ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម៖ ចលនា​ខ្មែរ​ក្រហម​រីក​ដោយ​សារ​ការ​ឈ្លាន​ពាន


មន្ត្រី​យោធានិង​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ការ​កាត់ទោស​មេដឹកនាំខ្មែរក្រហម​នៅ​សាលាក្តី​ដែល​គាំទ្រ​ដោយអង្គការ​សហប្រជាជាតិ​ក្នុង​ក្រុងភ្នំពេញ នៅ​ថ្ងៃទី៦ ធ្នូ ២០០១។
មន្ត្រី​យោធានិង​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ការ​កាត់ទោស​មេដឹកនាំខ្មែរក្រហម​នៅ​សាលាក្តី​ដែល​គាំទ្រ​ដោយអង្គការ​សហប្រជាជាតិ​ក្នុង​ក្រុងភ្នំពេញ នៅ​ថ្ងៃទី៦ ធ្នូ ២០០១។

នៅ​ថ្ងៃ​ពុធ​នេះ សាក្សី​សក្ដានុពល​ម្នាក់​ដែល​ជា​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរក្រហមថ្លែង​ថា កម្ពុជា​បាន​ស្ថិតនៅ​ក្នុង​ការ​ឈ្លានពាន​ដែល​ជំរុញ​ឲ្យ​មាន​ក្រុម​បញ្ញាជន​ចូលរួម​ក្នុង​ចលនា​កុម្មុយនីស្ដ​បែប​ម៉ៅ​និយម។

លោក ​ឡុង​ នរិន្ទ ​អាយុ​៧៣ ​ឆ្នាំ​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរក្រហម​ដែល​បាន​បម្រើការ​ក្នុង​ក្រសួង​ការបរទេស​ជាមួយ​ អៀង​ សារី​ ចន្លោះ​ពី​ខែ​មេសា ​ឆ្នាំ​១៩៧៥ ​ដល់​ខែ​មករា ​ឆ្នាំ​១៩៧៩។ គាត់​បាន​ផ្ដល់​សក្ខីកម្ម​នៅ​ពេល​ដែល​អង្គជំនុំជម្រះ​សាលាដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​កំពុង​តែ​កាត់ទោស​នួន ​ជា ​ខៀវ ​សំផន​ និង​អៀង​ សារី​ ក្នុង​សំណុំរឿង​០០២​នៅ​ថ្ងៃ​នេះ។ លោក ​ឡុង ​នរិន្ទ​ បាន​និយាយ​តាម​ការ​ភ្ជាប់​វីដេអូ​ពី​ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយមានជ័យ ​ជា​ទី​ដែល​គាត់​កំពុង​រស់​នៅថា​ ការ​ចូល​រួម​របស់​គាត់​ក្នុង​បក្ស​កុម្មុយនីស្ដ​គឺ​ដើម្បី​ផ្ដួល​រំលំ​ការ​ឈ្លានពាន​ពី​បរទេស។

«ចូល​ក្នុង​បក្ស​ហ្នឹង​ ដោយ​មិន​ដឹង​ខ្លួន​ទេ​ មែនទែន​ទៅ។ វា​ទាំង​អស់​គ្នា​មែនទែន​ពីព្រោះ​ប្រទេស​យើង​ត្រូវ​គេ​ឈ្លានពាន។ ត្រូវ​តែ​គេ​ចូលរួម​ប្រយុទ្ធ​ហើយ»។

លោក ​ឡុង ​នរិន្ទ​ បាន​ទៅ​រៀន​ផ្នែក​អប់រំ​ និង​កីឡា​នៅ​ប្រទេស​ឆេកូ ​ពី​ឆ្នាំ​១៩៦០ ​ដល់​ឆ្នាំ​១៩៧០​ គឺ​រយៈពេល​ដប់​ឆ្នាំ។ គាត់​បាន​អះអាង​ថា​ អតីត​ព្រះមហាក្សត្រ​សម្ដេចឪ នរោត្តម ​សីហនុ ​បាន​ហៅ​រូប​គាត់​ឲ្យ​ចូលរួម​ក្នុង​ចលនា​តស៊ូ​នៅ​ទីក្រុង​ប៉េកាំង ​ដែល​មាន​អៀង ​សារី​ នៅ​ទីនោះ​ដែរ។

ទោះ​ជា​យ៉ាង​ណា ​ឡុង ​នរិន្ទ ​មិន​បាន​បង្ហាញ​ចំៗ​ពី​ការ​ឈ្លានពាន​របស់​បរទេស​បែប​ណា​នោះ​ទេ។

