ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​ពី​ប្រទេស​បារាំង​ជុំវិញ​ការ​ចាប់​ខ្លួន​នាយក​រូបិយវត្ថុ​ពិភពលោក


លោក ​ដូមីនីក​ ស្ដ្រូស​ខាន់​ (Dominique Strauss-Kahn) នាយក​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ (IFM)
លោក ​ដូមីនីក​ ស្ដ្រូស​ខាន់​ (Dominique Strauss-Kahn) នាយក​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ (IFM)

ប្រទេស​បារាំង​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ផ្លូវ​ភេទប្រឆាំង​លោក ​ដូមីនីក​ ស្ដ្រូស​ខាន់​ (Dominique Strauss-Kahn) នាយក​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ។​ លោក​ ស្ដ្រូស​ខាន់​ ដែល​គេ​ចាត់​ទុក​លោក​ថា​ ជា​បេក្ខជន​នាំ​មុខ​គេសម្រាប់​តំណែង​ប្រធានាធិបតី​បារាំង​ ត្រូវ​បាន​នគរបាល​ទី​ក្រុង​ញូវយ៉ក​ចាប់​នៅ​រសៀល​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។

ការ​ចាប់​លោក​ដូមីនីក​ ស្ដ្រូស​ខាន់​ ត្រូវ​បាន​ពិភាក្សា​ក្នុង​កម្មវិធី​សន្ទនា​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នៅ​ប្រទេស​បារាំង។​ នគរបាល​ទី​ក្រុង​ញូវយ៉ក​បាន​ចាប់​នាយក​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ អាយុ​៦២​ឆ្នាំ​រូប​នេះ​នៅ​ក្នុង​យន្ដហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Air France​ នៅ​ថ្ងៃ​សៅរ៍​នៅ​ទី​ក្រុង​ញូវយ៉ក​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​មុន​យន្ដហោះ​នោះ​ចេញ​ដំណើរ​ទៅ​ទី​ក្រុង​ប៉ារីស។

លោក​ ស្ដ្រូស​ខាន់​ អ្នក​នយោបាយ​សង្គមនិយម​ ហើយ​នឹង​ជា​អតីត​រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ក្នុង​ការ​បំពាន​ផ្លូវ​ភេទ​ ការ​ប៉ុនប៉ង​រំលោភ​ផ្លូវ​ភេទ​ ហើយនឹង​ការ​បង្ខាំង​ ខុស​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក។​ ស្ដ្រី​អ្នក​រៀប​បន្ទប់​នៅ​សណ្ឋាគារ​មួយ​នៅ​ទី​ក្រុងញូវយ៉កអះ​អាង​ថា​ លោក​បំពាន​ផ្លូវ​ភេទ​ស្ដ្រី​នោះ​នៅ​ក្នុង​បន្ទប់របស់​លោក។

បើ​គេ​រក​ឃើញ​ថា​ ការ​ចោទ​ប្រកាន់​នេះ​ជា​ការ​ពិត​មែន​នោះ​ វា​ទំនង​អាច​បញ្ចប់​សេចក្ដី​សង្ឃឹម​ដែលចង់​ឈរ​ឈ្មោះ​ធ្វើ​ជា​បេក្ខជន​ប្រណាំង​ប្រជែង​ជាមួយ​លោក នីកូឡាស សារកូហ្ស៊ី​ (Nicolas Sarkozy) ​ប្រធានាធិបតី​បារាំង​ឆ្នាំ​ក្រោយ។ លោក​ ស្ដ្រូស​ខាន់​ មិន​ទាន់​ត្រូវ​បានប្រកាស​ថា​តើ​លោក​នឹង​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១២​ ឬ​យ៉ាង​ណា​ទេ​ ក៏​ប៉ុន្ដែ​គេ​ចាត់​ទុក​លោក​ថា​ ទំនង​ជា​បេក្ខជនខ្លាំងម្នាក់។

