ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​តំណាងរាស្រ្ត​បក្ស​ប្រឆាំង បើក​គ្លីនិក​ឡើង​វិញ​ក្រោយ​ចុះចូល​បក្ស​កាន់​អំណាច


រូបឯកសារ៖ ទិដ្ឋភាពខាងក្រៅនៃគ្លីនិក «លី ស្រីវីណា»។
រូបឯកសារ៖ ទិដ្ឋភាពខាងក្រៅនៃគ្លីនិក «លី ស្រីវីណា»។

អតីត​តំណាង​រាស្រ្តគណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវបានរំលាយ​គឺ​ លោកស្រី ​លី ស្រីវីណា ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​គ្លីនិក​របស់​លោកស្រី​ឡើង​វិញ ​ក្រោយ​ពី​ត្រូវបាន​បញ្ជាឲ្យ​បិទទ្វារ​ពីរ​សប្តាហ៍​កន្លងមក​ ​ដោយ​ក្រសួង​សុខាភិបាល​បាន​ការពារ​ថា ​កា​រអនុញ្ញាត​នេះ​ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ។​

លោកស្រី​ លី ស្រីវីណា​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ម្ចាស់​មន្ទីរ​ពេទ្យ​សម្រាក​ព្យាបាល​មួយ​កន្លែង​នៅ​សង្កាត់​ទួល​ទំពូងទី​២​ ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ​ ដែល​មាន​ឈ្មោះ​ថា ​«លី ស្រីវីណា» ​និង​មាន​សាខា​មួយ​ទៀត​នៅ​ក្នុង​ខេត្ត​សៀម​រាប។ គ្លីនិក​របស់លោកស្រីនៅ​ភ្នំពេញ ​ត្រូវ​បាន​ក្រសួង​សុខាភិបាលសម្រេច​បិទកាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា​ ដោយ​ក្រសួង​បញ្ជាក់​មូល​ហេតុ​ថា «ពុំ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ផ្តល់​សេវា​សង្រ្គោះអ្នក​ជំងឺ»។

ការ​បិទ​នេះ ក្រោយ​មាន​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ថា ​អ្នក​ជំងឺម្នាក់​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​របស់​លោកស្រី ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃ​ទី​២៩ ខែ​តុលា ​ដោយ​មាន​អ្នក​សារព័ត៌មាន​ចុះ​ទៅ​ថត​ព្រោង​ព្រាត​ រួច​ហើយ​បង្ហោះ​វីដេអូ​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក។

ក្រោយ​មក​ អតីត​តំណាងរាស្រ្ត​បក្ស​ប្រឆាំង ដែល​ជា​វេជ្ជ​បណ្ឌិត​ផង​នោះ ​បាន​សរសេរ​លិខិតទៅ​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន ​សុំ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ លោក​ ហ៊ុន សែន ក៏​បាន​យល់​ព្រម។

នៅ​លើ​ហ្វេសប៊ុក​របស់​គ្លីនិក ​លី ស្រីវីណា ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​មាន​ការ​ផ្សព្វផ្សាយ​ថា​គ្លីនិក​ នឹង​ចាប់​ផ្តើម​បើក​ទទួល​អ្នក​ជំងឺ​ឡើង​វិញ ​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ​នេះ​ត​ទៅ។

លោកស្រី ​លី ស្រីវីណា ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ជាមួយ​អ្នក​សារព័ត៌មាន ​នៅ​ពេល​ VOA​ ទាក់​ទង​ទៅ​នៅ​ថ្ងៃ​នេះ។

រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខា​ភិបាល ​លោកស្រី ​ឱ វណ្ណឌីន ​ថ្លែង​ប្រាប់​ VOA ​តាម​ប្រព័ន្ធ​តេឡេ​ក្រាម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ក្រសួង​សុខាភិបាលបា​ន​អនុញ្ញាត​ឲ្យ​លោកស្រី ​លី ស្រីវីណា ​បើក​គ្លីនិក​ឡើង​វិញ ក្រោម​ហេតុ​ផល​ថា ​«បាន​គោរព​តាម​ការ​កំណត់​បម្រើ​តែ​សេវា​បឋម ​និង​មាន​កិច្ច​សន្យា​ត្រឹម​ត្រូវ គោរព​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល ​ព្រម​ទាំង​អាជ្ញា​ធរ​មូលដ្ឋាន ដែល​មាន​មន្ទីរ​សុខាភិ​បាលរាជធានី​ភ្នំពេញ ក៏​បាន​ត្រួត​ពិនិត្យ​ និង​ឯកភាព​ដែរ»។

លោកស្រី​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នានា​ដែល​ថា ​ការ​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ​នេះ​ មាន​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ ក្រោយ​លោកស្រី​ លី ស្រីវីណា ​សុំ​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច។

