ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​រដ្ឋមន្ត្រី​ម៉ូសំប៊ិក​ ​ឡើង​តុលាការ​លើ​សំណុំ​រឿងអាស្រូវ​ប្រាក់កម្ចី​ជាង​២​ពាន់​លាន​ដុល្លារ


អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​​ប្រទេស​ម៉ូសំប៊ិក​រូប​ លោក Manuel Chang បង្ហាញ​ខ្លួនក្នុង​បន្ទប់​សវនាការ​តុលាការ​សម្រេច​ការ​ធ្វើបត្យាប័ន​​រូបលោក​ក្នុងទីក្រុង Johannesburg​ ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ថ្ងៃទី៨​ ខែមករា​ ឆ្នាំ​២០១៩។
អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​​ប្រទេស​ម៉ូសំប៊ិក​រូប​ លោក Manuel Chang បង្ហាញ​ខ្លួនក្នុង​បន្ទប់​សវនាការ​តុលាការ​សម្រេច​ការ​ធ្វើបត្យាប័ន​​រូបលោក​ក្នុងទីក្រុង Johannesburg​ ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ថ្ងៃទី៨​ ខែមករា​ ឆ្នាំ​២០១៩។

លោក​ Manuel Chang ដែល​ស្លៀក​ខោ​ខោវប៊យ​ និង​ពាក់​អាវធំ​ពណ៌ខៀវ​ បាន​ចំណាយ​ពេល​ជិត​១ម៉ោង​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា​នេះ ក្នុង​បន្ទប់​សវនាការ​តុលាការ​ទីក្រុង Johannesburg ដោយ​មានទឹកមុខ​មាំ ​និង​ធ្វើដូចជា​គ្មាន​អ្វី​កើត​ឡើង ស្រប​ពេល​ដែល​ក្រុម​មេធាវី​អាហ្វ្រិក​ខាងត្បូង​កំពុងតែ​ពិភាក្សា​លើ​ជោគវាសនា​របស់​អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ម៉ូសំប៊ិក​រូប​នេះ។ លោក​ Chang ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មុន​ក្នុង​ប្រតិបត្តិការស៊ើប​អង្កេត​របស់​សហរដ្ឋ​អាមេរិក​លើ​សំណុំ​រឿងអាស្រូវ​ប្រាក់​កម្ចី​ដ៏​សម្បើម​ដែល​បាន​លេច​ធ្លាយ​ក្នុង​ប្រទេស​ម៉ូសំប៊ិក ​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ទ្វីប​អាហ្រ្វិក។

ប៉ុន្តែ​គ្មាន​នរណា​គិត​ថា​សវនាការ​ក្ដី​នេះ​ ដែល​ប្រទាក់ក្រឡា​ទ្វីប​៤​គឺ​អាហ្រ្វិក​ អាមេរិក​ខាងជើង​ អឺរ៉ុប​ និង​អាស៊ី ព្រមទាំង​ជនសង្ស័យ​ជា​អ្នកផ្សំ​គំនិត​ជា​ច្រើន​បន្ថែម​ទៀត​នោះ​ អាច​នឹង​ដំណើរ​ការ​ឆាប់​រហ័ស ឬ​រលូន​ឡើយ។

លោក​ Chang គឺ​ជា​មន្ត្រី​មួយ​រូប​ក្នុងចំណោម​បុគ្គល​រាប់​សិប​នាក់​ទៀត​ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ក្ដី​ដែល​លាតសន្ធឹង​ពី​ចុង​ម្ខាង​នៃ​មហាសមុទ្រ​អាត្លង់ទិច​ដល់​ចុង​ម្ខាង​ទៀត ​ដែល​បណ្ដាល​ឲ្យ​ប្រទេស​ជាប់​មាត់​សមុទ្រ​មួយ​នេះ ត្រូវ​រង​វិបត្តិ​បំណុល​យ៉ាង​ធ្ងន់ធ្ងរ​ រហូត​ដល់​ធ្វើឲ្យ​ប្រជាជន​មិន​ទទួល​បាន​សេវា​មូលដ្ឋាន​ចាំបាច់​នានា​ដូចជា​ការ​ជួសជុល​ផ្លូវថ្នល់ និង​មន្ទីរពេទ្យ​ជាដើម។

លោក​ Elpideo Mutemba គឺជា​សកម្មជនម៉ូសំប៊ិក​ម្នាក់​ ដែល​បាន​ចូលរួម​ឃ្លាំមើល​សវនាការ​កាត់​ក្តី​លោក​Chang។ លោក​ Mutemba បាន​ប្រាប់​VOAថា​ លោក​រីករាយ​ដែល​បាន​ឃើញ​លោក Chang​ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រទេស​អាហ្វ្រិកខាងត្បូង​ ហើយ​ប្រសិន​បើ​អាច​ធ្វើ​បត្យាប័ន​បាន នឹង​ត្រូវ​កាត់​ក្ដី​នៅ​សហរដ្ឋ​អាមេរិកតែ​ម្ដង ទោះបីជា​នីតិវិធី​ត្រូវ​ស៊ី​ពេល​បន្ថែម​ទៀត​ក៏ដោយ។

