ក្រុមមន្ត្រីសិទ្ធិសនុស្ស និងសាក្សីឃើញផ្ទាល់ភ្នែកបាននិយាយនៅថ្ងៃច័ន្ទនេះថា យ៉ាងតិចមានអ្នកភូមិបឹងកក់ប្រមាណបួននាក់ត្រូវបានចាប់ខ្លួន បួននាក់ផ្សេងទៀតត្រូវទទួលរងរបួស បីនាក់ផ្សេងទៀតដួលសន្លប់ ហើយពីរនាក់ទៀតប៉ុនប៉ងសម្លាប់ខ្លួនមិនបានសម្រេច បន្ទាប់ពីមានការប៉ះទង្គិចជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច។ ការប៉ះទង្គិចគ្នានេះបានកើតមានឡើងនៅពេលដែលអ្នកភូមិបឹងកក់ ដែលមានគ្នាប្រមាណជាង៣០០នាក់បានបិទផ្លូវចរាចរណ៍មមាញឹកដ៏សំខាន់មួយនៅពីមុខសាលាក្រុង រួចហើយត្រូវបានសមត្ថកិច្ច និងសន្តិសុខខណ្ឌដូនពេញមកបំបែកនឹងចាប់ខ្លួនប្រជាពលរដ្ឋជាបន្តបន្ទាប់។
ការចាប់ខ្លួលប្រជាពលរដ្ឋនេះបានកើតមានឡើងយ៉ាងតឹងតែងបំផុត ដោយក្រុមសន្តិសុខសាលាក្រុងភ្នំពេញបានចាប់មនុស្សគ្រវែងដាក់លើរថយន្ត ហើយត្រូវបានប្រជាពលរដ្ឋនៅតំបន់បឹងកក់ ដែលពោរពេញទៅដោយកំហឹង បានព្យាយាមរាំងខ្ទប់និងវាយប្រតប់គ្នា ដោយគប់ដបទឹកសុទ្ធ។
បន្ទាប់ពីមានការចាប់ខ្លួន អ្នកតំណាងប្រជាពលរដ្ឋទាំងបួនរូប ដែលរួមមានអ្នកស្រីទេព វណ្ណី អ្នកស្រីហេង មុំ អ្នកស្រីបូ ថាវី និងអ្នកស្រីគង់ ចាន់ថាមក នៅព្រលប់ថ្ងៃច័ន្ទនេះក្រុមប្រជាពលរដ្ឋបានមកប្រមូលផ្តុំគ្នាដើម្បីដាក់ញត្តិ នៅស្ថានទូតបារាំងវិញ។
ក្រុមប្រជាពលរដ្ឋបាននិយាយថា មន្ត្រីសាលាក្រុងភ្នំពេញនៅថ្ងៃច័ន្ទនេះ បានសន្យាថា នឹងចុះវាស់កំណត់ព្រំដីចំនួន១២,៤៤ហិចតា ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើសម្បទានកម្មសិទ្ធិដល់ប្រជាពលរដ្ឋ ក៏ប៉ុន្តែគំរោងនេះត្រូវបានផ្អាកទៅវិញ។ ក្រុមអ្នកស្រុកបឹងកក់បានចោទប្រកាន់ថា ប្រជាពលរដ្ឋចំនួនប្រាំពីរភូមិគឺស្មើនឹងចំនួន៩១គ្រួសារនោះគឺមិនបានទទួលប្លង់នៅក្នុងចំណែកដីទាំងជាង១២ហិចតាដែលលោកនាយករដ្ឋមន្ត្រីបានកាត់ឲ្យនោះទេ។
អ្នកស្រីតុល ស្រីពៅបាននិយាយថា មានតែក្រុមហ៊ុនស៊ូកាកូអ៊ីនទេ ដែលមានសិទ្ធិធ្វើប្លង់កម្មសិទ្ធិនៅក្នុងចំណែកដីទាំងជាង១២ហិចតានេះ ក៏ប៉ុន្តែប្រជាពលរដ្ឋ ដែលរងគ្រោះពិតប្រាកដមិនមានសិទ្ធិធ្វើប្លង់កម្មសិទ្ធិទេ។
«ដី១២ហិចតា ដែលសម្តេចឲ្យប្រជាជនហ្នឹង មានតែក្រុមហ៊ុនស៊ូកាកូអ៊ីនទេ ដែលមានសិទ្ធិធ្វើប្លង់។ ប៉ុន្តែប្រជាពលរដ្ឋជាង១០០គ្រួសារ គឺឥតមានសិទ្ធិធ្វើប្លង់ទេ។ តាមពិតអនុក្រឹត្យរបស់សម្តេចនាយករដ្ឋមន្ត្រីផ្តល់ដី១២ហិចតាឲ្យប្រជាពលរដ្ឋ ដែលនៅសេសសល់នៅតំបន់បឹងកក់»។
ការតវ៉ារបស់ប្រជាពលរដ្ឋនៅថ្ងៃនេះ ហាក់បីដូចជាប្រែក្លាយពីភាពស្លូតបូត ទៅជាកំហឹង និងលែងខ្លាចស្លាប់បាត់បង់ជីវិត ដោយប្រជាពលរដ្ឋមួយចំនួនបានហែកអាវនិងស្រាតខោ និងស្រែកចម្អកដល់អាជ្ញាធរឲ្យបាញ់សម្លាប់ពួកគេចោលតែម្តងទៅ។
«បាញ់សម្លាប់ឲ្យអស់មក។ អាមន្ត្រីពុករលួយ។ អាហ្អែងខ្លាំង អាហ្អែងលោតមក»។
អ្នកស្រីគង់ ចាន់ថាបានថ្លែងប្រាប់អ្នកកាសែតនៅមុនពេញ ដែលអ្នកស្រីចាប់ខ្លួនថា អ្នកស្រីបានលេបថ្នាំជាច្រើនគ្រាប់ដើម្បីប៉ុនប៉ងធ្វើអត្តឃាត ពីព្រោះអ្នកស្រីមិនចង់រស់នៅតទៅទៀតទេ ពីព្រោះអ្នកស្រីមិនមានដី និងផ្ទះសម្បែង។
«ខ្ញុំមានតែធ្វើអត្តឃាតនៅនឹងកន្លែងហ្នឹងដើម្បីបង្ហាញថា ខ្ញុំទល់ច្រក។ ខ្ញុំមិនដឹងរកអស់លោកណាឲ្យដោះស្រាយឲ្យពួកខ្ញុំនោះទេ។ អីញ្ចឹងពួកខ្ញុំមានតែបញ្ចប់ជីវិតបន្តបន្ទាប់ទៅ។ មិនមែនតែអាអូនមួយ ដែលលោតទឹកសម្លាប់ខ្លួននោះទេ មានប្រជាជនទាំងអស់ទៀត ជាស្រ្តីៗដែលគាត់ធ្វើឃាតហ្នឹង ដោយសារដី១២,៤៤មិនបានរស់នៅ»។
លោកអំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូ បាននិយាយថា អាជ្ញាធរមិនត្រូវប្រើអំពើហិង្សាដាក់ប្រជាពលរដ្ឋទេ។ វាគួរតែមានដំណោះស្រាយណាមួយដោយសន្តិវិធី។
«អាជ្ញាធរហ្នឹង គាត់ត្រូវរកវិធីដោះស្រាយយ៉ាងណា ដើម្បីបញ្ចៀស ពីព្រោះគោលបំណងនៃអនុក្រឹត្យនេះគឺចង់បញ្ចប់នូវបញ្ហាហិង្សា ការបង្កបញ្ហាវិវាទដីធ្លីក្នុងតំបន់បឹងកក់ដែលកើតឡើង»។
លោកហូ វ៉ាន់ តំណាងរាស្ត្រគណបក្សសម រង្ស៊ីបានថ្លែងប្រាប់ប្រជាពលរដ្ឋ នៅតំបន់បឹងកក់ថា អាជ្ញាធរគួរតែដោះលែងប្រជាពលរដ្ឋទាំងបួននាក់មកវិញ ដើម្បីជៀសវាងការប៉ះទង្គិះគ្នាទៅថ្ងៃក្រោយ។
«បងប្អូនអាជ្ញាធរអញ្ជើញមកទីនេះហើយ កុំឲ្យប្រើអំពើហិង្សា កុំវាយបងប្អូនប្រជាពលរដ្ឋ ហើយកុំចាប់គាត់យកទៅដាក់ឃុំ ហើយអ្នកដែលចាប់បីនាក់ហ្នឹង ពួកអ្នកហ្នឹងសុំឲ្យដោះលែងជាបន្ទាន់»។
វីអូអេបានព្យាយាមសុំអត្ថាធិប្បាយពីមន្ត្រីសាលាក្រុងភ្នំពេញ ក្រុមហ៊ុនស៊ូកាកូអ៊ីន និងលោកឧត្តមសេនីយ៍ទូច ណារ៉ុថ ស្នងការប៉ូលិសរាជធានីភ្នំពេញ តែមិនអាចសុំទំនាក់ទំនងបានទេនៅថ្ងៃច័ន្ទនេះ ក៏ប៉ុន្តែមន្រ្តីប៉ូលិសមួយរូបបាននិយាយថា ការវាយបំបែបហ្វូងប្រជាពលរដ្ឋនៅតំបន់បឹងកក់នេះគឺដើម្បីរក្សាសណ្តាប់ធ្នាប់ និងដើម្បីសម្រួលដល់ការធ្វើចរាចរណ៍តែប៉ុណ្ណោះ៕