ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​គ្រូបង្រៀន​ប្រឹង​ជំរុញ​កូនសិស្ស​ខ្មែរ​នៅ​ឡុងប៊ិច​ឱ្យ​បាន​មក​កាន់​តំណែង​ខ្ពស់


យុវជន​ខ្មែរ​​ចូល​រួម​ក្នុង​ការ​ប្រជុំ​សហគមន៍​មួយ​នៅ​ក្នុង​ទី​ក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា ដែល​ទី​ក្រុង​នេះ​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​ជាង​គេ​បំផុត​នៅ​សហរដ្ឋ​អាមេរិក។
យុវជន​ខ្មែរ​​ចូល​រួម​ក្នុង​ការ​ប្រជុំ​សហគមន៍​មួយ​នៅ​ក្នុង​ទី​ក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា ដែល​ទី​ក្រុង​នេះ​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​ជាង​គេ​បំផុត​នៅ​សហរដ្ឋ​អាមេរិក។

នេះ​ជា​​ ភាគ​​ទី៣ នៃ​សេចក្តី​រាយការណ៍​ ៤​ភាគ​ របស់​លោក ម៉ែន គឹមសេង

ស្ថិត​ក្នុង​បន្ទប់​ដ៏​ធំទូលាយ​មួយក្នុង​មន្ទីរពេទ្យ​ St. Mary​ ដែល​សមាគម​មាតាបិតា​ខ្មែរ​ប្រើ​ប្រាស់​ជាទី​សម្រាប់​ផ្តល់​ប្រឹក្សា​ដល់​សិស្ស​ដែល​មាន​ការសិក្សា​ខ្សោយ​ និង​អប់រំ​ដល់​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡុងប៊ិច​ឱ្យ​យល់​ពី​សារៈ​សំខាន់​នៃ​ការ​ទទួល​ទាន​អាហារ​ត្រឹមត្រូវ​ដើម្បី​សុខភាព​ល្អ​ អ្នកស្រី​ ចាន់ ហប់សុន ​កំពុង​ពន្យល់​មេរៀន​ខ្លះៗ​ដល់​សិស្ស​ដែលមកសុំ​ជំនួយ​ពី​សមាគមនេះ។

ជាមធ្យម​មាន​សិស្ស​ខ្មែរ​ក្នុង​សហគមន៍​នៃ​ទីក្រុង​ឡុងប៊ិច​ ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​១៥​នាក់​ក្នុង​មួយ​វគ្គ​មកសុំឱ្យ​អ្នកស្រី​ ចាន់ ហប់សុន​ នាយិកា​ប្រតិបត្តិ​នៃ​សមាគម​មាតាបិតា​ខ្មែរ​ជួយ​ពន្យល់​បន្ថែម​នូវ​មុខវិជ្ជា​ដល់​សិក្សា​នៅ​សាលា ​ហើយ​ពួកគេ​នៅ​មិន​ទាន់​យល់​ច្បាស់។

លោកស្រីចាន់ ហប់សុន​បាន​បញ្ជាក់​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ផ្នែក​ខេមរភាសា​ថា​ មានបញ្ហា​ជាច្រើន​ដែល​នាំ​ឱ្យ​កូនសិស្ស​ខ្មែរ​មាន​ការ​សិក្សា​មិនបាន​ល្អ៖

«កូនខ្មែរ​របស់​យើង​ដែល​មាន​ចំណេះ​ចេះ​ដឹង​អន់​ច្រើន​ជាង​គេ​ដោយសារ​ខ្វះ​ការ​ទំនុក​បម្រុង​ ខ្វះ​ការ​យល់​ដឹង​ដល់​យុវវ័យ​របស់​ក្មេងៗ​ ហើយ​នឹង​ខ្វះ​ការ​ផ្ចុងផ្តើម​ពីខាង​ចំណី​អាហារ​ពី​ខាង​សុខភាព និង​ការ​ជួយ​ពីក្រោយ​សាលា»។

