ក្រុមគ្រួសារអនិកជនខ្មែរកាដាណាមួយ បានជួបជុំគ្នាវិញបន្ទាប់ពីបានបែកគ្នាអស់រយៈពេលជាង៣០ឆ្នាំ ចាប់តាំងពីក្រុមខ្មែរក្រហមឡើងកាន់អំណាចមក។ ការជួបជុំក្រុមគ្រួសារឡើងវិញនេះ ហាក់ដូចជាសុបិនក្លាយជាការណ៍ពិតសម្រាប់ពួកគេ។
មិនដែលឡើយ ដែលអ្នកស្រី ឈា វ៉ាត ធ្លាប់គិតថា អ្នកស្រីនឹងមានឱកាសបែបនេះម្តងទៀតក្នុងជីវិតរបស់អ្នកស្រី។ អ្នកស្រីទើបនឹងបានជួបប្តីជាទីស្រឡាញ់របស់អ្នកស្រីវិញ បន្ទាប់ពីបែកគ្នាតាំងពីឆ្នាំ១៩៧៥ ក្នុងរបបខ្មែរក្រហមមកម៉្លេះ។
ជាអនិកជនខ្មែរមកពីប្រទេសកាណាដា អ្នកស្រី ឈា វ៉ាតបានគិតថា ប្តីរបស់អ្នកស្រី គឺលោក ពៅ ណាំ បានស្លាប់បាត់ទៅហើយ ក្រោយពីក្រុមខ្មែរក្រហមបាននាំខ្លួនគាត់យកទៅបាត់ កាលពី៣៦ឆ្នាំមុននោះ។
«ពីមុន ខ្ញុំអត់ស្រម៉ៃទេ ទើបនឹងមកជួបប្រទះនេះបណ្តោយ ព្រោះអីនឹកឃើញថា ខ្មែរក្រហមយកទៅ គេមិនដែលទុកជីវិតយើងទេ»។
លោក ពៅ ណាំធ្វើការជាគិញក្នុងរបបលន់ នល់។ លោកមានកូនប្រុសស្រីចំនួន៧នាក់ ជាមួយលោកស្រី ឈា វ៉ាត។
«ដូចដែលខ្ញុំរស់នៅជាមួយគាត់ពីសង្គមចាស់អញ្ចឹងដែរ ខ្ញុំនៅតែគិតអញ្ចឹងដដែល»។
លោកស្រី ឈា វ៉ាត និងកូនទាំង៧នាក់បានភៀសខ្លួនពីប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៥ ហើយបានទៅរស់នៅក្នុងប្រទេសកាណាដានៅដើមទសវត្ស១៩៨០។ ទើបតែប៉ុន្មានខែចុងក្រោយនេះ លោកស្រីនិងកូនៗក៏បានសម្រេចចិត្តតាមស្វែងរកលោក ពៅ ណាំ បន្ទាប់ពីជឿគ្រូទាយប្រាប់ថា ប្តីនិងឪពុករបស់ពួកគេនៅមានជីវិតនៅឡើយ។
លោក ពៅ ភារុណគឺជាកូនប្រុសម្នាក់ក្នុងចំណោមកូនប្រុស៥នាក់ ដែលបានព្យាយាមតាមស្វែងរកឪពុករបស់លោកក្នុងប្រទេសកម្ពុជាចាប់តាំងពីខែមីនា ឆ្នាំមុនមកម៉្លេះ។ ឪពុក និងកូនបានជួបគ្នាវិញដោយចៃដន្យនៅក្នុងផ្សារមួយក្នុងខេត្តបន្ទាយមានជ័យជាប់ព្រំដែនខ្មែរ ថៃ។
«ពេលខ្លះ នៅពេលយប់ ដែលខ្ញុំងើបឡើង ខ្ញុំចេះតែគិតថាតើរឿងនេះពិតឬមិនពិត ដូចជារឿងយល់សប្តិ។ ប៉ុន្តែវាជារឿងពិតដែលខ្ញុំបានជួបឪពុកម្តងទៀត ព្រោះខ្ញុំដឹងថា ពេលខ្ញុំទៅកាណាដា បួនប្រាំឆ្នាំមុនដំបូង ពេលដែលខ្ញុំនឹកឃើញឪពុកខ្ញុំ ពេលយប់ខ្ញុំតែងស្រក់ទឹកភ្នែក»។
លោក ពៅ ណាំ ត្រូវបានក្រុមខ្មែរក្រហមនាំយកទៅវាយសម្លាប់ចោលក្នុងរណ្តៅចំនួនពីរលើក ប៉ុន្តែជាភ័ព្វសំណាងដ៏កម្រមួយ លោកនៅតែមានជីវិត និងខំប្រឹងរស់តទៅទៀត។ ក្រោយរបបខ្មែរក្រហម លោកបានព្យាយាមស្វែងរកប្រពន្ធនិងកូនៗរបស់លោកវិញ ប៉ុន្តែបានជួបត្រឹមតែក្តីអស់សង្ឃឹម ប៉ុណ្ណោះ ដោយសារលោកបានគិតថា ប្រពន្ធនិងកូនៗជាទីស្រឡាញ់របស់លោក ប្រហែលជាបានស្លាប់បាត់អស់ទៅហើយ។
លោក ពៅ សម្បូរ គឺជាកូនប្រុសពៅក្នុងគ្រួសារដែលបានបែកពីឪពុកតាំងពីអាយុបាន៥ឆ្នាំ។
«អ្វីដែលខ្ញុំប៉ងតាំងពីតូចមកគឺថា នៅពេលនោះ ខ្ញុំស្រក់ទឹកភ្នែក។ ពេលខ្ញុំឱបគាត់ ខ្ញុំស្រក់ភ្នែក។ ខ្ញុំយំជាមួយគាត់ ពីព្រោះខ្ញុំតាំងពីដើមមក ខ្ញុំមិនដែលបានស្គាល់ឪពុក ទើបតែលើកទី១ ដែលខ្ញុំដឹងក្តី ហើយចាំ៤១ឆ្នាំហ្នឹង»។
លោកស្រី ឈា វ៉ាត បានរក្សាទុកជាប់នឹងខ្លួនជានិច្ចនូវរូបថតមួយសន្លឹករបស់ប្តីអ្នកស្រី និងព្រះពុទ្ធរូបមួយអង្គ ដែលប្តីរបស់លោកស្រីបានបន្សល់ទុកឲ្យ មុនពេលក្រុមខ្មែរក្រហមបានចាប់ខ្លួនគាត់យកទៅ។ លោកស្រីជឿថា គឺរបស់ទាំងពីរនេះហើយដែលបានជួយឲ្យអ្នកស្រីជួបជុំជាមួយប្តីដ៏ជាទីស្រឡាញ់របស់អ្នកស្រីវិញនោះ។
«ខ្ញុំនឹកឃើញថា គាត់ស្រឡាញ់ព្រះអង្គណាស់។ ខ្ញុំថែរក្សាមករហូត ដើម្បីទុកជាអនុស្សាវរីយ៍។ដល់ពេលនេះ ខ្ញុំរកគាត់ឃើញ ខ្ញុំត្រូវជូនគាត់វិញ របស់គាត់»។
ថ្វីត្បិតតែការជួបជុំក្រុមគ្រួសារជាថ្មីឡើងវិញនេះ ហាក់រាងជ្រុលពេលបន្តិចទៅហើយក៏ដោយ ក៏សម្រាប់លោកស្រី ឈា វ៉ាត វាហាក់ដូចជាសុបិន ដែលក្លាយជាការណ៍ពិតដូច្នោះដែរ ពោលគឺសុបិនចង់នៅក្បែរស្វាមីជាទីស្រឡាញ់របស់លោកស្រីម្តងទៀតដូចគ្រាមុន៕