ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការឡើង​ថ្លៃ​ម្ហូប​អាហារ​ក្នុង​ទ្វីប​អាស៊ី​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកក្រីក្រ​​ក៏ប៉ុន្តែ​មិន​ទាន់​ដល់​កម្រិត​វិបត្តិ​ទេ


អ្នក​ភូមិ​ឈរ​បន្ដ​គ្នា​ទិញម្ហូប​អាហារ​ថោកៗ​ជា​មូលដ្ឋាន​ដូច​ជា​អង្ករ​ ប្រេងចម្អិននិង​ស្ករ​ដែល​ក្រុមហ៊ុន​រដ្ឋ​ផ្ដល់​ឲ្យ​នៅ​​ទីក្រុង​​មេដាន (Medan) ក្នុង​ខេត្ដ​​ស៊ូម៉ាត្រា​ខាង​ជើង (Sumatra) ​ប្រទេស​​ឥណ្ឌូនីស៊ី​​។​
អ្នក​ភូមិ​ឈរ​បន្ដ​គ្នា​ទិញម្ហូប​អាហារ​ថោកៗ​ជា​មូលដ្ឋាន​ដូច​ជា​អង្ករ​ ប្រេងចម្អិននិង​ស្ករ​ដែល​ក្រុមហ៊ុន​រដ្ឋ​ផ្ដល់​ឲ្យ​នៅ​​ទីក្រុង​​មេដាន (Medan) ក្នុង​ខេត្ដ​​ស៊ូម៉ាត្រា​ខាង​ជើង (Sumatra) ​ប្រទេស​​ឥណ្ឌូនីស៊ី​​។​

អង្គការ​ម្ហូប​អាហារ​និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ​ឬ ​FAO​ ប្រាប់​ឲ្យ​ដឹង​ថា​ការឡើង​ថ្លៃ​ម្ហូប​អាហារ​ក្នុង​ទ្វីប​អាស៊ី​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ក្រី​ក្រ​ក៏ប៉ុន្តែ​មិន​ទាន់​ឈាន​ដល់​កម្រិត​វិបត្តិ​ទេ។​ទោះជា​យ៉ាងណាក៏ដោយ ​អង្គការ​សហប្រជាជាតិ​ប្រាប់​ឲ្យ​ដឹង​ថា​ប្រសិន​បើ​តម្លៃ​ប្រេង​បន្ត​ឡើង​ថ្លៃ ​តម្លៃ​ម្ហូប​អាហារ​ក្នុង​តំបន់​នឹង​កើនឡើង​ជា​បន្ត​បន្ទាប់​ដែរ។

អង្គការ​ម្ហូប​អាហារ​និង​កសិកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ (FAO) ​ប្រាប់​ឲ្យ​ដឹង​ថា​តម្លៃ​ម្ហូប​អាហារ​ក្នុង​ទ្វីប​អាស៊ី​បាន​ប៉ះពាល់​ដោយសារ​ការឡើង​ថ្លៃ​ក៏ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ដូច​ក្នុង​តំបន់​ផ្សេង​ៗទៀត​ទេ។

អង្គការ​ម្ហូប​អាហារ​និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ​ (FAO) ​ប្រាប់​ឲ្យ​ដឹងទៀត​ថា​តម្លៃ​អង្ករ​លក់រាយ​ដែល​ជា​វត្ថុ​សំខាន់​ជាង​គេ​ក្នុង​ទ្វីប​អាស៊ី​បាន​ឡើង​ថ្លៃ​ក្នុង​ប្រទេស​បង់ក្លាដែស​ចំនួន​៣៣​ភាគរយ​កាលពី​ឆ្នាំ​ទៅ ​ហើយ​នៅ​ក្នុង​ប្រទេស​ចិន​បាន​ឡើង​ថ្លៃ​ចំនួន​២៣​ភាគរយ។

ប៉ុន្តែ ​ប្រទេស​ផលិត​អង្ករ​សំខាន់ៗ​ក្នុង​តំបន់​ដូចជា​ប្រទេស​ថៃ​ និង​វៀតណាម​ កំពុង​ប្រមូលផល​បាន​ល្អ​ដែល​ត្រូវ​គេ​រំពឹង​នឹង​រក្សា​តម្លៃទាំង​មូល​ឲ្យ​នៅ​នឹងនរ។

លោក​ហ៊ីរ៉ូយូគី កូណូម៉ា (Hiroyuki Konuma)​ តំណាង​របស់​អង្គការ​ FAO ​សម្រាប់​តំបន់​អាស៊ី​និង​មហាសាគរ​ប៉ាស៊ីហ្វិក​ មាន​ប្រសាសន៍​ថា​ការឡើង​ថ្លៃ​ម្ហូបអាហារ​ក្នុង​ទ្វីប​អាស៊ី​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អ្នក​ក្រីក្រ​ក្នុង​តំបន់។

