អគ្គិភ័យបានឆាបឆេះព្រះរាជដំណាក់តូចមួយនៃព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោងប្រមាណ ២២និង០៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ដែលជាការធ្វេសប្រហែសមួយ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនីឬទុស្សេខ្សែភ្លើង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង ចេញផ្សាយនៅថ្ងៃចន្ទនេះ។
ជុំវិញករណីនេះ មន្ត្រីនគរបាលពន្លត់និងបង្ការអគ្គិភ័យប្រចាំខេត្តសៀមរាប បានឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងអំពីហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅបាញ់ទឹកពន្លត់ភ្លាមៗ ដើម្បីគ្រប់គ្រងស្ថានភាព។ ក្រុមប្រតិបត្តិការពន្លត់អគ្គិភ័យបានវចំណាយពេលប្រមាណ ៤០ នាទី ដោយប្រើរថយន្តពន្លត់អគ្គិភ័យប្រមាណ១០គ្រឿង ហើយបានពន្លត់ភ្លើងឆាបឆេះនេះទាំងស្រុងនៅវេលាម៉ោងប្រមាណ ២២និង៤០នាទីយប់។ នេះបើយោងការបញ្ជាក់របស់អភិបាលខេត្តសៀមរាប លោក ទៀ សីហា។
លោកក៏បានប្រាប់វីអូអេនៅថ្ងៃចន្ទនេះផងដែរថា ករណីឆាបឆេះព្រះរាជដំណាក់តូចនេះបានបណ្តាលឱ្យអគារមួយដែលមានបីបន្ទប់ក្នុងនោះ រងការខូចខាតសឹងតែទាំងស្រុង។
លោកថ្លែងថា៖ «តាមតែយើងពិនិត្យមើលតាំងពីយប់មិញនោះ ភ្លើងហ្នឹងឆេះនៅក្នុងអគារមួយដែលនៅទល់មុខលោកយាយទេព ហើយអគារហ្នឹងតាមដែលខ្ញុំមើលពីខាងក្រៅមា នការបែងចែកជាបីផ្នែកនៅក្នុងអគារហ្នឹង ហើយភ្លើងហ្នឹងបានឆាបឆេះត្រង់ចំណុចកណ្តាលអគារ ហើយក៏ឆេះរាលទៅដល់បន្ទប់ទីពីរ។ អ៊ីចឹងពីរភាគបីនៃអគារហ្នឹង គឺបានឆាបឆេះអស់។ យើងនៅសល់បន្ទប់មួយ ដែលយើងពន្លត់ទាន់»។
ទាំងអភិបាលគ្រប់គ្រងខេត្តនិងក្រសួងព្រះបរមរាជវាំងបានបង្ហាញក្តីសោកស្តាយខ្លាំង ចំពោះករណីអគ្គិភ័យដែលបានបំផ្លាញសំណង់ខ្លះនៃអគាររបស់ព្រះរាជដំណាក់ដ៏ចំណាស់មួយនេះ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រាប់វីអូអេថា៖ «ខ្ញុំគិតថា នេះគឺជាយថាហេតុមួយ ជាករណីមួយដែលយើងមិនឱ្យមានការកើតឡើង។ ខ្ញុំក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ខ្ញុំជឿជាក់ថា មានការសោកស្តាយចំពោះករណីនេះ ហើយក៏មិនគួរមានការកើតឡើងដែរ នៅក្នុងរយៈពេលនេះក៏ដូចជានៅថ្ងៃអនាគត ក៏មិនចង់ឱ្យមានការកើតឡើងនូវករណីអគ្គិភ័យនេះ បន្តបន្ទាប់ មិនថាព្រះបរមរាជវាំងឬក៏ផ្ទះរបស់ប្រជាពលរដ្ឋ»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា «ក្រសួងព្រះបរមរាជវាំងមានការសោកស្តាយជាពន់ពេក ចំពោះព្រឹត្តិការណ៍ជាអកុសលនេះ»។
ព្រះរាជដំណាក់តូច នៅខេត្តសៀមរាបដែលរងការឆាបឆេះនេះ ត្រូវបានសាងសង់ឡើងជាយូរឆ្នាំមកហើយ តាំងពីមុនកម្ពុជាទទួលបានឯករាជ្យភាពពីការដាក់អាណានិគមរបស់បារាំងក្នុងឆ្នាំ ១៩៥៣។ ព្រះរាជដំណាក់តូចនេះ បានក្លាយជាទីតាំងមួយសម្រាប់អ្នកទេសចរជាតិនិងអន្តរជាតិទស្សនា អមដោយសួនច្បារនិងទីសក្ការៈបូជាដែលត្រូវបានគេស្គាល់ថា ព្រះអង្គចេកព្រះអង្គចម ដែលស្ថិតនៅក្រុងសៀមរាបក្បែរដងស្ទឹងសៀមរាប៕