ការវាយលុករបស់ប្រទេសរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដោយគ្មានការបង្កហេតុជាមុន នាំឲ្យពលរដ្ឋអាមេរិកាំងជាច្រើនឈឺឆ្អាល ហើយស្វែងរកវិធីផ្សេងៗដើម្បីជួយប្រទេស និងពលរដ្ឋអ៊ុយក្រែន។ អ្នកខ្លះ ស្ម័គ្រចិត្តធ្វើដំណើរទៅបណ្តាប្រទេសជិតខាងអ៊ុយក្រែន ដើម្បីជួយជនភៀសខ្លួនដែលភាគច្រើនជាស្ត្រីនិងកុមារ ដែលកំពុងរត់ចេញពីការវាយប្រហារប្រចាំថ្ងៃរបស់រុស្ស៊ី។ អ្នកខ្លះទៀត ស្ម័គ្រចិត្តទៅចូលរួមជាមួយពលរដ្ឋអ៊ុយក្រែនក្នុងការប្រយុទ្ធតទល់ជាមួយកងទ័ពរុស្ស៊ី ទោះជាស្ថានទូតសហរដ្ឋអាមេរិកប្រចាំរដ្ឋធានីកៀវ អំពាវនាវមិនឲ្យជនជាតិអាមេរិកាំងធ្វើដំណើរទៅប្រទេសអ៊ុយក្រែនក៏ដោយ។ សម្រាប់អតីតជនភៀសខ្លួនខ្មែរមួយចំនួននៅទីក្រុង San Bernadino ដែលស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីក្រុង Long Beach រដ្ឋ California ពួកគាត់បាននាំគ្នារៀបចំការលាងរថយន្តមួយនៅវត្តសុវណ្ណារ៉ាម ដើម្បីអង្គាសប្រាក់យកទៅជួយជនភៀសខ្លួនអ៊ុយក្រែន ដែលកំពុងជ្រកកោននៅក្នុងបណ្តាប្រទេសជិតខាងរបស់ខ្លួន រួមមានប្រទេសប៉ូឡូញ និង ហុងគ្រីជាដើម។ លោក សុកាណ ហ៊ុនរ៉ូ ជាអ្នកផ្តួចផ្តើមគំនិតរៀបចំការលាងរថយន្តនេះ កាលពីថ្ងៃសៅរ៍ ទី១៩ ខែមីនា កន្លងទៅនេះ៕