ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្ម័គ្រចិត្ត​ភីសខរស៍​ ក្រុម​ទី​៥​មក​ដល់​កម្ពុជា


Mlada Poljakinja, nedaleko od Varšave, u igri sa konjem i psom.
Mlada Poljakinja, nedaleko od Varšave, u igri sa konjem i psom.

ជនជាតិ​អាមេរិកាំង​ចំនួន​៥៩​នាក់​នៃ​ភ្នាក់ងារ​អ្នក​ស្ម័គ្រចិត្ត​ភីសខរស៍ (Peace Corps) បាន​ស្បថ​ចូល​កាន់​ការងារ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្ម័គ្រចិត្ត​របស់​ភ្នាក់ងារ​នេះ​កើន​ដល់​១០៦​នាក់​ នៅ​កម្ពុជា។ អ្នក​ស្ម័គ្រ​ចិត្ត​កំពុង​រស់​នៅ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​ផ្ទាល់​ក្នុង​ខេត្ត​ចំនួន​១៥។

លោក ​ចេហ្វ ​ដេហ្គល ​(Jeff Daigle) ​ភារៈធារី​អម​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ មាន​ប្រសាសន៍​ក្នុង​ពិធី​ស្បថ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ បេសកកម្ម​របស់​អ្នក​ស្ម័គ្រចិត្ត​ទាំង​នេះ​ បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​យ៉ាង​សំខាន់​សម្រាប់​ប្រទេស​ទាំង​ពីរ​ កម្ពុជា ​សហរដ្ឋ​អាមេរិក។

«អ្នក​ស្ម័គ្រ​ចិត្តភីសខរស៍​រស់​នៅ​ជាមួយ​គ្រួសារ​ខ្មែរ​ ទទួល​បាន​នូវ​ការ​យល់​ដឹង​យ៉ាង​ជ្រាល​ជ្រៅ​អំពី​វប្បធម៌​របស់​កម្ពុជា ​យល់ដឹង​ពី​ភាសា​របស់​ប្រទេស​នេះ​ និង​យល់ដឹង​ពី​ប្រជា​ពល​រដ្ឋ​នៃ​ប្រទេស​នេះ។​ នៅ​ពេល​ដែល​អ្នក​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ ​ពួក​គេ​នឹង​មាន​អ្វីៗ​ជា​ច្រើន​សម្រាប់​ចែក​រំលែក​ដល់​ជនជាតិ​អាមេរិក​អំ​ពី​ប្រទេស​កម្ពុជា។ តាមរយៈ​នេះប្រទេស​យើង​ទាំង​ពីរ​ទទួល​បាន​ផលប្រយោជន៍​អំពី​កម្មវិធី​របស់​ ភីសខរស៍។

ទីភ្នាក់ងារ​ភីសខរស៍​ត្រូវ​បង្កើត​ឡើង​ដោយ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក ​ចន ​ខេណិឌី ​(John F. Kennedy)។ នៅ​ឆ្នាំ​១៩៦១​ ដើម្បី​លើក​កម្ពស់​មិត្តភាព ​និង​សន្ដិភាព​ជាមួយ​បណ្ដា​ប្រទេស​នានា​ក្នុង​ពិភព​លោក គោល​បំណង​នៃ​ទីភ្នាក់ងារ​នេះ ​គឺ​បណ្ដុះបណ្ដាល​ និង​អប់រំ​បុរស ​និង​ស្ដ្រី​នៅ​តាម​បណ្ដា​ប្រទេស​ដែល​ចាប់​អារម្មណ៍ ​និង​ដើម្បី​លើក​កម្ពស់​ការ​យោគយល់​គ្នា​ ជាពិសេស​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។​ ចាប់​តាំង​ពី​ពេល​នោះ​មក​មាន​ជនជាតិ​អាមេរិកាំង​នៃ​ក្រុម​ភីសខរស៍​ប្រហែល​ចំនួន​ ២សែន​នាក់បាន​ចូល​បម្រើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ប្រទេស​ចំនួន​១៣៩ ដែល​ក្នុង​នោះ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​២២៧​នាក់​បាន​មក​បំពេញ​ការងារ​នៅ​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ ​២០០៧​ មក។​ នេះ​បើ​យោង​តាម​តួលេខ​របស់​ភ្នាក់ងារ​ភីសខរស៍​នៅ​កម្ពុជា។