ក្រុម​អតីត​កម្មាភិបាល​ខ្មែរក្រហម​បាន​ចង្អុល​ដៃ​ទៅ​រក​វៀតណាម​ចំពោះ​ការ​ស្លាប់ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧​លាន​នាក់​ក្នុង​ពេល​ដែល​ពួក​គេ​កាន់​កាប់​អំណាច​ពី​ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩។ នៅ​ក្នុង​ការ​ឆ្លើយ​ក្នុង​សវនាការ ​នួន ​ជា ​អតីត​បង​ធំ​ទី​២​ នៃ​របប​ខ្មែរក្រហម​បាន​ចោទ​ប្រកាន់​ម្ដង​ហើយ​ម្ដង​ទៀត​លើ​វៀតណាម​អំពី​បញ្ហា​នេះ។

លោក ​ឡុង ​នរិន្ទ ​បាន​រៀបរាប់​ថា ​ពួក​កុម្មុយនីស្ដ​ទ័ព​ព្រៃ​ខ្មែរក្រហម​ បាន​បង្កើត​ស្ថានីយ៍​វិទ្យុ​មួយ​ ដែល​មាន​ឈ្មោះ​ថា ​វិទ្យុ​រណសិរ្ស​រួបរួម​ជាតិ​ប្រជាធិបតេយ្យ​ ដែល​វៀតណាម​បាន​ផ្ដល់​ទីកន្លែង​ឲ្យ​ធ្វើ​ការ​ផ្សាយ​ចេញ​ពី​ទីក្រុង​ហាណូយ​សម្រាប់​បម្រើ​ដល់​ការ​តស៊ូ​ប្រដាប់​អាវុធ​នៅ​កម្ពុជា។

ថ្វី​បើ​ដូច្នេះ​មន្ដ្រី​ផ្លូវការ​ស្ថានទូត​វៀតណាម ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​ទីក្រុង​ហាណូយ។

ឯកសារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា វៀតណាម​ និង​ពួក​ខ្មែរក្រហម​ធ្លាប់​ត្រូវ​រ៉ូវ​គ្នា​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ការ​តស៊ូ​រៀងៗ​ខ្លួន ​ប៉ុន្ដែ​បាន​ចាប់​ផ្ដើម​បែក​បាក់​គ្នា​មុន​នឹង​ពួក​ខ្មែរក្រហម​បាន​ឡើង​កាន់​អំណាច។

លោក សុខ សំអឿន ​នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ​មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​ពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​បរទេស​នៃ​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​អាច​ជា​វិធីសាស្ដ្រ​ស្វែងរក​ការ​សម្រាល​ទោស​ និង​ជា​ការ​ព្យាយាម​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​នៃ​ទ្រឹស្ដី​កុម្មុយនីស្ដ​ បែប​ម៉ៅនិយម។

សូម​បញ្ជាក់​ថា ​អង្គជំនុំជម្រះ​សាលាដំបូង​នៅ​ថ្ងៃ​នេះ​ បាន​បន្ដ​បើក​សវនាការ​ដេញដោល​វែកញែក​លើ​ឬស​គល់​នៃ​ការ​កកើត​ នៃ​បក្សកុម្មុយនីស្ដ​ពួក​ខ្មែរក្រហម។ ​ជន​ជាតិ​ដើម​ភាគតិច​ លោក ​រ៉ូម៉ាម​ យន់ ​អតីត​គណៈស្រុក​អណ្ដូងមាស ​ខេត្ត​រតនគិរី​ នៅ​ក្នុង​របប​ខ្មែរក្រហម​ក៏​បាន​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​ការ​កាត់ទោស​នៅ​ថ្ងៃ​នេះ​ដែរ។ ​លោក ​រ៉ូម៉ាម ​យន់ ​បាន​ឆ្លើយ​ហាក់​ដូច​ជា​មាន​ការ​ស្ដាយ​ក្រោយ​ថា គាត់​បាន​ «ជ្រុល​ខ្លួន» នៅ​ក្នុង​បក្ស​កុម្មុយនីស្ដ​ជាមួយ​ពួក​ខ្មែរក្រហម​ ហើយ​ការ​ធ្វើ​បដិវត្តន៍​របស់​ពួក​ខ្មែរក្រហម​បាន​បង្ហាញ​ភាព​ស្អាតស្អំ​តែ​ពី​ដំបូង​មុន​ការ​ឡើង​កាន់​អំណាច​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG