មនុស្សចាស់ និងក្មេង៤នាក់ បានបាត់បង់ជីវិត ក្នុងពេលដែលទូកដឹកភ្ញៀវទេសចរមើលអំពិលអំពែកមួយគ្រឿង បានលិចនៅខេត្តកំពតក្នុងថ្ងៃបុណ្យអុំទូកទី២ ដោយសារការដឹកលើសចំណុះ។ នេះបើយោងតាមអាជ្ញាធរប៉ូលិសខេត្តកំពត ដែលបានថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះ។
កាលពីម៉ោងប្រមាណជា៩យប់ថ្ងៃច័ន្ទ ដែលត្រូវជាថ្ងៃទី២នៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនេះ ទូកដឹកភ្ញៀវទេសចរមើលអំពិលអំពែកពេលយប់ បានលិចនៅជិតស្ពានថ្ម ខេត្តកំពត ដោយបណ្ដាលឲ្យស្ត្រីចំណាស់ម្នាក់បាត់បង់ជីវិត និងមនុស្សបីនាក់បាត់ខ្លួន។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការប៉ូលិសខេត្តកំពត ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា កាលពីយប់ម៉ោង៩ ថ្ងៃចន្ទ ទូកដឹកភ្ញៀវទេសចរផ្ទុកមនុស្សលើសចំណុះ បានបុកពំនូកខ្សាច់ក្នុងព្រែក ទើបបង្កឲ្យស្រ្តីចំណាស់ម្នាក់ស្លាប់ និងក្មេងចាស់៣នាក់ផ្សេងទៀតបាត់ខ្លួន។
លោកបន្ថែមថា នារសៀលថ្ងៃអង្គារ សាកសពស្ត្រីពីរនាក់ និងក្មេងប្រុសម្នាក់ទៀតដែលបាត់ខ្លួន ត្រូវបានសមត្ថកិច្ចរកឃើញនិងបញ្ជូនទៅគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
លោកបន្តថា ទូកនោះអាចផ្ទុកមនុស្សចំនួនត្រឹមតែ៥០ទៅ៦០នាក់ប៉ុណ្ណោះ ប៉ុន្តែម្ចាស់ទូកបានដាក់មនុស្សពី៧០ទៅ៨០នាក់ ទើបបណ្ដាលឲ្យកើតមានឧបទ្ទវហេតុនេះកើតឡើង។
«មូលហេតុហ្នឹងគឺទូកហ្នឹងគាត់ដឹកលើសចំណុះ បានន័យថា គាត់ដាក់ដឹកមនុស្សច្រើនពេក ដោយសារថ្ងៃហ្នឹងបុណ្យអុំទូក។ ដល់អញ្ចឹង វាគួបផ្សំនឹងទឹកវានាចទៅ វាបុកជាមួយនឹងពំនូកដីនៅខាងបាតព្រែកហ្នឹង វាធ្វើឲ្យផ្អៀងទូក។ អានេះតាមអ្វីដែលយើងបានសួរជនរងគ្រោះដែលយើងបានជួយសង្គ្រោះ។ គាត់បំភ្លឺគឺមានមនុស្សធ្លាក់ពីលើទូកចូលក្នុងទឹក។ ពេលហ្នឹងគឺប្រជាពលរដ្ឋ គាត់ចាប់ផ្ដើមចលាចលថាមានទូកបុកមានអីអញ្ចឹងទៅ គាត់ផ្អើល អ្នកខ្លះហក់ចូលទឹកធ្លាក់អីអញ្ចឹងទៅ»។
លោកស្នងការបន្ថែមថា សមត្ថកិច្ចបានបញ្ជូនម្ចាស់ទូកដែលផ្ទុកមនុស្សលើសចំណុះដែលបណ្ដាលឲ្យមានបញ្ហានេះទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ។ ចំណែកទូកដឹកភ្ញៀវទេសចរទាំងអស់ ត្រូវផ្អាកធ្វើចរាចរណ៍ជាបណ្ដោះអាសន្នចាំការត្រួតពិនិត្យឲ្យបានដិតដល់បន្ថែម។