លោក ដ្យឺរ៉ូម ហ្វ៊រកេត (Jerome Fourquet) ​នាយករង​នៃ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ IFOP ​ប្រាប់​វិទ្យុ​បារាំង​ថា​ បើ​គេ​រក​ឃើញ​ថា​ ការ​ចោទ​ប្រកាន់​នេះ​ជា​ការ​ពិត​មែន​ នោះ​លោក​ស្រ្តូស ខាន​ ក្នុង​នាម​ជា​អ្នក​នយោបាយ​នឹង​ពិតជា​មាន​ការ​លំបាក​យ៉ាង​ខ្លាំងក្នុង​ការ​ប្រមូល​ផ្ដុំ​ការ​គាំ​ទ្រ​លោក​ឡើង​វិញ។

ក្រុម​អ្នក​នយោបាយ​ថ្នាក់​ខ្ពស់​មក​ពី​គណបក្ស​សង្គមនិយម​ បាន​ធ្វើ​ការ​ឆ្លើយ​តប​តិចតួច​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ។​ ពេល​សម្ភាសន៍​តាម​វិទ្យុ​ Europe 1 ​លោក​ស្រី សេហ្កូលីន រ៉ូយ៉ាល​ (Segolene Royal) ​បេក្ខនារី​មក​ពី​គណបក្ស​សង្គមនិយម​ដែល​ឈរ​ឈ្មោះ​ប្រជែង​ជា​មួយលោក​ សារកូហ្ស៊ី​ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ឆ្នាំ​២០០៧​ និយាយថា​ ព័ត៌មាន​នេះ​ធ្វើ​ឲ្យ​ស្លុត​ស្មារតី។

លោកស្រី រ៉ូយ៉ាល​អាន​អត្ថាធិប្បាយ​ដែល​លោក​ស្រី​បាន​សរសេរ​រៀបចំ​ធ្វើ​ទុក​ជា​មុន​ថា​ ការ​ចោទ​ប្រកាន់​នោះ​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ ក៏​ប៉ុន្ដែ​នៅ​តែ​ចាំ​បាច់​ត្រូវ​ពិនិត្យ​មើល​ថា​ពិត​ឬ​មិន​ពិត​សិន។​ លោកស្រី​និយាយ​ថា​ ដូច​អ្នក​ដទៃដែរ​ លោក​ ស្ដ្រូស​ខាន់​ សម​នឹង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​បុរស​គ្មាន​ទោស​ពៃរ៍​រហូត​ទៅ​ដល់​ពេល​គេ​រក​ឃើញ​ថា​លោក​មាន​ទោស។

លោក​ស្ដ្រូស​ខាន់​ ​ដែល​មាន​ភរិយា​ហើយ​នោះ​ កាល​ពី​ពេល​មុន​ បាន​សារភាព​ថា មាន​រឿង​ស្នេហា​ជាមួយសេដ្ឋវិទូ​ជាតិ​ហុងហ្ការី​ម្នាក់​នៅ​មូល​និធិ​រូបិយវត្ថុ​អន្ដរជាតិ។ ក៏​ប៉ុន្ដែ​ក្រុម​អ្នក​គាំទ្រ​លោក​និយាយថា​ លោក​មិន​មែន​ជា​បុរស​ដែល​រំលោភ​បំពាន​ផ្លូវ​ភេទទេ។

ក្រុម​អ្នក​នយោបាយ​ជំទាស់​ធ្វើ​ប្រតិកម្ម​ខ្លាំង​ជាង​នេះ​ទៅ​ទៀត។

លោក​ ប៊ែរណាដ ដេប្រឺ​ (Bernard Debre)​ សមាជិក​សភា​បារាំង​ម្នាក់​ ហើយនឹង​ជា​សមាជិក​របស់​គណបក្ស​ UMP ​ដែល​កាន់​កាប់​អំណាច​របស់​លោក​ សារកូហ្ស៊ី បាន​ប្រាប់​វិទ្យុ​បារាំង​ថា​ ការ​ចោទ​ប្រកាន់ប្រឆាំង​លោក​ ស្ដ្រូស​ខាន់​ ធ្វើ​ឲ្យ​ប្រទេស​បារាំង​ទាំង​មូល​អាម៉ាស៕

ប្រែ​សម្រួល​ដោយ​ កង ស៊ីវន

XS
SM
MD
LG