លោកស្រីចាន់ ហប់សុន​បញ្ជាក់​ថា​ នៅ​សហរដ្ឋ​អាមេរិក​ការ​ផ្តល់​ការ​អប់រំ​បន្ថែម​ពី​ឪពុកម្តាយ​នៅ​ក្រោយ​ពី​ការ​សិក្សា​នៅ​តាម​សាលា​ជា​ការណ៍​សំខាន់​ណាស់។

«មកដល់​ស្រុក​នេះ​ គ្រូ​អាមេរិកាំង​គេ​មាន​មុខ​នាទី​តែ​បង្ហាត់​បង្រៀន​ចំណេះ​ដឹង​ទេ។​ អ្វីៗ​ទាំង​អស់​នៅ លើ​ឪពុក​ម្តាយ។​ ដូច្នេះ​ហើយ​រចនាសម្ព័ន្ធ​ខាង​ការ​សិក្សា​នៅ​ស្រុក​យើង​និង​ស្រុក​អាមេរិកខុសគ្នា​ដូច​មេឃ​និង​ដី»។

លោកស្រី​ចាន់ ហប់សុន​ធ្លាប់​ជា​គ្រូបង្រៀន​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​ មុន​ពេល​ដែល​លោក​ស្រី​រត់ភៀស​ខ្លួន​មក​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៨០។ ​លោក​ស្រី​បញ្ជាក់​ថា ​ឪពុក​ម្តាយ​ខ្មែរនៅ​មិនទាន់​យល់​ពី​ការ​ឱ្យ​តម្លៃ​ពី​សមិទ្ធិផល​នៃ​ការ​សិក្សា​របស់​កូន​ពួកគេ​នៅ​ឡើយ​ទេ។

នៅ​ពុំ​ទាន់​មាន​តួលេខ​ជាក់លាក់​ទាក់​ទង​នឹង​ការ​សិក្សា​របស់​សិស្ស​ និស្សិត​ក្នុង​សហគមន៍​ខ្មែរ​ទេ​ ក៏​ប៉ុន្តែ​យោង​តាម​ការ​រក​ឃើញ​របស់​សមាគម​អប់រំ​ជាតិ​អាមេរិកាំង​ ឱ្យ​ដឹង​ថា ជនជាតិ​អាស៊ី​ និង​អ្នក​ដែន​កោះ​ប៉ាស៊ីហ្វិកជួប​បញ្ហា​ជាច្រើនក្នុង​ការ​សិក្សា ​ដោយ​សារ​កត្តា​ទាក់ទង​នឹង​ស្ថានភាព​ជា​ជន​ភៀសខ្លួន​របស់​ឪពុក​ម្តាយ​ ការ​ប្រើប្រាស់​ភាសា​ ប្រព័ន្ធ​អប់រំ​ខ្សោយ​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ​និង​ភាព​ក្រីក្រ​ជាដើម។

លោក​ស្រី​ចាន់ ហប់សុន​បានបញ្ជាក់​ថា​ ការ​រៀបចំ​បង្កើត​ជា​សមាគម​មាតាបីតា​ខ្មែរ​នេះ​ ធ្វើ​ឡើង​គឺ​មាន​សេចក្តី​ថា​ មាតាបិតា​ត្រូវមាន​ភារកិច្ច​ដើម្បី​ទំនុក​បម្រុង​ ហើយ​ជួយ​កូនខ្មែរឱ្យ​ទៅ​ជា​កូន​ដែល​ប្រកប​ដោយ​ចំណេះ​វិជ្ជា​ខ្ពស់​ មាន​អនាគត​ល្អ​ ហើយ​មាន​សេចក្តី​រុងរឿង​ ដូច​សហគមន៍​ដទៃ​ទៀត​ដែល​នៅ​សហរដ្ឋ​អាមេរិក។

សមាគម​មាតាបិតា​ខ្មែរ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៥។ ​ដោយ​ចាប់​ផ្តើ​ម​ពី​ដំបូង​ក្នុង​គោល​បំណងផ្តល់​ការ​លើក​ទឹកចិត្ត​តាម​រយៈ​រៀបចំ​ ការ​អបអរ​សាទរ​ប្រចាំ​ឆ្នាំ​ដល់​កូនសិស្ស​ដែល​បញ្ចប់​ការសិក្សា​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្រោយ​មក​បាន​ពង្រីក​ការងារ​រហូត​មក​ដល់​ការ​ជួយ​បំប៉ន​ចំណេះ​ដល់​សិស្ស​ក្រោយ​ការ​សិក្សា​នៅ​តាម​សាលា​និង​អប់រំ​ពី​សុខភាព។

