ស្ថានភាពរីងស្ងួត និង ខ្យល់បក់ខ្លាំង ជំរុញឲ្យមានភ្លើងព្រៃបំផ្លិចបំផ្លាញតំបន់ភាគខាងជើងប្រទេស ម៉ិចស៊ីកូ និងរដ្ឋមួយចំនួននៃ តំបន់ផ្ទៃដីរាបនៃភាគខាងត្បូង ស.រ.អ. ជាពិសេសរដ្ឋតិចសាស ដែលគេហដ្ឋានជាងម្ភៃខ្នង បានត្រូវឆេះ កាលពីពេលថ្មីៗនេះ។ អាកាសធាតុស្ងួត បានធ្វើឲ្យប៉ះពាល់ដល់កសិកម្ម បណ្ដាលឲ្យម្ហូបអាហារឡើងថ្លៃ។
ភ្លើងព្រៃឆេះលឿនរហ័សបានបំផ្លាញ ដីទំហំ ៣ម៉ីនពីរពាន់ហិចតារ នៅតំបន់កសិដ្ឋាន ភាគខាងលិចរដ្ឋតិចសាស និង នៅជុំវិញ Fort Davis កាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ដោយសម្លាប់សត្វ គោ និងសេះ ហើយធ្វើឲ្យវាលស្មៅសត្វស៊ី ឆេះខ្លោចហុយផ្សែងទ្រលោម។
ភ្លើងព្រៃនោះ រាលដាលដល់តំបន់មនុស្សរស់នៅ នៅជុំវិញ Fort Davis ហើយបានបំផ្លាញគេហដ្ឋាន ២៤ ខ្នង ។
អ្នកនាំពាក្យរបស់ ក្រុមពន្លត់ភ្លើងនៃស្រុក Fort Davis លោក Jim Fowler ថ្លែងថា ម្ចាស់ផ្ទះឆេះ បានគេចខ្លួនផុតពីគ្រោះថ្នាក់ដោយសុវត្ថិភាព ហើយ ឋិតនៅក្នុងជំរំបណ្ដោះអាសន្ន ។
«បុគ្គលិកសង្រ្គោះ របស់កាកបាតក្រហម ចាត់ចែងការណ៍នេះ។ គេចែកប័ណ្ណសំណាក់នៅសណ្ឋាគារ និងប័ណ្ណអាហារ ហើយ សណ្ឋាគារមួយចំនួននៅទីនេះអនុញាតបើកបន្ទប់មិនគិតថ្លៃដល់ជនរងគ្រោះទាំងនោះ»។
លោក Fowler និយាយថា សត្វគោ នឹង សេះខ្លះចេញមិនរួចពីអគ្គីភ័យ។ លោក និយាយថាក្រុមសង្គ្រោះដើរល្បាតនៅតាមតំបន់ភ្លើងឆេះនៅជនបទបានរកឃើញសត្វស្លាប់នៅច្រើនកន្លែង។
លោក ថ្លែងថាខ្យល់បក់ខ្លាំង ធ្វើឲ្យមានការលំបាកដល់ក្រុមអ្នកពន្លត់ភ្លើងដែលខិតខំទប់ទល់មិនឲ្យភ្លើងរាលដាលដល់ទីកន្លែងដទៃ រួចសភាពស្ងួត និងខ្យល់បក់ខ្លំាង អាច មាននៅជាច្រើនសប្ដាហ៍តទៅទៀត។
«នៅពេលនេះ ក្នុងរដូវផ្ការីក ជាធម្មតា នៅពេលដែលមានខ្យល់បក់ខ្លាំង និង អាកាសធាតុស្ងួត នេះ ជារដូវភ្លើងព្រៃ។ ការព្យាករណ៍ រយៈពេលយូរ អំពីព័ត៌មានអាកាសធាតុដែលយើងបានស្រាវជ្រាវ បង្ហាញឲ្យដឹងថាយើងមិនមានភ្លៀងធ្លាក់ទេ រហូតដល់រដូវភ្លៀងធម្មតាដែលនឹងចាប់ផ្ដើមនៅខែកក្កដា និង ខែ សីហា»។
