សពអតីតប្រធានមន្ទីរស២១សម័យខ្មែរក្រហម លោក ឌុច ត្រូវបូជាដោយមិនបានធ្វើបុណ្យតាមប្រពៃណីខ្មែរ
សពរបស់លោក កាំង ហេ្កកអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែង ឬមន្ទីរស ២១ ក្នុងសម័យខ្មែរក្រហម ត្រូវបានបូជានៅក្នុងវត្តចាក់អង្រែក្រោម ក្នុងរាជធានីភ្នំពេញ ដោយមិនបានធ្វើបុណ្យតាមប្រពៃណីខ្មែរ។ ការបូជាសពនេះក៏ត្រូវបានយាមកាមដោយកម្លាំងនគរបាលប្រមាណ ១០ នាក់ ហើយមិនឲ្យអ្នកសារព័ត៌មានចូលទៅជិតកន្លែងបូជាសព និងកន្លែងរើសធាតុនោះទេ។ ចំណែកក្រុមគ្រួសារសាច់ញាតិដែលត្រូវជាបងប្អូន និងសាច់ថ្លៃយ៉ាងតិច ៤ នាក់ ក៏បានបដិសេធមិនអត្ថាធិប្បាយ និងលាក់អត្តសញ្ញាណរបស់ពួកគេទាក់ទងនឹង ឌុច នៅពេលអ្នកយកព័ត៌មាន VOA ព្យាយាមសាកសួរ។ លោកស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