ទោះជាយ៉ាងនេះក្តី សង្គមស៊ីវិលយល់ថា ការដឹកលើសចំណុះបណ្ដាលឲ្យទូកលិចនេះ ដោយសារអសមត្ថភាពរបស់សមត្ថកិច្ច។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ប្រាប់ VOA ថា ករណីលិចទូកដែលដឹកលើសចំណុះនេះ កើតឡើងដោយសារតែអសមត្ថភាពក្នុងការគ្រប់គ្រងរបស់អាជ្ញាធរ។
លោកបន្ថែមថា អាជ្ញាធរតែងមានការធ្វេសប្រហែសលើការអនុវត្តច្បាប់ ព្រមទាំងខ្វះខាតការប្រុងប្រយ័ត្ន និងវិធានការជួយសង្គ្រោះផ្សេងៗ។
« អាជ្ញាធរហ្នឹង គួរតែដាក់កម្រិតឲ្យតឹងរ៉ឹង មិនមែនគ្រាន់តែណែនាំទេ។ ណែនាំមិនស្តាប់ ត្រូវធ្វើការផាកពិន័យអត់ឲ្យធ្វើចរាចរណ៍។ យើងគិតពីរបររកស៊ីរបស់ប្រជាពលរដ្ឋជារឿងសំខាន់មួយហើយ ប៉ុន្តែបញ្ហាអាយុជីវិតរបស់ប្រជាពលរដ្ឋគឺជាបញ្ហាសំខាន់មែនទែន ហើយកន្លែងតំបន់ទេសចរណ៍មួយៗហ្នឹង មិនគួរឲ្យមានបញ្ហាអញ្ចឹងទេ។ បើកាលណាធ្វើឲ្យមានបញ្ហាអញ្ចឹង វាប៉ះពាល់ដល់ទេសចរណ៍ ឬក៏អ្នកដែលទៅលេងហ្នឹង ពីព្រោះម្នាក់ៗគេចង់ទៅលេងសប្បាយហើយមានសុវត្ថិភាពទៀត។ អាជ្ញាធរគួរតែពិចារណាចំពោះបញ្ហាហ្នឹងឡើងវិញ ហើយរិះរកគ្រប់មធ្យោបាយ ព្រោះនេះជាមេរៀនមួយក្រើនរំឭកដល់អាជ្ញាធរគ្រប់កន្លែង»។
បើតាមស្នងការខេត្តកំពត ទូកដឹកភ្ញៀវទេសចរមើលអំពិលអំពែកនៅខេត្តកំពត មានប្រហែលជា៥គ្រឿង។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ បន្ថែមថា កន្លងមកអាជ្ញាធរតែងប្រាប់ម្ចាស់ទូកដឹកភ្ញៀវទេសចរឲ្យប្រុងប្រយ័ត្ន និងដឹកមនុស្សទៅតាមស្តង់ដារ ប៉ុន្តែលោកថា ម្ចាស់ទូកទាំងនោះមិនធ្វើតាម។
ទោះជាយ៉ាងណា លោកថា អាជ្ញាធរមានសមត្ថកិច្ច នឹងរឹតបន្តឹងច្បាប់លើទូកទេសចរទាំងនោះបន្ថែម។
កាលពីព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកាកន្លងទៅនេះ មានករណីទូកដឹកភ្ញៀវទេសចរបុកទូកង មួយគ្រឿងដែលត្រៀមប្រណាំងក្នុងពិធីបុណ្យអុំទូក នៅកណ្ដាលទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង ដោយបណ្ដាលឲ្យកីឡាករអុំទូកចំនួនពីរនាក់ស្លាប់បាត់បង់ជីវិត៕