ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​អំពាវនាវ​ឲ្យ​កម្ពុជា​និង​ថៃ​ឈប់​បាញ់


រថយន្ត​យោធា​ខ្មែរ​មួយ​ដែល​មាន​ផ្ទុក​គ្រាប់​រ៉ឺកែត BM-21 បើក​នៅ​ជិត​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​មេសា​ឆ្នាំ​២០១១។ ​
រថយន្ត​យោធា​ខ្មែរ​មួយ​ដែល​មាន​ផ្ទុក​គ្រាប់​រ៉ឺកែត BM-21 បើក​នៅ​ជិត​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​មេសា​ឆ្នាំ​២០១១។ ​

ក្រសួង​ការបរទេស​បារាំង​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​អំពាវនាវ​ឲ្យ​កម្ពុជា​និង​ថៃ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​ ហើយ​ដោះស្រាយ​អរិភាព​ព្រំដែន​ជាមួយ​គ្នា​ដោយ​សន្ដិវីធី​ និង​ដោយ​គោរព​តាម​ច្បាប់​អន្ដរជាតិ។ សេចក្ដី​អំពាវនាវ​ធ្វើឡើង​ ខណៈ​ដែល​កងទព័​នៃ​ប្រទេស​ទាំងពីរ​បាន​បន្ដ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ប្រាសាទ​តាមាន់ ​និង​ប្រាសាទ​តាក្របី​របស់​ខ្មែរ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ ជាប់​ជាមួយ​ខេត្ត​សុរិន្ទ​របស់​ថៃ ​ឈាន​ចូល​ដល់ថ្ងៃទី​១១ ហើយ​នៅ​ថ្ងៃនេះ។ មន្ដ្រី​ជាន់ខ្ពស់​យោធា​នៃ​ប្រទេស​ទាំងពីរ​ បាន​ចរចា​ចំនួន​បីដង​ ហើយ​ក៏បាន​ព្រម​ព្រៀង​គ្នា​ឈប់​បាញ់​គ្នា​ចំនួន​បីដង​រួចមក​ហើយ​ដែរ​ក្នុង​ចន្លោះ​ពេល​មាន​ការ​ប្រយុទ្ធ​គ្នានេះ។ ក៏ប៉ុន្ដែ​កិច្ចព្រមព្រៀង​នេះ​មិនត្រូវ​បាន​អនុវត្ត​នោះ​ឡើយ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បារាំង​ លោក​ បេណាដ វ៉ាលឺរ៉ូ (Bernard Valero) មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះថា៖

«នៅពេល​ដែល​កងទព័​នៃ​ប្រទេស​កម្ពុជានិង​កងទព័​របស់​ប្រទេស​ថៃ ទើប​តែ​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា ​យើង​បាន​ដឹង​ថា​ការ​ប្រយុទ្ធ​គ្នា​បាន​កើត​ឡើង​សារជាថ្មី​ដោយ​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​ថ្មីៗ​ទៀត»។

មន្ដ្រី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បារាំង​បញ្ជាក់​ថា​ បារាំង​ទទូច​ឲ្យ​ភាគី​មាន​ជម្លោះ​អត់​ធ្មត់​ និង​ទទួល​ខុសត្រូវ​ ហើយ​បារាំង​គាំទ្រ​ជំហរ​របស់​ឥណ្ឌូណេស៊ី​ ដែល​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន​ និង​ការដាក់​ពង្រាយ​កងទព័​សង្កេតការ​របស់​ឥណ្ឌូណេស៊ី​នៅ​តំបន់​ឈ្លោះ​ប្រកែក។

កងទព័​កម្ពុជា ​និង​កងទព័​ថៃ​បាន​ប្រយុទ្ធ​គ្នា​យ៉ាង​ប្ដូរ​ផ្ដាច់​ចាប់តាំង​ពី​ថ្ងៃទី​២២​ខែ​មេសា។ កងទព័​នៃ​ប្រទេស​ទាំង​ពី​រ​បាន​ស្លាប់​កើន​ដល់​១៧នាក់​ហើយ។ ប្រជាពល​រដ្ឋ​ជា​ច្រើន​ម៉ឺននាក់​នៃ​ភាគី​ទាំង​សង​ខាង​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ភូមិ​ឋាន​របស់​ពួក​គេ។

បណ្ដាញ​ផ្សព្វផ្សាយ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ស្រង់​សម្តី​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅមក​អំពីការ​បង្ក​ជម្លោះ​របស់​ភាគី​នីមួយៗ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក ​បាន​ គីមូន ​និង​រដ្ឋាភិបាល​អាមេរិក​ បាន​អំពាវនាវ​កាល​ពី​សប្ដាហ៍​មុន សុំឲ្យ​រដ្ឋាភិបាល​កម្ពុជា​ និង​ថៃ​បន្ត​ភាព​អត់ធ្មត់​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយជម្លោះ។

លោក​នាយករដ្ឋមន្ដ្រី​ខ្មែរ​ ហ៊ុន សែន​ បាន​ប្រកាស​ឲ្យ​ដឹងថា ​លោក​នឹង​លើក​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​នៅ​តាម​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃទី៧ ​និង​ទី៨ ​ឧសភា​ នេះ។

នាយកដ្ឋាន​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​របស់​ថៃ​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃនេះ​ដែរ​ថា នាយក​រដ្ឋមន្ដ្រី​ថៃ លោក​ អាភីស៊ីត​ វិចាជីវ៉ា ​គ្រោង​នឹង​ធ្វើការ​បំភ្លឺ​មួយ​ជុំវិញ​ជម្លោះ​ប្រដាប់​អាវុធ​នេះ​ដល់​មេដឹកនាំ​ប្រទេស​អាស៊ាន​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ៕

XS
SM
MD
LG