ក្រុមអតីតអ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិបានការពារការសម្រេចចិត្តសុំសិទ្ធិធ្វើនយោបាយឡើងវិញថា ដើម្បីជួយបន្ធូរបន្ថយការតានតឹងនយោបាយក្នុងពេលដែលសហគមន៍អន្តរជាតិកំពុងតែដំណើរការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។
នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរាជធានីភ្នំពេញ ហើយបានផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃច័ន្ទ ក្រោយពីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកាលពីសប្តាហ៍មុន ពួកគេក៏ច្រានចោលពាក្យចោទប្រកាន់នានាដែលថាត្រូវបានទិញដូរឆន្ទៈដោយគណបក្សកាន់អំណាច។
លោកអ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកគណៈកម្មាធិការកណ្តាលគណបក្សសង្គ្រោះជាតិនិងជាអតីតអ្នកតំណាងរាស្ត្របានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានព្រាងទុកថា ការសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះក៏ជាការកសាងទំនុកចិត្តក្នុងចំណោមអ្នកនយោបាយខ្មែរ ដើម្បីដោះស្រាយបញ្ហាប្រឈមទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកលើប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP។
លោកបានបន្ថែមថា៖
«នៅពេលនេះយើងខ្ញុំយល់ថា ការបញ្ចៀសនូវការផ្តាច់នូវប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ជាកិច្ចការសំខាន់ដែលត្រូវធ្វើចាំបាច់ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរនិងស្តារឡើងវិញនូវលទិ្ធប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា យើងខ្ញុំចង់ឱ្យមានការផ្សះផ្សាជាតិ និងឯកភាពជាតិតាមរយៈវប្បធម៌សន្ទនាដែលយើងជឿជាក់ថាជាគំរូដ៏ល្អសម្រាប់អ្នកជំនាន់ក្រោយ»។
រហូតមកដល់ពេលនេះ មានមន្ត្រីអតីតគណបក្សប្រឆាំងចំនួន ៩ នាក់ហើយដែលបានទទួលសិទ្ធិធ្វើនយោបាយវិញក្នុងចំណោម ១១៨ នាក់ ដែលតុលាការកំពូលបានហាមឃាត់ក្រោយពីរំលាយគណបក្សកាលពីឆ្នាំ ២០១៧ គឺតែរយៈពេលប៉ុន្មានខែមុនការរៀបចំការបោះឆ្នោតជាតិប៉ុណ្ណោះ។
ក្នុងចំណោមមន្ត្រីទាំង ៩ នាក់ គឺមានលោកគង់ គាំ លោកគង់ បូរ៉ា លោកអ៊ូ ច័ន្ទរ័ត្ន លោកកង គឹមហាក់ លោកស្រី ទេព សុទ្ធី លោករៀល ខេមរិន្ទ្រ លោកច័ន្ទ សីលា លោក ជីវ កត្តានិងលោកស៊ឹម សុវណ្ណនី។
លោកស្រី ទេព សុទ្ធី អតីតអ្នកតំណាងរាស្រ្តមណ្ឌលតាកែវ បានថ្លែងនៅក្នុងសន្និសីទនោះដែរថា លោកស្រីមិនអាចឈរអោបដៃមើលទុក្ខលំបាករបស់ពលរដ្ឋបានទេ នៅពេលណាមានទណ្ឌកម្មសេដ្ឋកិច្ចពីសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។
លោកស្រីបានលើកឡើងថា៖ «ប្រសិនបើឋានៈពាណិជ្ជកម្មពិសេសត្រូវបានដកហូត ឬការផ្អាកការបង្កើនតម្លៃបន្ថែមនៃផលិតផលកម្ពុជានឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងតម្លៃ និងផលិតផលនាំចេញកម្ពុជា កម្មកររោងចក្រ និងកសិកររាប់លាននាក់នឹងទទួលផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច»។
កាលពីដើមខែកុម្ភៈ សហភាពអឺរ៉ុបបានចាប់ផ្តើមនូវដំណើរការដកហូតឋានៈអនុគ្រោះពន្ធ«រាល់មុខទំនិញលើកលែងសព្វាវុធ» (EBA) ពីប្រទេសកម្ពុជា ហើយដែលអាចនឹងចូលជាធរមាននៅខែសីហា ឆ្នាំ ២០២០។ សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជាង ៥,៦ពាន់លាន ដុល្លារក្នុងឆ្នាំ ២០១៨។