លោក​ Mutemba បញ្ចេញ​កាយវិការ​ញាក់ស្មា​នៅ​ពេល​ឮ​ដំណឹង​ថា​ពេល​ថ្មីៗ​នេះ​មន្ត្រី​ម៉ូសំប៊ិក​បាន ចោទប្រកាន់​ជា​ផ្លូវការ​មនុស្ស១៨​នាក់​ផ្សេង​ទៀត​ដែល​ជាប់ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ក្តី​នេះ។ លោក​បាន​អះអាង​ថា​ ប្រទេស​ម៉ូសំប៊ិក​ខ្លួនឯង​ ​បាន​ដឹង​សំណុំរឿង​អាស្រូវ​នេះ​តាំង​ពី​ឆ្នាំ​២០១៦​មកម្ល៉េះ​ គឺ​នៅ​ពេល​ប្រាក់កម្ចី​២​ពាន់​លាន​ដុល្លារ​ដ៏​សម្ងាត់​ ត្រូវ​បាន​រក​ឃើញ ហើយ​ការណ៍​នេះ​ ក៏​ជា​សញ្ញា​បង្ហាញ​ពី​ចំណាត់​ការ​ដំបូង​បង្អស់​របស់​អាជ្ញាធរ​ម៉ូសំប៊ិក។

លោក Mutemba​បាន​បន្ថែម​ថា៖ «ពួក​យើង​មិន​ជឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​ប្រទេស​យើង​ទេ​ ពីព្រោះ​យើង​មាន​សំណុំរឿង​ក្ដី​ជាច្រើន​នៅ​ព្យួរ​ទុក​នៅឡើយ​ មិនទាន់​មាន​ការ​សម្រេច​អ្វី​សោះ​ មិន​មាន​យុត្តិធម៌​អ្វី​សោះ។ ដូច្នេះ​ ប្រហែល​ជា​យើង​អាច​នឹង​ជឿ​លើ​ប្រព័ន្ធ​(អន្តរាគមន៍)ពី​ខាង​ក្រៅ​វិញ។ នេះ​មិនមែន​គ្រាន់តែ​ដោយសារ​តែ​ប្រព័ន្ធ​នៅ​ខាង​ក្រៅ​ទេ ប៉ុន្តែ​រាល់​បុគ្គល​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ ពួកគេ​ក៏​អាច​ជាប់​ជាមួយ​លោក​អតីត​រដ្ឋមន្ត្រីហ្នឹង​ដែរ»។

ដីកា​សន្និដ្ឋាន​បញ្ជូន​សំណុំ​រឿង​ឱ្យ​ស៊ើបអង្កេត​របស់​គណៈវិនិច្ឆ័យ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ដែល​ចេញ​កាល​ពីដើម​ខែ​មករា​នេះ​ បាន​ចោទ​ប្រកាន់​មនុស្ស​ចំនួន​៧​រូប​ រួមមាន​លោក Chang ពី​បទ​បង្កើត​គម្រោង​នាវាចរណ៍​ក្លែងក្លាយ​ធ្វើ​ជា​ខែល​បិទបាំង​ការ​ប្រមូល​លុយ​យក​ធ្វើ​មាន​ធ្វើ​បាន​ខ្លួនឯង​ និង​ចេតនា​បង្វែរ​ចំណែកប្រាក់កម្ចី​មួយ​ចំនួន​ឲ្យ​ចេញ​សាច់​ប្រាក់​ជាង​២០០លាន​ដុល្លារ​ជា​សំណូក​ និង​ប្រាក់​ទឹកតែ​ដល់​ពួកគេ​ ដល់​មន្ត្រី​រដ្ឋាភិបាល​ម៉ូសំប៊ិក​មួយ​ចំនួន​ និង​អ្នក​ផ្សេងៗ​ទៀត។

ក្នុង​បន្ទប់​សវនាការ​កាល​ពី​ថ្ងៃ​ទី៨​ ខែ​មករា​ តំណាង​អយ្យការ​បាន​ដាក់​ការ​សង្ស័យ​លើ​រូប​លោក​ Chang ថា​លោក​តែម្នាក់​ឯង ​បាន​ទទួល​ប្រាក់​សំណូក​ប្រមាណ​១២លាន​ដុល្លារ។