អាកាសធាតុវិទូ នៃ សកលវិទ្យាល័យ Texas A & M ផ្នែកខាងឧតុនិយម លោក John Nielson Gammon ថ្លែងថា ស្ថានការដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់តំបន់ភាគខាងលិចរដ្ឋតិចសាស ជាធម្មតា កើតមានឡើងនៅពេលនេះ នៅលើតំបន់ជាច្រើនដទៃ នៃរដ្ឋតិចសាស។
«ខែមីនា ជាខែរំាងស្ងួតបំផុតនៅក្នុងប្រវត្ដិ របស់រដ្ឋ ហើយ រដូវផ្ការីក ជាពេលដែលខ្យល់បក់ខ្លាំង។ ទាំងអស់បូកចូលគ្នាធ្វើឲ្យមានគ្រោះថ្នាក់នៃការឆេះភ្លើងព្រៃនៅក្នុងរដ្ឋតិចសាស ក្នុងឆ្នាំនេះ»។
គេឃើញមានភ្លើងព្រៃចំនួន ៦៥០លើក ក្នុងឆ្នាំនេះ នៅតំបន់ភាគខាងលិចរដ្ឋតិចសាសលើដី ដែលមានទំហំ ១ លាន គីឡូម៉ែត្រក្រឡា។
ក្រុមអ្នកពន្លត់ភ្លើងបានជោគជ័យក្នុងការទប់ស្កាត់ភ្លើងព្រៃ ដែលបានឆេះ នៅចុងសប្ដាហ៍នេះ ជិតស្រុក Midland រដ្ឋតិចសាស ក្រោយពីភ្លើងព្រៃ បានបំផ្លាញផ្ទះ៣០ខ្នង ហើយឆេះ នៅលើដីកសិដ្ឋាន ៦ពាន់ហិចតារ ។ គុណភាពខ្យល់ ដកដង្ហើម នៅតាមបណ្ដោយព្រំដែន ស.រ.អ. ម៉ិចស៊ីកូ បានត្រូវប៉ះពាល់ពីផ្សែងចេញពីភ្លើងព្រៃដ៏ធំនៅតំបន់ខាងជើងនៃស្រុក កៅ វី លា នៃប្រទេសម៉ិចស៊ីកូ ។ ពេលដែលខ្យល់បក់ខ្លាំងមកលើរដ្ឋតិចសាស ការិយាល័យពន្លត់ភ្លើងតិចសាស និង ក្រុមចាត់ចែង តាមពិនិត្យមើលដឹតដល់ តំបន់ដែលមានរុក្ខជាតិស្ងួត ងាយស្រួលឆេះ។
អាកាសធាតុវិទូ លោក Nielson Gammon និយាយថា ភាពរីងស្ងួត ក៏ធ្វើឲ្យប៉ះពាល់ដល់តំបន់កសិកម្មសំខាន់ៗរបស់រដ្ឋតិចសាសខ្លះ។
លោក Nielson Gammon ថ្លែងថា ដំណាំស្រូវសាឡី នៅក្នុងរដ្ឋតិចសាស បានត្រូវបំផ្លាញដោយការរីងស្ងួត បណ្ដាលឲ្យអាហារឡើងថ្លៃ។លោកកត់សំគាល់ថា ភ្លៀងធ្លាក់ជាមធ្យមក្នុងរយៈពេល ៥ ខែ កន្លងទៅនេះ នៅក្នុងរដ្ឋតិចសាសមាន ប្រមាណ ១២ សង់ទីម៉ែត្របុណ្ណោះ ជាកម្រិតទាបបំផុត ចាប់តាំងពីឆ្នាំ១៩៦៧ មក។ រដ្ឋតិចសាសជារដ្ឋផលិតសត្វគោ ដ៏ ធំជាងគេបង្អស់ នៅក្នុង ស.រ.អ. ហើយជាប់លំដាប់ថ្នាក់ទីពីរជារដ្ឋដាំដើមស្រូវ។
ស្ថានភាពរីងស្ងួត ក៏បានបណ្ដាលឲ្យមានបញ្ហាដល់តំបន់ដីរាប នៃ ភាគ ខាងត្បូង ស.រ.អ. រាប់ទាំង រដ្ឋ New Mexico Colorado Okhlahoma និងរដ្ឋនៃតំបន់ពាក់កណ្ដាលខាងលិច Kansas ដែរ។
ប្រែសម្រួលដោយ អ៊ូ ធួក