ចាប់​តាំង​ពី​បង្កើត​មក​ មាន​សិស្ស​ប្រហែល​ជិត​១.០០០​នាក់​ហើយ​ដែល​មាន​បញ្ហា​ក្នុង​ការ​សិក្សា​ហើយ​មក​សុំ​ជំនួយ​ពី​លោក​ស្រី។

សម្រាប់លី ហួរ​ ជាសិស្ស​ថ្នាក់​ទី១១​នៅ​វិទ្យាល័យ​ Wilson ​ក្នុង​ទីក្រុង​ឡុងប៊ិច​ ​ជំនួយ​ដូចនេះ​ជា​ការ​សំខាន់​ដើម្បី​អាច​ជួយ​បង្កើន​សមត្ថភាព​សម្រាប់​ការ​សិក្សា។

«ពេលដែល​ខ្ញុំ​អត់​បាន​ល្អ​ គ្រូ​នៅ​សាលា​គាត់​អត់​ថា​អ្វី​ទេ។​ គ្រាន់​តែ​ប្រាប់​ថា ពិន្ទុ​យើង​អត់​ល្អ​ ហើយ​ពិន្ទុ​យើង​ទាប។ ​គេ​មិនបាន​ជាប្រាប់​ទល់​មុខ​ទេ។ ​គេ​គ្រាន់តែ​ដាក់​លើ​ក្រដាស»។

លីហួរ​កំពុង​ត្រូវ​ការ​ជំនួយ​បន្ថែម​សម្រាប់ផ្នែក​ភាសា​អង់គ្លេស​ ធ្វើកិច្ចការ​សាលា​និងត្រៀម​សម្រាប់​ការ​ប្រឡង​ក្នុង​ថ្នាក់​ ​ហើយ​ការស្វែង​រក​ជំនួយ​សិក្សា​បំប៉នជា​ការងារ​ផ្ទាល់​ខ្លួន។

សម្រាប់​លោកស្រី​ ចាន់ ហប់សុន ​ការថែរក្សា​សុខភាព​ក៏​ជា​បញ្ហា​សំខាន់​មួយដែរ​ ដែល​សមាគម​លោកស្រី​ផ្តោត​ការ​អប់រំ​ដល់​សហគមន៍​ខ្មែរដើម្បី​អាច​ឱ្យ​ពួកគេ​មាន​សុខភាព​ល្អ។​ លោកស្រី​មើល​ឃើញ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច​ ក៏ដូចជា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ដែរ​ មាន​បញ្ហា ច្រើន​រឿង​សុខភាព​។

«ដោយសារ​ទីមួយ ​យើង​អត់​មាន​ចំណេះ​ចេះ​ដឹង​ខាង​សុខភាព។ ទីពីរ​យើង​អត់​ដឹង​ថា ​តើ​យើង​ត្រូវ​ញ៉ាំ​ម្ហូប​ចំណី​យ៉ាង​ណា​ដើម្បី​ផ្តល់​សុខភាព​ល្អ​ដល់​ខ្លួន​យើង។​ ទីបី​យើង​អត់​ដឹង​ថា ​តើ​មាន​កម្មវិធី ​ណា​ខ្លះ​ដែល​អាច​ជួយ​យើង​ខាង​សុខភាព​ ព្រោះ​យើង​អត់​ដែល​ដឹង»។

ការ​អប់រំ​មាន​លក្ខណៈ​ជាចំណេះ​ដឹង​មូលដ្ឋាន ​ដែល​មាន​ដូច​ជាប្រភេទ​ជំងឺ​ផ្សេងៗ​និង​មូលហេតុ​របស់​វា​ ព្រមទាំង​វិធីការពារ ​ក៏​ដូច​ជា​ការ​ស្វែង​រក​សេវា​ព្យាបាល​ ​និង​ការ​ទទួលទាន​ចំណី​ដែល​ផ្តល់​ផល​ដល់​សុខភាព។