ដូច​ករណី​បទល្មើស​ហិរញ្ញវត្ថុ​ផ្សេងៗ​ដែរ សំណុំ​រឿង​នេះពោរពេញ​ដោយ​ភាព​លម្អិត​និង​បញ្ហា​បច្ចេកទេស​នានា។ ជាក់​ស្ដែង នៅ​ពេល​ដែល​គណៈវិនិច្ឆ័យ​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​ផ្នែក​បច្ចេកទេស​មួយ​ នោះ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ជាប់​ពាក់​ព័ន្ធ​ ត្រូវ​រាយការណ៍​ពី​សកម្មភាព​លម្អិត​របស់​ខ្លួន​ទៅកាន់​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ដែរ។

លោក​ Chang ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខែ​ធ្នូ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ក្រោម​ហេតុផល​ដែល​មន្ត្រី​រដ្ឋាភិបាល​ថា ជា​ដីកា​ចាប់​ខ្លួន​ឱ្យ​ធ្វើ​បត្យាប័ន​មក​សហរដ្ឋ​អាមេរិក ទោះបីជា​មេធាវី​របស់​លោក​បាន​តវ៉ា​ថា​នីតិវិធី​ចាប់​ខ្លួន​ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​ក្តី។

លោក​ Willie Vermeulen មេធាវី​លោក​ Chang បាន​តវ៉ា​ថា​តាម​លក្ខណៈ​បច្ចេកទេស​ កូន​ក្តី​របស់​លោក​គួរ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

មេធាវី​រូប​នេះ​ បាន​បន្ថែម​ថា៖ «យោង​តាម​មាត្រា១៣​នៃ​សន្ធិសញ្ញា​នេះ​ គឺ​មាន​តែ​ការ​ចាប់​ខ្លួន​ជា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ។ ហេតុ​ដូច្នេះ​ហើយ​ ខ្ញុំ​សូម​អរគុណ​និង​ស្នើ​សុំ​អស់​លោក​ដោះលែង​លោក​ Chang ស្របតាម​មាត្រា​ហ្នឹង»។

លោក​ Mutemba ដែល​ជា​សកម្មជន​ បាន​និយាយ​ថា​ លោក​សប្បាយ​ចិត្តនឹង​តាមដាន​សាច់រឿង​ដ៏​ស្មុគស្មាញ​នេះ​រហូត​ដល់​ទី​បញ្ចប់​ ទោះ​បី​ជា​រឿង​នេះ បន្ត​ទៅជា​យ៉ាង​ណា​ក្តី។

លោក​រំពឹង​ថា​នឹង​មានឈ្មោះ​មនុស្ស​កាន់​តែ​ច្រើន​ថែម​ទៀត​ នៅ​ពេល​មាន​ការស៊ើបអង្កេត​ រួម​ទាំង​អតីត​ប្រធានាធិបតី​ម៉ូសំប៊ិក​ លោកArmando Guebuza និង​ប្រធានាធិបតី​បច្ចុប្បន្ន​ លោកFilipe Nyusi ដែល​កាល​នោះ ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ អំឡុង​ពេល​ខ្ចី​ប្រាក់​រវាង​ឆ្នាំ​២០១៣​ ដល់​ឆ្នាំ​២០១៤។

លោក​Mutemba បាន​បន្ថែម​ថា៖ «សូម​កុំ​មក​ប្រាប់​ខ្ញុំ​ថា​ពួក​អស់​លោក​ហ្នឹង​មិនបាន​ដឹង​ថា​មាន​កិច្ច​ព្រមព្រៀង​ខ្ចី​ប្រាក់ ដែល​មាន​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​ហ្នឹង​នោះ»។

នៅ​ពេល​ដែល​ត្រូវ​សាក​សួរ​ឲ្យ​បញ្ជាក់​ថា​តើ​ប្រធានាធិបតី​មួយ​ណា​ដែល​លោក​ចង់​សំដៅ​ដល់​ អតីត​ប្រធានាធិបតី​ ឬ​ប្រធានាធិបតី​បច្ចុប្បន្ន​ លោក​Mutemba​បាន​បញ្ជាក់​ថា៖

«ខ្ញុំ​ចង់​សំដៅ​ដល់​លោក​ប្រធានាធិបតី​ Guebuza ទោះបីជាពេល​នោះ​លោក​Nyusi ក៏​ស្ថិត​ក្នុង​របប​នោះ​ដែរ ហើយ​ពេល​នេះ​លោក​Nyusi ជា​ប្រធានាធិបតី​ ប៉ុន្តែ​គាត់​មិន​ដែល​និយាយ​អ្វី​សោះ។ ពេលនេះ​យើង​ចង់​ឮ​សំដី​ចេញ​ពី​មាត់​លោក​ក្នុង​នាម​ជា​ប្រធានាធិបតី​ម្ដង»៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​

XS
SM
MD
LG