ជនបរទេសច្រើនពាន់នាក់ជាប់នៅក្នុងអំពើឃោរឃៅនៅក្នុងប្រទេសលីប៊ីកំពុងពុះពារចាកចេញពីតំបន់កើតហេតុ។ ជនបរទេសខ្លះឡើងយន្តហោះ ឡើងនាវាចម្លង និងនាវាផ្សេងៗទៀតដែលជួលដោយរដ្ឋាភិបាលរបស់ពួកគេ រីឯអ្នកខ្លះទៀតកំពុងប្រសេចប្រសាចឆ្លងព្រំដែនទៅប្រទេសអេហ្ស៊ីពដែលនៅជិតខាង។ ជនបរទេសជាច្រើនត្រូវបានជួយឲ្យមានសុវត្ថិភាពដោយជនជាតិលីប៊ី ដែលឋិតនៅក្រោមការហ៊ុំព័ទ្ធ។
មនុស្សទាំងហ្វូងដើរពពាក់ពពូនឆ្លងកាត់វាលខ្សាច់ចូលទៅក្នុងប្រទេសអេហ្ស៊ីព ចាកចេញពីជីវិតដែលពួកគេបានកសាងនៅក្នុងប្រទេសមួយសម្បូរណ៌ទៅដោយប្រេង ដែលពីមុនធ្លាប់ ផ្តល់ក្តីសង្ឃឹមនូវភោគទ្រព្យខ្លះ ទោះជាតិចតួចក៏ដោយ។
ពួកគេភៀសខ្លួនទាំងភ័យខ្លាច យកជាប់ខ្លួននូវអ្វីដែលគេអាចយកទៅបាន។ អ្នកខ្លះយកបានតិចតួច អីវ៉ាន់ស្រាលៗ កម្រាលគេង សម្លៀកបំពាក់បន្តិចបន្តួច ប្រាក់សន្សំបន្តិចបន្តួចដែលពួកគេមាននៅក្នុងផ្ទះ។ អ្នកខ្លះទៀត ទោះបីគ្មានបានអ្វីសោះក៏ដោយ ក៏ពួកគេត្រេកអរណាស់ដែរ ព្រោះបានរត់គេចដោយមានជីវិត។
លោក Wael Mohammad ជនជាតិអេហ្ស៊ីពម្នាក់ ជាអ្នកធ្វើនំបុ័ងនៅក្នុងប្រទេសលីប៊ីភាគខាងកើត។ ទោះជាតំបន់នេះពោរពេញដោយការក្រេវក្រោធ និងការថ្នាំងថ្នាក់ចិត្តប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងទីក្រុងទ្រីប៉ូលីក៏ដោយ ក៏លោក Mohammad និយាយថា លោកមិនបានខ្លាចទេ ពេលការបះបោរបានចាប់ផ្តើមនោះ។
លោក Mohammad និយាយថា លោកគិតថា ការបះបោរនោះមានតែមួយថ្ងៃឬពីរថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែស្រាប់តែការវាយប្រហារតបវិញរបស់រដ្ឋាភិបាលបានចាប់ផ្តើមឡើង។ លោកនិយាយាថា មានការវាយប្រហារដោយកាំភ្លើងយន្តនិងកាំភ្លើងត្បាល់ ហើយមានទាំងទាហានស៊ីឈ្នួលផង។ លោកបន្ថែមថា ពេលលោកក្រឡេកមើលទៅក្រោយវិញ ត្រង់តំបន់ខ្ពង់រាបនៃប្រទេសលីប៊ីនោះ លោកមានក្តីរន្ធត់ណាស់។
ប៉ុន្តែសូម្បីមនុស្សច្រើនពាន់នាក់នៅក្នុងស្ថានភាពដូចលោក Mohammadនេះ នាំគ្នាចាកចេញក៏ដោយ ក៏មានការរត់ពពាក់ពពូនផ្សេងទៀតតម្រង់ចូលទៅប្រទេសលីប៊ីដែរ។
អង្គការអឌ្ឍចន្ទក្រហមនិងអង្គការមនុស្សធម៌ផ្សេងៗទៀតកំពុងបញ្ជូនរបស់ប្រើប្រាស់តាមរថយន្តធំៗ និងបានបោះសំពត់តង់ជាជម្រកឲ្យដល់ជនរត់ចោលលំនៅដ្ឋាន។ បណ្តាញទំនាក់ទំនងក្រៅផ្លូវការក៏បានកើនឡើងផងដែរ ពីព្រោះមានក្រុមជនជាតិលីប៊ីទាំងឡាយដែលរស់នៅក្រៅប្រទេស បានត្រឡប់ទៅផ្ទះវិញ ដោយនាំយកប្រាក់កាស ឱសថនិងអ្វីក៏ដោយដែលពួកគេអាចយកទៅបានដើម្បីជួយដល់ជនរួមជាតិរបស់គេ៕
ប្រែសម្រួលដោយ នុច សារីតា