អតីតជនភៀសខ្លួនខ្មែរលោក ខិន គិវ សកម្មក្នុងកិច្ចការសង្គមខ្មែរក្នុងតំបន់ជុំវិញរដ្ឋធានីវ៉ាស៊ីនតោន
លោក ខិន គិវ ជាកូនកំព្រាខ្មែរម្នាក់ដែលបានមកដល់សហរដ្ឋអាមេរិកដំបូងក្នុងឆ្នាំ១៩៨០ ក្នុងនាមជាជនភៀសខ្លួន។ ក្រោយពីការតស៊ូជម្នះឧបសគ្គរាប់មិនអស់ក្នុងជីវិតលើទឹកដីថ្មីអស់ពេលជាង២០ឆ្នាំមក លោកបានក្លាយជាអ្នកឯកទេសនិងគ្រូបង្រៀនខាងបច្ចេកវិទ្យាព័ត៌មាននៅមហាវិទ្យាល័យ Montgomery College ក្នុងរដ្ឋ Maryland។ នៅក្នុងបទសម្ភាសន៍ជាមួយលោក សាយ មុន្នី នៃវីអូអេ កាលពីពេលកន្លងទៅនេះ លោក ខិន គិវ បានថ្លែងថា លោកនៅតែបន្តបង្រៀននិងថែមទាំងឆ្លៀតពេលស្ម័គ្រចិត្តជួយសហគមន៍ខ្មែរក្នុងតំបន់ជុំវិញរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីតបស្នងនិងជាការដឹងគុណដល់អ្នកដែលបានជួយជ្រោមជ្រែងលោកផងដែរ៕