អ្នក​ស្ម័គ្រ​ចិត្ត​ក្រុម​ទី​៥ មាន​ចំនួន​៥៩នាក់​ ដែល​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​រយៈពេល​ប្រាំបួន​សប្ដាហ៍​ក្នុង​ខេត្ត​តាកែវ​ ដោយ​ចាប់​ផ្ដើម​រស់​នៅ​ជាមួយ​គ្រួសារ​នៃ​ពលរដ្ឋ​កម្ពុជា​នៅ​ទីនោះ។ ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​ការងារ​ជា​ផ្លូវការ ពួកគេ​បាន​ស្លៀក​ពាក់​ជា​របៀប​ខ្មែរ មាន​អាវប៉ាក់ ​និង​សំពត់​ហូល។ ​ក្រុម​ទី​៥​នេះ​នឹង​មាន​បេសកម្ម​ជួយ​បង្រៀន​ភាសា​អង់គ្លេស​ដល់​យុវជន​កម្ពុជា ​និង​ចូលរួម​សកម្មភាព​អប់រំសុខភាព និង​អនាម័យ​ដល់​សហគម​ខ្មែរ​នៅ​តាម​ទី​ជនបទ​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ ​ក្នុង​ខេត្ត​ចំនួន​១៤ ​ក្នុង​ចំណោម​ខេត្ត​១៥ ​ដែល​កំពុង​មាន​វត្តមាន​អ្នក​ស្ម័គ្រ​ចិត្ត​ ក្នុង​នោះ​មាន​ ខេត្ត​ស្វាយរៀង ​ព្រៃវែង ​កំពង់ចាម ​កណ្ដាល ​តាកែវ​ កំពត ព្រះសីហនុ ​កោះកុង ​កំពង់ស្ពឺ​ កំពង់ឆ្នាំង ពោធិ៍សាត់ ​បាត់ដំបង ​បន្ទាយមានជ័យ ​សៀមរាប​ និង​ខេត្ត​កំពង់ធំ។ លើស​ពី​នេះ ​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ក្រុម​ទី​៥​ នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​គម្រោង​អប់រំ​ផ្នែក​បរិដ្ឋាន​ ការ​ការពារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​និង​ការអភិវឌ្ឍ​ជំនួញ​ខ្នាត​តូច​ផង​ដែរ។

លោក​ស្រី ​ផេនី ហ្វៀលស៍​ (Penny Fields) ​នាយិកា​ភ្នាក់ងារភីសខរស៍​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​នឹង​ពាំនាំ​យក​ជាមួយ​ពួក​គេ​នូវ​អ្វី​ដែល​គេ​បាន​រៀនសូត្រ​ពី​កម្ពុជា ​ហើយ​ពួក​គេ​នឹង​យក​កម្ពុជា​ជាប់​នឹង​ខ្លួន​គេ​ជានិច្ច។

លោក ​សន ​ក្រុតធី ​(Sean Crotty) ​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​ក្នុង​ក្រុម​ទី​៥​នេះ​ ទើប​តែ​ចេះ​ភាសា​ខ្មែរ​បាន​ខ្លះ​បន្ទាប់​ពី​ទទួល​វគ្គ​បណ្ដុះ​បណ្ដាល​រយៈពេល​ជាង​ពីរ​ខែ​កន្លង​មក។​ លោក​និយាយ​ភាសាខ្មែរ​តាម​សំនៀង​អង់គ្លេស​ថា៖

«ខ្ញុំ​ញ៉ាំ​បាយ​ប្រាំបួន​ចាន​ក្នុង​មួយ​ថ្ងៃ។ ខ្ញុំ​ជា​អ្នក​ចូល​ចិត្ត​ម្ហូប​ខ្មែរ​ជាង​គេ។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ដែល​ខ្ញុំ​មាន​ឱកាស​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​មួយ​ ដែល​ជា​ប្រទេស​មួយ​ដ៏​ល្អ​ដូច​ជា​ប្រទេស​កម្ពុជា»។

លោក ម៉ម ប៊ុនហេង ​រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល ដែល​ធ្វើ​ជា​ធិបតី​ក្នុង​ពិធី​ស្បថ​របស់​ក្រុម​ភីសខរស៍​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​អាមេរិក​បាន​ និង​កំពុង​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​កម្ពុជា។

«កម្មវិធី​របស់​ភ្នាក់ងារ​ភីសខរស៍ កំពុង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អនុវត្តន៍​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ​ការ​រស់​នៅ​និង​ការ​ធ្វើ​ការងារ​ជាមួយ​ពលរដ្ឋ​កម្ពុជា​ក្នុង​សហគម​ធ្វើ​ឲ្យ​ពួក​គេ​បង្កើន​ការ​យល់ដឹង​ផ្នែក​វប្បធម៌ និង​ជំនាញ​និយាយ​ភាសាខ្មែរ​បាន​ច្រើន»។

ជាមួយ​គ្នា​នេះ​លោក ​ម៉ម ​ប៊ុនហេង​ ក៏​បាន​រំលឹក​ដល់​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​អាមេរិក​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះជំងឺ​រាក​រូស​ និង​ជំងឺ​គ្រុន​ចាញ់​នៅ​កម្ពុជា៕

XS
SM
MD
LG