នៅថ្ងៃអង្គារនេះ អង្គការមនុស្សធម៌អន្តរជាតិ អុកស្វាម (Oxfam) បានអំពាវនាវឲ្យមានការឲ្យផ្តល់ស្បៀងអាហារ ទឹកស្អាត សម្ភារៈថែទាំអនាម័យ និងទីជម្រក ដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងដោះស្រាយតម្រូវការជាបន្ទាន់របស់ប្រជាពលរដ្ឋច្រើនរាប់ម៉ឺននាក់ដែលកំពុងរងគ្រោះដោយទឹកជំនន់។
លោក កែវ វី នាយកខុទ្ទកាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់នៅថ្ងៃអង្គារ៍នេះថា នៅក្នុងខេត្តចំនួន១៧ ប្រជាពលរដ្ឋចំនួន១៦៤ បានស្លាប់ដោយទឹកជំនន់។
ប្រជាពលរដ្ឋចំនួន២១៥.១៦២គ្រួសារបានទទួលរងគ្រោះ និងប្រជាពលរដ្ឋចំនួន២០.៩១៤គ្រួសារត្រូវបានជម្លៀស។ ផ្ទះចំនួន១៦០.៨៨៩ខ្នងបានលិចលង់ និងផ្ទះខូចចំនួន៤៥៣ខ្នង។ សាលារៀនជាង៩០០កន្លែង វត្តជាង៤២០ និងមណ្ឌលសុខភាពចំនួន៧៥ត្រូវបានជន់លិច។ សន្ទូងចំនួន២៩១.១៣៥ហិកតា ក្នុងនោះខូចប្រមាណ ៨០.០០០ហិកតា និងសំណាបចំនួន៣៨០ហិកតាត្រូវបានលិចលង់។ ផ្លូវជាតិប្រវែង២៤៤គីឡូម៉ែត្រ និងផ្លូវក្រាលគ្រួសប្រវែង២.០១៩គីឡូម៉ែត្របានជន់លិច។
សេចក្តីថ្លែងការណ៍របស់អង្គការអុកស្វាម បានបញ្ជាក់ថា ទោះបីរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងអង្គការមនុស្សធម៌បានចាប់ផ្តើមការងារសង្គ្រោះហើយក៏ដោយ ក៏ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលត្រូវបានជម្លៀសចេញពីលំនៅស្ថានដោយគ្រោះមហន្តរាយទឹកជំនន់នេះ នៅតែត្រូវការជំនួយបន្ទាន់បន្ថែមទៀត ហើយជនរងគ្រោះមួយចំនួនបានឲ្យដឹងថា ពួកគេបានទទួលជំនួយសង្គ្រោះតិចតួចណាស់រហូតមកដល់ពេលនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅក្នុងប្រជុំគណៈរដ្ឋមន្ត្រីពិសេសកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលនឹងបម្រុងថវិកា៥៥លានដុល្លារអាមេរិក និងអង្គរចំនួន១,៧លានតោន ដើម្បីជួយជនរងគ្រោះដោយទឹកជំនន់។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា ធនធានទាំងនេះអាចនឹងជួយបង្កើនល្បឿននៃកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំដល់អាជ្ញាធរដែនដីនៃបណ្តាខេត្តដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ឲ្យសហការជាមួយកាកបាទក្រហមកម្ពុជានៅតាមខេត្ត និងស្ថាប័នពាក់ព័ន្ធនានាយកចិត្តទុកដាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋពេលមានទឹកជំនន់ និងក្រោយពេលទឹកជំនន់ និងដោះស្រាយស្បៀងអាហារ និងជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់កន្លែងសុវត្ថិភាព។
លោក ហ្រ្វង់ស៊ីស ប៉េរ៉េហ្ស (Francis Perez) អ្នកគ្រប់គ្រងកម្មវិធីគ្រោះមហន្តរាយរបស់អង្គការអុកស្វាម ប្រចាំនៅកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា អុកស្វាម ស្វាគមន៍ព័ត៌មានដែលថា រដ្ឋាភិបាលបានបម្រុងស្បៀង និងថវិកាសម្រាប់ជួយជនរងគ្រោះដោយទឹកជំនន់។
«យើងសង្ឃឹមថា ធនធានដ៏មានសារៈសំខាន់ទាំងអស់នេះនឹងត្រូវបានចែកចាយសម្រាប់ជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ និងដោះស្រាយតម្រូវការបន្ទាន់ ជាពិសេស ស្បៀងអាហារ ទឹកស្អាត និងអនាម័យ»។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា នៅថ្ងៃអង្គារនេះ អុកស្វាមបានចែកកញ្ចប់សម្ភារៈអនាម័យដែលរួមមានធុងចម្រោះទឹក សាប៊ូ សារុ ង ក្រមា និងសម្ភារៈមួយចំនួនទៀតដល់ជនរងគ្រោះ៣៣៣គ្រួសារនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយអុកស្វាម មានការព្រួយបារម្មណ៍លើបញ្ហាអនាម័យនៅក្នុងតំបន់រងផលប៉ះពាល់ដោយទឹកជំនន់ខណៈដែលទឹកជំនន់បានបន្តស្រក។
សេចក្តីថ្លែងការណ៍នេះ បញ្ជាក់ថាទឹកជំនន់ទន្លេមេគង្គបានបន្តស្រក ប៉ុន្តែស្ថានភាពនេះអាចវិវឌ្ឍទៅជាសភាពធ្ងន់ធ្ងរ បើខ្យល់ព្យុះត្រូពិក ណាលហ្គេ ដែលបច្ចុប្បន្នកំពុងធ្វើដំណើរទៅកាន់ភាគកណ្តាលវៀតណាម និងផ្នែកខាងត្បូងចិនបង្អុរទឹកភ្លៀងមកលើប្រទេសនៅតាមដងទន្លេមេគង្គផ្នែកខាងលើ៕