំពុងកើតឡើងនៅស៊ីរី។ ការមិនធ្វើដំណើរទៅស៊ីរី មានន័យថា យើងបានចូលរួមលេងល្បែងរបស់របបនោះទៅវិញទេ។ យើងត្រូវការអ្នកកាសែតបរទេសដែលនៅទីនោះផ្ទាល់។ អ្នកទាំងនោះ ជាប្រភពព័ត៌មានឯករាជ្យតែមួយគត់ ដើម្បីស្វែងយល់ថាតើមានហេតុការណ៍អ្វីខ្លះកំពុងកើតឡើងនៅស៊ីរី។»
អ្នកកាសែតជាច្រើនរូប ក៏ត្រូវបានសម្លាប់ ក្នុងពេលរាយការណ៏ព័ត៌មានអំពីការងើបបះបោរនៅប្រទេសយ៉េមែន (Yemen) លីប៊ី (Libya) អេហ្ស៊ីប (Egypt) និងក្នុងពេលមានបដិវត្តប្រកបដោយសន្តិភាព នៅប្រទេសទុយនេស៊ី(Tunisia) កាលពីមួយឆ្នាំមុន។
ប្រែសម្រួលដោយ សៀក អេង