«មនុស្ស​ក្រីក្រ​ជា​ច្រើន​ដែល​ក្រីក្រ​បំផុត​ ពួកគេ​បាន​ចំណាយ​ប្រាក់​ចំណូល​របស់​ខ្លួន​ពី​៥០​ទៅ​៧០​ភាគរយ​សម្រាប់​ម្ហូប​អាហារ។ ដូច្នេះ​ប្រសិនបើ​តម្លៃ​ម្ហូប​អាហារ​កើន​ឡើង​ពី​៣០​ទៅ​៤០​ភាគរយ​វា​ធ្វើ​ឲ្យប៉ះ​ពាល់​យ៉ាងខ្លាំង​ដល់​សមត្ថភាព​នៃ​ការទិញ​ម្ហូបអាហារ​របស់​ពួក​គេ។ ហើយ​វា​នឹង​ធ្វើ​ឲ្យ​មាន​ការស្រេកឃ្លាន»។

លោក​ កូណូម៉ា​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ផលិតផល​អង្ករ​ក្នុង​តំបន់​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ជាង​២​ភាគរយ​នៅ​ឆ្នាំ​នេះ​ ​ក្នុង​ខណៈ​នោះដែរ​ផលិត​ផល​ស្រូវ​សាលី ​នឹង​ធ្លាក់​ចុះ​ប្រហែល​៤​ភាគរយ។

អង្គការ​ FAO ​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​តម្លៃ​ម្ហូប​អាហារ​ពិភពលោក​បាន​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​មាន​កាល​ពីពេល​មុន​នៅ​ខែ​កុម្ភៈ​នៅ​ពេល​ដែល​តម្លៃ​ប្រេង​បាន​ឡើង​ថ្លៃ​ដោយសារ​អស្ថិរភាព​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​និង​អាហ្វ្រិក​ខាងជើង។

ទោះបី​ការផ្គត់ផ្គង់​អង្ករ​គ្រប់​គ្រាន់​ក៏ដោយ​ ប្រទេស​ជាតិ​អាស៊ី​ខ្លះ​ បង្ហាញ​នូវ​ការព្រួយ​កង្វល់​ថា​ប្រេង​ឡើងថ្លៃ​ អាច​ធ្វើឲ្យ​ប៉ះពាល់​ការផ្គត់ផ្គង់​ម្ហូបអាហារ។

សេចក្តីរាយការណ៍​ប្រាប់​ឲ្យ​ដឹង​ថា​ប្រទេស​ភូមា​កាល​ពីខែ​កុម្ភៈ​បាន​បញ្ឈប់​ការ​នាំចេញ​អង្ករ​ទាំងអស់។

ភូមា​មិនមែន​ជា​ប្រទេស​ផលិតករ​អង្ករ​សំខាន់​ទេ ប៉ុន្តែ​ចំណាត់ការ​នេះ​បង្ហាញ​ពី​ការព្រួយ​កង្វល់​ថា​តម្លៃ​អង្ករ​អាច​ឡើង​ថ្លៃ​នៅពេល​ដែល​តម្លៃ​ដឹកជញ្ជូន​ឡើង​ដែរ។

លោក​កូណូម៉ា ​និយាយ​ទៀត​ថា ​អង្គការ​FAO​ កំពុង​តាម​ឃ្លាំ​មើល​តម្លៃ​ប្រេងដោយប្រុង​ប្រយ័ត្ន​ចំពោះ​ផល​ប៉ះពាល់​ណា​មួយ​នៅ​ក្នុង​ទ្វីប​អាស៊ី។

«យើង​មិន​ទាន់​និយាយ​បាន​ទេ​ ក៏ប៉ុន្តែ​បើពេល​នេះ​តម្លៃ​ប្រេង​ឡើង​ទៅដល់​កម្រិត​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​២០០៧​ និង ២០០៨ ​ដល់​១៤០​ដុល្លារ​ ឬ ​១៥០​ដុល្លារក្នុង​មួយ​ធុង​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​តម្លៃ​ផលិតផល​ម្ហូបអាហារ»។

តម្លៃ​ម្ហូប​អាហារ​ឡើង​ថ្លៃ​នៅ​ឆ្នាំ​២០០៧​និង​២០០៨​ បាន​នាំ​ឲ្យ​ប្រទេស​ខ្លះ​ក្នុងតំបន់​ស្តុកទុក​ម្ហូប​អាហារ​និង​ហាមឃាត់​បណ្តោះ​អាសន្ន​ការនាំ​ចេញ​ធញ្ញជាតិ។

អង្គការ​FAO​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ការផ្គត់ផ្គង់​ក្នុង​គ្រា​អាសន្ន​ ជា​ការណ៍​មួយ​ដែល​គេ​អាច​យល់​បាន ​តែ​ការលាក់ទុក​និង​ការហាម​ឃាត់​ការនាំ​ចេញ​បាន​ធ្វើ​ឲ្យ​ស្ថានភាព​នេះ​កាន់តែ​អាក្រក់​ទៅ៕

ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជី​ន

XS
SM
MD
LG