តុលាការមួយក្នុងប្រទេសអេហ្ស៊ីប បានកាត់ទោសលោកអតីតប្រធានាធិបតី Mohamed Morsi ឱ្យជាប់ពន្ធនាគារមួយជីវិតពីបទចោទប្រកាន់ថាបានធ្វើឲ្យបែកធ្លាយការសម្ងាត់របស់រដ្ឋ។
កាលពីថ្ងៃសៅរ៍ តុលាការនេះក៏បានកាត់ទោសប្រហារជីវិតសហចុងចោទរបស់លោក Morsi ៦នាក់ទៀត ដែលមានរួមបញ្ចូលទាំងបុគ្គលិក២នាក់នៃបណ្តាញទូរទស្សន៍ Al-Jazeera និងអ្នកយកព័ត៌មានម្នាក់ទៀត។ ចុងចោទពីរនាក់ទៀតដែលបានធ្វើការនៅក្នុងការិយាល័យរបស់លោក Morsi បានត្រូវកាត់ទោសឱ្យជាប់គុកមួយជីវិតដែរ។
សាលក្រមទាំងអស់កាលពីថ្ងៃសៅរ៍ អាចត្រូវបានតវ៉ាឡើងឧទ្ធរណ៍។ចុងចោទ៧នាក់ក្នុងបណ្តាពួកចុងចោទ១១នាក់ដោយមានរួមបញ្ចូលទាំងលោក Morsi ផងដែរនោះកំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំង។
ចៅក្រមបាននិយាយថា បុគ្គលិកពីរនាក់របស់បណ្តាញទូរទស្សន៍ Al-Jazeera គឺលោក Alaa Omar ជាអ្នកផលិតព័ត៌មាន និងលោក Ibrahim Mohammed Hilal បណ្ណាធិការព័ត៌មាន។ ចំណែកអ្នកយកព័ត៌មានទីបីដែលបានត្រូវកាត់ទោសប្រហារជីវិតបានត្រូវគេប្រាប់អត្តសញ្ញាណថាឈ្មោះ Asmaa al-Khateib ដែលធ្វើការឱ្យបណ្តាញព័ត៌មាន Rasd ដែលជាបណ្តាញផ្សាយព័ត៌មានជាប់សង្ស័យថាមានចំណងទាក់ទងជាមួយអង្គការភាតរភាពឥស្លាម ឬ Muslim Brotherhood របស់លោក Morsi។
តាមរយៈនីតិវិធីជាស្តង់ដារក្នុងករណីមានទោសប្រហារជីវិត អនុសាសន៍របស់ចៅក្រមត្រូវដាក់បង្ហាញនៅការិយាល័យនៃ Grand Mufti របស់ប្រទេសអេហ្ស៊ីប ដែលជាអ្នកមានអំណាចជាន់ខ្ពស់ខាងសាសនាឥស្លាម របស់ប្រទេសជាតិដើម្បីសុំការយល់ព្រម។
គ្មានអត្ថាធិប្បាយជាបន្ទាន់ពីបណ្តាញទូរទស្សន៍ Al-Jazeera ទេដល់សាលក្រមកាលពីថ្ងៃសៅរ៍។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានអំពាវនាវឱ្យមានការបោះបង់ចោលសាលក្រមប្រហារជីវិតជាបន្ទាន់និងទាមទារឲ្យទម្លាក់ចោល«ការចោទប្រកាន់ដែលគួរឱ្យអស់សំណើចប្រឆាំងនឹងអ្នកកាសែតទាំងនេះ»។
លោក Morsi ដែលជាប្រធានាធិបតីទីមួយនៃប្រទេសអេហ្ស៊ីប ដែលបានជាប់ឆ្នោតតាមរយៈការបោះឆ្នោតដោយសេរី និងជាមេដឹកនាំនៃគណបក្ស Muslim Brotherhood បានត្រូវបណ្តេញចេញពីតំណែងដោយក្រុមយោធាកាលពីខែកក្កដា ឆ្នាំ២០១៣ ហើយលោកបានត្រូវកាត់ទោសប្រហារជីវិត ជាប់គុកមួយជិវិតនិងជាប់គុក២០ឆ្នាំក្នុងករណីឯទៀតៗ។
សាលក្រមប្រហារជីវិតទីមួយនិងសាលក្រមពីរបានឋិតនៅក្រោមការតវ៉ាឡើងឧទ្ធរណ៍។
គណបក្សភាតរភាពឥស្លាមឬ Muslim Brotherhood របស់លោកបានត្រូវហាមប្រាមមិនឱ្យមាន ហើយត្រូវបានប្រកាសថាជាអង្គការភេរវជននៅក្រោយការបណ្តេញលោកចេញពីតំណែង។
លោក Morsi បានបម្រើការជាប្រធានាធិបតីទី៥នៃប្រទេសអេហ្ស៊ីប ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២ដល់ថ្ងៃទី៣ ខែកក្កដាឆ្នាំ២០១៣៕