រីឯអ្នកតំណាងរាស្រ្តនិងសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកក៏បានស្នើច្បាប់ពីរដើម្បីសើរើឋានៈអនុគ្រោះពន្ធ GSP ដែលកម្ពុជាទទួលបានផងដែរ។ សហរដ្ឋអាមេរិកជាទីផ្សារនាំចេញដ៏ធំបំផុតទីពីររបស់កម្ពុជា ដែលមានទំហំទឹកប្រាក់ចំនួនជាង ៣ពាន់លាន ដុល្លារកាលពីឆ្នាំមុន។
ក្រុមការងារសហភាពអឺរ៉ុបបានមកបំពេញបេសកកម្មតាមដាន និងវាយតម្លៃនៅកម្ពុជាកាលពីសប្តាហ៍មុន ដោយបានជួបពិភាក្សាជាមួយនឹងមន្ត្រីសំខាន់ៗរបស់កម្ពុជា ហើយបានសម្តែងក្តីសង្ឃឹមថានឹងមានការវិវត្តទៅមុខ«ជាក់លាក់និងប្រកបដោយចីរភាព» ដោយរដ្ឋាភិបាលកម្ពុជានឹងដោះស្រាយជា«បន្ទាន់»រាល់ក្តីកង្វល់របស់ខ្លួនពាក់ព័ន្ធនឹងការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
ថ្នាក់ដឹកនាំសំខាន់របស់គណបក្សសង្គ្រោះជាតិដែលមានដូចជាលោកសម រង្ស៊ី ប្រធានស្តីទី លោកអេង ឆៃអ៊ាង និងលោកស្រីមូរ សុខហួរ អនុប្រធានបក្ស រក្សាជំហរមិនសុំសិទ្ធិធ្វើនយោបាយ និងបានហៅអ្នកទាំងនោះថាចុះចូលនឹងគណបក្សកាន់អំណាច ប៉ុន្តែអតីតមន្ត្រីទាំងនេះអះអាងថា ពួកគេនៅតែរក្សាភក្តីភាពចំពោះគោលនយោបាយបក្សដដែល។
លោកអ៊ូ ច័ន្ទរ័ត្ន បានបន្ថែមទៀតថា៖
«យើងខ្ញុំនៅតែបន្តប្រកាន់យកគោលការណ៍និងស្មារតីរបស់សង្គ្រោះជាតិដដែលគឺអហិង្សា ខ្មែរតែមួយ មិនយកខ្មែរណាជាសត្រូវនិងបន្តជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា។ យើងខ្ញុំនឹងប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីបង្រួបបង្រួមនិងរក្សាកម្លាំងគាំទ្រសង្គ្រោះជាតិដើម្បីបន្តការប្រកួតប្រជែងនយោបាយដោយយុត្តិធម៌និងតាមគោលការណ៍ប្រជាធិបតេយ្យ»។
ពួកគេលើកឡើងថា ចាប់តាំងពីត្រូវបានដកហូតសិទ្ធិនយោបាយមក ពួកគេមិនអាចធ្វើសកម្មភាពអ្វីបានទាំងអស់ដោយត្រូវរងការតាមដានពីកម្លាំងរបស់រាជរដ្ឋាភិបាល ហើយការទទួលបានសិទ្ធិនេះគឺជាការបង្កការងាយស្រួលក្នុងការធ្វើសកម្មភាពពង្រឹងមូលដ្ឋាននិងការទូតនៅក្នុងប្រទេស ជាពិសេសការទាមទារឱ្យដោះលែងលោកកឹម សុខា ប្រធានគណបក្ស ដែលកំពុងតែជាប់ឃុំឃាំងនៅក្នុងលំនៅដ្ឋាន និងការពង្រឹងបក្សមិនឱ្យបែកបាក់គ្នាទៀត។
នៅក្នុងកម្មវិធីជួបជុំជាមួយនឹងអ្នកគាំទ្រនៅវត្តត្រៃរតនារាម ទីក្រុងទូលូស្ស ប្រទេសបារាំង កាលពីថ្ងៃច័ន្ទ លោកសម រង្ស៊ី នៅតែអះអាងពីគោលការណ៍តស៊ូដោយអហិង្សា និងសារៈសំខាន់នៃការរួបរួមគ្នាជាមួយនឹងលោកកឹម សុខា ដោយលោកបានរំលឹកពីលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០១៣ ដែលធ្វើឱ្យអតីតគណបក្សប្រឆាំងនេះមានសំឡេងគាំទ្រជាច្រើន ហើយនិងព្រឹត្តិការណ៍នាពេលក្រោយពីនោះ នៅពេលដែលពលរដ្ឋជាច្រើនម៉ឺននាក់បានចូលមកតវ៉ានៅរាជធានីភ្នំពេញ ដែលលោកអាចនឹងប្រើប្រាស់ដើម្បីគ្រប់គ្រងស្ថាប័នរដ្ឋមួយចំនួនដោយហិង្សា ប៉ុន្តែថ្នាក់ដឹកនាំទាំងពីរមិនសម្រេចចិត្តធ្វើដូច្នេះទេ ដោយសារតែចង់ឱ្យមានការផ្លាស់ប្តូរដោយសន្តិវិធី។
ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃច័ន្ទដែរថា នឹងមិនមានការដោះលែងលោក កឹម សុខា ទេដោយលោកបានចោទមេដឹកនាំបក្សប្រឆាំងរូបនេះថាបានហាមមន្រ្តីបក្សប្រឆាំងផ្សេងទៀតមិនឲ្យស្នើសិទ្ធិធ្វើនយោបាយ៕