លោក​ស្រី​ ព្រំ រ័ត្ន​ ដែល​បាន​ចូលរួម​ក្នុង​វគ្គ​សិក្សា​កន្លង​មក​បញ្ជាក់​ថា៖

«ពីមុន​ខ្ញុំ​អត់​បាន​រៀន​អ្វី​ អត់​សូវ​ចូលចិត្ត​ញ៉ាំ​បន្លែ​ទេ​ ញ៉ាំ​តែ​សាច់​ច្រើន​ ហើយ​បន្លែ​ញ៉ាំ​តិចៗ​ ហើយ​ឈឺ​ញឹកញាប់​ ឈឺ​តែ​ក្បាល ​ហើយ​កោសខ្យល់​សឹង​តែ​មួយ​អាទិត្យ​ម្តង។​ ដល់​ពេល​គាត់​បើក​កម្មវិធី​ទៅ​ ខ្ញុំ​បាន​នាំ​មិត្តភ័ក្របួនប្រាំ​ ប្រាំមួយ​នាក់​មក​ចូល​រៀន​ជាមួយ​គ្នា​ដែរ។ ​ដល់​ពេល​ដែល​យើងពិសារ​តែ​បន្លែ​អាហារ​អត់​សូវ​ប្រើ​សាច់​គោ​ ឬ​របស់​អ្វី​ដែល​មាន​ជាតិ​ខ្លាញ់​ ដូចជា​សាច់​មាន់​ដែល​មាន​ជាតិ​ខ្លាញ់​ អត់​ប្រើ​ទៅ​ បាន​ដូច​ជាស្រួល​ខ្លួន​ អត់​មាន​ការ​ឈឺ​ វិល​មុខ​វិល​អី​ទេ។​ ខ្ញុំ​ ពី​ដើម​ ងើប​អត់​ចង់​រួច​ទេ។​ ពេល​ងើប​វា​វិល​ មក​ពី​យើង​ញ៉ាំម្អូប ​អត់​មាន​ដឹង​របៀប»។

ផ្លែផ្កា​នៃ​ការ​វិនិយោគ​លើ​ធនធាន​មនុស្ស​របស់​សមាគម​មាតាបិតា​ខ្មែរបាន​ចាប់​ផ្តើម​ផ្តល់​ជា​បណ្តើរៗ​បើ​ទោះ​ជា​មិន​ទាន់​ដល់​កម្រិត​មួយ​ដែល​អ្នក​បង្កើត​សមាគម​នេះ​ចង់​បាន​គឺ​អនាគត​កូន​ខ្មែរ​ដែល​អាច​មាន​ការងារ​ធំដុំក្នុង​ស្ថាប័ន​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក។

នាពេល​បច្ចុប្បន្ន​នេះ​ កញ្ញា​ ម៉ីម៉ី ​ហួត ​និង​កញ្ញា​ ស្តេហ្វានី ចាន់ ដែល​បាន​ទទួល​អាហារូបករណ៍​តាម​រយៈ​សមាគម​នេះ​ក្នុង​ឆ្នាំ​២០១០​និង​២០១១​ បានស្ម័គ្រចិត្ត​មក​ជួយ​ក្នុង​ការងារ​របស់​លោកស្រី​ចាន់ ក្នុង​ការ​ជួយ​អប់រំ​ពី​សុខភាព​និង​បណ្តុះ​បណ្តាល​កុមារ​ជំនាន់​ក្រោយ។​ អ្នក​ទាំងពី​ក៏​កំពុងសិក្សា​ខាង​វិជ្ជាពេទ្យ​ ហើយ​ពួកគេ​សង្ឃឹម​ថា ​អាច​នឹងជួយ​ឱ្យ​ប្រសើរ​ឡើង​ដល់​អាជីព​របស់​ពួកគេ ក្នុង​ពេល​អនាគត​ និង​បន្ត​ការងារ​ជួយ​សហគមន៍​តទៅទៀត៕

XS
SM
MD
LG