លោក​ស្រី​បញ្ជាក់​ប្រាប់​ VOA ​ថា​៖ «[វា]​មិន​មែន​ជា​រឿង​នយោបាយ​ទេ​ក្មួយ​ ជា​រឿង​បច្ចេកទេស ​ដែល​ចាំបាច់​ត្រូវ​បិទ ដើម្បី​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អិត​ល្អន់​ និង​មាន​ការ​ណែនាំ​ឲ្យ​កំណ​ត់ត្រឹម​សេវា​បឋម​ឲ្យ​បាន​តាម​កិច្ច​សន្យា​ផង​ដែរ​»។

លោក ​អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ មាន​ប្រសាសន៍​ថា នេះ​ជា​ការប្រើប្រាស់​មធ្យោ​បាយ​ «សម្លុត​ ចាប់​បង្ខំ​ គំរាម​កំហែង និង​ចាប់​ចង» ដើម្បី​ឲ្យ​អ្នក​មាន​ទស្សនៈ​ផ្ទុយ​ពី​ខ្លួន​ចុះ​ចូល។

លោក​មាន​ប្រសាសន៍​ថា៖ «ដូច​ករណី​ លី ស្រីវីណា​ ហ្នឹង យើង​ឃើញ​ច្បាស់​ហើយ គឺ​គេ​បាន​បិទ​គ្លីនិក​គាត់​ដោយ​មិន​សម​ហេតុ​ផល។ យើង​ដឹង​ហើយ​ថា​ គ្លីនិក​សម្រាប់​ព្យាបាល​នីមួយ​ៗ វា​គ្មាន​ពេទ្យ​ណា​មួយ​ដែល​ព្យាបាល​ មនុស្ស​មិន​មាន​ការ​ស្លាប់​ទេ ព្រោះ​វា​មិន​មែន​ជា​ទេវតា​ទេ»។

លោក​បន្ថែម​ថា​ អ្នកដែល​មិន​មាន​ទស្សនៈរណប​នឹង​រដ្ឋាភិបាល​ និង​បក្ស​កាន់​អំណាច​ តែង​តែ​ទទួល​រង​គ្រោះ​។

លោក​មាន​ប្រសាសន៍​ថា៖ «នៅ​ស្រុក​យើង​ វា​អត់​មាន​អញ្ចឹង​ទេ។ អ្នក​ណា​ដែល​មិន​បាន​រណប​ខ្លួន អ្នក​ណា​មិន​បាន​សូក​លុយ​ខ្លួន គឺ​ច្រើន​យក​លេស​ផ្សេងៗ ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​គេគ្រប់​បែប​យ៉ាង»។

លោក​ សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ធ្លាប់​បាន​ប្រាប់​ VOA ​ថាការ​សម្រេច​ចិត្ត​របស់​លោក​ស្រី លី ស្រីវីណា ​មក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​មិន​មែន​ជា​ការ​បង្ខំ​អ្វី​នោះ​ទេ។

លោកស្រី ​លី ស្រីវីណា ​ដែល​ជា​វេជ្ជ​បណ្ឌិត​មួយ​រូប ​ទទួល​សញ្ញាបត្រ​ពី​សាកល​វិទ្យា​ល័យ​វេជ្ជ​សាស្រ្តមួយ​នៃ​ប្រទេស​ប៉ូឡូញ​ ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​១១៨​រូប ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​ ក្រោយ​តុលាការ​កំពូល​រំលាយ​បក្ស​ប្រឆាំង​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។

ភ្លាមៗ​បន្ទាប់​ពី​សុំ​ចុះ​ចូល លោក​ស្រី​ លី​ ស្រីវីណា ត្រូវ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ធ្វើ​នយោបាយ​ឡើង​វិញ តាម​ការ​ស្នើ​សុំ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

កាលពី៣​ឆ្នាំ​មុន គឺ​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​ ២០១៧ មុន​ពេល​គណ​បក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល​លោកស្រី លី ស្រីវីណា ​បាន​សម្រេច​លាលែង​ពី​គណបក្ស​ ហើយ​លោកស្រី​បក​ស្រាយ​កាល​នោះ​ថា​ លោកស្រី​ «មិនមាន​ចេតនា»​ ចូលរួម​ជាមួយគណ​បក្ស​ប្រជាជន​កម្ពុជា​ ដូចកា​រផ្សព្វ​ផ្សាយនានា​តាម​បណ្តាញ​សង្គម​នោះទេ។ លោក​ស្រី​បញ្ជាក់​ថា​ ការ​លាលែង​នេះ ​ដោយ​សារ​មមាញឹក​នឹង​ការងារ៕

XS
SM
MD
LG